អានតួអត្ថបទ
អ៊ីស្រាអែល

លោកនេតាន់យ៉ាហ៊ូ​ថា អ៊ីស្រាអែល​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​ចាំបាច់​ដើម្បី​ការពារខ្លួន

នៅ​ក្នុង​អាទិត្យ ទី៤ កុម្ភៈ លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ប៊ិនយ៉ាមីន នេតាន់យ៉ាហ៊ូ​បាន​ថ្លែង​ធានា​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​ថា ប្រទេស​របស់​លោក​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ទាំង​អស់​ដែល​ចំ​បាច់​ដើម្បី​ការពារ​ខ្លួន។ ប្រតិកម្ម​របស់​លោក​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​យ៉ាង​ដូច​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត​អាមេរិក New York Times នា​ថ្ងៃ​សៅរ៍ ទី៣ កុម្ភៈ​ដែល​ថា កងទ័ព​អ៊ីស្រាអែល​បាន​បើក​ការ​វាយប្រហារ​ផ្លូវអាកាស​លើ​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​តំបន់​ស៊ីណៃ​ប្រទេស​អេហ្ស៊ីប​ដោយ​មាន​ការ​យល់ព្រម​ពី​រដ្ឋាភិបាល​ទីក្រុង​គែរ។

លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល Benjamin Netanyahou
លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល Benjamin Netanyahou ©REUTERS/Dan Balilty
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី លោក​ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ​មិន​បាន​លើក​និយាយ​ចំៗ​លើ​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ដោយ​កាសែត New York Times និង​ដែល​កងទ័ព​អ៊ីស្រាអែល​ក៏​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់។ លោក​នេតាន់យ៉ាហ៊ូ​បាន​ត្រឹម​បញ្ជាក់​ថា អ៊ីស្រាអែល​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ទាំង​អស់​ដែល​ចាំ​បាច់ និង​អាច​ធ្វើ​បាន​ដើម្បី​ការពារ​ខ្លួន។ ទោះ​ជា​ណា​នេះ​ក្តី​ក៏​គេ​ដឹង​ថា លោក​នេតាន់យ៉ាហ៊ូ​ចង់​ប្រតិកម្ម​ទៅ​លើ​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ New York Times នា​ថ្ងៃ​សៅរ៍ ទី៣ កុម្ភៈ​ដែល​ថា ទ័ពអាកាស​អ៊ីស្រាអែល​បាន​បើក​ការ​វាយប្រហារ​លើ​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​តំបន់​ស៊ីណៃ​របស់​ប្រទេស​អេហ្ស៊ីប។

New York Times ដែល​ដក​ស្រង់​សម្តី​របស់​អ្នក​ទទួល​ខុសត្រូវ​អាមេរិក និង​អង់គ្លេស​ឲ្យ​ដឹង​បន្ថែម​ថា ទ័ពអាកាស​អ៊ីស្រាអែល​បាន​ធ្វើ​ការ​វាយប្រហារ​ដល់​ទៅ​ជាង ១០០ដង​ក្នុង​រយៈពេល​ជាង ២ឆ្នាំ និង​ដោយ​មាន​ការ​យល់ព្រម​ពី​រដ្ឋាភិបាល​អេហ្ស៊ីប។ លោក​នេតាន់យ៉ាហ៊ូ​បាន​និយាយ​ពង្វៀង​ដោយ​លើក​យក​ទៅ​និយាយ​នូវ​កិច្ចប្រជុំ​ថ្មីៗ​រវាង​លោក​ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ ជាមួយ​សមភាគី​រុស្ស៊ី​លោក​ពូទីន និង​ជាមួយ​ថ្នាក់ដឹកនាំ​អឺរ៉ុប។ តាម​លោក​នេតាន់យ៉ាហ៊ូ លោក​បាន​ប្រាប់​ថ្នាក់ដឹកនាំ​បរទេស​ទាំង​នេះ​ពី​ការ​ប្រឈម​របស់​អ៊ីស្រាអែល​ទល់​នឹង​ការ​រីករាលដាល​ពួក​អ៊ីស្លាមនិយមជ្រុល​ដឹក​មុខ​ដោយ​ប្រទេស​អ៊ីរ៉ង់ និង​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។

លោក​នេតាន់យ៉ាហ៊ូ​បាន​បន្ថែម​ថា អ៊ីស្រាអែល​មិន​បាន​ប្តេជ្ញាចិត្ត​ធ្វើ​សង្រ្គាម​ទេ តែ​ប្តេជ្ញាចិត្ត​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដែល​អាច​ធ្វើ​បាន​ដើម្បី​ការពារ​ខ្លួន។ សូម​ជម្រាប​ជូន​ថា អ៊ីស្រាអែល និង​អេហ្ស៊ីប​ដែល​មាន​សន្ធិសញ្ញា​សន្តិភាព​ជាមួយ​គ្នា​ត្រូវ​គេ​សង្ស័យ​មាន​កិច្ចសហប្រតិបត្តិការ​រវាង​គ្នា​ក្នុង​ផ្នែក​យោធា និង​ស៊ើបការណ៍សម្ងាត់។ តែ​ថ្នាក់ដឹកនាំ​ទាំង​ពីរ​ប្រទេស​កម្រ​នឹង​លើក​យក​ព័ត៌មាន​នេះ​ទៅ​និយាយ​ជា​សាធារណៈ។ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ លោក​នេតាន់យ៉ាហ៊ូ​បាន​គូសបញ្ជាក់​ជា​ច្រើន​ដង​ពី​ទំនាក់ទំនង​ចម្រើន​ទៅ​មុខ​រវាង​អ៊ីស្រាអែល និង​បណ្តា​ប្រទេស​អារ៉ាប់​មួយ​ចំនួន។

ការ​រំកិល​រក​គ្នា​ដែល​ក្រុម​អ្នកជំនាញ​បាន​មើល​ឃើញ​ថា ជា​ការ​ចែក​រំលែក​ក្តីបារម្ភ​ជុំវិញ​ឥទ្ធិពល​របស់​ប្រទេស​អ៊ីរ៉ង់ និង​ការ​គំរាមកំហែង​របស់​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ