អានតួអត្ថបទ

ស៊ីរី​ប្រកាស​ជោគជ័យ​លើ​ពួក​ជីហាត​រដ្ឋអ៊ីស្លាម នៅ​អង្គការ​សហប្រជាជាតិ

បន្ទាប់​ពី​រំដោះ​បាន​ក្រុង​ រ៉ាកា កងកម្លាំង​រដ្ឋាភិបាល​ស៊ីរី បាន​ដណ្តើម​ទីតាំង​ចុងក្រោយ​មួយ​ទៀត ពី​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម នៅ​ថ្ងៃ​ម្សិលមិញ។ មាន​ន័យ​ថា ស៊ីរី​កំពុង​បោះ​ជំហាន​ទៅ​រក​ជោគ​ជ័យ​ទាំង​ស្រុង​លើ​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម​ហើយ។ នេះ​ជា​សេចក្តី​ប្រកាស​របស់​រដ្ឋមន្ត្រីក្រសួង​ការបរទេស​ស៊ីរី នៅ​លើ​វេទិកា​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដោយ​បញ្ជាក់​សេចក្តី​សង្ឃឹម​របស់​ខ្លួន​បន្ថែម​ទៀត​ថា នឹងអាច​រៀប​ចំដំណើរ​ការ​គ្រប់គ្រង​​តំបន់​រំដោះ​បាន​ក្នុង​ពេល​ឆាប់ៗ។

ប្រជាជន​អ៊ីរ៉ាក់ នៅ Shirqatស្វាគមន៍​ទាហាន​ដែល​បាន​រំដោះ​ក្រុង​ពី​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម
ប្រជាជន​អ៊ីរ៉ាក់ នៅ Shirqatស្វាគមន៍​ទាហាន​ដែល​បាន​រំដោះ​ក្រុង​ពី​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

“រំដោះ​បាន​ក្រុង​អាឡិប ប៉ាល់មៀរ រ៉ាកា គាល់​រំលើង​ទីតាំង​ពួក​ជីហាត​រដ្ឋអ៊ីស្លាម​នៅ​ Deir Ez Zour និង​កម្ចាត់កម្ចាយ​បាន​ពួក​ភេរវនិយម​ចេញ​ពី​តំបន់​មួយ​ចំនួន​ធំ​របស់​ស៊ីរី បញ្ជាក់​បាន​យ៉ាង​ច្បាស់​ថា ស៊ីរី​កំពុង​មាន​​ជោគជ័យ​លើ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ហើយ ! នេះ​ជា​ប្រសាសន៍​របស់​លោក​រដ្ឋមន្ត្រីការបរទេស​ស៊ីរី ថ្លែង​ទៅ​កាន់​អង្គមហាសន្និបាត​អង្គការ​ប្រជាជាតិ នៅ​យប់​មិញ។

ជា​ការ​ពិត នៅ​លើ​សមរភូមិ កងកម្លាំង​រដ្ឋាភិបា​ស៊ីរី ទើប​ដណ្តើម​កាន់​កាប់​បាន​ទីតាំង​ចុង​ក្រោយ​ នៅភាគ​នីរតី​នៃ​ខេត្ត​រ៉ាកា កាល​ពី​ថ្ងៃ​សៅរ៍​។ ឯ​ទីតាំង​ធំ​នៅ​កណ្តាល​ក្រុង​រ៉ាកា រដ្ឋធានី​​ស្វ័យ​ប្រកាស​របស់​អង្គការ​រដ្ឋអ៊ីស្លាម ក៏​ត្រូវ​បាន​កង​កម្លាំង​សម្ព័ន្ធប្រឆាំង​នឹង​ពួក​ជីហាត​ គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​ គ្រប់គ្រង​បាន​ នៅ​​សប្តាហ៍នេះ​ដែរ។ មូលដ្ឋាន​ចុង​ក្រោយ​បង្អស់ ជា​រោងចក្រ​ចម្រាញ់​ប្រេង​ដ៏​សំខាន់​របស់​ស៊ីរី​​នៅ​ភាគ​ខាង​កើត​ប្រទេស​ ក៏ទើប​ត្រូវ​កង​សម្ព័ន្ធ​អារ៉ាបគួដ​ដណ្តើម​បានដែរ។ ពោល​គឺ​នៅ​សល់​តែ​​​ការ​​បោស​សម្អាត​ ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម​ទៀត ដែល​សំងំ​លាក់​ខ្លួន​ នៅ​តាម​កន្លៀត​កន្លុក ក្រោម​ដី​ តែ​ប៉ុណ្ណោះ។

​ពី​លើ​វេទិកាអង្គការ​សហប្រជាជាតិ ប្រមុខ​ការទូត​ស៊ីរី ក៏​បាន​ស្វាគមន៍​តួនាទី​​ស្ថាបនា​របស់​រុស្ស៊ី និង​អ៊ីរ៉ង់ ជា​សម្ព័ន្ធមិត្ត​របស់​រដ្ឋាភិបាល​ និង​សង្ឃឹម​ថា​អាច​ដាក់​ឱ្យ​មាន​ដំណើរ​តំបន់​រំដោះ​ បាន​ក្នុង​ពេល​ឆាប់ៗ។

ការ​គ្រប់គ្រង​តំបន់​រំដោះ​ ជា​វិធានការ​បណ្តោះ​អាសន្ន​ ដែល​មិន​ត្រូវ​រំលោភបំពាន​ការ​បង្រួមបង្រួម​ដែនដី​តែមួយ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​រដ្ឋមន្ត្រី ដែល​បាន​អះអាង​ទៀត​ថា វិធានការ​នេះ​បាន​ចាប់​ដំណើរ​ការ​នៅ​ខែ​កញ្ញា​នេះ នៅ​ក្នុង​ខេត្ត​Idlib ក្រោម​ការ​តាមដាន​របស់​អ្នក​សង្កេត​ការណ៍​រុស្ស៊ី អ៊ីរ៉ង់ និង​តួកគី។

រុស្ស៊ី​​ តួកគី និង​អ៊ីរ៉ង់ បាន​ដឹកនាំ​ចរចា​តាំង​ពី​ជា​ច្រើន​ខែ​មក​ហើយ​នៅ​ក្រុង​Astana ​ដើម្បី​បញ្ចុះ​ភាព​តាន​តឹង​នៅ​ក្នុង​ប្រទេស​ស៊ីរី ដែល​កំពុងហែកហួរ​ដោយ​ភាគី​បក្សដិបក្ស​ជា​ច្រើន (មិន​រាប់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម) ទន្ទឹម​នឹង​ដំណើរការ​ដោះស្រាយ​វិបត្តិ​តាម​ផ្លូវការ​ទូត ដឹក​នាំ​ដោយ​អង្គការ​សហប្រជាជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ