អានតួអត្ថបទ
អ៊ីស្រាអែល-អ៊ីរ៉ង់

អ៊ីស្រាអែល​ចោទ​អ៊ីរ៉ង់​ថា បាន​ចាយលុយ​រាប់លាន​ដុល្លារ ដើម្បី​ចិញ្ចឹម​ក្រុមអ៊ីស្លាម នៅ​ដើមបូព៌ា

អ៊ីរ៉ង់​បាន​ចំណាយ​លុយ​រាប់រយ​លាន​ដុល្លារ ក្នុង​មួយឆ្នាំ ដើម្បី​ឧបត្ថម្ភ​សម្ព័ន្ធមិត្ត ដែល​កំពុង​ធ្វើ​សង្រ្គាម​នៅស៊ីរី លីបង់ យេម៉ែន និង​នៅ​អ៊ីរ៉ាក់។ នេះ​បើតាម​ការលើកឡើង​របស់​នាយសេនាធិការ​អ៊ីស្រាអែល កាលពីថ្ងៃ​អង្គារ​ម្សិលមិញ។ អ៊ីស្រាអែល​ដែល​ជា​សត្រូវ​តតាំង​របស់​អ៊ីរ៉ង់ បាន​ចោទ​អ៊ីរ៉ង់ ថា បាន​ចំណាយ​លុយ​រាប់លាន​ដុល្លារ ដើម្បី ចិញ្ចឹម​ធ្វើ​សង្រ្គាម បង្ក​អសន្តិសុខ នៅ​ដើម​បូព៌ា។

នាយសេនាធិការ​អ៊ីស្រាអែលលោក​ Gadi Eizenkotឡើង​ថ្លែង​នៅ​វិទ្យាស្ថាន​សម្រាប់​ការសិក្សា​សន្តិសុខ​ជាតិ (INSS) នៅទីក្រុង​តែលអាវីវ​នៅ​ឆ្នាំ ២០១៦
នាយសេនាធិការ​អ៊ីស្រាអែលលោក​ Gadi Eizenkotឡើង​ថ្លែង​នៅ​វិទ្យាស្ថាន​សម្រាប់​ការសិក្សា​សន្តិសុខ​ជាតិ (INSS) នៅទីក្រុង​តែលអាវីវ​នៅ​ឆ្នាំ ២០១៦ ©REUTERS/Baz Ratner/File Photo
ផ្សាយពាណិជ្ជកម្ម

សម្រាប់​នាយសេនាធិការ​កងទ័ព​អ៊ីស្រាអែល Gadi Eizenkot អ៊ីរ៉ង់​បាន​ចំណាយ​លុយ​រាប់រយ​លាន​ដុល្លារ ដើម្បី ឧបត្ថម្ភ​ចិញ្ចឹម សម្ព័ន្ធមិត្ត​និកាយស្ហ៊ីអ៊ីត របស់​ខ្លួន ដែល​កំពុង​ជាប់ដៃ​ធ្វើ​សង្រ្គាម នៅ​ក្នុង​ប្រទេស​ស៊ីរី យេម៉ែន អ៊ីរ៉ាក់ លីបង់ ឬ​បារ៉ែន​ជាដើម។ តាម​ប្រធាន​កងទ័ព​អ៊ីស្រាអែល អ៊ីរ៉ង់​បាន​ចំណាយ​ក្នុង​មួយឆ្នាំៗ ពី​៧រយ ទៅ ១ពាន់​លាន​ដុល្លារ ដើម្បី​ផ្គត់ផ្គង់​ក្រុមទាហាន​អេស្បូឡា របស់​លីបង់ ដែល​កំពុង​ប្រលូកធ្វើ​សង្រ្គាម​នៅ​ស៊ីរី។ តាម​មន្រ្តី​យោធា​អ៊ីស្រាអែល ចាប់តាំង​ពី​ឆ្នាំ ២០១២ អ៊ីរ៉ង់ ដែល​បាន​បញ្ជូន​ទីប្រឹក្សា​យោធា​ជាង ២ពានាក់ ដើម្បី ទៅប្រយុទ្ធ ជួយ​កងទ័ព រដ្ឋាភិបាល​របស់​លោក​បាស្ហា អាល់អាសាដ បាន​ចំណាយ លុយ​រាប់ពាន់​លាន​ដុល្លារ ធ្វើ​សង្រ្គាម​នៅ​ស៊ីរី។

លោក Gadi Eizenkot ដែល​មាននាទី​ផងដែរ​ជា​ទីប្រឹក្សា​យោធា​ពិសេស​របស់​លោកនាយករដ្ឋមន្រ្តី​អ៊ីស្រាអែល បាន​បន្ថែម​ដែរថា ក្រៅតែ​ពី​ឧបត្ថម្ភ​ក្រុមអេស្បូឡា និង​ចំណាយ​យោធា​សន្ធឹកសន្ធាប់ សម្រាប់​ធ្វើ​សង្រ្គាម​នៅ​ស៊ីរី នៅ​អ៊ីរ៉ាក់ និង​នៅ​យេម៉ែន អ៊ីរ៉ង់​បាន​បង្កើន​ផងដែរ កញ្ចប់ជំនួយ​យោធា សម្រាប់​ក្រុមហាម៉ាស​ប៉ាឡេស្ទីន និង​ក្រុមអ៊ីស្លាម​ជីហាត ដែល​តែងតែ​បាញ់​មីស៊ីល​ចេញ​ពី​តំបន់​ហ្កាហ្សា សំដៅ វាយប្រហារ​ទឹកដី​អ៊ីស្រាអែល។ តាម​នាយសេនាធិការ​អ៊ីស្រាអែល ជំនួយ​ថវិកា​ប្រចាំឆ្នាំ របស់​អ៊ីរ៉ង់​សម្រាប់ ក្រុមអ៊ីស្លាម​ជីហាត និង​ហាម៉ាសប៉ាឡេស្ទីន បានកើនឡើង​ពី៧០​ទៅ ១០០​លាន​ដុល្លារ។

ប្រធានកងទ័ព​អ៊ីស្រាអែល​មិន​បាន​បញ្ជាក់​លម្អិត ថា តើ​លោក​បាន​តួលេខ​ខាងលើ​មក​ពី​ខាងណានោះទេ។ ប៉ុន្តែ ជាទូទៅ អ៊ីស្រាអែល​ប្រមូល​បាន​ព័ត៌មាន​កន្លងមក ទាក់ទង​នឹង​ជំនួយ​របស់​អ៊ីរ៉ង់ តាមរយៈ ភ្នាក់ងារ​សម្ងាត់​របស់​អ៊ីស្រាអែល។

ការលើកឡើង​របស់​នាយសេនាធិការ​កងទ័ព​អ៊ីស្រាអែល កើតឡើង ចំជួន ដែល​បាតុកម្ម ប្រឆាំង​រដ្ឋាភិបាល កំពុងផ្ទុះ​ឆេះ ជាច្រើន​កន្លែង​នៅក្នុង​ប្រទេស​អ៊ីរ៉ង់។ បាតុករ​អ៊ីរ៉ង់​ចុះ​ថ្នល់ ធ្វើ​បាតុកម្ម ដើម្បី​បញ្ចេញ​កំហឹង​ប្រឆាំង​នឹង​ទំនិញ​ឡើង​ថ្លៃ និងបរិហារ​​អសមត្ថភាព​របស់​រដ្ឋាភិបាល​អ៊ីរ៉ង់ ក្នុង​ការធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច។ នៅក្នុង​ពាក្យ​ស្រែក​តវ៉ា​របស់​បាតុករ​អ៊ីរ៉ង់ គេ​បាន​លឺ​ផងដែរ ពាក្យ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អ៊ីរ៉ង់ ឈប់​ចំណាយ​លុយ ដើម្បី ធ្វើ​សង្រ្គាម នៅ​បរទេស និង​ត្រូវ​បង្វិល​លុយទាំងនោះ មក​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​អ៊ីរ៉ង់​វិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ