អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប៉ាឡេស្ទីន៖​តើ​ចលនា​ហាម៉ាស់ និង​ហ្វាតា​អាច​នឹង​ផ្សះផ្សា​គ្នា​បាន​ដែរ ឬ​ទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អង្គារ ទី៣ តុលា​នេះ រដ្ឋាភិបាល​ប៉ាឡេស្ទីន​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្រ្តី​រ៉ាមី ហាំដាឡា​បើក​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​នៅ​ក្នុង​តំបន់​ហ្កាហ្សា។ នេះ​ជា​លើកទី១ គិត​តាំង​ពី​ជាង ២ឆ្នាំ​កន្លង​ទៅ​ដែល​រដ្ឋាភិបាល​ស្របច្បាប់​ប៉ាឡេស្ទីន​មួយ​នេះ​បាន​ត្រឡប់​ទៅ​កាន់​តំបន់​ដែល​គ្រប់គ្រង​ដោយ​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស់។ វត្តមាន​ជា​ថ្មី​របស់​រដ្ឋាភិបាល​ប៉ាឡេស្ទីន​ក្នុង​ទឹកដី​ហ្កាហ្សា​ពេល​នេះ​ជា​និមិត្តរូប​នៃ​ដំណើរ​ស្វែង​រក​ការ​​ផ្សះផ្សា​រវាង​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស់ និង​ហ្វាតា។ តែ​ផ្លូវ​ដែល​ត្រូវ​ដើរ​នៅ​វែង​ឆ្ងាយ ព្រោះ​មាន​សំណុំរឿង​ស្មុគស្មាញ​ជា​ច្រើន​ដែល​ភាគី​ទាំង​ពីរ​ត្រូវ​បន្ត​ជជែក​គ្នា។

លោក​នាយករដ្ឋមន្រ្តី​ប៉ាឡេស្ទីន Rami Hamdallah (រូបឆ្វេង) និង​លោក Ismail Haniyeh ប្រធាន​ចលនាប៉ាឡេស្ទីន​ហាម៉ាស់​ក្នុងតំបន់​ហ្កាហ្សា ថ្ងៃទី២ តុលា ២០១៧
លោក​នាយករដ្ឋមន្រ្តី​ប៉ាឡេស្ទីន Rami Hamdallah (រូបឆ្វេង) និង​លោក Ismail Haniyeh ប្រធាន​ចលនាប៉ាឡេស្ទីន​ហាម៉ាស់​ក្នុងតំបន់​ហ្កាហ្សា ថ្ងៃទី២ តុលា ២០១៧ REUTERS/Ibraheem Abu Mustafa
ផ្សាយពាណិជ្ជកម្ម

គេ​អាច​ប្រដូច​ចលនា​ហាម៉ាស់ និង​ចលនា​ហ្វាតា​ទៅ​នឹង​បក្សនយោបាយ​ប៉ាឡេស្ទីន​ពីរ​ដែល​មាន​គោលជំហរ និង​កម្មវត្ថុ​នយោបាយ​មិន​ដូច​គ្នា​ទេ ពិសេស​នៅ​ក្នុង​កិច្ចចរចា​ស្វែង​រក​សន្តិភាព​ជាមួយ​ប្រទេស​អ៊ីស្រាអែល។ គឺ​ចាប់​តាំង​ពី​ឆ្នាំ ២០០៧ ដែល​ភាព​ប្រទូស្ត្រាយ​ខ្លាំង​បាន​កើត​មាន​ឡើង​រវាង​ចលនា​ប៉ាឡេស្ទីន​ទាំង​ពីរ​ដោយ​ចលនា​ហាម៉ាស់​បាន​បណ្តេញ​ចលនា​ហ្វាតា​ចេញ​ពី​ដែនដី​ហ្កាហ្សា។ គឺ​នៅ​ពេល​នោះ​ហើយ​ដែល​ដែនដី​ប៉ាឡេស្ទីន​ត្រូវ​បាន​ពុះ​ជា​ពីរ​ចំណែក នៅ​ម្ខាង គឺ​តំបន់​ហ្កាហ្សា​គ្រប់គ្រង​ដោយ​ពួក​ហាម៉ាស់ និង​នៅ​ម្ខាង​ទៀត គឺ​តំបន់​ស៊ីយ៉កដានី​គ្រប់គ្រង​ដោយ​ពួក​ហ្វាតា​របស់​លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​ម៉ាមូដ អាបាស់។

អ្វី​ជា​ការ​កត់សម្គាល់ ហ្វាតា​ជា​ចលនា​ប៉ាឡេស្ទីន​កណ្តាលនិយម​ស្របច្បាប់​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ និង​ដែល​អ៊ីស្រាអែល​ចាត់​ទុក​ជា​ដៃគូ​ចរចា​សន្តិភាព។ ចំណែក​ហាម៉ាស់​ជា​ចលនា​ប្រដាប់​អាវុធ​ប៉ាឡេស្ទីន​និយមជ្រុល​ដែល​ប្រកាន់​ជំហរ​ដាច់​ខាត និង​មិន​ទទួល​ស្គាល់​ដែនដី​អ៊ីស្រាអែល ព្រម​ទាំង​ត្រូវ​បាន​ប្រទេស​បស្ចិមលោក​មួយ​ចំនួន ដូច​យ៉ាង​អាមេរិក​ចាត់​ទុក​ជា​ចលនា​ភេរវនិយម។ តែ​ជា​រឿយៗ ចលនា​ប៉ាឡេស្ទីន​ទំាង​ពីរ​នេះ​តែងតែ​ព្យាយាម​ចរចា​ដើម្បី​អាច​បង្កើត​ឲ្យ​បាន​នូវ​ឯកភាពជាតិ​មួយ។ គេ​ត្រូវ​រង់ចាំ​ដល់​ខែ​មេសា​ឆ្នាំ ២០១៤ ទើប​គូវិវាទ​ទំាង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្សះផ្សា​ដែល​ឈាន​បង្កើត​បាន​នូវ​រដ្ឋាភិបាល​ឯកភាពជាតិ​មួយ​ដោយ​តាំង​ទីស្នាក់ការ​ក្នុង​តំបន់​ហ្កាហ្សា និង​យល់ព្រម​ឲ្យ​លោក​រ៉ាមី ហាំដាឡា​ធ្វើ​ជា​នាយករដ្ឋមន្រ្តី។

តែ​បញ្ហា​នៅ​ត្រង់​ថា ចលនា​ហាម៉ាស់​មិន​ដែល​ប្រគល់​ដែនដី​ហ្កាហ្សា​ទៅ​ឲ្យ​រដ្ឋាភិបាល​ឯកភាពជាតិ​គ្រប់គ្រង​ទេ ហើយ​ថែម​ទាំង​បាន​រារាំង​រដ្ឋមន្រ្តី​មិន​ឲ្យ​ចូល​កន្លែង​ធ្វើ​ការ និង​ឡោមព័ទ្ធ​ទីស្នាក់ការ​រដ្ឋាភិបាល​ទៀត។ ទីបំផុត​ក្នុង​ថ្ងៃទី២០ មេសា ឆ្នាំ ២០១៥ រដ្ឋាភិបាល​ឯកភាពជាតិ​បាន​ភៀសខ្លួន​ចេញ​ពី​ដែនដី​ហ្កាហ្សា​ដោយ​ទុក​ឲ្យ​ចលនា​ហាម៉ាស់​បន្ត​សោយរាជ្យ​តែ​ម្នាក់​ឯង ហើយ​សង្រ្គាម​ពាក្យសំដី​រវាង​ចលនា​ប៉ាឡេស្ទីន​ទាំង​ពីរ​ក៏​បាន​ផ្ទុះ​ជា​ថ្មី​យ៉ាង​ផុសផុល។

វិបត្តិ​សេដ្ឋកិច្ច និង​គំនាប​ពី​អេហ្ស៊ីប​បាន​ធ្វើ​ឲ្យ​ហាម៉ាស់​បន្ទន់​ជំហរ

ជាង ២ឆ្នាំ​ក្រោយ​មក រដ្ឋាភិបាល​ឯកភាពជាតិ​ប៉ាឡេស្ទីន​ដឹក​នាំ​ដោយ​លោក​រ៉ាមី ហាំដាឡា​ដដែល​នេះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​កាន់​តំបន់​ហ្កាហ្សា​ជា​ថ្មី និង​បើក​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​ក្នុង​ថ្ងៃ​អង្គារ ទី៣ តុលា។ គឺ​ចលនា​ហាម៉ាស់​ជា​អ្នក​ផ្តួចផ្តើម​គំនិត ឬ​មួយ​ក៏​ថា​ជា​ហុចដៃ​មុន​គេ​ដោយ​យល់ព្រម​រំលាយ​ចោល​ជា​ឯកតោភាគី​នូវ​គណៈកម្មាធិការ​រដ្ឋាបាល​របស់​ខ្លួន​ដែល​បាន​បង្កើត​ឡើង​ក្នុង​ខែ​មីនា​ដើម្បី​ចាត់ចែង​កិច្ចការ​នៅ​ក្នុង​ដែនដី​ដែល​ខ្លួន​គ្រប់គ្រង។ បន្ទាប់​មក ចលនា​ប្រដាប់អាវុធ​ជ្រុលនិយម​ប៉ាឡេស្ទីន​មួយ​នេះ​ក៏​យល់ព្រម​ចូល​អង្គុយ​ចរចា​ជាមួយ​ចលនា​ហ្វាតា​ក្នុង​គោលដៅ​ផ្សះផ្សាជាតិ និង​រៀបចំ​ការ​បោះឆ្នោត​ខាង​មុខ។

អ្នកនាំពាក្យ​របស់​ចលនា​ហាម៉ាស់​បាន​បញ្ជាក់​ច្បាស់ៗ​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ ចលនា​ហាម៉ាស់​បាន​សុខចិត្ត​ប្រគល់​ដែនដី​ហ្កាហ្សា​ទៅ​ឲ្យ​រដ្ឋាភិបាល​ឯកភាព​គ្រប់គ្រង និង​បាន​អំពាវនាវ​មន្រ្តី​គ្រប់ជាន់ថ្នាក់​ទាំង​អស់​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ឲ្យ​ជួយ​សម្រួល​នៅ​ក្នុង​ដំណើរការ​ផ្ទេរ​អំណាច​នេះ។ បើ​គេ​មើល​មួយ​ភ្លែត​ទៅ​ឃើញ​ថា ទង្វើ​របស់​ចលនា​ហាម៉ាស់​របៀប​នេះ​ជា​ការ​ភ្ញាក់រលឹក​មួយ និង​ជា​ឆន្ទៈ​នយោបាយ​ក្នុង​គោលដៅ​បង្រួបបង្រួម​ជាតិ​ប៉ាឡេស្ទីន​តែ​មួយ។ តែ​បើ​គេ​ពិនិត្យ​មើល​ឲ្យ​បាន​ស៊ីជម្រៅ​បន្តិច​ទៅ​ឃើញ​ថា មាន​ហេតុផល​សំខាន់​ចំនួន​ពីរ​ដែល​បាន​ធ្វើ​ឲ្យ​ចលនា​ហាម៉ាស់​បន្ទន់​ឥរិយាបទ​ពេល​នេះ ទី១ វិបត្តិមនុស្សធម៌​នៅ​តំបន់​ហ្កាហ្សា​ដែល​ចលនា​ហាម៉ាស់​គ្មាន​សមត្ថភាព​ដោះស្រាយ និង​ទី២ គំនាប​ពី​ប្រទេស​អេហ្ស៊ីប។

គួរ​ជម្រាប​ជូន​ថា តំបន់​ហ្កាហ្សា​ដែល​មាន​ប្រជាជន​ប៉ាឡេស្ទីន​២ភាគ៣ រស់នៅ​កំពុង​ជួប​នឹង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ដាក់​គំនាប​ដោយ​រដ្ឋអំណាច​កណ្តាល​ប៉ាឡេស្ទីន​នៅ​តំបន់​ស៊ីយ៉កដានី​របស់​លោក​ប្រធាន​រដ្ឋអំណាច​ម៉ាមូដ អាបាស់។ អត្រា​អ្នក​អត់ការងារ​នៅ​តំបន់​ហ្កាហ្សា​មាន​ជិត ៥០% ហើយ​តាំង​ពី​ខែ​មេសា​មក ប្រជាជន​ក្នុង​តំបន់​ហ្កាហ្សា​មាន​ភ្លើង​អគ្គិសនី និង​ទឹក​ប្រើប្រាស់​តែ ៣ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។ ប្រឈម​នឹង​វិបត្តិ​នេះ ចលនា​ហាម៉ាស​ក៏​បាន​បង្ខំ​ចិត្ត​ងាក​រក​ដៃគូ​ថ្មី ពិសេស​ប្រទេស​អេហ្ស៊ីប​ក្បែរ​ខាង​ដែល​កំពុង​ត្រួតត្រា​ព្រំដែន​ប៉ែកខាងត្បូង​ហ្កាហ្សា។ តែ​អេហ្ស៊ីប​ក៏​ជា​ដៃគូ​មិន​អាច​ខ្វះ​បាន​របស់​លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​ម៉ាមូដ អាបាស់​ដែរ។ ដូច​សម្រាប់​អេហ្ស៊ីប នេះ​ជា​ឱកាស​ដ៏​កម្រ​មួយ​ដើម្បី​ជំរុញ​ចលនា​ប៉ាឡេស្ទីន​ទាំង​ពីរ​ឲ្យ​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក​នៅ​ពេល​នេះ។

ផ្លូវ​ដែល​ចលនា​ហាម៉ាស់ និង​ចលនា​ហ្វាតា​ត្រូវ​ដើរ​នៅ​វែង​ឆ្ងាយ

មាន​ផលប្រយោជន៍​សំខាន់​ពីរ​ដែល​ចលនា​ប៉ាឡេស្ទីន​ត្រូវ​តែ​រួបរួម​គ្នា ទី១ គឺ​ប្រយោជន៍ជាតិ ព្រោះ​ថា ការ​បង្រួបបង្រួម​គ្នា​រវាង​ប្រជាជាតិ​តែ​មួយ រស់​លើ​ដែនដី​តែ​មួយ​ជា​រឿង​ចាំ​បាច់​មិន​អាច​ខ្វះ​បាន និង​ប្រយោជន៍​សំខាន់​ទី២ គឺ​ការ​ជជែក​ជាមួយ​អ្នក​ផ្សេង ព្រោះ​ថា បើ​រវាង​គ្នា​ឯង​និយាយ​មិន​ត្រូវ​គ្នា និង​មិន​អាច​ចុះ​សម្រុង​គ្នា​ផង តើ​ធ្វើ​ម៉េច​នឹង​មាន​ទឹកមាត់​ប្រៃ​ទៅ​និយាយ​ជាមួយ​អ្នក​ផ្សេង​ដើម្បី​អាច​ឲ្យ​គេ​ជឿ​ទុក​ចិត្ត​បាន?។ សូម​ជម្រាប​ជូន​ថា​សព្វថ្ងៃ​នេះ ប៉ាឡេស្ទីន​កំពុង​បន្ត​មាន​ជម្លោះ​យ៉ាង​ប្រទាញប្រទង់​ទល់​នឹង​អ៊ីស្រាអែល​អស់​ជា​ច្រើន​ទសវត្ស និង​នៅ​មិន​ទាន់​មាន​ទឹកដី​ផ្លូវការ​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ​ទេ។

ដូច្នេះ ការ​បង្រួបបង្រួម​រវាង​ចលនា​ហាម៉ាស់ និង​ហ្វាតា​ជា​រឿង​ចំា​បាច់​ដែល​ត្រូវ​ធ្វើ​ដំបូង​គេ។ តែ​មក​ទល់​ពេល​នេះ នៅ​មាន​ការងារ​ស្មុគស្មាញ​ជា​ច្រើន​ដែល​ចលនា​ប៉ាឡេស្ទីន​ទាំង​ពីរ​ត្រូវ​ដោះស្រាយ រួម​មាន ជោគ​វាសនា​របស់​មន្រ្តីហាម៉ាស់​នៅ​តំបន់​ហ្កាហ្សា បញ្ហា​សន្តិសុខ ជម្រើស​ថ្ងៃ​រៀបចំ​បោះឆ្នោត​ប្រធាន​រដ្ឋអំណាច និង​បោះឆ្នោត​សភា ឬ​មួយ​ក៏​ការ​បញ្ចូល​ចលនា​ហាម៉ាស់​ទៅ​ក្នុង​រចនា​សម្ព័ន្ធ​អង្គការ​រំដោះប៉ាឡេស្ទីន OLP តែ​មួយ​ដូច​ចលនា​ហ្វាតា​ជា​ដើម។ កន្លង​មក ចលនា​ហាម៉ាស់​ចង់​ចូល​ក្នុង​រចនា​សម្ព័ន្ធ OLP តែ​និយាយ​មិន​ត្រូវ​គ្នា​ជាមួយ​ចលនា​ហ្វាត​ក្នុង​ការ​បែងចែក​ចំនួន​អសនៈ។

យ៉ាង​ណា​ក៏​ដោយ​លើក​នេះ ក្តី​សង្ឃឹម​មាន​ច្រើន​ដែល​ចលនា​ប៉ាឡេស្ទីន​ទាំង​ពីរ​អាច​នឹង​និយាយ​ចុះ​សម្រុង​គ្នា​ក្នុង​ការ​បង្រួបបង្រួមជាតិ​ពិតប្រាកដ ព្រោះ​ថា​ទី១ ភាគី​ហាម៉ាស់​ហាក់​មាន​ការ​ភ្ញាក់​រលឹកដឹង​ខ្លួន​ពី​ផល​វិបាក​របស់​ប្រជាជន​ប៉ាឡេស្ទីន​រស់ក្នុង​តំបន់​ដែល​ខ្លួន​កាន់កាប់ និង​ទី២ ការ​វិវត្តន៍​នៃ​បរិបទ​ពិភពលោក ពិសេស​អាមេរិក និង​អ៊ីស្រាអែល​ដែល​ហាក់​មិន​ជំទាស់​ទៀត​ឡើយ​នូវ​ការ​ផ្សះផ្សា​រវាង​ចលនា​ហ្វាតា និង​ចលនា​ហាម៉ាស់​ដែល​ខ្លួន​ធ្លាប់​ចាត់​ទុក​ជា​ចលនា​ភេរវនិយម។ ដូច្នេះ​ពិត​ជា​ឱកាស​មួយ​ល្អ​សម្រាប់​ចលនា​ប៉ាឡេស្ទីន​ទាំង​ពីរ​ដើម្បី​សម្រេច​បាន​គោលដៅ​របស់​ប្រជាជន គឺ​ការ​បង្កើត​ឲ្យ​បាន​នូវ​រដ្ឋ​ប៉ាឡេស្ទីន​មួយ​ស្របច្បាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ