rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

ស្ថានការណ៍​នយោបាយ​នៅ​យេម៉ែន ក្រោយ​ការ​ស្លាប់​លោក​អតីត​ប្រធានាធិបតីអាលី អាប់ដាឡា សាឡេះ

ដោយ គួច គន្ធារ៉ា

នៅ​ក្នុង​ប្រទេស​យេម៉ែន លោក​អតីត​ប្រធានាធិបតី​អាលី អាប់ដាឡា សាឡេះ​បាន​ស្លាប់​នៅ​ក្រោម​គ្រាប់កាំភ្លើង​របស់​ក្រុមប្រដាប់​អាវុធ​ហ៊ូទី។ មាន​អាយុ ៧៥ឆ្នាំ និង​បាន​កាន់​តំណែង​ប្រធានាធិបតី​រយៈពេល ៣៣ឆ្នាំ លោក​សាឡេះ​ត្រូវ​បាន​ចលនា​មហាជន​នៃ​បដិវត្តន៍​អារ៉ាប់​ទម្លាក់​ពី​អំណាច​កាល​ពី​ឆ្នាំ ២០១២។ តែ​តាំង​ពី​ពេល​នោះ​មក យេម៉ែន​ត្រូវ​បាន​ពុះ​ចែក​ជា​ពីរ នៅ​ម្ខាង គ្រប់គ្រង​ដោយ​ក្រុម​ប្រដាប់​អាវុធ​ហ៊ូទី​សហការណ៍​ជាមួយ​លោក​សាឡេះ​ និង​​នៅ​ម្ខាង​ទៀត គ្រប់គ្រង​ដោយ​លោក​ប្រធានាធិបតី​មែនស៊ូ ហាឌី​ដែល​ជាប់​ឆ្នោត។

រូបថត និង​វីដេអូ​នៃ​ការ​ស្លាប់​លោក​អតីត​ប្រធានាធិបតី​យេម៉ែន​សាឡេះ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នា​ថ្ងៃ​ចន្ទ ទី៤ ធ្នូ និង​ដែល​គេ​ពិបាក​កំណត់​អត្តសញ្ញាណ​ឲ្យ​បាន​ច្បាស់​ថា​ជា​សាកសព​លោក​សាឡេះ។ តែ​នៅ​លើ​រូបថត និង​វីដេអូ​នោះ គេ​ឃើញ​ក្រុម​អ្នក​គាំទ្រ​លោក​បាន​យក​ភួយ​ទៅ​គ្រប​ពី​លើ​សាកសព​ដោយ​ស្រែក​ឈ្មោះ​មួយ​ទៀត​របស់​លោក​សាឡេះ។ បន្ទាប់​មក ព័ត៌មាន​នៃ​ការ​ស្លាប់​លោក​សាឡេះ​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវការ​ដោយ​លោកស្រី Faïka AL-Sayyed ថ្នាក់ដឹកនាំ​ម្នាក់​នៃ​គណបក្ស​របស់​លោក​សាឡេះ គឺ​គណបក្ស​សមាជ​ប្រជាមានិត។

តាម​លោកស្រី Sayyed លោក​សាឡេះ និង​ថ្នាក់ដឹកនាំ​ផ្សេង​ទៀត​នៃ​គណបក្ស​សមាជ​ប្រជាមានិត​បាន​ក្លាយ​ជា​ផ្ទាំងស៊ីប​នៃ​ការ​វាយប្រហារ​របស់​ក្រុម​ប្រដាប់​អាវុធ​ហ៊ូទី​ក្នុង​ពេល​ដែល​លោក​សាឡេះ រួម​ទាំង​ថ្នាក់ដឹកនាំ​ផ្សេង​ទៀត​កំពុង​ធ្វើ​ដំណើរ​ចាកចេញ​ពី​ទីក្រុង​សាណា​ទៅ​កាន់​តំបន់​ដែល​កំពុង​កាន់កាប់​ដោយ​កម្លាំង​របស់​លោក​សាឡេះ។ លោកស្រី Sayyed បាន​បន្ថែម​ទៀត​ថា ក្រៅ​ពី​លោក​សាឡេះ ក៏​មាន​ស្លាប់​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​នៃ​គណបក្ស​សមាជ​ប្រជាមានិត​ផង​ដែរ។

ហេតុ​អ្វី​បាន​ជា​ក្រុម​ហ៊ូទី​សម្លាប់​លោក​សាឡេះ?

ស្លាប់​ក្នុង​អាយុ ៧៥ឆ្នាំ លោក​សាឡេះ​បាន​ផ្តើម​កាន់កាប់​តំបន់​ប៉ែក​ខាងជើង​យេម៉ែន​តាំង​ពី​ឆ្នាំ ១៩៧៨ មុន​នឹង​ក្លាយ​ជា​ប្រធានាធិបតី​យេម៉ែន​រួបរួម​គ្នា​ក្នុង​ឆ្នាំ ១៩៩០។ បន្ទាប់​ពី​បាន​កាន់កាប់​យេម៉ែន​រយៈពេល ៣៣ឆ្នាំ លោក​សាឡេះ​ត្រូវ​បាន​ចលនា​មហាជន​នៃ​បដិវត្តន៍​អារ៉ាប់​ទម្លាក់​ពី​អំណាច​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០១២។ នៅ​ក្នុង​ការ​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០១២ លោក​មែនស៊ូ ហាឌី​បាន​ក្លាយ​ជា​ប្រធានាធិបតី​ថ្មី​សម្រាប់​ដឹកនាំ​សម័យ​អន្តរកាល​រយៈពេល ២ឆ្នាំ​ដែល​គាំទ្រ​ដោយ​សហគមន៍​អន្តរជាតិ។

តែ​លោក​ហាឌី​ហាក់​ពិបាក​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​នយោបាយ និង​ស្រោចស្រង់​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​របស់​ប្រទេស។ បន្ទាប់​មក​ក្នុង​ខែ​កញ្ញា ឆ្នាំ ២០១៤ ក្រុម​ចលនា​ប្រដាប់​អាវុធ​ហ៊ូទី​ក៏​វាយ​ដណ្តើម​បាន​ទីក្រុង​សាណា​ដោយ​ចង​សម្ព័ន្ធមិត្ត​ជាមួយ​លោក​សាឡេះ។ ក្នុង​ពេល​ចូល​កាន់កាប់​ទីក្រុង​សាណា ក្រុម​ហ៊ូទី​បាន​ចាប់​លោក​ប្រធានាធិបតី​ហាឌី​ទៅ​ឃុំ​ក្នុង​គេហដ្ឋាន តែ​លោក​ហាឌី​បាន​រត់រួច​ចេញ​ពី​ទីក្រុង​សាណា​ក្នុង​ខែ​មីនា ឆ្នាំ ២០១៥។ លោក​ហាឌី​បាន​រត់​ទៅ​ពួន​សំងំ​នៅ​ប៉ែក​ខាងត្បូង​ប្រទេស មុន​នឹង​ភៀសខ្លួន​ទៅ​ជ្រកកោន​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត។

ក្នុង​រយៈពេល ២ឆ្នាំ​ចុង​ក្រោយ​នេះ លោក​សាឡេះ និង​ក្រុម​ហ៊ូទី​បាន​តស៊ូ​រួម​គ្នា​ដើម្បី​ប្រឆាំង​នឹង​លោក​ហាឌី ពិសេស​ប្រឆាំង​នឹង​អន្តរាគមន៍​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត​ដែល​មាន​បំណង​លើក​បន្តុប​លោក​ហាឌី​ឲ្យ​កាន់​អំណាច​នៅ​ក្នុង​ទីក្រុង​សាណា​ឡើង​វិញ។ តែ​នៅ​ថ្ងៃ​សៅរ៍ ទី២ វិច្ឆិកា​ថ្មីៗ​នេះ លោក​សាឡេះ​បែរ​ជា​ប្តូរ​ជំហរ ១៨០អង្សារ​ដោយ​បោះដៃ​ទៅ​រក​អារ៉ាប៊ីសាអូឌីត​ទៅ​វិញ។ លោក​សាឡេះ​បាន​ពន្យល់​ថា លោក​ធ្វើ​ដូច​នេះ​ដើម្បី​ដោះដូរ​នឹង​ការ​លើក​ចេញ​វិញ​នូវ​ការ​បិទខ្ទប់​ជំនួយ​មនុស្សធម៌​ពី​អារ៉ាប៊ីសាអូឌីត។ តែ​ក្រុម​ប្រដាប់អាវុធ​ហ៊ូទី​បាន​ចាត់​ទុក​គំនិត​ផ្តួចផ្តើម​របស់​លោក​សាឡេះ​ថា ជា​ទង្វើ​ក្បត់​ដែល​មិន​អាច​ទទួល​យក​បាន​ជា​ដាច់ខាត។

ផលវិបាក​នៃ​ការ​ស្លាប់​លោក​សាឡេះ

ក្រោយ​ការ​ស្លាប់​លោក​សាឡេះ ស្ថានការណ៍​នយោបាយ​នៅ​ក្នុង​ប្រទេស​យេម៉ែន​នឹង​ធ្លាក់​កាន់​តែ​ដុនដាប​ថែម​ទៀត។ សូម​ជម្រាប​ជូន​ថា តាំង​ពី​លោក​សាឡេះ​ត្រូវ​បាន​កម្លាំង​មហាជន​បង្ខំ​ឲ្យ​ចុះ​ចេញ​ពី​អំណាច​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០១២ មក ប្រទេស​យេម៉ែន​ត្រូវ​បាន​ពុះ​ចែក​ជា​ពីរ នៅ​ម្ខាង​គ្រប់គ្រង​ដោយ​ក្រុម​ប្រដាប់​អាវុធ​ហ៊ូទី​រួម​សហការណ៍​ជាមួយ​ក្រុម​លោក​សាឡេះ​ដោយ​មាន​ការ​គាំទ្រ​ពី​ប្រទេស​អ៊ីរ៉ង់ និង​នៅ​ម្ខាង​ទៀត​គ្រប់គ្រង​ដោយ​លោក​ប្រធានាធិបតី​មែនស៊ូ ហាឌី​ដែល​ជាប់​ឆ្នោត និង​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​សហគមន៍​អន្តរជាតិ។

ក៏​ប៉ុន្តែ វិបត្តិ​នយោបាយ​ផ្ទៃក្នុង​យេម៉ែន​មិនមែន​កម្រិត​ត្រឹម​ជម្លោះ​ដណ្តើម​អំណាច​គ្នា​រវាង​កម្លាំង​ប្រដាប់​អាវុធ​ហ៊ូទី និង​កម្លាំង​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ហាឌី​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ការ​ប្រជែង​កម្លាំង​គ្នា​រវាង​មហាអំណាច​ពីរ​នៅ​ក្នុង​តំបន់ គឺ​ប្រទេស​អ៊ីរ៉ង់​ដែល​គាំទ្រ​ក្រុម​ហ៊ូទី និង​អារ៉ាប៊ីសាអូឌីត​ដែល​គាំទ្រ​លោក​ហាឌី​ផង​ដែរ។ រ៉ាប៊ីសាអូឌីត​ដែល​បាន​ដឹក​នាំ​កម្លាំង​អារ៉ាប់​វាយប្រហារ​លើ​ក្រុម​ហ៊ូទី​តាំង​ពី​ខែ​មីនា ឆ្នាំ ២០១៥ ដោយ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង ៨ ៧៥០នាក់។ ទន្ទឹម​គ្នា​នេះ ស្ថានភាព​វឹកវរ​នៅ​យេម៉ែន​ក៏​កំពុង​បន្ត​ផ្តល់​ឱកាស​ល្អ​ឲ្យ​អង្គការ​ភេរវនិយម​អាល់កែដា​ដើម្បី​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន​ដែរ ពិសេស​នៅ​ប៉ែកខាងត្បូង​យេម៉ែន។

ដូច្នេះ ការ​ស្លាប់​លោក​សាឡេះ​នឹង​រឹត​តែ​ធ្វើ​ឲ្យ​ស្ថានការណ៍​ផ្ទៃក្នុង​នៅ​យេម៉ែន​ធ្លាក់​ដុនដាប់​កាន់​តែ​ខ្លាំង រួម​ទាំង​ភាព​តានតឹង​ឡើង​មួយ​កម្រិត​រវាង​ទីក្រុង​តេហេរ៉ង់ និង​ទីក្រុង​រីយ៉ាដ។ អ្នក​ដែល​កំពុង​បន្ត​ទទួល​រងគ្រោះ គឺ​គ្មាន​នរណា​ក្រៅ​ពី​ជនស៊ីវិល​ដែល​កំពុង​ជួប​ប្រទះ​នឹង​គ្រោះ​អត់​ឃ្លាន និង​ជម្ងឺ​ឆ្លង​ផ្សេងៗ។ កិច្ចចរចា​ដើម្បី​បញ្ចប់​វិបត្តិ​បាន​ធ្វើ​ចំនួន ៣ដង​ដែល​លើក​ចុង​ក្រោយ​ក្នុង​ខែ​មេសា ឆ្នាំ ២០១៦ តែ​គ្មាន​លទ្ធផល និង​ត្រូវ​បាន​ព្យួរ​តាំង​ពី​ខែ​សីហា ឆ្នាំ ២០១៦។ ឃើញ​ថា​ពេល​នេះ ដំណោះស្រាយ​ផ្លូវទូត​កំពុង​ត្រូវ​បាន​បន្ត​ជំនួស​ដោយ​ចុង​កាំភ្លើង៕

តើ​ចិន និង​កាណាដា កំពុង​លេង​ល្បែង​ចាប់​ចំណាប់ខ្មាំង?

បារាំង៖​តើ​ព្រឹត្តិការណ៍​បាញ់រះ​នៅ​ទីក្រុង Strasbourg បាន​កើត​ឡើង​យ៉ាង​ដូចម្តេច​ខ្លះ?

តើ​បារាំង​កំពុង​តែ​​លង់ខ្លួន​ទៅក្នុងមហា​​បាតុកម្ម​របស់​ក្រុមអាវកាក់​លឿង?

មន្រ្តីអាមេរិក៖ អាមេរិក​នៅតែ​បន្តគាំទ្រ​សម្ព័ន្ធអារ៉ាប់ ដែល​អន្តរាគមន៍​យោធា​នៅយេម៉ែន

បារាំង៖ សមត្ថកិច្ច​​ប្រុង​ជើង ​ប្រឈមនឹង​បាតុកម្ម​លើកទី៣ របស់​​ចលនា​អាវកាក់​ពណ៌​លឿង

ហេតុអ្វី​បាន​ជា​គេ​នាំ​គ្នា​ប្រឆាំង​នឹង​Huawei ?

វិបត្តិអាវកាក់លឿង៖​រដ្ឋាភិបាល​បារម្ភ​ពី​អំពើហិង្សា​​កាន់​តែ​រីកធំ​ដែល​មិន​ពិបាកគ្រប់គ្រង

យេម៉ែន ភាគី​​ជម្លោះ​​លើវិថី​នៃ​ការចរចា​ស្វែង​រក​សន្តិភាព

បារាំង៖​ប្រឈម​នឹង​ចលនា « អាវកាក់លឿង » រដ្ឋាភិបាល​ថយ​ក្រោយ​មួយ​ជំហាន

ថវិកា​និង​ការកាត់បន្ថយ​ការបញ្ចេញឧស្ម័នពុល​ជាគន្លឹះ​ដើម្បី​ដោះស្រាយ​គ្រោះមហន្តរាយ​អាកាសធាតុ​

G20 ​ប្រជុំទាំង​​គ្មាន​​សង្ឃឹម ​ថា​​នឹង​​មា​ន​​សេចក្តី​​ប្រកាស​​រួម​​ចុង​ក្រោយ

ឥណ្ឌូណេស៊ី៖​ហេតុអ្វី​បាន​ជា​យន្តហោះ​ប៊ូអ៊ីង​របស់​ក្រុមហ៊ុន Lion Air ធ្លាក់​ក្នុង​សមុទ្រ?

ហេតុអ្វី​បានជា​ទីភ្នាក់ងារ​អវកាស​ណាសា បញ្ជូន​រ៉ូបូ​ទៅ​សិក្សា​ភពអង្គារ?

កងទ័ព​​រុស្ស៊ី​បាញ់រះ និងឃាត់ទុក​នាវាចម្បាំងអ៊ុយក្រែន នៅច្រកសមុទ្រ​អាហ្សូវ

បោះឆ្នោតឃុំសង្កាត់​តៃវ៉ាន់៖ បរាជ័យ​បាក់មុខ​​របស់​បក្ស​កាន់អំណាច​ដែលចង់​បាន​​ឯករាជ្យ​ពី​ចិន

បារាំង៖ ចលនា​ “អាវកាក់​ពណ៌​លឿង” ប្តេជ្ញា​បន្ត​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ម៉ាក្រុង

របាយការណ៍​ទាមទារ​ឲ្យ​បារាំង​កែប្រែច្បាប់​ដើម្បី​ប្រគល់​វត្ថុបុរាណ​អាហ្វ្រិក​ដល់​ប្រទេស​ម្ចាស់ដើម

តើជនជាតិភាគតិច​​សង់ទីណែល​ ជា​ក្រុម​ដ៏​គ្រោះ​ថ្នាក់ជាងគេ​បំផុត នៅលើ​ពិភពលោក​ ​មែន​ឬ ?

ដូណាល់ត្រាំ​ប្រកាសថា​ទោះយ៉ាង​ណា អារ៉ាប៊ីសាអូឌីត​នៅតែ​ជា​សម្ព័ន្ធមិត្ត ដ៏​រឹងមាំ​របស់​អាមេរិក

តើ​នឹង​មាន​អ្វី​កើតឡើង​ បន្ទាប់ពី​នាយក​ក្រុមហ៊ុន​រថយន្ត​ដ៏ធំរបស់​បារាំង​ត្រូវ​ចាប់​ខ្លួន​នៅ​ជប៉ុន​?