rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

ពី​សង្រ្គាម​ដោយ​ប្រយោល អ៊ីរ៉ង់ និង​អារ៉ាប៊ី សាអូឌីត នឹង​អាច​តទល់​​គ្នា​ដោយ​ផ្ទាល់

ដោយ ឈាង បុប្ផា

អ៊ីរ៉ង់ និង​អារ៉ាប៊ី សាអូឌីត​បាន​ដំឡើង​សំឡេង​ដាក់គ្នា​កាន់តែខ្លាំង នៅ​ដើម​សប្តាហ៍នេះ បន្ទាប់​ពី​ពួកឧទ្ទាម​ហ៊ូទី នៅ​យេម៉ែន បាញ់​មីស៊ីល សំដៅ​ព្រលាន​យន្តហោះ​អារ៉ាប៊ី សាអូឌីត​កាលពី​ថ្ងៃ​សៅរ៍។ រីយ៉ាដ បាន​ចោទប្រកាន់​អ៊ីរ៉ង់​ថា ជាអ្នកផ្តល់​មីស៊ីល សព្វាវុធ​ធ្វើ​សង្រ្គាម​ដល់​ពួកហ៊ូទី ដើម្បី​វាយប្រហារ​អារ៉ាប៊ី សាអូឌីត។ ក្រុង​រីយ៉ាដ​តែងតែ​ស្ទាក់ ចាប់បាន និង​បាញ់​បំផ្លាញ ចោល ទាន់​ពេលវេលា មីស៊ីល បាញ់​មកពី​យេម៉ែន។ តើ​ការបាញ់​មីស៊ីល នៅ​ថ្ងៃ​សៅរ៍ ខុសពី​លើក​មុន​យ៉ាងម៉េច បាន​ជា​បណ្តាល​ឲ្យ​អារ៉ាប៊ី សាអូឌីត ខឹងឆេះដុំ រហូត​ដល់​ថ្នាក់​ចោទ អ៊ីរ៉ង់​ចំៗ ថា​ធ្វើ​សង្រ្គាម​រំលោភ​អារ៉ាប៊ី សាអូឌិត? និង​ថា តើ​អារ៉ាប៊ី សាអូឌីត​អាង​អំណាច​អ្វី បាន​ជាហ៊ាន ​ចេញ​បញ្ជារ ទៅ​បិទ​ព្រំដែន អាកាស ទឹក និង​ដីគោក​របស់​ប្រទេស​យេម៉ែន​នោះ?

ភាពតានតឹង អ៊ីរ៉ង់ និង​អារ៉ាប៊ី សាអូឌីត​បាន​កើនឡើង​មួយកម្រិត​ថែម​ទៀត នៅថ្ងៃ​អង្គារ​ម្សិលមិញ បន្ទាប់​ពី​ព្រះរាជ​បុត្រ​ស្នងរាជ្យ​របស់​អារ៉ាប៊ី សាអូឌីត គឺ​ព្រះអង្គម្ចាស់ មូហាមេដ បិន សាល់ម៉ាន បាន​និយាយ​ចោទ​អ៊ីរ៉ង់​ចំៗ​ថា កំពុង​រំលោភបំពាន​ ដោយ​ផ្ទាល់ តាមផ្លូវ​យោធា​ទៅ​លើ​រាជាណាចក្រ​អារ៉ាប៊ី សាអូឌីត។ ក្រុមឧទ្ទាម​ហ៊ូទីស​ឯណោះវិញ ដែល​បាន​បាញ់​មីស៊ីល​សំដៅ​ព្រលាន​យន្តហោះ​ក្រុង​រីយ៉ាដ​ម្តងហើយ នៅថ្ងៃ​សៅរ៍​បាន​គំរាម​នៅ​ថ្ងៃអង្គារ​ថា នឹង​បាញ់​ជាថ្មី​ទៀត មីស៊ីល​សំដៅ​កំពង់ផែ និង​ព្រលាន​យន្តហោះ នៅ​អារ៉ាប៊ី សាអូឌីត និង​របស់​ប្រទេស​អេមីរ៉ា អារ៉ាប់​រួម។

នៅ​ថ្ងៃ​សៅរ៍ កងទ័ព​អារ៉ាប៊ី សាអូឌីត​បានស្ទាក់បាញ់ បំផ្លាញ​ទាន់​ពេលវេលា មីស៊ីល​បាលីស្ទីក បាញ់​ចេញ​ពី​យេម៉ែន។ ក្រុមហ៊ូទី នៅ​យេម៉ែន​បាន​និយាយ​ថា ខ្លួន​ជា​អ្នកបាញ់​មីស៊ីល សំដៅ​ព្រលាន​យន្តហោះ​ក្នុង​ក្រុង​រីយ៉ាដ ដើម្បី​សងសឹក​អារ៉ាប៊ី សាអូឌីត ដែល​កំពុង​ដឹកនាំ​ការវាយប្រហារ​យោធា ទៅលើ​ក្រុមហ៊ូទី នៅ​យេម៉ែន។ ភ្លាមៗ រីយ៉ាដ​បាន​ប្រកាស​បិទ​ព្រំដែន​ដីគោក ទឹក និង​ដែនអាកាស មិនឲ្យ​មាន​ដំណើរ​ចេញចូល​ទៅ​យេម៉ែន លើកលែង​តែ​ការដឹកជញ្ជូន​ជំនួយ​មនុស្សធម៌។

នៅ​ថ្ងៃ​អង្គារ អង្គការ​សហប្រជាជាតិ​បាន​លើកឡើង​ពី​ការហាមឃាត់ មិន​ឲ្យ​ដឹក​ជំនួយមនុស្សធម៌​ទៅ​យេម៉ែន នៅក្រោយ ការប្រកាស​របស់​អារ៉ាប៊ី សាអូឌីត។ អង្គការ​ការពារ​សិទ្ធិ​មនុស្ស Human Right Watchs​វិញ​បាន​ចាត់ទុក ការបាញ់​មីស៊ីល​សំដៅ​ព្រលាន​យន្តហោះ​ស៊ីវិល នៅ​រាជធានី​រីយ៉ាដ ថា អាចជា​ការប្រព្រឹត្ត បទឧក្រិដ្ឋកម្ម​សង្រ្គាម ប៉ុន្តែ យ៉ាងណា​ក៏ដោយ អារ៉ាប៊ី សាអូឌីត មិន​អាចយក​ព្រឹត្តិការណ៍​នេះ ទៅ​ធ្វើ​ជា​លេស ដើម្បី បង្កើន​ការវាយប្រហារ ទៅលើ​យេម៉ែន រហូត​ធ្វើ​ឲ្យ​វិបត្តិ​មនុស្សធម៌ កាន់តែ​ធ្លាក់​ចុះដុនដាប​ដែរ។

សង្រ្គាម​ស៊ីវិល​បាន​ផ្ទុះឡើង នៅយេម៉ែន នៅឆ្នាំ ២០១៤ បន្ទាប់​ពី​ពួកឧទ្ទាម​ហ៊ូទី ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់ បាន​វាយ​បណ្តេញ​រដ្ឋាភិបាល​ស្របច្បាប់ និង​ដណ្តើម​កាន់កាប់​រដ្ឋធានី​សាណា។ ទៅតាម​គំនិត​របស់​រាជបុត្រ​ស្នងរាជ្យ អារ៉ាប៊ី សាអូឌីត ដែល​ខ្លាច មិនចង់​ឲ្យ​កូនជឹង​របស់​អ៊ីរ៉ង់ ចូលកាន់​អំណាច នៅ ប្រទេស​ជិតខាងយេម៉ែន បាន​សម្រេច​ដឹកនាំ​ក្រុមប្រទេស​អារ៉ាប់ មួយចំនួន ធ្វើអន្តរាគមន៍​យោធា វាយប្រហារ​ទៅលើ​ក្រុមឧទ្ទាម​ហ៊ូទី នៅ យេម៉ែន តាំង​ពី​ដើម​ឆ្នាំ ២០១៥។

ជាក់ស្តែង នៅថ្ងៃ​អាទិត្យ នៅក្រោយ​ក្រុមហ៊ូទី បាន​ប្រកាស​ទទួល​ស្គាល់​ថា ខ្លួនជា​អ្នកបាញ់​មីស៊ីល​បាលីស្ទីក សំដៅ​ព្រលាន​យន្តហោះ​នៅ​រីយ៉ាដ យន្តហោះ​ចម្បាំង​របស់​អារ៉ាប៊ី សាអូឌីត​បាន​បើក​ប្រតិបត្តិការ​ភ្លាម បាញ់​ប្រហារ​ទៅលើ​រដ្ឋធានី​សាណា ដែល​ក្រុមហ៊ូទី​កំពុង​កាន់កាប់។ សួរថា ក្រុមឧទ្ទាម ហ៊ូទី​នៅ​យេម៉ែន ជាអ្នកបាញ់​មីស៊ីល ដើម្បី​សងសឹក​នឹង​អារ៉ាប៊ីសាអូឌីត ប៉ុន្តែ ហេតុអ្វី​បាន​ជាអារ៉ាប៊ី សាអូឌីត និយាយ​ចោទ​អ៊ីរ៉ង់​ទៅវិញ? ម្យ៉ាងវិញទៀត បើ​អារ៉ាប៊ី សាអូឌីត​បាន​គ្រប់គ្រង បិទ​ព្រំដែន​របស់​យេម៉ែន​ស្ទើរ​ទាំងស្រុង​ទៅហើយ​នោះ តើ​ក្រុមហ៊ូទី​បាន​ទទួល​អាវុធ មីស៊ីល​ពី​អ៊ីរ៉ង់​បាន​យ៉ាងម៉េច?

រដ្ឋមន្រ្តី​ការបរទេស​អារ៉ាប៊ី សាអូឌីត បាន​ចោទ​អ៊ីរ៉ង់​ថា បាន​លួចលាក់ នាំចូល​មីស៊ីល​ទៅ​ឲ្យ​ក្រុមហ៊ូទី នៅ​យេម៉ែន។ បំណែក​គ្រាប់មីស៊ីល​ដែល​ធ្លាក់​នៅ​ក្នុង​រង្វង់​ព្រលាន​យន្តហោះ មាន​ភិនភាគ​ដូច​មីស៊ីល ផលិត​នៅ​អ៊ីរ៉ង់ ដែល​គេ​បាន​បាញ់​ចេញពី​យេម៉ែន ទៅ​ក្នុង​ទឹកដី​អារ៉ាប៊ី សាអូឌីត កាលពី​ខែ​កក្កដា។ សម្រាប់​ប្រមុខ​ការបរទេស​អារ៉ាប៊ី សាអូឌីត អ៊ីរ៉ង់​បាន​នាំ​ចូល​មីស៊ីល ជាផ្នែកៗ មុន​នឹង​ដំឡើង ដើម្បី​ឲ្យ​ពួកទាហាន​ហេស្បូឡា បាញ់​សំដៅ​ក្រុង​រីយ៉ាដ។ ការលើកឡើង​យ៉ាងដូច្នេះ ធ្វើ​ឲ្យ​គេ​យល់​ថា ក្រុមហ៊ូទី គ្មាន​សមត្ថភាព​បាញ់​មីស៊ីល​បាលីស្ទីក​ដោយ​ខ្លួនឯងទេ។ ប៉ុន្តែ គឺ​អ៊ីរ៉ង់ និង​ទាហាន​ហេស្បូឡា នៅ​លីបង់ ដែល​បាន​ខ្ចីដៃ ក្រុមឧទ្ទាម​ហ៊ូទី ក្នុង​ប្រទេស​យេម៉ែន ដើម្បី​ធ្វើ​សង្រ្គាម​ប្រឆាំង​អារ៉ាប៊ី សាអូឌីត។

ដំរី​ឈ្លោះជល់​គ្នា គឺ​ស្រមោច សង្អារ​ដែល​រងគ្រោះ

សង្រ្គាម​ត្រជាក់ រវាង​អ៊ីរ៉ង់ និង​អារ៉ាប៊ី សាអូឌីត​បាន​កើតមាន​ជាង ៣​ទសវត្សរ៍​មកហើយ ដោយសារ​តែ​ប្រទេស​សំបូរ​ជង្រុកប្រេង ធំៗ​ទាំងពីរ​ប្រជែង ដណ្តើម​ឥទ្ធិពល គ្នា​ក្នុង​តំបន់។ នៅក្នុង​សង្រ្គាម​ត្រជាក់ អារ៉ាប៊ី សាអូឌីត និកាយ​ស៊ុននីត និង​អ៊ីរ៉ង់ និកាយ​ស្ហ៊ីអ៊ីត បាន​ធ្វើ​សង្រ្គាម​ដោយ​ប្រយោល​ដាក់គ្នា តាមរយៈ ការផ្តល់ជំនួយ​ហិរញ្ញវត្ថុ និង យោធា ដើម្បី​ចិញ្ចឹម​សង្រ្គាម សម្លាប់​មនុស្ស​រាប់សែន​នាក់ នៅក្នុង​តំបន់។ ស៊ីរី អ៊ីរ៉ាក់ លីបង់ និង​ចុងក្រោយ​យេម៉ែន បាន​ធ្លាក់​ទៅក្នុង​ភ្លើង​សង្រ្គាម ដែល​ជួយ​បក់​បង្កាត់​ឲ្យ​កាន់​តែ​ឆេះ ដោយ​អ៊ីរ៉ង់ និង​អារ៉ាប៊ី សាអូឌីត។

អ៊ីរ៉ង់ គាំទ្រ​ក្រុមទាហាន​ហេស្បូឡា ក្នុង​ប្រទេស​លីបង់ ដែល​កំពុង​លូកដៃ ប្រយុទ្ធ​ក្នុង​សង្រ្គាម​នៅ​ស៊ីរី និង​យេម៉ែន។ ប្រាកដ​ណាស់ គេ​មិនអាច​មើល​រំលង​ពី​តួនាទី របស់​អ៊ីរ៉ង់ នៅក្នុង​ភាពតានតឹង​នៅ​តំបន់​ដើមបូព៌ា។ ប៉ុន្តែ ការចោទប្រកាន់​របស់​អារ៉ាប៊ី សាអូឌីត​ដែល​ថា អ៊ីរ៉ង់ ជា​អ្នកផ្តល់​មីស៊ីល ដើម្បី​ឲ្យ​ក្រុមហ៊ូទី បាញ់​សំដៅ​អារ៉ាប៊ី សាអូឌីត ហាក់​ដូចជា គ្មាន​មូលដ្ឋាន បញ្ជាក់​ជាក់ច្បាស់​នោះ​ទេ។ ទី១ អ៊ីរ៉ង់​ពិបាក​នឹង​នាំចូល​មីស៊ីល ទៅ​យេម៉ែន ព្រោះថា តាំង​ពី​ឆ្នាំ ២០១៥ មក អារ៉ាប៊ី សាអូឌីត ដែល​មាន​ជំនួយ​ពី​អាមេរិក និង​ប្រទេស​អារ៉ាប់​ផ្សេងទៀត បាន​ចូល​គ្រប់គ្រង ត្រួតពិនិត្យ លើ​ផ្លូវច្រកចូល​យេម៉ែន មិនថា អាកាស គោក ឬ​ផ្លូវទឹក។ ទី២ កងកម្លាំង​ភាគខាងត្បូង យេម៉ែន​ធ្លាប់​បាន​ទទួល​មីស៊ីល​ពី​សហភាព​សូវៀត នៅក្នុង​សម័យ​សង្រ្គាម​ស៊ីវិល នៅ​ឆ្នាំ ១៩៩៤។ មន្រ្តី​របស់​រដ្ឋាភិបាល​យេម៉ែន ដែល​បច្ចុប្បន្ន​កំពុង​ចុះចូល​ជាមួយ​ក្រុមឧទ្ទាម​ហ៊ូទី បាន​និយាយ​ថា យេម៉ែន​បាន​ទិញ​មីស៊ីល​ពី​កូរ៉េខាងជើង។ ជំនួយ​គាំទ្រ​របស់​អ៊ីរ៉ង់ ធ្វើ​ឲ្យ​គេ​ជឿថា ក្រុង​តេអេរ៉ង់​បាន​ជួយ​ចាត់ចែង​ដឹក​មីស៊ីល ចូល​យេម៉ែន ពោល​គឺ​នៅមុន​ពេល​មាន​ផ្ទុះ​សង្រ្គាម បង្ក​ដោយ​ពួកឧទ្ទាម​ហ៊ូទី​ទៅទៀត។

ហេតុអ្វី​បាន​ជាអារ៉ាប៊ី សាអូឌីត​ចង្អុរ​មុខ​ចោទប្រកាន់​អ៊ីរ៉ង់​ចំៗ នៅពេល​នេះ? អាចល្មម​ថា អារ៉ាប៊ី សាអូឌីត​ខឹង​ច្រលោត ដោយសារ​តែ​នេះ​ជាលើកទី​១ ដែល​មីស៊ីល​បាលីស្ទីក​បាន​ហោះ​ទៅ​ដល់​រាជធានី​រីយ៉ាដ។ មាន​ន័យថា ការគំរាមកំហែង ដល់​សន្តិសុខ​ជាតិ អារ៉ាប៊ី សាអូឌីត​មាន​កម្រិតខ្ពស់​ដែល អារ៉ាប៊ី សាអូឌីត មិនអាច​ព្រងើយ​កន្តើយ​បាន។ ប៉ុន្តែ ការចោទប្រកាន់​របស់​អារ៉ាប៊ី សាអូឌីត ដោយ​ខ្វះ​ភស្តុតាង​មក​បង្ហាញ ធ្វើ​ឲ្យ​គេ​ពិបាក​នឹង​ជឿតាម​ថា អ៊ីរ៉ង់​ចូលរួម​ចំណែក​នៅក្នុង​ប្រតិបត្តិការ​បាញ់​មីស៊ីល ទៅលើ​ក្រុង​រីយ៉ាដ កាលពី​ថ្ងៃ​សៅរ៍ សប្តាហ៍​មុន។

ភ្លើងខៀវ​ពី​អាមេរិក

ការលាបពណ៌ ទម្លាក់កំហុស​ទៅលើ​អ៊ីរ៉ង់ ពី​សំណាក់​អារ៉ាប៊ី សាអូឌីត ​ជារឿង​ដែលអាច​ទៅរួច។ រាជបុត្រ​ស្នងរាជ្យ ដែល​កំពុង​បើក​យុទ្ធនាការ​បោសសម្អាត អ្នកប្រឆាំង ក្រោម​រូបភាព លុបបំបាត់​ចោល​អំពើពុករលួយ មិនដែល​លាក់លៀមទេ​ពី​អរិភាព​របស់​ព្រះអង្គ ទៅ​លើ​អ៊ីរ៉ង់ ដែលកំពុង​ពង្រីក​វត្តមាន​ទ័ព​របស់ខ្លួន នៅ​លីបង់ ស៊ីរី និង​នៅ​យេម៉ែន ប្រទេស​ជិតខាង​របស់​អារ៉ាប៊ី​សាអូឌីត។ គេ​វាយតម្លៃថា អារ៉ាប៊ី សាអូឌីត សម្ព័ន្ធមិត្ត​របស់​អាមេរិក អាច​បាន​ទទួលផងដែរ ​ភ្លើងខៀវ ពី​រដ្ឋបាល​លោកដូណាល់ ត្រាំ ដែល​តែងតែ និយាយ​លើក​ទឹកចិត្ត​ឲ្យ​ប្រទេស​អារ៉ាប់ រួមគ្នា ដើម្បី​កាត់បន្ថយ​ឥទ្ធិពល​របស់​អ៊ីរ៉ង់ នៅក្នុង​តំបន់។ អារ៉ាប៊ី សាអូឌីត និង​អ៊ីរ៉ង់​បាន​ធ្វើ​សង្រ្គាម​គ្មាន​ដោយ​ប្រយោល ឬ​បាន​ខ្ចីដៃ​ប្រទេស​ដទៃ ធ្វើ​សង្រ្គាម​ដាក់គ្នា ដូចនៅ​ប្រទេស​ស៊ីរី យេម៉ែន ឬ​លីបង់។ នៅក្នុង​បរិបទ​ដែល​នយោបាយ ប្រែប្រួល នៅ​អារ៉ាប៊ី សាអូឌីត តាមរយៈ ការពង្រឹង​អំណាច​របស់​រាជបុត្រ​ស្នងរាជ្យ តើ​អារ៉ាប៊ី សាអូឌីត​នឹង​អាច​ផ្ទុះសង្រ្គាម​ដាក់គ្នា ដោយ​ផ្ទាល់​ដែរឬទេ? នៅក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន នៅក្រោយ​ការបាញ់​មីស៊ីល​ទៅ​លើក្រុង​រីយ៉ាដ សម្ព័ន្ធអារ៉ាប់​បាន​ចោទប្រកាន់​ការរំលោភបំពាន​ផ្នែក​យោធា​របស់​អ៊ីរ៉ង់ និងថា​ អារ៉ាប៊ី សាអូឌីត​មាន​សិទ្ធិ​វាយបក​តបវិញ នៅ​ក្នុង​កាលៈទេសៈ​សមស្រប​ណាមួយ។ ការចោទប្រកាន់ ដែល​អ៊ីរ៉ង់​បាន​ចាត់ទុក ថា មាន​លក្ខណៈ​អយុត្តិធម៌ បំផ្លាញ និង​ញុះញង់៕

នីការ៉ាហ្កា៖ ប្តីប្រពន្ធ​មេដឹកនាំ ធ្វើមិនដឹងមិនឮ បើទោះ​មាន​ចលនា​តវ៉ា​ប្រឆាំង​៣ខែ​មក​ហើយ

លោកអូបាម៉ា ជាអធិបតី នៃ​ខួប​១០០ឆ្នាំ ​ថ្ងៃ​កំណើត​របស់​លោក​ នែលសុន​ ម៉ាន់ដេឡា

បារាំង៖​ពានរង្វាន់​បាល់ទាត់ពិភពលោក​ជួយ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច និង​ស្តារ​ប្រជាប្រិយភាព​ប្រធានាធិបតី?

តុល្យាការ​ខ្លះ​នៃ World Cup 2018 ដែល​នឹង​ចប់​សព្វគ្រប់​នៅថ្ងៃ ១៥ កក្កដា

ឥណ្ឌា៖ យក្សសេដ្ឋកិច្ចដែលទើបងើបពីដេក តែនៅផុយស្រួយ

នៅពេល​ដែល​ចិន​ចាប់អារម្មណ៍​តំបន់​ដើមបូព៌ា

វ៉ាក់សាំង​ប្រឆាំង​មេរោគ​អេដស៍ នឹងមាន​​រូបរាង​នៅពេល​ឆាប់ៗខាងមុខ?

ណាជីព រ៉ាហ្សាក់៖ ​ពីនាយករដ្ឋមន្រ្តី​ ក្លាយ​ជា​ជនជាប់ចោទពុក​រលួយ​

តើ​សហភាពអាហ្រ្វិក​អាចរស់​ដោយ​ទីពឹង​ខ្លួនឯង​ជាង​ទីពឹង​លើ​ជំនួយបរទេស​បាន​ដែរ​ឬ​ទេ?

អត្រា​​កំណើន​​អត្តឃាត​​នៅ​​សហរដ្ឋ​អាមេរិក​​កាន់​តែ​​ព្រួយ​បារម្​ភ​

ការ​ប្រកួត World Cup-2018 នៅ​រុស្ស៊ី​ដែល​ឈាន​ដល់​ពាក់កណ្តាល​ទី​ហើយ ក៏​ល្អក់​ដោយ​ឧប្បត្តិហេតុ​ខ្លះៗ

បារាំង​រៀបចំ​សន្និសីទ​ស្តីពី​វិបត្តិ​មនុស្សធម៌​នៅ​យេម៉ែន តែ​ត្រូវ​បាន​ក្រុម​អង្គការ​​ក្រៅរដ្ឋាភិបាល​ស្តី​បន្ទោស

បរិបទ​​តានតឹង​នៃ​​ទស្សនកិច្ច​​​​រដ្ឋមន្ត្រី​​ការពារជាតិ​​អាមេរិក​លើកទី១​ ​​ក្នុង​​ទឹកដី​​ចិន​

អាវុធគីមី៖​ហេតុអ្វី​បាន​ជា​ពិភពលោក​ត្រូវ​ពង្រឹង​អំណាច​របស់​អង្គការ​ដើម្បី​ហាម​ឃាត់​អាវុធគីមី?

តើ​កង​យោធា​អវកាស​អាមេរិក​អាច​នឹង​លេច​ចេញ​រូបរាង​ដែរ​ឬទេ?

ការ​​ប្រកួត​ World Cup - 2018 ​នៅ​រុស្ស៊ី​បន្ត​ទៅ​៨ថ្ងៃ​ហើយទាំង​ហែរហម​ដោយ​ចំណុច​ខ្លះ​គួរ​អោយ​ភ្ញាក់​ផ្អើល​

​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​កំពុង​បន្ត​អនុវត្តន៍​នយោបាយ​ឯកតោភាគីនិយម និង​ឯកោនិយម?

តួកគី៖​ហេតុអ្វី​បាន​ជា​លោក​អ៊ែរដូហ្កាន​ហាក់​បាន​ធ្លាក់​កូដ​នៅ​ក្នុង​យុទ្ធនាការ​សម្រាប់​ការ​បោះឆ្នោត​ថ្ងៃទី២៤ មិថុនា?

បាល់ទាត់ពិភពលោកឆ្នាំ២០២៦ ៖ កាណាដា ម៉ិចសិក និងសហរដ្ឋអាមេរិកបានទទួលសិទ្ធិរួមគ្នាធ្វើជាម្ចាស់ផ្ទះក្នុងបរិបថជម្លោះពាណិជ្ជកម្ម

បទវិភាគ៖​សម្រាប់​លោកពូទីន World Cup ២០១៨ជា​មុខមាត់​ប្រទេស​រុស្ស៊ី