អានតួអត្ថបទ
បារាំង-កាតា

ប្រធានាធិបតី​បារាំង​ទៅ​កាតា​ដើម្បី​និយាយ​ពី​វិធានការ​ខ្ទប់​​ជំនួយ​ដល់​ក្រុមអ៊ីស្លាម​ជ្រុលនិយម

ប្រធានាធិបតី បារាំង លោកអេម៉ានុយអែល ម៉ាក្រុង នៅ​ថ្ងៃ​ព្រហស្បតិ៍ទី​៧​ធ្នូ ​បាន​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​កាតា ដែល​កំពុង​ជាប់​មាន​ជម្លោះ ជាមួយ​ក្រុមប្រទេស​នៅ​ឈូង​សមុទ្រ​ពែក្ស។ ក្រៅតែ​វិបត្តិ​កាតារ និង​ការផ្តល់ជំនួយ​ហិរញ្ញវត្ថុ ដល់​ក្រុមភេរវនិយម កិច្ចសន្យា​លក់​យន្តហោះ​ចម្បាំង​ទៅ​ឲ្យ​ប្រទេស​មហាសេដ្ឋី​ឧស្ម័ន​កាតា ជា​ទិសដៅ​សំខាន់​មួយ របស់​ប្រធានាធិបតី បារាំង នៅ​ទីក្រុង​ដូហា នៅថ្ងៃព្រហស្បតិ៍នេះ។

ប្រធានាធិបតី បារាំង Emmanuel Macron និង​អេមៀរ​របស់​កាតាSheikh Tamim bin Hamad al-Thaniធ្វើ​ជា​អធិបតីភាព​នៃការចុះកិច្ចព្រមព្រៀង នៅថ្ងៃទី​៧​ធ្នូ ២០១៧
ប្រធានាធិបតី បារាំង Emmanuel Macron និង​អេមៀរ​របស់​កាតាSheikh Tamim bin Hamad al-Thaniធ្វើ​ជា​អធិបតីភាព​នៃការចុះកិច្ចព្រមព្រៀង នៅថ្ងៃទី​៧​ធ្នូ ២០១៧ ©KARIM JAAFAR / AFP
ផ្សាយពាណិជ្ជកម្ម

អមដំណើរ​ដោយ​រដ្ឋមន្រ្តី​ការបរទេស និង​រដ្ឋមន្រ្តី​ការពារ​ជាតិ បារាំង លោកប្រធានាធិបតី​អេម៉ានុយអែល ម៉ាក្រុង​បាន​ធ្វើដំណើរ​ទៅ​មូលដ្ឋានទ័ព​របស់​អាមេរិក នៅភាគខាងត្បូង ​ក្រុង​ដូហា ដែល​កងទ័ព​បារាំង កំពុង​ឈរជើង ប្រចាំការ។ តាម​វិមាន​ប្រធានាធិបតី ទស្សនកិច្ច​របស់​ប្រមុខរដ្ឋាភិបាល​បារាំង ទៅ​កាតា គឺ​ដើម្បី​បំពេញ​បន្ថែម ទស្សនកិច្ច​ដែល​ប្រធានាធិបតី​បាន​ធ្វើ​កន្លងមក នៅ ប្រទេស​អេមីរ៉ាតអារ៉ាប់រួម ហើយ​និង​នៅ​អារ៉ាប៊ី សាអូឌីត។ ដូចនៅ​អារ៉ាប៊ី សាអូឌីត និង​អេមីរ៉ាតអារ៉ាប់រួម ប្រធានាធិបតី​បារាំង​នឹង​លើកនិយាយ​ពី​ការប្រឆាំង​ទប់ស្កាត់ ការផ្តល់ជំនួយ ហិរញ្ញវត្ថុ​ដល់​ក្រុមភេរវនិយម។

នៅក្នុង​ជំនួបកំពូល អឺរ៉ុប-អាហ្រ្វិក នៅ​សប្តាហ៍មុន ប្រធានាធិបតី​វ័យក្មេង​របស់​បារាំង បាន​ប្រកាស​ថា លោក​នឹង​សុំ​ឲ្យ​កាតា ឈប់​ផ្តល់​ជំនួយ ថវិកា​ដល់ ស្ថាប័ន ឬ​សាលារៀន ក្នុងទឹកដី​បារាំង ដែល​ជំរុញ លើក​ទឹកចិត្ត​ក្រុមអ៊ីស្លាម​ជ្រុលនិយម។ កាតា ត្រូវ​បាន​ក្រុម​ប្រទេស​អារ៉ាប់ ដូចជា​អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម បារ៉ែន និង​អេហ្ស៊ីប កាត់ផ្តាច់​ទំនាក់ទំនង​ការទូត និង​សេដ្ឋកិច្ច ក្នុង​បទ​ចោទប្រកាន់​ថា ក្រុងដូហា​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដល់​ក្រុមអ៊ីស្លាម​ជ្រុលនិយម និងមានទំនាក់ទំនង​ល្អ​ជាមួយ​អ៊ីរ៉ង់ ដែល​ជាសត្រូវ​របស់​ក្រុមប្រទេស​កាន់និកាយ​ស៊ុននីត ដូចជា​អារ៉ាប៊ីសាអូឌីត។

នៅក្រោយទស្សនកិច្ច​នៅ​អារ៉ាប៊ី សាអូឌីត លោក​ប្រធានាធិបតី បារាំង​បាន​បញ្ជាក់​ថា រាជ្យបុត្រ​ស្នងរាជ្យ​របស់​អារ៉ាប៊ី សាអូឌីត ធ្លាប់​បានសន្យាថា​ នឹង​ចូលរួម​ជាមួយ​បារាំង​ដើម្បី​ប្រយុទ្ធប្រឆាំង បិទខ្ទប់ ចរន្ត​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​ក្រុមភេរវនិយម។ លោក​អេម៉ានុយអែល ម៉ាក្រុង​នៅ​បាន​បញ្ជាក់ថា លោក​នឹង​ផ្តល់​ទៅ​ឲ្យ​កាតា និង​អារ៉ាប៊ីសាអូឌីត តារាង​បញ្ជី​ឈ្មោះ របស់​បណ្តា​ស្ថាប័ន​ដែល​គេ​សង្ស័យ ថា បាន​ទទួល​ជំនួយ ហិរញ្ញវត្ថុ ពី​ក្នុង​ប្រទេស​សេដ្ឋីប្រេង ដើម្បី ជំរុញ​សកម្មភាព​ជ្រុលនិយម នៅ​ទឹកដី​បរទេស។

នៅក្រុង​ដូហា ប្រធានាធិបតី​បារាំង​នឹង​មិន​ដាក់​សម្ពាធខ្លាំង​លើ​អេមៀរ​របស់​កាតា​នោះ​ទេ។ ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន បារាំង ឈរ នៅ​កណ្តាល មិន​កាន់ជើង កាតា ឬ​ក៏អារ៉ាប៊ី សាអូឌីត នោះទេ។ នៅ​កាតា ប្រធានាធិបតី​បារាំង សង្ឃឹមថា នឹង​អាច​បាន​ចុះ​កិច្ច​សន្យា លក់​យន្តហោះ​ចម្បាំង​រ៉ាហ្វាល់​ចំនួន ១៦គ្រឿង​បន្ថែមទៀត ទៅ​ឲ្យ​កាតា។ នៅ​ឆ្នាំ ២០១៦ កាតា​បាន​ទិញរួចហើយ យន្តហោះ​ចម្បាំង​របស់​បារាំង ចំនួន ២៤គ្រឿង ដែល​មាន​តម្លៃ ជាង ៦ពាន់​លាន​អឺរ៉ូ។ តាំង​ពី​មានជម្លោះ​ជាមួយ​ប្រទេស​ជិត​ខាង កាតា មហាសេដ្ឋី​ឧស្ម័ន ធំលើក​លោក បាន​ស្វែងរក​ការគាំទ្រ​ពី​ប្រទេស​ខាងលិច តាមរយៈ ការបង្កើន​កិច្ចសន្យា​ទិញ​សព្វាវុធ ធំសម្បើម ជាមួយ​បារាំង ឬ​ក៏​រុស្ស៊ី​ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ