rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហភាពអឺរ៉ុប ប៉ាឡេស្ទីន អ៊ីស្រាអែល ដើមបូព៌ា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ប្រមុខ​ដឹកនាំ​ប៉ាឡេស្ទីន ​ទទូច​​ឲ្យ​សហភាព​អឺរ៉ុប​ ទទួល​​ស្គាល់​ប៉ាឡេស្ទីន​ជា​រដ្ឋអធិបតេយ្យ

media
ប្រមុខដឹកនាំប៉ាឡេស្ទីន Mahmoud Abbas​ និង​​លោកស្រី​​ប្រមុខ​​ការទូត​​សហភាព​អឺរ៉ុប។ ព្រុចសែល ​ថ្ងៃទី​ ​២២ ​មករា ២០១៨ REUTERS/Yves Herman

លោក ម៉ាសមូដ អាបាស ប្រមុខដឹកនាំដែនដីប៉ាឡេស្ទីន​ បានអញ្ជើញមកជួបមន្ត្រីថ្នាក់ដឹកនាំសហភាព កាលពីថ្ងៃចន្ទ ទី២២ មករា  ដើម្បីស្នើសុំឲ្យសហភាពអឺរ៉ុប ប្រកាសទទួលស្គាល់ប៉ាឡេស្ទីន​ ជារដ្ឋអធិបតេយ្យ ពេញឯករាជ្យ។ គួរកត់សំគាល់ថា ដំណើរប្រឹងប្រែង ស្វែងរកការគាំទ្រនេះ គឺលោកអាបាស ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកឯណោះ បានប្រកាសទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានី របស់អ៊ីស្រាអែល។


នៅចំពោះមុខអ្នកកាសែត នាទីក្រុងព្រុចសែល លោកម៉ាសមូដ អាបាស ប្រមុខដឹកនាំប៉ាឡេស្ទីន បានប្រកាសថា ដល់ពេលហើយ ដែលសហភាពអឺរ៉ុប ក៏ដូចជាប្រទេសសមាជិកខ្លួនទាំង២៨ ត្រូវប្រកាស ទទួលស្គាល់ប៉ាឡេស្ទីន​ជារដ្ឋឯករាជ្យពេញអធិបតេយ្យ ព្រោះថាការប្រកាសទទួលស្គាល់នេះ វានឹងមិនប៉ះពាល់ ទៅដល់ដំណើរការកសាងសន្តិភាព រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនទេ។

ចំណែក លោកស្រី Federica Mogherini ប្រមុខការទូតសហភាពអឺរ៉ុប ដែលបានទទួលជួបលោកអាបាស  បានថ្លែងតបមកវិញថា សហភាពអឺរ៉ុប សូមប្រកាសជាថ្មីថា សហភាពអឺរ៉ុប នៅតែជំរុញឲ្យមានដំណោះស្រាយសន្តិភាព ដោយការបង្កើតរដ្ឋប៉ាឡេស្ទីន ស្មើភាពគ្នាជាមួយអ៊ីស្រាអែល និងដោយមានទីក្រុងហ្សេរុយសាឡឹម ជារដ្ឋធានីរួមគ្នា របស់ប្រទេសទាំង២។ លោកស្រីបន្តថា ក៏ប៉ុន្តែសម្រាប់ពេលនេះ វាមិនមែនជាពេល ដែលត្រូវប្រកាសទទួលស្គាល់ថាប៉ាឡេស្ទីនជាប្រទេសឯករាជ្យនោះទេ ព្រោះអ្វីៗត្រូវឆ្លងកាត់ដំណើរការចរចាសន្តិភាព។ ផ្ទុយទៅវិញ ពេលនេះ ក៏មិនមែនជាពេលដែលត្រូវបោះបង់ចោលផែនការចរចាសន្តិភាពដែរ។

លោកស្រី Federica Mogherini និយាយដូចនេះ ដោយចង់សំដៅទៅដល់ការប្រកាសរបស់ប៉ាឡេស្ទីន ដែលបានច្រានចោលសហរដ្ឋអាមេរិក​ លែងឲ្យមានតួនាទី ធ្វើអាជ្ញាកណ្តាល ក្នុងដំណើរការចរចាសន្តិភាពជាមួយអ៊ីស្រាអែល។ យ៉ាងណាក៏ដោយ លោកស្រីតំណាងសហភាពអឺរ៉ុប​ បានថ្លែងថា ក្នុងនាមជាម្ចាស់ជំនួយធំជាងគេបង្អស់ សម្រាប់ប៉ាឡេស្ទីន សហភាពអឺរ៉ុប នឹងបន្តផ្តល់ជំនួយថវិកា ដល់ប៉ាឡេស្ទីនតទៅទៀត។ បើតាមការគ្រោងទុក នៅថ្ងៃទី ៣១មករា ខាងមុខនេះ នៅទីក្រុងព្រុចសែល នឹងមានការប្រជុំរវាងប្រទេសម្ចាស់ជំនួយទាំងអស់។

ដោយឡែក លោករដ្ឋមន្ត្រីការបរទេសបារាំង ព្រមទាំងរដ្ឋមន្ត្រីការបរទេសអេស្ប៉ាញ បានថ្លែងដូចគ្នាថា គេកំពុងតែពិចារណា ជំរុញឲ្យសហភាពអឺរ៉ុប ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសមាគមមួយ ជាមួយនឹងប៉ាឡេស្ទីន ដូចដែលសហភាពអឺរ៉ុប បានធ្វើជាមួយអ៊ីស្រាអែលដែរ។

គួររំលឹកថា ជានិច្ចជាកាល សហភាពអឺរ៉ុបប្រកាន់ជំហរមួយ គឺត្រូវតែបង្កើតរដ្ឋពីរ ពេញអធិបតេយ្យដូចគ្នា គឺអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយវិលទៅគោរពព្រំដែន ដែលមានមុនឆ្នាំ១៩៦៧ និងចែកគ្នាគ្រប់គ្រង រដ្ឋធានីយេរុយសាឡឹម ទាំងអស់គ្នា។ សហភាពអឺរ៉ុប បានចេញមុខរិះគន់ ចំពោះការដែររដ្ឋាភិបាលលោកដូណាល់ ត្រាំ បានប្រកាសទទួលស្គាល់យេរុយសាឡឹម​ ជារដ្ឋធានីអ៊ីស្រាអែល តែម្នាក់ឯង។

​តែយ៉ាងណា សហភាពអឺរ៉ុប មានការប្រុងប្រយត្ន័ខ្ពស់ មិនចង់ប្រកាសគំាំទ្រ ឫលំអៀងទៅខាងណាមួយ ដូចដែលសហរដ្ឋអាមេរិកបានធ្វើទេ។ បើតាមពាក្យចចាមអារ៉ាម គឺមានតែស្លូវ៉េនីមួយប៉ុណ្ណោះ ដែលអាចនឹងប្រកាសទទួលស្គាល់ប៉ាឡេស្ទីន ជារដ្ឋឯករាជ្យ។ ចំណែកសហភាពអឺរ៉ុប ចង់ចូលរួមជំរុញឲ្យការចរចាសន្តិភាព មានជីវិតឡើងវិញ កុំឲ្យនៅជាប់គាំងដូចបច្ចុប្បន្ននេះទៀត៕