អានតួអត្ថបទ

ស្ត្រី​អារ៉ាប៊ីសាអូឌីត អាច​ជិះម៉ូតូ និង​បើក​ឡាន​ធំ​បាន នៅ​ឆ្នាំ​ក្រោយ

បន្ទាប់​ពីបានលើក​បម្រាម និង​អនុញ្ញាត​​​ឱ្យ​ស្ត្រី​មានសិទ្ធិ​​​​បើកបររថយន្ត កាលពី​បីខែ​មុន នៅ​ថ្ងៃ​នេះអាជ្ញាធរបានប្រកាស​​បើក​ទូលាយ​សិទ្ធិ​បន្ថែម​ទៀត​ឱ្យ​​ដល់​ស្ត្រី​អារ៉ាប៊ីសាអូឌីតក្នុង​ការ​ប្រើ​ប្រាស់​មធ្យោបាយ​ធ្វើ​ដំណើរ ដោយ​​អាច​បើកបរ​ម៉ូតូ និង​បើក​រថយន្តធំ​ កាមីញ៉ុង​បាន​ទៀត។ ​វិធានការ​ថ្មី​នេះ​នឹង​ចូល​ជា​ធរមាន​ចាប់​ពី​ខែ​មិថុនា ឆ្នាំ ២០១៨ ទៅ។

ស្ត្រី​អារ៉ាប៊ីសាអូឌីត​នឹង​មាន​សិទ្ធិ​បើក​រថយន្ត ម៉ូតូ និង​ឡាន​ធំ នៅ​ឆ្នាំ​ក្រោយ
ស្ត្រី​អារ៉ាប៊ីសាអូឌីត​នឹង​មាន​សិទ្ធិ​បើក​រថយន្ត ម៉ូតូ និង​ឡាន​ធំ នៅ​ឆ្នាំ​ក្រោយ REUTERS/Faisal Al Nasser
ផ្សាយពាណិជ្ជកម្ម

អារ៉ាប៊ីសាអូឌីត ជា​ប្រទេស​តែ​មួយ​គត់ ​នៅ​លើ​ពិភពលោក ដែល​ស្ត្រីពុំ​ទាន់​​គ្មាន​ទទួល​បាន​សិទ្ធិ​បើកបរ ! គឺ​ទើប​តែ​នៅ​​​ខែ​កញ្ញាឆ្នាំ​២០១៧​នេះ​តែ​ប៉ុណ្ណោះ​ដែល​​ អាជ្ញាធរ​អារ៉ាប៊ីសាអូឌីត បាន​ធ្វើ​សេចក្តី​ប្រកាស​ដ៏​ភ្ញាក់​ផ្អើល​មួយ ​ថា​ចាប់​ពី​ឆ្នាំ​២០១៨​ទៅ ស្ត្រី​អារ៉ាប៊ីសាអូឌីត នឹង​មាន​សិទ្ធិ​បើក​បរ​រថយន្ត។ ប៉ុន្តែ​នៅ​ក្នុង​ប្រទេសដ៏​​មហា​អភិរក្សដូច​យ៉ាង​អារ៉ាប៊ីសាអូឌីត ​​​សេចក្តី​សម្រេចអនុញ្ញាត​ឱ្យ​ស្រី​បើកបរ​ ដែល​មាន​ន័យ​ដូច​ធ្វើ​បដិវត្ត​ដែល​អ្នកអភិរក្ស​​ជ្រុល​និយមបំផុត​​សង្កៀត​ធ្មេញ​ខឹង​សម្បារ​មិន​តិច​ទេ។

​ហើយពេល​នេះ នាយកដ្ឋាន​ចរាចរណ៍​​អារ៉ាប៊ីសាអូឌីត បានធ្វើ​​​ប្រកាស​​ ​ចង់​ផ្តល់​ការ​អនុញ្ញាត​ឱ្យ​ស្ត្រី​អាច​ទាំង​បើក​ម៉ូតូ និង​ឡាន​កាមីញ៉ុងបាន​ទៀត។ នាយក​ដ្ឋាន​ដដែល​បាន​លម្អិត​ថា នៅក្នុង​ករណី​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ អ្នក​បើក​បរ​ភេទ​ស្ត្រី នឹង​​ត្រូវ​នាំ​ទៅ​កាន់​មជ្ឈមណ្ឌល​ប៉ូលិស​សម្រាប់​ស្ត្រី ដើម្បី​ដោះស្រាយ​វិវាទ។ ប៉ុន្តែ​នៅ​មាន​ចំណុច​ជា​ច្រើន​ទៀត ដែលគេ​ពុំ​ទាន់​ដឹង​ច្បាស់។ តើ​នរណា​ជា​អ្នក​បង្រៀន​ស្ត្រី​ឱ្យ​ចេះ​បើក​បរ ? តើ​នរណា​ជា​អ្នក​ចេញ​បណ្ណ​បើក​បរ ?

​សេចក្តី​សម្រេចរបស់​រដ្ឋាភិបាល​បើក​សិទ្ធិ​ឱ្យ​ស្ត្រី​បើកបរ អាច​ផ្តល់​ផល​វិជ្ជមាន​ច្រើន​ដល់​សេដ្ឋកិច្ច​ជាតិ​ ដែល​រង​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ពី​តម្លៃ​ប្រេង​ចុះ​ថោក។ នៅ​​អារ៉ាប៊ីសាអូឌីត អត្រាស្ត្រី​អ្នក​​អត់ការងារ​ធ្វើ មានកំរិត​ខ្ពស់​ណាស់ ព្រោះពួក​គេ​ជាទូទៅ​ត្រូវ​រស់​រំពឹង​តែ​លើ​បុរសទាំង​ស្រុង។​

ស្ត្រី​អារ៉ាប៊ីសាអូឌីត មាន​សិទ្ធិ​សេរីភាព​ទូលំទូលាយ ក៏​ព្រោះ​តែ​ឆន្ទៈ​របស់​​រាជបុត្រ​ស្នង​រាជ្យ ម៉ូហាម៉េត បេន សាល់ម៉ាន ដែល​កំពុង​រៀប​ចំ​ផែន​ការ​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច​និង​សង្គម​ ឈ្មោះ​ថា​ទស្សនៈវិស័យ​ឆ្នាំ​២០៣០។

នៅ​ក្នុង​គម្រោង​ផែនការ​កំណែទម្រង់​នេះ អារ៉ាប៊ីសាអូឌីត ចង់​ជំរុញ​ឱ្យ​ស្ត្រី​ចូល​រួម​ចំណែក​កាន់​តែ​ខ្លាំង​​ នៅ​ក្នុង​ទីផ្សារការងារ​ ឱ្យ​បាន​ក្នុង​កំរិត​ប្រកួត​ប្រជែង​ជាមួយ​បុរស​ ដល់​៣០% នៅ​ឆ្នាំ​២០៣០ ទល់​នឹង​២២%​នា​ពេល​បច្ចុប្បន្ន​នេះ។

ប៉ុន្តែ​​ស្ត្រី​អារ៉ាប៊ីសាអូឌីត នៅ​តែ​បន្តស្ថិត​ក្រោម​អាណាព្យាបាល​របស់​បុរស​ក្នុង​គ្រួសារ​ដដែល​ បើ​ចង់​ធ្វើ​ដំណើរ​ ឬ​សិក្សា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ