អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី​បាន​ជា​អាមេរិក​លូកដៃ​កាន់​តែ​ជ្រៅ​នៅក្នុង​បាតុកម្ម​របស់​ប្រជាជន​អ៊ីរ៉ង់​ពេល​នេះ​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល និង​ប្រឆាំង​ទំនិញ​ឡើង​ថ្លៃ​ហាក់​បាន​ស្ងប់ស្ងាត់​បន្តិច​នៅ​យប់​ថ្ងៃ​អង្គារ ទី២ មករា បន្ទាប់​ពី​បាន​ពុះកញ្រ្ជោល​ខ្លាំង​អស់​រយៈពេល ៥ថ្ងៃ​ជាប់​គ្នា។ បាតុកម្ម​ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៨ ធ្នូ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ២១នាក់ ចាប់​ខ្លួន និង​របួស​ជា​ច្រើន​រយ​នាក់​ផ្សេង​ទៀត។ ស្ថានការណ៍​រួម​នៅ​អ៊ីរ៉ង់​ហាក់​ស្ងប់ស្ងាត់​បន្តិច​មែន តែ​ភាព​ចលាចល​មួយ​នេះ​មិន​បាន​ធ្វើ​ឲ្យ​ប្រទេស​លោកខាងលិច​មួយ​ចំនួន​ឈរ​ក្រពាត់ដៃ​មើល​ទេ។ បារាំង អឺរ៉ុប និង​អង្គការ​សហប្រជាជាតិ​បាន​សម្តែង​ការ​សោកស្តាយ​ពី​ការ​បាត់បង់​ជីវិត​មនុស្ស ព្រម​ទាំង​អំពាវនាវ​រដ្ឋាភិបាល​អ៊ីរ៉ង់​ឲ្យ​មាន​ភាព​អត់ធ្មត់។ ចំណែក​អាមេរិក​បាន​ស្នើ​ឲ្យ​មាន​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ជា​បន្ទាន់។

លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ
លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ REUTERS/Lucas Jackson
ផ្សាយពាណិជ្ជកម្ម

សំណើ​សុំ​ឲ្យ​មាន​ការ​កោះ​ប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ជា​បន្ទាន់​ក្នុង​រឿង​បាតុកម្ម​នៅ​អ៊ីរ៉ង់​ពេល​នេះ​បាន​ធ្វើ​ឡើង​ដោយ​លោកស្រី Nikki Haley ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ។ លោកស្រី Nikki ចង់​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​ជជែក​ពី​សិទ្ធិសេរីភាព​ដែល​ទាមទារ​ដោយ​ប្រជាជន​អ៊ីរ៉ង់។ សិទ្ធិសេរីភាព​ដែល​លោកស្រី Nikki ចង់​ផ្តោត​សំខាន់​លើ​សិទ្ធិ​ធ្វើ​បាតុកម្ម​របស់​ប្រជាជន​អ៊ីរ៉ង់​ដែល​អាមេរិក​យល់​ថា ត្រូវ​បាន​រដ្ឋអំណាច​ទីក្រុង​តេហេរ៉ង់​រំលោភបំពាន​ដោយ​បាន​ធ្វើ​ការ​វាយបង្រ្កាប​យ៉ាង​ចាស់​ដៃ​រហូត​ដល់​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ របួស និង​ចាប់​ខ្លួន​ជា​ច្រើន​នាក់។

« យើង​មិន​អាច​ឈរ​ក្រពាត់​ដៃ​នៅ​ស្ងៀម​បាន​ទេ » នេះ​ជា​ការ​ថ្លែង​របស់​លោកស្រី Nikki។ អ្វី​ដែល​លោកស្រី Nikki បាន​និយាយ​ពេល​នេះ​គ្រាន់​តែ​ជា​ការ​បញ្ជាក់​បន្ថែម​លើ​អ្វី​ដែល​លោក​ដូណាល់ ត្រាំ​បាន​និយាយ​នា​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​កន្លង​ទៅ​ប៉ុណ្ណោះ ពោល​តាំង​ពី​ថ្ងៃ​ផ្ទុះ​បាតុកម្ម​ដំបូង​នៅ​អ៊ីរ៉ង់​នា​ថ្ងៃ​ព្រហស្បតិ៍ ទី២៨ ធ្នូ។ លោក​ត្រាំ​បាន​ឆក់​ឱកាស​នៃ​ភាព​ក្តៅក្រហាយ​របស់​ប្រជាជន​អ៊ីរ៉ង់​ពេល​នេះ​ដើម្បី​ចាក់​សាំង​បន្ថែម​ក្នុង​បំណង​ចង់​បាន និង​ចង់​ឃើញ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​របបដឹកនាំ​នៅ​អ៊ីរ៉ង់​សព្វថ្ងៃ។ ត្រង់​ចំណុច​នេះ លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ហាសាន រ៉ូហានី និង​ប្រមុខ​សាសនា​អ៊ីស្លាម​អ៊ីរ៉ង់​ដ៏​មាន​ឥទ្ធិពល​លោក​អាលី ខាមេណី​ពិត​ជា​យល់​មិន​ច្រឡំ​ទេ និង​បាន​បរិហារ​ចាស់ដៃ​លើ​ការ​លូកដៃ​របស់​បរទេស។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​សំណើ​របស់​អាមេរិក​នេះ​នឹង​ត្រូវ​ក្រុមប្រឹក្សាសន្តិសុខ​លើក​ទៅ​ជជែក​នៅ​ពេល​ណា ហើយ​ក៏​គេ​នៅ​មិន​ទាន់ដឹង​ថា តើ​ក្រុមប្រឹក្សា​សន្តិសុខ​នឹង​ចាត់​វិធានការ ឬ​ចេញ​សំណើ​យ៉ាង​ម៉េច​នៅ​ក្នុង​បញ្ហា​អ៊ីរ៉ង់​នេះ។ អ្វី​ដែល​គេ​ដឹង អ្នក​នាំពាក្យ​របស់​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ត្រឹម​បញ្ជាក់​ថា គេ​ត្រូវ​តែ​គោរព​សិទ្ធិ​នៃ​ការ​ជួបជុំ និង​សិទ្ធិ​នៃ​ការ​បញ្ចេញ​មតិ។

រវាង​អាមេរិក និង​អ៊ីរ៉ង់​ប្រៀប​ដូច​ទឹក និង​ប្រេង

ទំនាក់ទំនង​តានតឹង​រវាង​អាមេរិក និង​អ៊ីរ៉ង់​ជា​រឿង​អតីតកាល​ដែល​បាន និង​កំពុង​បន្ត​មាន​មក​ដល់​សព្វថ្ងៃ នោះ​បើ​ទោះបី​ជា​ហាក់​មាន​ការ​ល្អូតល្អឺន​បន្តិច​នៅ​ក្នុង​ជំនាន់​ប្រធានាធិបតី​អាមេរិក​លោក​អូបាម៉ា​ក៏​ដោយ។ ពិត​ណាស់​ថា សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដ៏​ចម្រូងចម្រាស និង​ស្មុគស្មាញ​ត្រូវ​បាន​ដោះស្រាយ​រួចរាល់​តាម​រយៈកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ចុះ​ហត្ថលេខា​ដោយ​សហគមន៍​អន្តរជាតិ​កាល​ពី​ពាក់​កណ្តាល​ខែ​កក្កដា ឆ្នាំ ២០១៥ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា នៅ​មាន​រឿងរ៉ាវ​សាំញាំ​ជា​ច្រើន​ទៀត​ដែល​បាន​ធ្វើ​ឲ្យ​អាមេរិក និង​អ៊ីរ៉ង់​ពិបាក​មើល​មុខ​គ្នា​ចំ រួម​មាន ការ​បន្ត​អភិវឌ្ឍន៍​កម្មវិធី​គ្រាប់មីស៊ីល​បាលីស្ទិក​របស់​អ៊ីរ៉ង់ និង​រឿង​រំលោភ​សិទ្ធិមនុស្ស​នៅ​អ៊ីរ៉ង់។

នៅ​ក្នុង​បញ្ហា​គ្រាប់មីស៊ីលបាលីស្ទិក និង​រឿង​រំលោភ​សិទ្ធិមនុស្ស​នេះ​ត្រូវ​បាន​អាមេរិក​បន្ត​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​មក​ដល់​សព្វថ្ងៃ។ឥឡូវ​នេះ កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​សម្រេច​បាន​ដោយ​លោក​អូបាម៉ា​ក៏​កំពុង​ត្រូវ​បាន​លោក​ដូណាល់ ត្រាំ​គំរាម​ដុត​ចោល​ទៀត។ ក្រៅ​ពី​នោះ ជំហរ និង​មហិច្ឆតា​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់​ក៏​កំពុង​ធ្វើ​ឲ្យ​អាមេរិក​មិន​សប្បាយ​ចិត្ត​ដែរ ពិសេស​នៅ​ក្នុង​វិបត្តិ​ស៊ីរី​ដែល​ទីក្រុង​វ៉ាស៊ីនតោន​បាន​ចោទ​ទីក្រុង​តេហេរ៉ង់​ពី​បទ​គាំទ្រ​ចលនា​ភេរវនិយម ដូច​យ៉ាង​ចលនា​ហេស្បូឡាលីបង់​ជា​ដើម។ ការ​ចោទ​អ៊ីរ៉ង់​ក្នុង​រឿង​នេះ​ពិត​ជា​មិន​ខុស​ទេ តែ​បញ្ហា​នៅ​ត្រង់​ថា អាមេរិក​បែរ​ជា​កំពុង​ជួយ​គាំទ្រ​អារ៉ាប៊ីសាអូឌីត​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន និង​ជា​គូប្រជែង​ស្លាប់រស់​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់។

បារាំង​ចង់​មាន​ទំនាក់ទំនាក់​ស្មើ​គ្នា​ជាមួយ​ក្រុម​ប្រទេស​នៅ​មជ្ឈិមបូព៌ា

ក្រៅ​ពី​ប្រតិកម្ម​របស់​អាមេរិក​ក្នុង​រឿង​បាតុកម្ម​នៅ​អ៊ីរ៉ង់​ពេល​នេះ ក៏​មាន​ប្រតិកម្ម​ពី​បារាំង និង​សហភាព​អឺរ៉ុប​ដែរ តែ​ហាក់​មិន​សូវ​វ៉ៃប្រហារ​ត្រង់ៗ​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់​ដូច​អាមេរិក​ទេ។ បារាំង​ក៏​ដូច​សហភាព​អឺរ៉ុប​បាន​ត្រឹម​សម្តែង​ក្តីបារម្ភ និង​សោកស្តាយ​ចំពោះ​ការ​បាត់បង់​ជីវិត​មនុស្ស​នៅ​ក្នុង​បាតុកម្ម​នា​រយៈពេល ៥ថ្ងៃ​កន្លង​ទៅ។ នៅ​ក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ហាសាន រ៉ូហានី លោក​ប្រមុខរដ្ឋ​បារាំង​អេម៉ានុយអែល ម៉ាក្រុង​បាន​សំណូមពរ​លោក​រ៉ូហានី​ឲ្យ​ប្រកាន់​យក​ភាព​អត់ធ្មត់ និង​ព្យាយាម​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី។

ទន្ទឹម​គ្នា​នេះ លោក​ម៉ាក្រុង​ក៏​បាន​រម្លឹក​ពី​សេរីភាព​ជា​មូលដ្ឋាន ពិសេស​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ធ្វើ​បាតុកម្ម។ ឃើញ​ថា លោក​ម៉ាក្រុង​មិន​បាន​សំពង​ក្បាល​អ៊ីរ៉ង់​ចំៗ​ដូច​លោក​ដូណាល់ ត្រាំ​ទេ។ គួរ​ជម្រាប​ជូន​ថា​នៅ​ក្នុង​ជំនាន់​ប្រធានាធិបតី​បារាំង​មុនៗ ទីក្រុង​ប៉ារីស​ធ្លាប់​បាន​សម្តែង​ក្តីបារម្ភ​ចំពោះ​មហិច្ឆតា​របស់​អ៊ីរ៉ង់​នៅ​មជ្ឈិមបូព៌ា តែ​ត្រូវ​បាន​ទីក្រុង​តេហេរ៉ង់​បក​វិញ​ចាស់​ដៃ​ថា បារាំង​មាន​ភាព​លំអៀង​ដោយ​គាំទ្រ​អារ៉ាប៊ីសាអូឌីត។ តែ​ជាមួយ​លោក​ម៉ាក្រុង លោក​បាន​ព្យាយាម​រក្សា​ទំនាក់ទំនង​ស្មើភាព​ជាមួយ​គ្រប់​ប្រទេស​ទាំង​អស់​នៅ​ក្នុង​តំបន់​ដោយ​មិន​ឲ្យ​មាន​ប្រទេស​ណា​មួយ​ថ្នាំងថ្នាក់​ឡើយ។

នេះ​មិនមែន​មាន​ន័យ​ថា លោក​ម៉ាក្រុង​គាំទ្រ​ទង្វើ​មួយ​ចំនួន​របស់​អ៊ីរ៉ង់ ដូច​យ៉ាង​ការ​បន្ត​អភិវឌ្ឍន៍​កម្មវីធី​គ្រាប់មីស៊ីល​បាលីស្ទិក ការ​គាំទ្រ​របប​ស៊ីរី​របស់​លោក​អាសាដ ឬ​គាំទ្រ​ចលនា​ប្រដាប់អាវុធ​ហេស្បូឡាលីបង់​នោះ​ទេ។ គ្រាន់​តែ​ថា លោក​ម៉ាក្រុង​ចង់​ធ្វើ​ជា​អន្តរការី​ដើម្បី​ចូលរួម​ដោះស្រាយ​លើ​បញ្ហា​ចម្រូងចម្រាស​ទាំង​អស់​នេះ ព្រោះ​វា​ក៏​ជា​ក្តី​បារម្ភ​របស់​អាមេរិក និង​អ៊ីស្រាអែល​ដែរ។ គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ​បាន​ជា​លោក​ម៉ាក្រុង​គ្រោង​នឹង​ទៅ​ទស្សនកិច្ច​នៅ​អ៊ីរ៉ង់​នា​ពេល​ខាង​មុខ។ បារាំង​បាន​យល់​ឃើញ​ថា ប្រទេស​អ៊ីរ៉ង់​ក្តី កាតា​ក្តី ឬ​អារ៉ាប៊ីសាអូឌីត​ក្តី​សុទ្ធសឹង​ជា​ប្រទេស​ដែល​បារាំង​អាច​ទាញ​បាន​ប្រយោជន៍​សេដ្ឋកិច្ច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ