ស្ថានការណ៍នយោបាយនៅយេម៉ែន ក្រោយការស្លាប់លោកអតីតប្រធានាធិបតីអាលី អាប់ដាឡា សាឡេះ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៥០
នៅក្នុងប្រទេសយេម៉ែន លោកអតីតប្រធានាធិបតីអាលី អាប់ដាឡា សាឡេះបានស្លាប់នៅក្រោមគ្រាប់កាំភ្លើងរបស់ក្រុមប្រដាប់អាវុធហ៊ូទី។ មានអាយុ ៧៥ឆ្នាំ និងបានកាន់តំណែងប្រធានាធិបតីរយៈពេល ៣៣ឆ្នាំ លោកសាឡេះត្រូវបានចលនាមហាជននៃបដិវត្តន៍អារ៉ាប់ទម្លាក់ពីអំណាចកាលពីឆ្នាំ ២០១២។ តែតាំងពីពេលនោះមក យេម៉ែនត្រូវបានពុះចែកជាពីរ នៅម្ខាង គ្រប់គ្រងដោយក្រុមប្រដាប់អាវុធហ៊ូទីសហការណ៍ជាមួយលោកសាឡេះ និងនៅម្ខាងទៀត គ្រប់គ្រងដោយលោកប្រធានាធិបតីមែនស៊ូ ហាឌីដែលជាប់ឆ្នោត។
រូបថត និងវីដេអូនៃការស្លាប់លោកអតីតប្រធានាធិបតីយេម៉ែនសាឡេះត្រូវបានបង្ហោះនៅលើបណ្តាញសង្គមនាថ្ងៃចន្ទ ទី៤ ធ្នូ និងដែលគេពិបាកកំណត់អត្តសញ្ញាណឲ្យបានច្បាស់ថាជាសាកសពលោកសាឡេះ។ តែនៅលើរូបថត និងវីដេអូនោះ គេឃើញក្រុមអ្នកគាំទ្រលោកបានយកភួយទៅគ្របពីលើសាកសពដោយស្រែកឈ្មោះមួយទៀតរបស់លោកសាឡេះ។ បន្ទាប់មក ព័ត៌មាននៃការស្លាប់លោកសាឡេះត្រូវបានបញ្ជាក់ជាផ្លូវការដោយលោកស្រី Faïka AL-Sayyed ថ្នាក់ដឹកនាំម្នាក់នៃគណបក្សរបស់លោកសាឡេះ គឺគណបក្សសមាជប្រជាមានិត។
តាមលោកស្រី Sayyed លោកសាឡេះ និងថ្នាក់ដឹកនាំផ្សេងទៀតនៃគណបក្សសមាជប្រជាមានិតបានក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហាររបស់ក្រុមប្រដាប់អាវុធហ៊ូទីក្នុងពេលដែលលោកសាឡេះ រួមទាំងថ្នាក់ដឹកនាំផ្សេងទៀតកំពុងធ្វើដំណើរចាកចេញពីទីក្រុងសាណាទៅកាន់តំបន់ដែលកំពុងកាន់កាប់ដោយកម្លាំងរបស់លោកសាឡេះ។ លោកស្រី Sayyed បានបន្ថែមទៀតថា ក្រៅពីលោកសាឡេះ ក៏មានស្លាប់អគ្គលេខាធិការ និងអគ្គលេខាធិការរងនៃគណបក្សសមាជប្រជាមានិតផងដែរ។
ហេតុអ្វីបានជាក្រុមហ៊ូទីសម្លាប់លោកសាឡេះ?
ស្លាប់ក្នុងអាយុ ៧៥ឆ្នាំ លោកសាឡេះបានផ្តើមកាន់កាប់តំបន់ប៉ែកខាងជើងយេម៉ែនតាំងពីឆ្នាំ ១៩៧៨ មុននឹងក្លាយជាប្រធានាធិបតីយេម៉ែនរួបរួមគ្នាក្នុងឆ្នាំ ១៩៩០។ បន្ទាប់ពីបានកាន់កាប់យេម៉ែនរយៈពេល ៣៣ឆ្នាំ លោកសាឡេះត្រូវបានចលនាមហាជននៃបដិវត្តន៍អារ៉ាប់ទម្លាក់ពីអំណាចក្នុងខែកុម្ភៈ ឆ្នាំ ២០១២។ នៅក្នុងការរៀបចំបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១២ លោកមែនស៊ូ ហាឌីបានក្លាយជាប្រធានាធិបតីថ្មីសម្រាប់ដឹកនាំសម័យអន្តរកាលរយៈពេល ២ឆ្នាំដែលគាំទ្រដោយសហគមន៍អន្តរជាតិ។
តែលោកហាឌីហាក់ពិបាកធ្វើឲ្យមានស្ថិរភាពនយោបាយ និងស្រោចស្រង់វិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងររបស់ប្រទេស។ បន្ទាប់មកក្នុងខែកញ្ញា ឆ្នាំ ២០១៤ ក្រុមចលនាប្រដាប់អាវុធហ៊ូទីក៏វាយដណ្តើមបានទីក្រុងសាណាដោយចងសម្ព័ន្ធមិត្តជាមួយលោកសាឡេះ។ ក្នុងពេលចូលកាន់កាប់ទីក្រុងសាណា ក្រុមហ៊ូទីបានចាប់លោកប្រធានាធិបតីហាឌីទៅឃុំក្នុងគេហដ្ឋាន តែលោកហាឌីបានរត់រួចចេញពីទីក្រុងសាណាក្នុងខែមីនា ឆ្នាំ ២០១៥។ លោកហាឌីបានរត់ទៅពួនសំងំនៅប៉ែកខាងត្បូងប្រទេស មុននឹងភៀសខ្លួនទៅជ្រកកោនក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។
ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ លោកសាឡេះ និងក្រុមហ៊ូទីបានតស៊ូរួមគ្នាដើម្បីប្រឆាំងនឹងលោកហាឌី ពិសេសប្រឆាំងនឹងអន្តរាគមន៍របស់ប្រទេសអារ៉ាប៊ីសាអូឌីតដែលមានបំណងលើកបន្តុបលោកហាឌីឲ្យកាន់អំណាចនៅក្នុងទីក្រុងសាណាឡើងវិញ។ តែនៅថ្ងៃសៅរ៍ ទី២ វិច្ឆិកាថ្មីៗនេះ លោកសាឡេះបែរជាប្តូរជំហរ ១៨០អង្សារដោយបោះដៃទៅរកអារ៉ាប៊ីសាអូឌីតទៅវិញ។ លោកសាឡេះបានពន្យល់ថា លោកធ្វើដូចនេះដើម្បីដោះដូរនឹងការលើកចេញវិញនូវការបិទខ្ទប់ជំនួយមនុស្សធម៌ពីអារ៉ាប៊ីសាអូឌីត។ តែក្រុមប្រដាប់អាវុធហ៊ូទីបានចាត់ទុកគំនិតផ្តួចផ្តើមរបស់លោកសាឡេះថា ជាទង្វើក្បត់ដែលមិនអាចទទួលយកបានជាដាច់ខាត។
ផលវិបាកនៃការស្លាប់លោកសាឡេះ
ក្រោយការស្លាប់លោកសាឡេះ ស្ថានការណ៍នយោបាយនៅក្នុងប្រទេសយេម៉ែននឹងធ្លាក់កាន់តែដុនដាបថែមទៀត។ សូមជម្រាបជូនថា តាំងពីលោកសាឡេះត្រូវបានកម្លាំងមហាជនបង្ខំឲ្យចុះចេញពីអំណាចក្នុងខែកុម្ភៈ ឆ្នាំ ២០១២ មក ប្រទេសយេម៉ែនត្រូវបានពុះចែកជាពីរ នៅម្ខាងគ្រប់គ្រងដោយក្រុមប្រដាប់អាវុធហ៊ូទីរួមសហការណ៍ជាមួយក្រុមលោកសាឡេះដោយមានការគាំទ្រពីប្រទេសអ៊ីរ៉ង់ និងនៅម្ខាងទៀតគ្រប់គ្រងដោយលោកប្រធានាធិបតីមែនស៊ូ ហាឌីដែលជាប់ឆ្នោត និងទទួលបានការគាំទ្រពីប្រទេសអារ៉ាប៊ីសាអូឌីត និងសហគមន៍អន្តរជាតិ។
ក៏ប៉ុន្តែ វិបត្តិនយោបាយផ្ទៃក្នុងយេម៉ែនមិនមែនកម្រិតត្រឹមជម្លោះដណ្តើមអំណាចគ្នារវាងកម្លាំងប្រដាប់អាវុធហ៊ូទី និងកម្លាំងរដ្ឋាភិបាលរបស់លោកប្រធានាធិបតីហាឌីប៉ុណ្ណោះទេ តែក៏ជាការប្រជែងកម្លាំងគ្នារវាងមហាអំណាចពីរនៅក្នុងតំបន់ គឺប្រទេសអ៊ីរ៉ង់ដែលគាំទ្រក្រុមហ៊ូទី និងអារ៉ាប៊ីសាអូឌីតដែលគាំទ្រលោកហាឌីផងដែរ។ រ៉ាប៊ីសាអូឌីតដែលបានដឹកនាំកម្លាំងអារ៉ាប់វាយប្រហារលើក្រុមហ៊ូទីតាំងពីខែមីនា ឆ្នាំ ២០១៥ ដោយបណ្តាលឲ្យមានមនុស្សស្លាប់ជាង ៨ ៧៥០នាក់។ ទន្ទឹមគ្នានេះ ស្ថានភាពវឹកវរនៅយេម៉ែនក៏កំពុងបន្តផ្តល់ឱកាសល្អឲ្យអង្គការភេរវនិយមអាល់កែដាដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួនដែរ ពិសេសនៅប៉ែកខាងត្បូងយេម៉ែន។
ដូច្នេះ ការស្លាប់លោកសាឡេះនឹងរឹតតែធ្វើឲ្យស្ថានការណ៍ផ្ទៃក្នុងនៅយេម៉ែនធ្លាក់ដុនដាប់កាន់តែខ្លាំង រួមទាំងភាពតានតឹងឡើងមួយកម្រិតរវាងទីក្រុងតេហេរ៉ង់ និងទីក្រុងរីយ៉ាដ។ អ្នកដែលកំពុងបន្តទទួលរងគ្រោះ គឺគ្មាននរណាក្រៅពីជនស៊ីវិលដែលកំពុងជួបប្រទះនឹងគ្រោះអត់ឃ្លាន និងជម្ងឺឆ្លងផ្សេងៗ។ កិច្ចចរចាដើម្បីបញ្ចប់វិបត្តិបានធ្វើចំនួន ៣ដងដែលលើកចុងក្រោយក្នុងខែមេសា ឆ្នាំ ២០១៦ តែគ្មានលទ្ធផល និងត្រូវបានព្យួរតាំងពីខែសីហា ឆ្នាំ ២០១៦។ ឃើញថាពេលនេះ ដំណោះស្រាយផ្លូវទូតកំពុងត្រូវបានបន្តជំនួសដោយចុងកាំភ្លើង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ