rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អេមីរ៉ាតអារ៉ាប់រួម យេម៉ែន មីស៊ីល អារ៉ាប៊ីសាអូឌីត

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ឧទ្ទាម​ហ៊ូទី អះអាងថា បាន​បាញ់​មីស៊ីល​សំដៅរោងចក្រ​នុយក្លេអ៊ែរ នៅក្រុង​អាប៊ូដាប៊ី

media
រោងចក្រ​នុយក្លេអ៊ែរ​Barakah ដែល​កំពុង​សាងសង់​ដោយ​កូរ៉េខាងត្បូង ជារោងចក្រ​នុយក្លេអ៊ែរ មួយ ក្នុង​ចំណោម​៤​ដែល​នឹង​ចាប់បើក​ដំណើរការ​នៅ​ឆ្នាំ ២០១៨ ©Arun GIRIJA / ENEC / AFP

ពួកឧទ្ទាម​ហ៊ូទី នៅ​ប្រទេស​យេម៉ែន នៅថ្ងៃ​អាទិត្យទី​៣​ធ្នូ បានអះអាងថា បាន​បាញ់​មីស៊ីល​​តម្រង់​​​រោងចក្រ​នុយក្លេអ៊ែរ Barkah នៅទីក្រុង​អាប៊ូ ដាប៊ី​របស់​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម។ រដ្ឋាភិបាល​ក្រុង​ឌូបៃ នៅថ្ងៃ​អាទិត្យ ដដែល បាន​បដិសេធ ទាត់ចោល​ការអះអាង ទាមទារ​របស់​ពួកហ៊ូទី ដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ នៅក្នុង​សង្រ្គាម ស៊ីវិល នៅ​ប្រទេស​យេម៉ែន។


នៅ​ព្រឹកថ្ងៃ​អាទិត្យ វិបសៃតិ៍ របស់​ទូរទស្សន៍​ដែលគាំទ្រ ​ពួកឧទ្ទាម​ហ៊ូទី ដែល​កំពុង​កាន់កាប់​រដ្ឋធានី​សាណា​របស់​ប្រទេស​យេម៉ែន បាន​សរសេរថា ចលនា​ហ៊ូទី បាន​បាញ់​មីស៊ីល​សំដៅ​រោងចក្រ​នុយក្លេអ៊ែរBarkah ក្នុង​ទីក្រុង​អាប៊ូដាប៊ី របស់​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម នៅថ្ងៃ​អាទិត្យ។

ក្រុមឧទ្ទាម​ហ៊ូទី​បាន​ប្រកាស​ពីការបាញ់​មីស៊ីល តម្រង់​ទីតាំង​រោងចក្រ​នុយក្លេអ៊ែរ មួយ នៅ​ក្រុង​អាប៊ូ ដាប៊ី ដើម្បី​សងសឹក​នឹង​រដ្ឋាភិបាល​អេមីរ៉ាតអារ៉ាប់រួម ដែល​ចូលរួម​យ៉ាងសកម្ម ជាមួយ អារ៉ាប៊ីសាអូឌីត នៅក្នុង​ប្រតិបត្តិការ​ទម្លាក់​គ្រាប់បែក ទៅលើ​ក្រុមហ៊ូទី ក្នុង​ទឹកដី យេម៉ែន។ នៅថ្ងៃ​អាទិត្យ គណៈកម្មាធិការ ជាតិ​ដើម្បី ស្ថានភាព​អាសន្ន​របស់​អេមីរ៉ាតអារ៉ាប់រួម បាន​ទាត់ចោល ការអះអាង​របស់​ក្រុមហ៊ូទី និងថា គេ​គ្មាន​ឃើញ​សញ្ញា​មីស៊ីល​ណាមួយ របស់​ក្រុមហ៊ូទី​នៅក្នុង​ដែនអាកាស​របស់​អេមីរ៉ាតអារ៉ាប់រួម នោះទេ។ តាម​គណៈកម្មាធិការ​ខាងលើ​ដែល​ដកស្រង់​សំដី​ដោយទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវរដ្ឋ មជ្ឈមណ្ឌល​នុយក្លេអ៊ែរ នៅ​អាប៊ូដាប៊ី ត្រូវ​បាន​ការពារ​សុវត្ថិភាព​យ៉ាង​ម៉ត់ចត់ ដោយ​ប្រព័ន្ធ​ខែល​មីស៊ីល ដែល​មាន​សមត្ថភាព ចាប់ បាញ់ស្ទាក់​មីស៊ីល មិន​ឲ្យ​ទៅ​បំផ្លាញ​រោងចក្រ​នុយក្លេអ៊ែរ ដែល​នឹង​​ចាប់ដំណើរការ​ជាលើក​ដំបូង នៅ​អេមីរ៉ាតអារ៉ាប់រួម នៅ​ក្នុង​ឆ្នាំ ២០១៨ ឆ្នាំ ក្រោយ។

ក្រុមឧទ្ទាម​ហ៊ូទី បាន​ប្រកាស​បាញ់​មីស៊ីល​សំដៅ​រោងចក្រ​នុយក្លេអ៊ែរ​របស់​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម។ កាលពី​ដើម​ខែ​វិច្ឆិកា​កន្លងទៅ អារ៉ាប៊ីសាអូឌីត​ទើបបាន​ស្ទាក់ បាញ់​ទម្លាក់​មីស៊ីល​របស់​ក្រុមហ៊ូទី នៅក្បែរ​ព្រលាន​យន្តហោះ នៅ​រដ្ឋធានី​រីយ៉ាដ។

តាមអាជ្ញាធរអារ៉ាប៊ី សាអូឌីត បំណែក​គ្រាប់មីស៊ីល ដែល​គេ​ប្រមូល​នៅ​ក្បែរ​ព្រលាន​យន្តហោះ បាន​បង្ហាញ​ថា មីស៊ីល​បាញ់​ដោយ​ពួកហ៊ូទី ជាមីស៊ីល ដែល​ផលិត​ឡើង​នៅ​អ៊ីរ៉ង់។ នៅ​ខែ​វិច្ឆិកា អារ៉ាប៊ី សាអូឌីត​ដែល​ចោទ​អ៊ីរ៉ង់ថា នៅពីក្រោយ​សកម្មភាព​បាញ់​មីស៊ីល​របស់​ពួកហ៊ូទី នៅ​យេម៉ែន បាន​បង្កើន​ប្រតិបត្តិការ​យោធា ទម្លាក់​គ្រាប់បែក យ៉ាង​សន្ធឹក​ទៅលើ​រដ្ឋធានី​សាណា ដែល​​ពួកហ៊ូទី កាន់កាប់ តាំង​ពី​ផ្ទុះសង្រ្គាម​ស៊ីវិល នៅ​ឆ្នាំ ២០១៤ នៅ​យេម៉ែន៕