ប្រមុខរដ្ឋអំណាចប៉ាឡេស្ទីនថា អាមេរិកលែងជាតួអង្គឯកក្នុងការស្វែងរកសន្តិភាពឲ្យប៉ាឡេស្ទីន និងអ៊ីស្រាអែល
នៅទីក្រុងរ៉ាម៉ាឡា ទឹកដីប៉ាឡេស្ទីន ថ្នាក់ដឹកនាំនៃអង្គការរំដោះប៉ាឡេស្ទីនហៅកាត់ថា OPL បានរួមប្រជុំគ្នានារសៀលថ្ងៃអាទិត្យ ទី១៤ មករា។ កម្មវត្ថុនៃកិច្ចប្រជុំ គឺស្វែងរកយកយុទ្ធសាស្រ្តថ្មីដើម្បីទប់ទល់នឹងលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំដែលបានប្រកាសទទួលហ្សេរុយសាឡិមជាទីក្រុងផ្តាច់មុខរបស់អ៊ីស្រាអែល។ លោកប្រមុខរដ្ឋអំណាចប៉ាឡេស្ទីនម៉ាមូដ អាបាស់បានចាត់ទុកសំណើសន្តិភាពរបៀបនេះរបស់លោកត្រាំថាជា « ការទះកំផ្លៀងសតវត្សរ៍ » និងបដិសេធលើតួនាទីរបស់អាមេរិកជាអន្តរការីនៅក្នុងដំណើរស្វែងរកសន្តិភាពឲ្យប៉ាឡេស្ទីន និងអ៊ីស្រាអែល។ ទន្ទឹមគ្នានេះ លោកអាបាស់ក៏បានបរិហារលើកិច្ចព្រមព្រៀងក្រុងអូស្លូចុះហត្ថលេខាក្នុងឆ្នាំ ១៩៩៣ រវាងអង្គការ OLP និងអ៊ីស្រាអែល។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:០២
« ខ្ញុំនិយាយថា គ្មានកិច្ចព្រៀងក្រុងអូស្លូទៀតឡើយ ព្រោះអ៊ីស្រាអែលបានបញ្ចប់កិច្ចព្រមព្រៀងក្រុងអូស្លូនោះ។ ដូច្នេះយើងត្រូវតែអនុម័តលើសេចក្តីសម្រេចមួយទាក់ទងនឹងកិច្ចព្រមព្រៀងក្រុងអូស្លូ។ មានអ្នកខ្លះនាំគ្នានិយាយថា កិច្ចព្រមព្រៀងទាំងនេះជាការក្បត់ តែគេត្រូវទទួលស្គាល់ថា ចំណុចវិជ្ជមានមួយដែលមាននៅក្នុងកិច្ចព្រមព្រៀងនោះ គឺការដែលអ៊ីស្រាអែលបានទទួលស្គាល់អត្ថិភាពរបស់ប្រជាជនប៉ាឡេស្ទីន។
បន្ទាប់មកទៀត និងតាមរយៈកិច្ចព្រមព្រៀងក្រុងអូស្លូឆ្នាំ ១៩៩៣ ដដែល អ៊ីស្រាអែលបានទទួលអង្គការរំដោះប៉ាឡេស្ទីនជាអង្គការស្របច្បាប់តែមួយគត់ឲ្យប្រជាជនប៉ាឡេស្ទីន។ ប៉ុន្តែឥឡូវនេះ អ្វីៗបានផ្លាស់ប្តូរ។ យើងជារដ្ឋអំណាចមួយដែលគ្មានអំណាច និងដែលកំពុងដោះស្រាយរឿងការទន្ទ្រានកាន់កាប់ពីអ៊ីស្រាអែល។ យើងនឹងមិនយលព្រមជាដាច់ខាត »៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ