rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ស៊ីរី អាវុធ​គីមី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ស៊ីរី ៖ OIAC បើកអង្កេតអន្តរជាតិស្តីពីការប្រើប្រាស់អាវុធគីមីនៅស៊ីរី

media
អធិការរបស់​អង្គការ​ហាមឃាត់​អាវុធគីមី OIAC មុនពេល​​ចុះ​ទៅ​អង្កេត​នៅ​ស៊ីរី REUTERS/Kai Pfaffenbach

អង្គការ​ហាមឃាត់​អាវុធ​គីមី ហៅកាត់​ថា OIAC​បាន​ប្រកាស​នៅ​ថ្ងៃពុធ​ទី ៧ កុម្ភៈ​នេះ សិក្សា​លើ​រាប់​គ្រប់​ការ​ចោទ​ប្រកាន់ថ្មីៗ​ គួរ​ទុក​ចិត្ត​ទាំង​ឡាយ​ ទាក់ទង​នឹង​ការ​ប្រើប្រាស់​អាវុធ​គីមី នៅ​ស៊ីរី។ សេចក្តី​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​ខណៈ​ដែល​មាន​របាយការណ៍​ចេញ​ផ្សាយ​ថា​របប​ក្រុង​ដាម៉ាស​របស់​បាស្ហារអាល់អាសាដ ទំនង​ជា​កំពុង​ពង្រាយ​អាវុធ​គីមី​ពុល។


"ពាក្យ​ចោទ​ប្រកាន់ថ្មីៗ​ថា​​មាន​ការ​ប្រើប្រាស់​អាវុធ​គីមី នៅ​ក្នុង​ប្រទេស​ស៊ីរី នៅ​តែ​ជា​ប្រភព​នៃ​ក្តី​ព្រួយ​បារម្ភ​​ដ៏​ធ្ងន់ធ្ងរ ! ដូច្នេះ​ហើយបាន​​អង្គការ​ហាមហាត់​អាវុធ​គីមី ត្រូវ​តែ​ធ្វើ​ការ​សិក្សា​លើ​​រាប់​គ្រប់ការ​ចោទ​ប្រកាន់​ដែល​អាច​ជា​ការ​បាន​ទាំង​អស់”។ នេះ​ជា​សេចក្តី​គូស​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​អន្តរជាតិ​ដែល​មានទីស្នាក់ការ​នៅទីក្រុង​ឡាអេ។

អង្គការហាមឃាត់​អាវុធ​គីមី​បានលម្អិត​​ទៀត​ថា អង្គការ​​នឹង​ប្រើ​វិធីសាស្ត្រ​ដ៏​ហ្មត់ចត់​សម្រាប់​ដឹកនាំ​ការ​អង្កេត ហើយ​របាយការណ៍​របស់​អង្គការ​​នឹងគិត​គូរ​ ​​យ៉ាង​សព្វជ្រុងជ្រោយ ដោយ​សង្កត់​ធ្ងន់ទៅ​លើ​សក្ខីកម្ម ការ​ស្រាវជ្រាវ របាយការណ៍​វេជ្ជសាស្ត្រ ព្រមទាំង​គំរូ​អេហ្សង់ទីយ៉ុង​ដែល​មាន។

សូម​បញ្ជាក់​ថា​នា​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​ របប​ដឹកនាំ​ស៊ីរី​របស់​លោក បាស្ហារ អាល់​អាសាដបាន​រង​ការ​ចោទ​ប្រកាន់​​ថា​មាន​បើក​ការ​វាយប្រហារ​ដោយ​អាវុធ​គីមី​ជា​ច្រើន​ ជា​ពិសេស​នៅ​តំបន់​ដែល​ជា​មូលដ្ឋាន​របស់​ពួក​ឧទ្ទាម​ជាយ​ទី​ក្រុង​ដាម៉ាស។

ពាក្យ​ចោទ​ប្រកាន់​បាន​រុញ​ច្រាន​ឱ្យ​សហរដ្ឋ​អាមេរិក​ លើក​ទង់​ដំឡើង​សំឡេង​គំរាម​​បញ្ចេញ​សកម្ម​យោធា​ប្រឆាំង។ ប៉ុន្តែ​​ខាង​​រដ្ឋាភិបាល​ស៊ីរី​ បាន​បដិសេធ​ថា​គ្មាន​បាន​ប្រើប្រាស់​អាវុធ​គីមី និង​បាន​ចាត់​ទុក​ពាក្យ​ចោទ​ប្រកាន់​ទាំង​ឡាយ​នោះ​ថា ជាការ​កុហកភូតភរ​របស់​អាមេរិក​និង​បារាំង។ ឯ​រុស្ស៊ី​ជា​សម្ព័ន្ធមិត្ត​គាំទ្រ​របប​ក្រុង​ដាម៉ាស​វិញ បាន​បរិហារ​ថា​យុទ្ធនាការ​ឃោសនា​នយោបាយ​ តែ​ប៉ុណ្ណោះ។

​អគ្គនាយក​របស់​អង្គការហាមឃាត់​អាវុធ​គីមី លោក Ahmet Üzümcü ​ក៏​បាន​ឆ្លៀត​រំលឹក​ឡើង​វិញ ក្នុង​សេចក្តី​ថ្លែងការណ៍​ដដែល​​ថា ​គ្រប់​ការ​ប្រើប្រាស់​អាវុធ​គីមី​ ​​ជា​ការ​រំលោភ​សន្ធិសញ្ញាអន្តរជាតិ និង​បទ​ដ្ឋាន​អន្តរជាតិ​។ ពិភពលោក​បច្ចុប្បន្ន​មិន​អនុញ្ញាត​ឱ្យ​មាន​អាវុធ​គីមី​ដ៏​អាក្រក់​នេះ​ទៀត​ទេ។ ​

គិត​មក​ទល់​ថ្ងៃ​នេះ ជាង​៩៦%​នៃអាវុធគីមី​នៅ​លើ​លោក ត្រូវ​បាន​កម្ទេច​ចោល ក្រោម​ការត្រួតពិនិត្យ​របស់​អង្គការ​ហាមឃាត់​អាវុធ​គីមី។ ក្រោម​គំនាប​របស់​សហរដ្ឋ​អាមេរិក​និង​រុស្ស៊ី ប្រទេស​ស៊ីរី​ដឹកនាំ​ដោយ​​លោក​បាស្ហារ អាល់អាសាដ ដែល​បាន​ក្លាយ​ជា​សមាជិក​អង្គការ​ហាមឃាត់​អាវុធ​គីមី​ដែរ កាលពី​ឆ្នាំ​២០១៣ បាន​ទទួល​ស្គាល់​មាន​ស្តុក​ទុកអាវុធ​គីមី នៅ​ក្នុង​ប្រទេស​ខ្លួន៕