rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

អ៊ីស្រាអែល-ប៉ាឡេស្ទីន៖​តើ​កិច្ចព្រមព្រៀង​ក្រុង​អូស្លូ​កាល​ពី ២៥ឆ្នាំមុន​បាន​រលាយ​សាបសូន្យ​​ត្រឹម​​នេះ ឬ?

ដោយ គួច គន្ធារ៉ា

នៅ​ដែនដី​ប៉ាឡេស្ទីន អង្គការ​រំដោះ​ប៉ាឡេស្ទីន​ហៅ​កាត់​ថា OLP បាន​បើក​កិច្ចប្រជុំ​រយៈពេល ២ថ្ងៃ​ពី​ថ្ងៃ​អាទិត្យ​ដល់​ថ្ងៃ​ចន្ទ ទី១៥ មករា។ គោលដៅ​នៃ​កិច្ចប្រជុំ គឺ​ស្វែង​រក​យុទ្ធសាស្រ្ត​ថ្មី​ដើម្បី​ឆ្លើយ​តប​នឹង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ដែល​កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ ២០១៧ បាន​ប្រកាស​ទទួល​ស្គាល់​ហ្សេរុយសាឡិម​ជា​ទីក្រុង​ផ្តាច់មុខ​របស់​អ៊ីស្រាអែល។

លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​ម៉ាមូដ អាបាស់​បាន​បញ្ជាក់​ថា អាមេរិក​មិន​អាច​បន្ត​ដើរតួនាទី​ប្រពៃណី​ជា​អន្តរការី​ស្វែង​រក​សន្តិភាព​ឲ្យ​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​បាន​ទៀត​ឡើយ។ ទន្ទឹម​គ្នា​នេះ លោក​អាបាស់​ក៏​បាន​ជីកកប់​កិច្ចព្រមព្រៀង​ក្រុង​អូស្លូ​កាល​ពី ២៥ឆ្នាំ​មុន។ ​តើ​កិច្ចព្រមព្រៀង​ក្រុង​អូស្លូ​កាល​ពី ២៥ឆ្នាំមុន​បាន​រលាយ​សាបសូន្យ​​ត្រឹម​​នេះ ឬ?។

តាំង​តែ​ពី​អើយ​មក​ម្ល៉េះ អាមេរិក​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់​ទឹក​មិន​លេច​របស់​អ៊ីស្រាអែល​បាន​ដើរ​តួនាទី​ប្រពៃណី​ជា​អន្តរការី​នៅ​ក្នុង​ដំណើរ​ស្វែង​រក​សន្តិភាព​ឲ្យ​គូជម្លោះ​ប្រចាំ​សតវត្ស​អ៊ីស្រាអែល ប៉ាឡេស្ទីន។ ប្រធានាធិបតី​អាមេរិក​គ្រប់​ជំនាន់ ទោះ​មក​ពី​បក្ស​សាធារណរដ្ឋ ឬ​បក្ស​ប្រជាធិបតេយ្យ​សុទ្ធ​តែ​បាន​យល់​ដូច​គ្នា​ថា មាន​តែ​ដំណោះស្រាយ​រដ្ឋ​ពីរ​រស់ក្បែរ​គ្នា​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ទេ​ទើប​គេ​អាច​បិទបញ្ចប់​ជម្លោះ​ដ៏​រុំារ៉ៃ និង​ស្មុគស្មាញ​មួយ​នេះ​បាន។ ការ​យល់​ឃើញ​របស់​អាមេរិក​ដូច​នេះ​ក៏​ជា​ការ​ចង់​បាន​របស់​សហគមន៍​អន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​ផ្ទាល់​អ៊ីស្រាអែល ប៉ាឡេស្ទីន​ដែរ។ គេ​ពិត​ជា​នៅ​ចាំ​មិន​ភ្លេច​ថា លទ្ធផល​ដែល​រដ្ឋបាល​អាមេរិក​ក្នុង​ជំនាន់​លោក​ប្រធានាធិបតី​ប៊ីល គ្លីនតុន​សម្រេច​បាន​ជា​ប្រវត្តិសាស្រ្ត និង​ដែល​ពិភពលោក​បាន​ចូល​រួម​កោតសរសើរ​នោះ គឺ​កិច្ចព្រមព្រៀង​អូស្លូ​ដែល​ភាគី​អ៊ីស្រាអែល និង​ភាគី​ប៉ាឡេស្ទីន​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃទី១៣ កញ្ញា ឆ្នាំ ១៩៩៣។

រូបថត​មួយ​សន្លឹក និង​ដ៏​កម្រ​ដែល​ពិភពលោក​បាន​ឃើញ​កាល​ណោះ គឺ​ការ​ចុះ​ហត្ថលេខា និង​ការ​ចាប់​ដៃ​គ្នា​យ៉ាង​ស្និទ្ធិស្នាល​រវាង​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល អ៊ីហ្សាក់ រ៉ាប៊ីន និង​លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​យ៉ាសេ អារ៉ាហ្វាត​ក្រោម​វត្តមាន​របស់​លោក​ប្រធានាធិបតី​អាមេរិក​ប៊ីល គ្លីនតុន។ មិនមែន​ជា​កិច្ចព្រមព្រៀង​សន្តិភាព​ទេ តែ​ជា​កិច្ចព្រមព្រៀង​មួយ​ដែល​អ៊ីស្រាអែល​បាន​ទទួល​ស្គាល់​ពី​អត្ថិភាព​របស់​ប្រជាជន​ប៉ាឡេស្ទីន និង​ទទួល​ស្គាល់​អង្គការ​រំដោះ​ប៉ាឡេស្ទីន OLP ជា​ស្ថាប័ន​ស្របច្បាប់​របស់​ប៉ាឡេស្ទីន។ គឺ​តាម​រយៈ​កិច្ចព្រមព្រៀង​អូស្លូ​ឆ្នាំ ១៩៩៣ នោះ​ឯង​ដែល​ភាគី​ជម្លោះ​ទាំង​ពីរ​អ៊ីស្រាអែល ប៉ាឡេស្ទីន​យក​ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​គ្រប់​កិច្ចចរចា​សន្តិភាព​ទាំង​អស់។

ម្យ៉ាង​ទៀត កិច្ចព្រមព្រៀង​អូស្លូ​ពេល​នោះ​ក៏​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​វិល​ត្រឡប់​វិញ​នូវ​ជនជាតិ​ប៉ាឡេស្ទីន​ចំនួន ៣០០ ០០០ម៉ឺននាក់​ដែរ។ តែ​អ្វី​ដែល​មិន​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង និង​នៅ​បន្ត​ស្ថិត​ជា​ចំណុច​រសើប​ខ្លាំង​នោះ គឺ​ទាក់ទង​នឹង​លក្ខន្តិក​ទីក្រុង​ហ្សេរុយសាឡិម បញ្ហា​ជនភៀសខ្លួន និង​នយោបាយ​អាណានិគម​របស់​អ៊ីស្រាអែល​នៅ​តំបន់​ស៊ីហ្សកដានី​នៃ​ទឹកដី​ប៉ាឡេស្ទីន។ លោក​ប្រធានាធិបតី​អាមេរិក George W Bush ដែល​បន្ត​តំណែង​ពី​លោក​ប៊ីល គ្លីនតុន ឬ​មួយ​ក៏​លោក​បារ៉ាក់ អូបាម៉ា​ដែល​បន្ត​តំណែង​ពី​លោក W Bush បាន​បន្ត​ទទួល​ស្គាល់ និង​យក​កិច្ចព្រមព្រៀង​អូស្លូ​កាល​ពី ២៥ឆ្នាំ​មុន​ធ្វើ​ជា​មូលដ្ឋាន។ ចំណែក​លោក​ដូណាល់ ត្រាំ​ដែល​បន្ត​តំណែង​ពី​លោក​អូបាម៉ា​ក៏​មិន​បាន​កប​ចោល​កិច្ចព្រមព្រៀង​នោះ​ដែរ តែ​អ្វី​ដែល​លោក​ត្រាំ​ហ៊ាន​ធ្វើ​ជាង​អ្នក​ផ្សេង​នោះ គឺ​ការ​ប្រកាស​ទទួល​ស្គាល់​ហ្សេរុយសាឡិម​ជា​ទីក្រុង​ផ្តាច់​មុខ​របស់​អ៊ីស្រាអែល​នា​ខែ​ធ្នូ ឆ្នាំ ២០១៧។

កាយវិការ​របៀប​នេះ​របស់​លោក​ត្រាំ​បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ប្រឆាំង​ពី​គ្រប់ទិសទី​ក្នុង​លោក និង​ជា​ចំណុច​ចាប់​ផ្តើម​នៃ​ការ​ប្រេះឆា​រវាង​រដ្ឋបាល​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ និង​អំណាច​ប៉ាឡេស្ទីន​របស់​លោក​ម៉ាមូដ អាបាស់។ ក្រោម​ភ្នែក ច្រមុះ​របស់​លោក​អាបាស់ ក៏​ដូច​ជា​ប្រជាជន​ប៉ាឡេស្ទីន​ទាំង​អស់ ជំហរ​របស់​ដូណាល់ ត្រាំ​មិន​ខុស​អ្វី​ពី​ការ​យក​សាំង​ទៅ​ចាក់​លើ​ពំនូកភ្លើង​ដែល​កំពុង​ក្តៅងំ​ស្រាប់​នោះ​ទេ។ អ៊ីចឹង​ហើយ​បាន​ជា​លោក​អាបាស់​បាន​ថ្លែង​ច្បាស់ៗ​នៅ​ក្នុង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​នៃ​អង្គការ OLP នា​ថ្ងៃ​អាទិត្យ ទី១៤ ថា លោក​មិន​អាច​បន្ត​ចាត់​ទុក​តួនាទី​ប្រពៃណី​របស់​អាមេរិក​ជា​អន្តរការី​នៅ​ក្នុង​ដំណើរ​ស្វែង​រក​សន្តិភាព​ឲ្យ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​បាន​ទៀត​ឡើយ។ បន្ទាប់​មក លោក​អាបាស់​ក៏​បាន​ប្រកាស​កប់​ចោល​កិច្ចព្រមព្រៀង​អូស្លូ​កាល​ពី ២៥ឆ្នាំ​មុន​ដោយ​លោក​យល់​ថា មិន​អាច​បន្ត​យក​ធ្វើ​ជា​ដើមទុន​រក​ស៊ី​ជាមួយ​អ៊ីស្រាអែល​បាន​ទៀត​ទេ។

ក្រៅ​ពី​កប់​ចោល​កិច្ចព្រមព្រៀង​អូស្លូ​ដែល​លោក​អាបាស់​អះអាង​ថា​យក​គំរូ​តាម​អ៊ីស្រាអែល ប្រមុខ​រដ្ឋអំណាច​ប៉ាឡេស្ទីន​ក៏​បាន​អំពាវនាវ​ថ្នាក់ដឹកនាំ​អង្គការ OLP ឲ្យ​សើរើ​ពិនិត្យ​មើល​ឡើង​វិញ​លើ​រាល់​កិច្ចព្រមព្រៀង​ផ្សេង​ទៀត​ដែល​ប៉ាឡេស្ទីន​មាន​ជា​មួយ​អ៊ីស្រាអែល។ ២៥ឆ្នាំ​ក្រោយ​កិច្ចព្រមព្រៀង​អូស្លូ ស្ថានការណ៍​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ហាក់​បាន​ធ្លាក់​ដុនដាប​កាន់​តែ​ខ្លាំង​ទៅៗ​ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ។ អ៊ីចឹង​ហើយ​បាន​ជា​លោក​អាបាស់​យល់​ថា កិច្ចខិតខំ​ប្រឹងប្រែង​របស់​អាមេរិក​ក្នុង​រយៈពេល ២៥ឆ្នាំ​កន្លង​ទៅ ក៏​ដូច​កិច្ចព្រមព្រៀង​អូស្លូ​ឆ្នាំ ១៩៩៣ ត្រូវ​បាន​រដ្ឋបាល​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​ជាន់ឈ្លី​អស់​ហើយ។

ដូច្នេះ​សម្រាប់​លោក​អាបាស់ មាន​តែ​ងាក​ទៅ​បន្ត​ប្រើ​យន្តការណ៍​អន្តរជាតិ​ទេ​ទើប​គេ​អាច​ដាក់​គំនាប​លើ​អ៊ីស្រាអែល​ឲ្យ​ទទួល​យក​រដ្ឋ​ប៉ាឡេស្ទីន​ស្របច្បាប់​មួយ។ សូម​ជម្រាប​ជូន​ថា​កន្លង​មក យន្តការណ៍​មួយ​នេះ​ក៏​ធ្លាប់​បាន​លោក​អាបាស់​យក​ទៅ​ប្រើ​នៅ​ក្នុង​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ឬ​នៅ​តាម​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន។ ចូរ​កុំ​ភ្លេច​ថា កិច្ចព្រមព្រៀង​អូស្លូ​កាល​ពី ២៥ឆ្នាំ​មុន​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កិច្ចព្រមព្រៀង​ប្រវត្តិសាស្រ្ត​ដ៏​ល្អ​តែ​មួយ​គត់​ស្តីពី​ជម្លោះ​ច្រើន​ទសវត្សរ៍​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ បើ​កិច្ចព្រមព្រៀង​មួយ​នេះ​ត្រូវ​បាន​រលាយ​ជា​ស្ថាពរ​មែន គ្រប់​គ្នា​នឹង​មាន​ចំណែក​ទទួល​ខុស​ត្រូវ​រៀងៗខ្លួន។ វា​លើកលែង​តែ​នៅ​ថ្ងៃ​ណា​មួយ​នោះ គេ​អាច​រក​កិច្ចព្រមព្រៀង​ថ្មី​ឲ្យ​បាន​ប្រសើរ​ជាង​នេះ ពោល​កិច្ចព្រមព្រៀង​ដែល​នឹង​អនុញ្ញាត​ឲ្យ​មាន​រដ្ឋប៉ាឡេស្ទីន​មួយ​រស់ក្បែរ​អ៊ីស្រាអែល​ដោយ​សុវត្ថិភាព៕

សរអា ផ្អាក ការបំពេញ ជាមួយ រុស្ស៊ី តាម សន្ធិសញ្ញា​ស្តីអំពី​មេឃ​ចំហ

ហេតុអ្វី បាន​ជា​កើតមាន​សោកនាដកម្ម​បាក់ស្ពាន​នៅ​អ៊ីតាលី?

ដង្ហើម​សេដ្ឋកិច្ច​ចិន ធ្លាក់​ចុះ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល សម្រាប់​ខែ​កក្កដា​

អ៊ីរ៉ាក់​កំពុង​ក្លាយ​ជា​ប្រទេស​រងគ្រោះ​នៅ​ក្នុង​ជម្លោះ​រវាង​អាមេរិក និង​អ៊ីរ៉ង់?

ប្រព័ន្ធ​សុខាភិបាល​បេឡារុស ស៊ីរូង​ដោយ​អំពើ​ពុករលួយ និង​ការិយាធិបតេយ្យ

សុបិន​ដ៏គ្រោះថ្នាក់​បំផុត​របស់​ឡាវ ដែល​ចង់ក្លាយ ​ជា​ជង្រុគ​នៃ​ទំនប់​វារីអគ្គីសនី​ប្រចាំ​អាស៊ី

អ្នកវិទ្យាសាស្រ្ត៖ ផែនដី​នឹង​ក្លាយ​ជា​បន្ទប់ឆ្ពុង បើសិន​​កំដៅ​កើនឡើង​៤​អង្សាទៀត

តើអ្វីទៅ ​ជា​យុទ្ធសាស្ត្រ​ពិត​ប្រាកដ​របស់​លោក​ដូណាល់ ត្រាំ ​ទល់​នឹង​បញ្ហា​អ៊ីរ៉ង់?

សកលភាវូបនីយកម្ម និង​ភាព​មិនពេញចិត្ត​របស់​ពលរដ្ឋ​ថ្នាក់ក្រោម​នៅ​បណ្តាប្រទេស​ជឿនលឿន

អ្នកកាសែតដែល​គេសម្លាប់នៅអាហ្វ្រិកកណ្តាល កំពុង​ស៊ើបអង្កេត​លើក្រុមហ៊ុន​ដែលស្និទ្ធ​នឹង​ក្រេមឡាំង

សំណុំរឿងបេណាឡា ៖ បក្សប្រឆាំង​ដាក់​ញាត្តិ​ចាប់​ថ្នាក់​រដ្ឋាភិបាល

តើ​​ការ​​សម្រុះ​​សម្រួល​​បន្ធូរ​បន្ថយ​​ភាព​តាន​តឹង​​ពាណិជ្ជកម្ម​រវាង​​សហរដ្ឋ​អាមេរិក-អឺរ៉ុប ​​អាច​​ទុក​ចិត្ត​​បាន​​ដែរ​​ឬ​​ទេ?​

ជំនួបត្រាំ-ពូទីន ១០ថ្ងៃមុន ត្រូវគេមើលឃើញ ជាការប៉ុនប៉ងកសាង”សណ្តាប់ធ្នាប់ថ្មី”ក្នុងលោក

អាកាសធាតុ​ក្តៅខ្លាំង​មិនធ្លាប់មាន​នៅ​ទូទាំង​ពិភពលោក​ជា​សញ្ញា​នៃ​ការ​ប្រែប្រួល​អាកាសធាតុ

Global Witness ៖ ២០១៧ ឆ្នាំមរណៈរបស់អ្នកការពារបរិស្ថាន

ហេតុ​អ្វីបាន​ជា​​​ ចិន ចង់​​គ្រប់​គ្រងផ្តាច់​មុខ​​វិស័យ​ដឹកជញ្ជូន​នៅ​អាហ្វ្រិក?

ក្រុមហ៊ុន​ផលិត​យន្តហោះ ​Boeing ​និង​ Airbus ​បន្ត​ការប្រជែងគ្នា​នៅ​ពិព័រណ៍ ​Farnborough ​ប្រទេស​អង់គ្លេស​

សូរខ្ទរ និង​ ចំហាយ នៃ World Cup -2018 ដែលបានចប់ទៅនៅរុស្ស៊ី  

នីការ៉ាហ្កា៖ ប្តីប្រពន្ធ​មេដឹកនាំ ធ្វើមិនដឹងមិនឮ បើទោះ​មាន​ចលនា​តវ៉ា​ប្រឆាំង​៣ខែ​មក​ហើយ

លោកអូបាម៉ា ជាអធិបតី នៃ​ខួប​១០០ឆ្នាំ ​ថ្ងៃ​កំណើត​របស់​លោក​ នែលសុន​ ម៉ាន់ដេឡា