rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អ៊ីរ៉ាក់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អ៊ីរ៉ាក់​ផ្តាច់​ចរាចរណ៍​ផ្លូវអាកាស​រវាងបរទេសនិងតំបន់​​គួដឌីស្ថាន​

media
អាកាសយានដ្ឋាន​គួដឌីស្ថាន​ត្រូវ​បិទ​​ដោយ​អំណាច​កណ្តាល​បាតដាត REUTERS/Azad Lashkari

ក្រោយ​លទ្ធផល​នៃ​ប្រជាមតិ​ទាមទារ​ឯករាជ្យ​នៅ​គួដឌីស្ថានអ៊ីរ៉ាក់ ដែល​សហគមន៍​អន្តរជាតិ​ភាគ​ច្រើន​មិន​ទទួល​ស្គាល់ រដ្ឋាភិបាល​អ៊ីរ៉ាក់​​ បាន​ចាត់​វិធានការ​ក្តៅ​ដំបូង ដោយ​កាត់​ផ្តាច់​ចរាចរណ៍​ផ្លូវ​អាកាស​ មិន​ឱ្យ​តំបន់​គួដឌីស្ថាន​មាន​ទំនាក់ទំនង​ជាមួយ​បរទេស​ទេ។ គ្រប់​ជើង​យន្តហោះ​ មក​ពី​បរទេស និង​សម្រាប់​ចេញ​បរទេស ត្រូវ​បាន​បញ្ឈប់​ទាំង​អស់​ លើក​លែង​តែ​យន្តហោះ​យោធា​ មនុស្សធម៌​ និង​ការ​ទូត​ប៉ុណ្ណោះ។


​ដូច​បាន​ប្រកាស​ដាក់​ឱសានវាទ​​កាល​ពី​បី​ថ្ងៃ​មុន រដ្ឋាភិបាល​អ៊ីរ៉ាក់ បាន​ប្រើ​អំណាច​ស្រប​ច្បាប់​របស់​ខ្លួន​កាត់​ផ្តាច់​ចរាចរណ៍​ផ្លូវអាកាស​ជាតិ​អន្តរជាតិ​ ទៅ​កាន់​ និង​មកពី​តំបន់​គួដឌីស្ថាន​អ៊ីរ៉ាក់ ចាប់​ពី​ល្ងាច​ថ្ងៃ​សុក្រ​មក។ ការ​បញ្ឈប់​ជើង​ហោះ​អន្តរជាតិ​​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង ដល់​សេដ្ឋកិច្ច​​គួដឌីស្ថានផង និង​ដល់​ជនស៊ីវិល​អ៊ីរ៉ាក់​ទាំង​មូល​ផង។​ ប៉ុន្តែ​សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់ វិធានការ​ហាមឃាត់​នេះ​មិន​មែន​ជា​ការ​ដាក់​ទណ្ឌកម្ម​តំបន់​ទេ តែ​ជា​ចំណាត់ការ​ស្រប​ច្បាប់​​របស់​រដ្ឋាភិបាល ក្នុង​ការ​ការ​គ្រប់​គ្រង​ទៅ​អាកាសយានដ្ឋាន និង​ប៉ុស្តិ៍​ព្រំដែន។

ជាង​នេះ​ទៀត លោក​នាយ​រដ្ឋមន្ត្រី​អ៊ីរ៉ាក់ បាន​បដិសេធ​ដាច់​ខាត​រាល់​គ្រប់​ទម្រង់​នៃ​ការ​ចរចា​ ក្រៅ​ផ្លូវការ​ ក្នុង​ផ្លូវការ ឬ​ដោយ​សម្ងាត់ ដរាប​ណា​ប្រធាន​គ្រប់គ្រង​តំបន់​គួដឌីស្ថាន​មិន​ប្រកាស​លុប​ចោល​លទ្ធផល​ប្រជា​មតិ​នោះទេ។

សូម​បញ្ជាក់​ថា បម្រាម​បិទ​ខ្ទប់​អាកាសយានដ្ឋាន​​គួដឌីស្ថាន​​នេះ បាន​ប្រកាស​ឡើង​​បន្ទាប់​ពី​ប្រធាន​គ្រប់គ្រង​តំបន់​ស្វ័យត​គួដឌីស្ថាន​បាន​រៀប​ចំ​ប្រជាមតិ​​ទាមទារ​ឯករាជ្យ​ប្រកប​ដោយ​ជោគជ័យ​ភ្លូក​ទឹក​ភ្លូក​ដី។ ប្រជាមតិ​ដែល​សហរដ្ឋ​អាមេរិក ក៏​ដូច​ជា​បណ្តា​ប្រទេស​ជិត​ខាង​ទាំង​ឡាយ ទើប​បាន​ប្រកាស​មិន​ទទួល​ស្គាល់ លទ្ធផល និង​បាន​អំពាវនាវ​ឱ្យ​គ្រប់​ភាគី​នាំ​គ្នា​ចរចា​ដោះស្រាយ​វិបត្តិ​ និង​ចេះ​អត់​ធ្មត់។

ចំណែក​ប្រធានាធិបតី​បារាំង ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ នៅ​យប់​មិញ​ដែរ អំពាវនាវ​​អ៊ីរ៉ាក់​រក្សា​​​ការ​រួបរួមជាតិ បង្រួបបង្រួម​ទឹក​ដី​​អ៊ីរ៉ាក់​តែ​មួយ​ តែ​មិន​ភ្លេច​អំពី​សិទ្ធិ​របស់​ពលរដ្ឋ​គួដឌីស្ថាន។ បារាំង​ចង់​ឃើញ​អ៊ីរ៉ាក់​រួបរួម​គ្នា ព្រោះ​អាទិភាព​របស់​អ៊ីរ៉ាក់​គឺ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម។ លោក​ប្រធានាធិបតី​បារាំង ម៉ាក្រុង​ក៏​បាន​អញ្ជើញ​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់​ឱ្យ​មក​បំពេញ​ទស្សនកិច្ច​នៅ​ប៉ារីស ដើម្បី​ជជែក​អំពី​បញ្ហា​នេះ នៅ​ថ្ងៃ​ទី​៥​តុលា​ សប្តាហ៍​ក្រោយ៕