អានតួអត្ថបទ
អ៊ីរ៉ាក់

អ៊ីរ៉ាក់​ស្វែងរក​ថវិកា ១០០​ពាន់​លាន​ដុល្លារ ដើម្បី​កសាង​ប្រទេស​ឡើងវិញ

អ៊ីរ៉ាក់​ត្រូវការ​១០០​ពាន់​លាន​ដុល្លារ​ដើម្បី ស្តារ កសាង​ប្រទេស​ឡើងវិញ។ រដ្ឋាភិបាល​អ៊ីរ៉ាក់​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​តម្រូវការ​វិនិយោគ តម្លៃ ១០០​ពាន់​លាន​ដុល្លារ សម្រាប់ វិស័យ​ថាមពល កសិកម្ម និង​វិស័យ​គមនាគមន៍ ដែល​ត្រូវ​បាន​បំផ្លាញ​ខ្ទេចខ្ទីរ នៅក្នុង​សង្រ្គាម បីឆ្នាំ ជាមួយ ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។

លំនៅឋាន​នៅ​ក្រុង​មូស៊ូល ដែល​រងការបំផ្លាញ​ខ្ទេចខ្តីរ​ដោយសារ​សង្រ្គាម​ឈ្លានពាន​របស់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម នៅ​ខែ​មករា ២០១៨
លំនៅឋាន​នៅ​ក្រុង​មូស៊ូល ដែល​រងការបំផ្លាញ​ខ្ទេចខ្តីរ​ដោយសារ​សង្រ្គាម​ឈ្លានពាន​របស់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម នៅ​ខែ​មករា ២០១៨ ©REUTERS/Khalid Al-Mousily
ផ្សាយពាណិជ្ជកម្ម

គណៈកម្មការ​វិនិយោគ​ជាតិ​អ៊ីរ៉ាក់ នៅថ្ងៃ​សុក្រ បាន​ចេញផ្សាយ​តារាង​បញ្ជី រាយមុខ គម្រោង​វិនិយោគ ដែល​គេ​ត្រូវការ​សម្រាប់​កសាង​ទឹកដី​មួយផ្នែក​របស់​អ៊ីរ៉ាក់ ដែល​រងការបំផ្លាញ យ៉ាងធ្ងន់ធ្ងរ ដោយសារ​សង្រ្គាម វាយប្រហារ​របស់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ ជារួម គេត្រូវការ​គម្រោង​វិនិយោគ​ចំនួន ១៥៧ ដែល​មាន​តម្លៃ​សរុប​១០០​ពាន់​លាន​ដុល្លារ ដើម្បី​វិនិយោគ​ទៅលើ​វិស័យ​កសិកម្ម គមនាគមន៍ និង​ថាមពល​របស់​ប្រទេស​អ៊ីរ៉ាក់។ នៅក្នុង​ចំណោម គម្រោង ១៥៧ មាន​១៦​គម្រោង​ដែល​នឹង​ផ្តោត​សំខាន់​ទៅលើ​ការកសាង​ឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធ ដូចជា អគារ មន្ទីរពេទ្យ សាលារៀន ផ្លូវថ្នល់ និង​ជាពិសេស ព្រលាន​យន្តហោះ នៅ​ក្រុង​មូស៊ូល ដែល​ត្រូវ​បាន​បំផ្លាញ នៅក្នុង​ការប្រយុទ្ធគ្នា រវាង កងទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់ និង​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។

នៅក្នុង​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​នៅ​ក្រុង​ដាវ៉ូស ប្រទេស​ស្វ៊ីស នាយករដ្ឋមន្រ្តី អ៊ីរ៉ាក់ ដែល​ធ្លាប់​បាន​ប្រកាស​ពី​ជោគជ័យ និង​ការវាយដណ្តើម​យក​បាន​ទឹកដី ទាំងស្រុង​ពី​ការកាន់កាប់​របស់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម បាន​ប្រកាស​ស្វែងរក​ការវិនិយោគ​ពី​បរទេស​សម្រាប់​កសាង​ទឹកដី​មួយផ្នែក​របស់​អ៊ីរ៉ាក់។ នៅ​ឆ្នាំ ២០០៣ នៅក្រោយ​ការដួលរំលំ នៃ​របប​ផ្តាច់ការ​សាដាម ហ៊ូសេន ដោយសារ​សង្រ្គាម​ឈ្លានពាន​របស់​អាមេរិក អ៊ីរ៉ាក់​បាន​បើកទ្វារ​ស្វាគមន៍​ក្រុម​វិនិយោគ​ទុន បរទេស ដើម្បី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ប្រទេស​ឡើងវិញ។ ប៉ុន្តែ រហូតមក អ្នកវិនិយោគ​បរទេស ផ្តោត​សំខាន់​តែ​ទៅលើ​ការផលិត​ប្រេង។ នៅក្នុង​ចំណោម​ប្រទេស​សមាជិក អង្គការ​OPEC អ៊ីរ៉ាក់​ក្លាយ​ជា​ប្រទេស​នាំចេញ​ប្រេង​ធំទី​២ បន្ទាប់​ពី​អារ៉ាប៊ី សាអូឌីត។ ប៉ុន្តែ ហេតុអ្វី បាន​ជាអ៊ីរ៉ាក់​នៅ​តែ​មិនមាន និង​នៅតែ​ត្រូវការ​ការវិនិយោគ​ពី​បរទេស​ដើម្បី​កសាង​ប្រទេស​ឡើងវិញ។ អ៊ីរ៉ាក់​នាំចេញ​តែ​ប្រេងឆៅ ដែល​ធ្វើឲ្យ​រដ្ឋាភិបាល​មិនអាច​ទទួល​បាន​ផល​ចំណេញច្រើន។ មួយវិញទៀត សង្រ្គាម រើសអើង​និកាយសាសនា និង​អំពើ​ពុករលួយ នៅតែ​ធ្វើ​ឲ្យ​ប្រទេស​ត្រដាប ត្រដួស ងើប​មិនរួច ពីភាពក្រីក្រ គ្មាន​មធ្យោបាយ សម្រាប់​កសាងប្រទេស​ឡើងវិញ។

បញ្ជីរាយមុខ​គម្រោងការ​វិនិយោគ បង្ហាញ​ឲ្យ​ឃើញ នៅថ្ងៃ​សុក្រ នឹង​ត្រូវ​រដ្ឋាភិបាល អ៊ីរ៉ាក់​ដាក់បង្ហាញ នៅក្នុង​សន្និសីទ​ស្វែងរក​ជំនួយបរទេស នៅថ្ងៃចន្ទ ​សប្តាហ៍​ក្រោយ ដែល​ ​រដ្ឋាភិបាល​អ៊ីរ៉ាក់ រៀបចំឡើង ដោយ​សហការ​ជាមួយ​ធនាគារ​ពិភពលោក។

រដ្ឋាភិបាល​អាមេរិក​ដែល​បើក​សង្រ្គាម​ឈ្លានពាន​ទៅលើ​អ៊ីរ៉ាក់ នៅ​ឆ្នាំ ២០០៣ បាន​ប្រកាស​ថា ខ្លួន​នឹង​មិន​ផ្តល់​ថវិកា​សម្រាប់​គម្រោងការ​សាងសង់​ប្រទេស​អ៊ីរ៉ាក់​ឡើងវិញទេ ប៉ុន្តែ មន្រ្តី​អាមេរិក​ដែល​សុំ​មិន​បញ្ចេញឈ្មោះ ម្នាក់​បាន​និយាយ​ថា ផ្ទុយទៅវិញ ក្រុមហ៊ុន​អាមេរិក​ជាង ១០០​នឹង​ចូលរួម​នៅក្នុង​សន្និសីទ​នៅថ្ងៃ​ចន្ទ។ នៅក្នុង​សន្និសីទ​នៅ​សប្តាហ៍​ក្រោយ រដ្ឋាភិបាល​អ៊ីរ៉ាក់ សង្ឃឹម រៃអង្គាស និង​ស្វែងរក​ការវិនិយោគ​ពី​អាមេរិក អឺរ៉ុប និង​ជាពិសេស ពី​ក្រុមប្រទេស​អារ៉ាប់។ ខុសពីលើកមុនៗ ការវិនិយោគ​បរទេស លើកនេះ នឹង​ផ្តោត​សំខាន់​ទៅលើ​កសាង ហេដ្ឋារចនាសម្ព័ន្ធ ការផ្តល់​ការងារ​ដល់​យុវជន ការសង់​រោងចក្រ​សម្រាប់​ស្តុក ចម្រាញ់​ប្រេង ហើយ​និង​ការវិនិយោគ​ទៅលើ​ការដាំដុះ​ស្រូវសាឡី ដែល​រហូត​មកដល់​ពេលនេះ ជា​ទំនិញ​ត្រូវការ​នាំចូល​ខ្លាំង​របស់​អ៊ីរ៉ាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ