អានតួអត្ថបទ
អ៊ីរ៉ាក់

លោក​នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់​ប្រកាស​ជ័យជម្នះ​ទាំងស្រុង​លើ​អង្គការ​រដ្ឋអ៊ីស្លាម

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ លោក​នាយករដ្ឋមន្រ្តី Haider al_Abadi បាន​ប្រកាស​នា​ថ្ងៃ​សៅរ៍ ទី៩ ធ្នូ​ពី​ជ័យជម្នះ​ទាំង​ស្រុង​លើ​អង្គការ​រដ្ឋអ៊ីស្លាម។ អង្គការ​ភេរវនិយម​មួយ​នេះ​បាន​ដណ្តើម​កាន់កាប់​ទឹកដី​មួយ​ភាគ​របស់​អ៊ីរ៉ាក់​ក្នុង​ឆ្នាំ ២០១៤ និង​ថែម​ទាំង​បាន​គំរាម​ក្រសោក​យក​ប្រទេស​អ៊ីរ៉ាក់​ទាំង​មូល​ទៀត​ផង។ ក្រុម​អ្នកជំនាញ​បាន​យល់​ឃើញ​ថា ទោះ​បី​ជា​ពេល​នេះ​អង្គការ​រដ្ឋអ៊ីស្លាម​លែង​មាន​ដី​កាន់កាប់​មែន តែ​អង្គការ​ភេរវនិយម​មួយ​នេះ​នៅ​មាន​កន្លែង​លាក់​អាវុធ​ជា​ច្រើន ពិសេស​នៅ​តំបន់​ដាច់​ស្រយាល ឬ​តំបន់​ដែល​មិន​សូវ​មាន​ពលរដ្ឋ​អ៊ីរ៉ាក់​រស់នៅ។

លោក​នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់ Haider al-Abadi
លោក​នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់ Haider al-Abadi Reuters
ផ្សាយពាណិជ្ជកម្ម

« ព្រំដែន​រវាង​អ៊ីរ៉ាក់ និង​ស៊ីរី​បាន​ស្ថិត​ក្រោម​ការ​កាន់កាប់​ទាំង​ស្រុង​របស់​កម្លាំង​អ៊ីរ៉ាក់ ហើយ​ខ្ញុំ​សូម​ប្រកាស​ជា​ឱឡារិក​ពី​ការ​បិទបញ្ចប់​សង្រ្គាម​ប្រឆាំង​អង្គការ​រដ្ឋអ៊ីស្លាម » នេះ​ជា​ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់ Haider al-Abadi នៅ​ក្នុង​ពិធី​បើក​សន្និសីទ​មួយ​រៀបចំ​ដោយ​សហជីព​អ្នកកាសែត​អ៊ីរ៉ាក់​ក្នុង​ទីក្រុង​បាកដាដ។ លោក al- Abadi បាន​បន្ថែម​ថា ការ​តស៊ូប្រយុទ្ធ​របស់​កម្លាំង​អ៊ីរ៉ាក់ គឺ​ដើម្បី​ប្រឆាំង​នឹង​សត្រូវ​ដែល​មាន​បំណង​ចង់​សម្លាប់​អរិយធម៌​អ៊ីរ៉ាក់ តែ​យើង​បាន​ទទួល​ជោគជ័យ​ដោយ​មាន​ការ​ឯកភាព និង​ការ​ប្តេជ្ញាចិត្ត​ខ្ពស់ ហើយ​យើង​បាន​ទទួល​ជោគជ័យ​តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ។

សូម​រម្លឹក​ជូន​ថា អង្គការ​រដ្ឋអ៊ីស្លាម​បាន​វាយ​ដណ្តើម​កាន់កាប់​ទឹកដី​អ៊ីរ៉ាក់​១ភាគ៣ តែ​មួយ​បប្រិចភ្នែក​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ ២០១៤ ពិសេស​ក្រសោក​យក​សឹង​តែ​ទាំង​ស្រុង​លើ​តំបន់​ស៊ុយនីត​ស្ថិត​ប៉ែក​ខាង​លិច ប៉ែក​កណ្តាល និង​ប៉ែក​ខាង​ជើង​ប្រទេស។ ជាមួយ​នឹង​ការ​គ្រប់គ្រង​ដែនដី​អ៊ីរ៉ាក់​មួយ​ភាគ និង​ដែនដី​ស៊ីរី​មួយ​ភាគ អង្គការ​រដ្ឋអ៊ីស្លាម​បាន​ប្រកាស​ជា​រដ្ឋ​កាលីហ្វា​ដោយ​យក​ទីក្រុង​មូស៊ូល​របស់​អ៊ីរ៉ាក់ និង​ទីក្រុង​រ៉ាកា​របស់​ស៊ីរី​ធ្វើ​ជា​ទីក្រុង​របស់​ខ្លួន។ តាំង​ពី​ពេល​នោះ​មក កម្លាំងទ័ព​អ៊ីរ៉ាក់​ដោយ​មាន​ជំនួយ​ពី​កម្លាំង​សម្ព័ន្ធមិត្ត​អន្តរជាតិ​ដឹក​នាំ​ដោយ​សហរដ្ឋអាមេរិក​បាន​បើក​យុទ្ធនាការ​វាយប្រហារ​លើ​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។

ក្រៅ​ពី​បាត់បង់​ទឹកដី​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ អង្គការ​រដ្ឋអ៊ីស្លាម​ក៏​បាន​បាត់បង់​ទឹកដី​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដែរ។ កម្លាំង​សម្ព័ន្ធមិត្ត​បាន​ផ្ញើ​សារ​អបអរសាទរ​ចំពោះ​រដ្ឋាភិបាល និង​កម្លាំងទ័ព​អ៊ីរ៉ាក់​ដែល​ដណ្តើម​បាន​មក​វិញ​នូវ​ទឹកដី​កាន់កាប់​ដោយ​អង្គការ​រដ្ឋអ៊ីស្លាម។ តែ​ទន្ទឹម​គ្នា​នេះ កម្លាំង​សម្ព័ន្ធមិត្ត​ទទួល​ស្គាល់​ថា ពួក​ជីហាត​របស់​អង្គការ​ភេរវនិយម​មួយ​នេះ​បន្ត​លាក់ខ្លួន​នៅ​តាម​តំបន់​មិន​សូវ​មាន​ពលរដ្ឋ​អ៊ីរ៉ាក់​រស់នៅ។ ការ​អះអាង​របៀប​នេះ​ក៏​ជា​ការ​យល់​ឃើញ​របស់​ក្រុមអ្នកជំនាញ​ដែល​ថា ទោះ​បី​ជា​ពេល​នេះ​អង្គការ​រដ្ឋអ៊ីស្លាម​លែង​មាន​ដី​កាន់កាប់​មែន តែ​អង្គការ​ភេរវនិយម​មួយ​នេះ​នៅ​មាន​កន្លែង​លាក់​អាវុធ​ជា​ច្រើន ពិសេស​នៅ​តំបន់​ដាច់​ស្រយាល ឬ​តំបន់​ដែល​មិន​សូវ​មាន​ពលរដ្ឋ​អ៊ីរ៉ាក់​រស់នៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ