rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

ហេតុអ្វី​បាន​ជា​ក្រុម​អង្គការអន្តរជាតិ​មួយចំនួន​ក្លាយ​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​ពី​រដ្ឋាភិបាល​អ៊ីស្រាអែល?

ដោយ គួច គន្ធារ៉ា

នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល លោក​នាយករដ្ឋមន្រ្តី​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ​បាន​បន្ត​យុទ្ធនាការ​ប្រឆាំង​ស្ថាប័ន និង​អង្គការ​អន្តរជាតិ​ទាំង​ឡាយ​ដែល​កំពុង​ចូលរួម​បំផ្លិចបំផ្លាញ​រដ្ឋអ៊ីស្រាអែល។ មាន​អង្គការ​អន្តរជាតិ​ចំនួន ២០អង្គការ​ត្រូវ​បាន​ក្រសួង​ទទួល​បន្ទុក​កិច្ចការ​យុទ្ធសាស្រ្ត​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ខ្មៅ​ជា​អង្គការ​ដែល​បាន​ធ្វើ​យុទ្ធនាការ​គាំទ្រ​ចលនា​អន្តរជាតិ « ពហិការ ឈប់វិនិយោគ និង​ទណ្ឌកម្ម » ដែល​ហៅកាត់​ជា​ភាសា​បារាំង​ថា BDS។

តែ​ក្រុម​អ្នកសង្កេតការណ៍​បាន​មើល​ឃើញ​ថា ចំណាត់ការ​របស់​លោក​នេតាន់យ៉ាហ៊ូ​ពេល​នេះ​មាន​បង្កប់​ដោយ​រឿងនយោបាយ​ផ្ទាល់ខ្លួន។

ក្នុង​ចំណោម​អង្គការ​អន្តរជាតិ​ទាំង ២០អង្គការ​ដែល​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​របស់​រដ្ឋាភិបាល​អ៊ីស្រាអែល មាន ១១អង្គការ​មក​ពី​អឺរ៉ុប​ដូច​យ៉ាង​សមាគមន៍​សាមគ្គី​បារាំង ប៉ាឡេស្ទីន និង​ខ្លះ​ទៀត​មក​ពី​អាមេរិក​ដូច​យ៉ាង​សមាគមន៍​សម្លេង​ជនជាតិ​ជ្វីហ្វ​ដើម្បី​សន្តិភាព​ជា​ដើម។ ក្រោម​ភ្នែក ចម្រុះ​របស់​ទីក្រុង​តេឡាវី អង្គការ​អន្តរជាតិ​ទាំង ២០ នេះ​បាន​ចូលរួម​ជួយ​គាំទ្រ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ចំពោះ​ចលនា​អន្តរជាតិ « ពហិការ ឈប់វិនិយោគនិង​ទណ្ឌកម្ម » ដែល​ហៅកាត់​ជា​ភាសា​បារាំង​ថា BDS។ ក្រៅ​ពី​ចុះ​ក្នុង​បញ្ជី​ខ្មៅ សមាជិក​របស់​អង្គការ​ទាំង ២០ ក៏​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ចូល​ក្នុង​ទឹកដី​អ៊ីស្រាអែល​ដែរ។

តាម​ពិត​ទៅ ចំណាត់ការ​របស់​លោក​នេតាន់យ៉ាហ៊ូ​លើ​អង្គការ​អន្តរជាតិ​ទាំង ២០ អង្គការ​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​សភា​អ៊ីស្រាអែល​បាន​អនុម័ត​លើ​ច្បាប់​មួយ​នា​ខែ​មីនា​ឆ្នាំ ២០១៧ ដោយ​ហាម​មិន​ឲ្យ​ក្រុម​សកម្មជន​ចលនា BDS ដាក់​ជើង​ជាន់​លើ​ទឹកដី​អ៊ីស្រាអែល​ទេ។ តាម​ច្បាប់​ដដែល​នោះ រដ្ឋាភិបាល​នឹង​មិន​ផ្តល់​ទិដ្ឋាការ និង​ការ​អនុញ្ញាត​ឲ្យ​ស្នាក់​នៅ​ដល់​សមាជិក​ណា​ម្នាក់​របស់​អង្គការ​នោះ ទោះ​បី​ជា​ពួក​គេ​ជា​ជនជាតិ​អ៊ីស្រាអែល និង​មាន​សិទ្ធិ​រស់នៅ​លើ​ទឹកដី​អ៊ីស្រាអែល​ជា​អចិន្រ្តៃយ៍​ក៏​ដោយ។ សូម​ជម្រាប​ជូន​ថា ចលនា BDS បាន​ចេញ​មុខ​ធ្វើ​យុទ្ធនាការ​ជា​ចំហ​គាំទ្រ​ឲ្យ​មាន​ការ​ធ្វើ​ពហិការ​ក្នុង​ផ្នែក​សេដ្ឋកិច្ច វប្បធម៌ និង​វិទ្យាសាស្រ្ត​នៅ​អ៊ីស្រាអែល​រហូត​ធ្វើ​ឲ្យ​ប្រទេស​មួយ​នេះ​បញ្ឈប់​ការ​ទន្ទ្រាន​ចូល​កាន់កាប់​ទឹកដី​របស់​ប្រជាជន​ប៉ាឡេស្ទីន។

លោក​ហ្គីឡាដ អ៊ែរដិន រដ្ឋមន្រ្តី​ទទួល​បន្ទុក​កិច្ចការ​យុទ្ធសាស្រ្ត និង​សន្តិសុខផ្ទៃក្នុង​ដែល​ជា​អ្នក​រៀបចំ​បញ្ជីខ្មៅ​ទាំង ២០អង្គការ​អន្តរជាតិ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​ថា ការ​ផ្សព្វផ្សាយ​បញ្ជី​ថ្មី​នេះ​ជា​ការ​បោះ​មួយ​ជំហាន​ទៅ​មុខ​បន្ថែម​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​នឹង​ការ​ប៉ុនប៉ង​បង្ខូច​ភាព​ស្របច្បាប់​របស់​រដ្ឋអ៊ីស្រាអែល​ក៏​ដូច​ជា​ក្នុង​បំណង​បំផ្លាញ​រដ្ឋអ៊ីស្រាអែល​ដែល​ជា​រដ្ឋ​ជ្វីហ្វ។ តាម​លោក​ហ្គីឡាដ គ្មាន​ប្រទេស​ណា​មួយ​ក្នុង​លោក​យល់ព្រម​ឲ្យ​ក្រុមមនុស្ស​រ៉ៅឆាន ឈ្លានីស​ចូល​ក្នុង​ទឹកដី​របស់​ខ្លួន​ឡើយ។ ក្រុម​មនុស្ស​រ៉ៅឆាន ឈ្លានីស​ដែល​លោក​ហ្គីឡាដ​សំដៅ​ត្រង់​លើ​ក្រុម​សកម្មជន​របស់​ចលនា BDS។

មែនទែន​ទៅ ចលនា BDS មួយ​នេះ​បាន​ស្ថិត​ក្នុង​ផ្ទាំងស៊ីប​នៃ​ការ​តាម​ឃ្លាំមើល និង​វាយប្រហារ​ពី​រដ្ឋាភិបាល​អ៊ីស្រាអែល​ជា​យូរ​មក​ហើយ។ ថ្មីៗ​កន្លង​ទៅ​នេះ រដ្ឋាភិបាល​ហ៊ាន​ទាំង​ចំណាយ​ថវិកា​ចំនួន ៦៥លានអឺរ៉ូ​ដើម្បី​ឲ្យ​លោក​ហ្គីឡាដ​បង្កើត​ស្ថាប័ន​ដាច់​ដោយឡែក​មួយ​ទុក​សម្រាប់​តែ​ឆ្លើយ​តប​នឹង​សកម្មភាព​របស់​ចលនា BDS។ ក្នុង​ខែ​សីហា ឆ្នាំ ២០១៦ ក្រសួង​មហាផ្ទៃ និង​ក្រសួង​ទទួល​បន្ទុក​កិច្ចការ​យុទ្ធសាស្រ្ត​ថែម​ទាំង​បាន​បង្កើត​ក្រុម​ការងារ​មួយ​ដើម្បី​តាមដាន​មើល និង​រារាំង​សកម្មជន​បរទេស​របស់​ចលនា BDS ដែល​មាន​បំណង​ចង់​ចូល​ក្នុង​ទឹកដី​អ៊ីស្រាអែល។

បើ​គេ​មើល​មួយ​ភ្លែត​ទៅ ចំណាត់ការ​របស់​លោក​នាយករដ្ឋមន្រ្តី​នេតាន់យ៉ាហ៊ូ​លើ​ចលនា BDS ពេល​នេះ​មិនមែន​ជា​រឿង​ថ្មី ហើយ​ក៏​ហាក់​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែរ។ មិន​ភ្ញាក់ផ្អើល​ព្រោះ​វា​ជា​ទម្លាប់​មួយ​ហើយ​ដែល​រដ្ឋាភិបាល​អ៊ីស្រាអែល​តែង​ចេញ​មុខ​ប្រឆាំង​នឹង​អ្នក​ដែល​ប្រឆាំង​ខ្លួន តែ​គាំទ្រ​បុព្វហេតុ​របស់​ប្រជាជន​ប៉ាឡេស្ទីន​ដោយ​មិន​ថា​អ្នក​នោះ​ជា​ប្រទេស មនុស្ស ស្ថាប័ន សមាគម ឬ​ជា​អង្គការ​ទេ។ តាំង​ពី​ឆ្នាំ ២០១៦ មក និង​ក្នុង​បំណង​ការពារ​ផលប្រយោជន៍​អ៊ីស្រាអែល លោក​នេតាន់យ៉ាហ៊ូ​បាន​ប្រើ​យុទ្ធសាស្រ្ត​កាច​ដោយ​មិន​ខ្វល់ខ្វាយ​ពី​អ្នក​ចោទ​លោក​ក្នុង​បទ​រំលោភ​សិទ្ធិមនុស្ស និង​សិទ្ធិ​បញ្ចេញ​មតិ​ទេ។

តែ​ក្រុម​អ្នកសង្កេតការណ៍​បាន​មើល​ឃើញ​បន្ថែម​ទៀត​ថា ក្រៅ​តែ​ពី​ការ ការពារ​ផលប្រយោជន៍​ប្រជាជន​អ៊ីស្រាអែល លោក​នេតាន់យ៉ាហ៊ូ​ក៏​បាន​ការពារ​ផលប្រយោជន៍​នយោបាយ​ផ្ទាល់ខ្លួន​របស់​លោក​ដែរ។ ចូរ​កុំ​ភ្លេច​ថា នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​រូប​នេះ​កំពុង​ជំពាក់​វាក់វិន និង​ហ៊ុមព័ទ្ធ​ដោយ​រឿង​អាស្រូវ​ពុករលួយ​ជា​ច្រើន​នៅ​ឯ​តុលាការ និង​ដែល​រឿងរ៉ាវ​មួយ​នេះ​អាច​នឹង​ជះ​ឥទ្ធិពល​ដល់​ជីវិត​នយោបាយ​របស់​លោក។ ដូច្នេះ​ចង់ ឬ​មិន​ចង់ និង​ទំរាំ​ដល់​ថ្ងៃបោះឆ្នោត​សភា​ជា​ថ្មី​នៅ​ឆ្នាំ ២០១៩ ចំណាត់ការ​ប្រឆាំង​លើ​អង្គការ​អន្តរជាតិ​មួយ​ចំនួន​របស់​លោក​នេតាន់យ៉ាហ៊ូ​ពេល​នេះ​អាច​ជា​ម្លប់​បាំង​រឿងអាស្រូវ​ផ្ទាល់ខ្លួន​របស់​លោក​បាន​មួយ​រយៈពេល​ដែរ។

តែ​នេះ​មិនមែន​មាន​ន័យ​ថា លោក​នេតាន់យ៉ាហ៊ូ​នឹង​អាច​រួច​ខ្លួន​រហូត​ទេ ព្រោះ​កន្លង​មក រឿង​អាស្រូវ​ពុករលួយ​ក៏​ធ្លាប់​បាន​បង្ខំ​ឲ្យ​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​ម្នាក់​ចុះ​ចេញ​ពី​តំណែង រួច​ត្រូវ​បាន​តុលាការ​កាត់ទោស​ឲ្យ​ដេក​ក្នុងគុក៕

សេចក្តីថ្លែងការណ៍​របស់​ម៉ូស្គូ ក្នុង”ទិវាអ្នកការទូតរុស្ស៊ី“ ថ្ងៃ ១០ កុម្ភៈកន្លងទៅ

កម្ពស់​ទឹកសមុទ្រ​លើ​ភពផែនដី​កំពុង​កើនឡើង​ហើយ​កើនឡើង​កាន់តែលឿន

អាមេរិក​ចង់​ឲ្យ​ជីហាត​បរទេស​ប្រឈម​នឹង​ការកាត់ទោស​នៅក្នុង​ប្រទេស​កំណើត

អាល្លឺម៉ង់៖ ជញ្ជីង​ពាណិជ្ជកម្ម​ឆ្នាំ​២០១៧ ​វិជ្ជមាន​ខ្ពស់​លើស​គេ ​តែ​អាច​បង្កប់​នូវ​ចំណុច​ខ្សោយ

ប៉េកាំង​រឹត​និង​នយោបាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម​

បោះឆ្នោត​​ប្រធានាធិបតី​នៅ​អេហ្ស៊ីប៖​ភាព​តានតឹង​កំពុង​ឡើង​ដល់​កំពូល​នៅ​ក្នុង​ស្ថាប័ន​កងទ័ព

ការ​ដំឡើង​ប្រាប់​បៀវត្សរ៍​និយោជិក​ធ្វើ​ឲ្យ​ទីផ្សារ​ភាគហ៊ុន​អាមេរិក​ធ្លាក់​តម្លៃ​

លោកពូទីន បានទទួលជួបពួកអ្នកតំណាងគ្រាក់ៗ នៃមជ្ឈដ្ឋានជំនួញបារាំង

ប្រជាជន​​អៀរឡង់​​​កាន់​​សាសនា​​កាតូលិក​ តែ​​​​ចង់​អោយ​​ស្ត្រី​​រំលូត​កូន​​​

នៅ​ក្នុង​ប្រទេស​យេម៉ែន វិបត្តិ​ហែកហួរ​ផ្ទែក្នុង​កំពុង​រីករាលដាល​កាន់​តែ​ធំ

Naomi Parker ​កម្មការ​នី​និមិត្តរូប​​​នៃ​​ចលនា​​ស្រ្តី​និយម​​អាមេរិក​​បាន​​ទទួល​​មរណភាព​​

ទណ្ឌកម្ម​បស្ចិមលោក​សំដៅ​ផ្លាស់ប្តូរ​ប្រធានាធិបតី​នៅ​រុស្ស៊ី ប៉ុន្តែ​មិន​សម្រេច

ហេតុអ្វី​បាន​ជា​តួកគី​បើក​ប្រតិបត្តិការសឹក​លើ​ទីតាំង​របស់​កម្លាំង​គួដឌីស្ថាន​នៅ​អាហ្រ្វីន​ក្នុង​ទឹកដី​ស៊ីរី?

សហរដ្ឋអាមេរិក​បរិច្ចាក​ប្រាក់តែ ​៦០ ​លាន​ដុល្លារ​ប៉ុណ្ណោះ​ដល់​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​សំរាប់​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ (UNRWA)

បារាំង៖​នយោបាយ​​អន្តោប្រវេសន៍​​របស់​​លោក​ម៉ាក្រុង​​​​មិនភ្លេច​​គោលការណ៍​​មនុស្សធម៌​​?​​​

ហេតុអ្វី​ទំនាក់ទំនង​អ៊ីស្រាអែល-ឥណ្ឌា​មាន​ភាព​ស្មុគស្មាញ?

អ៊ីស្រាអែល-ប៉ាឡេស្ទីន៖​តើ​កិច្ចព្រមព្រៀង​ក្រុង​អូស្លូ​កាល​ពី ២៥ឆ្នាំមុន​បាន​រលាយ​សាបសូន្យ​​ត្រឹម​​នេះ ឬ?

ចិន​បដិសេធ​ព័ត៌មាន​ចំពោះ​​កាត់​បន្ថយ​ទិញ​បំណុល​សហរដ្ឋអាមេរិក​

ការវាយប្រហារ​អ៊ីនធ័រនែត ៖ អ្វី​ដែល​គួរ​ខ្លាច​នៅ​ឆ្នាំ​២០១៨ !

មហា​គម្រោង “ផ្លូវ​មួយ​ខ្សែ​ក្រវ៉ាត់​មួយ”​ របស់​​ចិន ​ល្អតែ​មើល​ តែ​អាច​មិន​ល្អ​ស៊ី