អេហ្ស៊ីប រងភេរវកម្ម ដ៏ធ្ងន់ធ្ងរ ជាថ្មី
មានស្លាប់យ៉ាងហោចណាស់ ២៣៥នាក់ និងរបួសជាច្រើននាក់ទៀត នៅក្នុងការវាយប្រហារភេរវកម្ម ប្រឆាំងនឹងវិហារអ៊ីស្លាមមួយ នៅ Sinaï មិនឆ្ងាយប៉ុន្មានពីព្រំដែនហ្កាហ្សា នៅសុក្រទី ២៤ វិច្ឆិកា ២០១៧ ដែលជាថ្ងៃសូត្រធម៌ ជាប្រពៃណីរបស់អ្នកកាន់សាសនាអ៊ីស្លាម។ លោកប្រធានាធិបតីអេហ្ស៊ីប អាប់ដែល ហ្វាតាស អាល់ ស៊ីស៊ី Abdel Fattah al-Sissi បានកោះប្រជុំក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ព្រមទាំងភ្នាក់ងារចារកិច្ច និងយោធា ជាបន្ទាន់។ ពុំទាន់មានក្រុមណាចេញមុខទទួលស្គាល់ទង្វើភេរវកម្មនេះនៅឡើយទេ នៅម៉ោងនេះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៤៧
ការវាយប្រហារប្រឆាំងនឹងវិហារអ៊ីស្លាមមួយ នៅភាគខាងជើងក្រុងស៊ីណៃ ប្រមាណ៥០គីឡូម៉ែត្រពីព្រំដែនតំបន់ហ្កាហ្សាប៉ាឡេស្ទីន បានកើតឡើង នៅពេលពិធីសូត្រធម៌ថ្ងៃសុក្រ ហៀបនឹងចប់ទៅហើយ។
បើតាមការរៀបរាប់របស់សាក្សី ដំបូងឡើងមានការបំផ្ទុះគ្រាប់បែក នៅក្បែរវិហារ បន្ទាប់មក ពួកប្រដាប់អាវុធ បានចាប់ផ្តើមបាញ់រះលើពលរដ្ឋអ៊ីស្លាម ដែលនាំគ្នារត់ចេញវិហារ គេចគ្រាប់ផ្ទុះ មុននឹងរត់ឡើងឡានគេចខ្លួនទៅបាត់។ ជនរងគ្រោះមួយភាគធំ ជាជនស៊ីវិល និងក៏មានដែរកុមារ ព្រមទាំងទាហាននិងប៉ូលិស ជាច្រើននាក់ផង។
ទូរទស្សន៍ជាតិអេហ្ស៊ីបបានបង្ហាញរូបភាពជនរងគ្រោះស្លាប់ និងសាកសពគ្របសំពត់សតំរៀបពេញវិហារ។ លោក ប្រធានាធិបតីអេហ្ស៊ីប បានកោះប្រជុំបន្ទាន់ ក្រុមប្រឹក្សាសន្តិសុខ ក្រោយការវាយប្រហារភេរវកម្មនេះភ្លាមនិងបានចេញប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេលបី។
នេះគឺជាលើកទីមួយហើយ គិតចាប់តាំងពីបីឆ្នាំកន្លងមក ដែលអេហ្ស៊ីប រងការវាយប្រហារមរណៈដ៏ធ្ងន់ធ្ងរបែបនេះ និងក៏ជាការរងគ្រោះលើកមួយដែរ សម្រាប់វិហារអ៊ីស្លាម នៅតំបន់ភាគខាងជើងខ្ពង់រាបស៊ីណៃ ប្រជុំដោយក្រុមអ្នកអ៊ីស្លាមបើកទូលាយ។ សហគមន៍អ្នកអ៊ីស្លាមដែលពួកអង្គការរដ្ឋអ៊ីស្លាមចាត់ទុកថាមិនគោរពតាមទឹ្រស្តីសាសនា។
សូមបញ្ជាក់ថា តាំងពីឆ្នាំ២០១៣ និងក្រោយពីទម្លាក់ប្រធានាធិបតីអ៊ីស្លាមជ្រុលនិយម មក អេហ្ស៊ីបបានក្លាយជាផ្ទាំងស៊ីបនៃការវាយប្រហារភេរវកម្មជាញឹកញយ ពីសំណាក់ពួកអង្គការរដ្ឋអ៊ីស្លាម ប្រឆាំងនឹងកម្លាំងយោធា ប៉ូលិស កងរក្សាសន្តិសុខ ព្រមទាំងប្រជាពលរដ្ឋស៊ីវិល។ កាលពីខែកុម្ភៈ ពលរដ្ឋសហគមន៍គ្រិស្តសាសនានៅអេហ្ស៊ីប ត្រូវបង្ខំរត់ភៀសខ្លួន ទាំងហ្វូងៗ ដើម្បីគេចពីការវាយប្រហារភេរវកម្មរបស់ពួកអង្គការរដ្ឋអ៊ីស្លាម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ