អានតួអត្ថបទ
លីប៊ី

ផលិត​កម្ម​ប្រេង​លីប៊ី​​​ត្រូវ​​ធ្លាក់​ចុះ​​​ក្រោយ​​ពី​​មាន​​ការ​​ផ្ទុះ​​បំពង់​បង្ហូរ​​​ប្រេង​​​​ដ៏​​ចម្បង​​មួយ​​​

នៅ​លីប៊ី បំពង់​បង្ហូរ​ប្រេង​ជាតិ​ដ៏​ចម្បង​មួយ ​ត្រូវ​រង​អន្តរាយ​​ដោយសារ​​ការ​ផ្ទុះមួយ​​​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ។ ក្រុមហ៊ុន​ប្រេង​ជាតិ​លីប៊ី បាន​​ចាប់​បើក​ការ​ស៊ើប​អង្កេត​មួយ ដើម្បី​កំណត់​ឲ្យ​បាន​ជាក់​ច្បាស់ពី​​ប្រភព​នៃ​ការ​ផ្ទុះនេះ។ ហេតុការណ៍នេះ ធ្វើ​អោយ​​​​លីប៊ី អាច​បាត់​​បង់​​​​ផលិតផល​ប្រេង​របស់ខ្លួន​​​ប្រមាណ​​ជា​​៩​​ម៉ឺន​​បារីល​ក្នុង​​មួយ​ថ្ងៃ​​ៗ​ និង​​​ក៏​ជម្រុញ​ឲ្យ​តម្លៃ​​ទីផ្សារ​ប្រេង​ឡើង​ខ្ពស់កប់ពពក​។

ការ​ផ្ទុះ​នៅ​កន្លែង​បំពង់បង្ហូរប្រេង​មួយ​នៅ​​​ភូមិ Mrada, ក្នុង​ប្រទេស​លីប៊ី​កាលពីថ្ងៃអង្គារទី​២៦​ធ្នូ​២០១៧
ការ​ផ្ទុះ​នៅ​កន្លែង​បំពង់បង្ហូរប្រេង​មួយ​នៅ​​​ភូមិ Mrada, ក្នុង​ប្រទេស​លីប៊ី​កាលពីថ្ងៃអង្គារទី​២៦​ធ្នូ​២០១៧ Google Maps
ផ្សាយពាណិជ្ជកម្ម

ក្រោយពី​ការ​ផ្ទុះ​បំពង់​ប្រេង​ឆៅ​ដ៏​ចំបង​មួយ​នៅ​ក្នុង​ប្រទេស​លីប៊ី​កាលពី​ម្សិលមិញ​ តម្លៃ​​​ប្រេងឆៅ​ បាន​ឡើង​ថ្លៃ​ប្រមាណ​ជា ៦៧​ដុល្លារ​អាមេរិកក្នុងមួយធុងបារីល​។ ​ហេតុការណ៍​​នេះ​ បាន​កើត​ឡើង​នៅ​ម្តុំ​ភូមិ​មួយ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​៤០០ គម​ភាគ​និរតី​នៃ​ក្រុង​កំពង់ផែ​ដ៏​សំខាន់​បំផុត​មួយ​របស់​ជាតិ​លីប៊ី​នៅ Benghazi ។​

នៅ​ខណៈ​នេះ ក្រុមហ៊ុន​ប្រេង​ជាតិ​លីប៊ី NOC បាន​គូស​បញ្ជាក់​ប្រាប់​ដល់​ទីភ្នាក់ងារ​ព័ត៌មាន​​​បារាំង ​AFP ថា ក្រុមហ៊ុន បាន​ការ​បើក​ការ​ស៊ើប​អង្កេត​មួយ​ដើម្បី​​កំណត់​ឲ្យ​បាន​​ជាក់​ច្បាស់​ថា តើ​ការ​ផ្ទុះ​នេះ បណ្តាល​មក​ពី​​បញ្ហា​បច្ចេកទេស​ឬ​មួយ​ក៏​មកពី​សកម្មភាព​វិច្ឆេទកម្ម ​ឬ ​​ក៏​ជា​អំពើ​ភេរវនិយម?​

យោង​តាម​ប្រភព​យោធា​លីប៊ី​វិញ ដែល​ដក​ស្រង់​ដោយ​ទីភ្នាក់ងារព័ត៌មាន​អង់គ្លេស Reuters ​​បាន​គូសបញ្ជាក់​ប្រាប់​ថា ជន​ប្រដាប់​អាវុធ​មួយ​ក្រុម បាន​ធ្វើ​វិច្ឆេទកម្ម​ដោយ​ដាក់​គ្រឿង​ផ្ទុះនៅ​​តាម​បណ្តោយ​បំពង់​បង្ហូរ​ប្រេង​នោះ។

ប្រភព​ដដែល​បាន​អះអាង​ទៀតថា បំពង់​បង្ហូរ​ប្រេង​រងអន្តរាយ​នោះ ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ Waha Oil ​ដែល​ជា​សាខា​មួយ​របស់​ជាតិ​លីប៊ី។ ម្យ៉ាងទៀត Waha Oil ដែល​ជា​ក្រុមហ៊ុន​ដៃ​គូ​របស់​​ក្រុមហ៊ុន​ប្រេង​អាមេរិក​ឈ្មោះ ​Hess និង Marathon Oil ​ ធ្វើការ​បូម​ប្រេង​ក្នុង​មួយ​ថ្ងៃៗ​រហូត​ដល់​ចំនួន ២៥​ម៉ឺន​ធុង​បារីល​​នៅ​ក្នុង​ភាគ​ខាង​ត្បូង​ប្រទេស​លីប៊ី។​

ហើយ​យោងតាម​ក្រុមហ៊ុន​ប្រេង​ជាតិ​លីប៊ី​ដដែល ការ​រង​អន្តរាយ​នៅ​បំពង់​បង្ហូរ​ប្រេង​នេះ ​ជម្រុញ​អោយ​ជាតិ​លីប៊ី​បាត់បង់​ផលិតផល​របស់​ខ្លួន​​ប្រមាណ​ជា​៩​ម៉ឺន​ធុង​បារីល​ក្នុង​មួយ​ថ្ងៃ​ៗ​ឬ​ប្រមាណ​ជា ១០% នោះ​ហើយ​ដែល​​ជម្រុញ​អោយ​តម្លៃ​ប្រេង​ក្នុង​មួយ​បារីល​ឡើង​ថ្លៃ​កប់​ពពក​នៅ​លើ​ទីផ្សារ​ប្រេងអន្តរជាតិ​៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ