rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

យេម៉ែន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

យេម៉ែន៖​ទីស្នាក់ការ​រដ្ឋាភិបាល​នៅ​អាដេន​បាន​ធ្លាក់​ក្នុង​ដៃ​ពួក​អ្នកទាមទារ​ផ្តាច់ទឹកដី​និយម

media
ក្រុម​សកម្មជន​អ្នកទាមទារ​ផ្តាច់ទឹកដី​និយម​ក្នុង​ទីក្រុង​អាដេន ប្រទេស​យេម៉ែន ថ្ងៃទី២៨ មករា ២០១៨​ Reuters

នៅ​ក្នុង​ប្រទេស​យេម៉ែន ជម្លោះ​ប្រដាប់អាវុធ​ផ្ទៃក្នុង​កាន់​តែ​ធ្លាក់​ដុនដាប​ទៅៗ​ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ។ នៅ​ថ្ងៃ​អាទិត្យ ទី២៨ មករា ក្រុម​អ្នកទាមទារ​ផ្តាច់ទឹកដីនិយម​វាយដណ្តើម​បាន​ទីស្នាក់ការ​រដ្ឋាភិបាល​នៅ​ក្នុង​ទីក្រុង​អាដេន​ស្ថិតប៉ែក​ខាងត្បូង​ប្រទេស។ ការ​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​អ្នកទាមទារផ្តាច់ទឹកដីនិយម និង​កម្លាំង​រដ្ឋាភិបាល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ១៥នាក់ និង​របួស​ជា​ច្រើន​នាក់​ផ្សេង​ទៀត។


គឺ​ជា​សង្រ្គាម​ដណ្តើម​អំណាច​គ្នា​រវាង​កម្លាំង​រដ្ឋាភិបាល​ដែល​ស្មោះស្ម័គ្រ​នឹង​លោក​ប្រធានាធិបតី​មែនស៊ូ ហាឌី និង​កម្លាំង​ប្រដាប់អាវុធ​មាន​ទំនោរ​រក​ក្រុម​អ្នកទាមទារ​ផ្តាច់ទឹកដី​និយម​ក្នុង​ទីក្រុង​អាដេន​ដែល​ជា​ទីក្រុង​ធំទី២ របស់​យេម៉ែន​ស្ថិត​ប៉ែក​ខាង​ត្បូង​ប្រទេស។ អ្វីៗ​បាន​ចាប់​ផ្តើម​ពី​ក្បួន​បាតុកម្ម​សាមញ្ញ​មួយ​នា​ថ្ងៃ​អាទិត្យ ទី២៨ មករា​ដែល​ក្រុម​អ្នកទាមទារ​ផ្តាច់ទឹកដី​និយម​បាន​នាំ​គ្នា​បញ្ចេញ​កំហឹង​ទាមទារ​ឲ្យ​លោក​នាយករដ្ឋមន្រ្តី​ចុះចេញ​ពី​តំណែង និង​រំលាយ​រដ្ឋាភិបាល។ តែ​ក្បួនបាតុកម្ម​នោះ​ត្រូវ​បាន​កម្លាំង​រដ្ឋាភិបាល​វាយបង្រ្កាប​ភ្លាមៗ ហើយ​ការ​ប៉ះទង្គិច​គ្នា​ផ្លូវអាវុធ​ក៏​បាន​ផ្ទុះ​ឡើង​ពេញ​មួយ​ថ្ងៃ​អាទិត្យ​ដល់​អធ្រាត្រ​យប់ជ្រៅ។

ការ​ប៉ះទង្គិច​គ្នា​ដែល​បាន​ផ្តាច់ជីវិត​មនុស្ស​យ៉ាង​តិច ១៥នាក់ និង​របួស ១២២នាក់​ផ្សេង​ទៀត ក្នុង​នោះ​ក៏​មាន​ជនស៊ីវិល​ដែរ។ អង្គការ Unicef បាន​អំពាវនាវ​ដល់​ភាគី​ទាំង​ពីរ​ឲ្យ​បញ្ជៀស​ជនស៊ីវិល ពិសេស​ស្រ្តី និង​កូនក្មេង។ លោក​នាយករដ្ឋមន្រ្តី​យេម៉ែន Ahmed ben Dagher បាន​បរិហារ​លើ​ទង្វើ​របស់​ក្រុម​អ្នកទាមទារ​ផ្តាច់ទឹកដី​និយម និង​បាន​សុំ​ជំនួយ​ពី​កម្លាំង​សម្ព័ន្ធមិត្ត​អារ៉ាប់​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដែល​កំពុង​វាយប្រហារ​លើ​ពួក​ឧទ្ទាម​ហ៊ូទី​នៅ​ប៉ែកខាងជើង​ប្រទេស។

កម្លាំងសម្ព័ន្ធមិត្ត​អារ៉ាប់​បាន​ត្រឹម​បញ្ជូន​យន្តហោះចម្បាំង​ទៅ​ហោះ​មើល​ស្ថានការណ៍​ផ្ទាល់ ដោយ​មិន​ធ្វើ​អន្តរាគមន៍​អ្វី​ទាំង​អស់។ ចំណែក​កម្លាំងទ័ព​អារ៉ាប៊ីសាអូឌីត និង​អេមីរ៉ាអារ៉ាប់រួម​ដែល​មាន​វត្តមាន​ស្រាប់​នៅ​ក្នុង​ទីក្រុង​អាដេន​ក៏​នៅ​មិន​ទាន់​បាន​ចូលខ្លួន​អន្តរាគមន៍​ដែរ​នា​ពេល​នេះ។ សូម​ជម្រាប​ជូន​ថា អាដេន​ដែល​ជា​ទីក្រុង​កំពង់ផែ​ស្ថិត​ប៉ែកខាងត្បូង គឺ​ជា​រដ្ឋឯករាជ្យ​មួយ​ដែល​ទើប​បាន​រំលាយខ្លួន​ចូល​ជាមួយ​ខាងជើង​ក្នុង​ទសវត្ស​ឆ្នាំ ៩០។ តែ​បច្ចុប្បន្ន ប្រជាជន​នៅ​ប៉ែកខាងត្បូង​មួយ​នេះ​ចង់​បាន​ស្វ័យភាព ឬ​មួយ​ឯករាជ្យភាព​តែ​ម្តង។ នេះ​ជា​បញ្ហា​មួយ​ផ្សេង​ទៀត​របស់​យេម៉ែន ក្រៅ​ពី​បញ្ហា​សង្រ្គាមស៊ីវិល​រវាង​កម្លាំង​ឧទ្ទាម​ហ៊ូទី និង​កម្លាំង​រដ្ឋាភិបាល៕