អានតួអត្ថបទ

ឥណ្ឌូណេស៊ី ជម្លៀស​ប្រជាជន​ជា​កិច្ចការពារ​គេច​ពី​​ភ្នំភ្លើងសកម្ម

ប្រជាពលរដ្ឋ​ជាង ៣៤០០០​នាក់​បាន​នាំ​គ្នា​​គេចខ្លួន​​ពី​តំបន់​ជុំ​វិញ​ភ្នំភ្លើង​សកម្ម​ នៅ​កោះ​ទេសចរណ៍ដ៏​ល្បីល្បាញ បាលី ព្រោះ​ភ្នំភ្លើង​ ហាក់​មាន​សកម្មភាព​កាន់​តែ​សកម្មឡើងៗ​ អាច​ផ្ទុះ​ឆេះ​ជា​លើក​ទី​មួយ បន្ទាប់​ពី​សំងំ​អស់​រយៈ​ពេល​ជាង​កន្លះ​សតវត្សរ៍។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​អ្នក​ទទួល​ខុស​ត្រូវ​ឥណ្ឌូណេស៊ី នៅ​ថ្ងៃអាទិត្យ​នេះ។

ភ្នំភ្លើង​ Agungនៅ​កោះ​បាលី មាន​សកម្មភាព​កាន់​តែ​ខ្លាំងឡើងៗ
ភ្នំភ្លើង​ Agungនៅ​កោះ​បាលី មាន​សកម្មភាព​កាន់​តែ​ខ្លាំងឡើងៗ Antara Foto/Ahmad Subaidi/via REUTERS
ផ្សាយពាណិជ្ជកម្ម

ចំនួន​ពលរដ្ឋ​​ត្រូវជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង​មិន​ឆ្ងាយ​ពី​ភ្នំភ្លើង បាន​កើន​ឡើង​មួយ​ទ្វេ​ជា​បី គិតចាប់​ពី​​ថ្ងៃ​សុក្រ ថ្ងៃ​ដែល​ឥណ្ឌូណេស៊ី​ចេញ​ក្រឹត្យ​អាសន្ន​កំពូល​មក។ ហើយ​ប្រតិបត្តិការ​ជម្លៀស​នៅ​តែ​បន្ត​ធ្វើ​ ! ដូច្នេះ​​ចំនួន​ជនភៀសខ្លួន​នឹង​ត្រូវ​កើន​ឡើង​ទៀត។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ភ្នាក់ងារ​ជាតិ​គ្រប់គ្រងមហន្តរាយ​ធម្មជាតិ។

អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​បាលី ដែល​ទទួល​ភ្ញៀវ​ទេសចរ​រាប់​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ មិន​ទាន់​ត្រូវ​ប៉ះពាល់​ដោយ​វិធានការ​ការពារ​នេះ​ទេ ប៉ុន្តែ​អាជ្ញាធរ​បាន​ត្រៀម​ស្ថានការណ៍​រួច​ជា​ស្រេច​ហើយ ក្នុង​ករណី​ត្រូវ​បិទ​ជា​បន្ទាន់​ជា​យថាហេតុ​ណាមួយ។

ភ្នំភ្លើង​Agung ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៧៥​គីឡូម៉ែត្រ​ពី​ទី​ក្រុង​​ទេសចរណ៍ គូតា គ្រហឹម​តាំង​តែ​ពី​ខែ​សីហា​មក។ អាជ្ញាធរ​បាន​ចេញ​អនុសាសន៍ឱ្យ​ប្រជាពលរដ្ឋ​ ដក​ខ្លួន​មក​នៅឱ្យ​ឆ្ងាយជាង​៩​គ.ម.​ពី​មាត់​ភ្នំភ្លើង​។

ពេញ​មួយ​សប្តាហ៍​នេះ ការ​រញ្ជួយ​ដី​កំរិត​​ទាប​បាន​រំញ័រ​ភ្នំភ្លើង ជាហេតុ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជាង​មួយ​ម៉ឺន​នាក់​បង្ខំ​រត់​ចោល​ផ្ទះ។ នៅ​ថ្ងៃ​អាទិត្យ ការរញ្ជួយ​ដី​នៅ​តំបន់​ភ្នំភ្លើង​លែង​សូវ​ញាប់ តែ​ហាក់ដូច​ជា​​មាន​កម្លាំង​ខ្លាំង​ជាង​ថ្ងៃ​មុនៗ​។

សូម​បញ្ជាក់​ថា​ឥណ្ឌូណេស៊ី​មាន​ទីតាំង​ភូមិសាស្ត្រ​ស្ថិត​ចំ​លើ​ខ្សែ​ក្រវ៉ាត់​ភ្លើង​នៃ​តំបន់​ប៉ាស៊ីហ្វិក ដែល​ជា​ហេតុធ្វើ​ឱ្យ​ប្រទេស​នេះ​ងាយ​ជួប​គ្រោះ​រញ្ជួយ​ដី និង​ភ្នំភ្លើង​ញយ​។ ភ្នំភ្លើង​អាគូន នេះ​ធ្លាប់​បាន​ផ្ទុះ​ឆេះ​ឡើង​ កាលពី​ឆ្នាំ​១៩៦៣ ដែល​កាល​ណោះ​បាន​កំអែល​ភ្នំភ្លើង​បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ជាង​១ពាន់​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ