អានតួអត្ថបទ
អ៊ីស្រាអែល-កាតា

រដ្ឋាភិបាល​​អ៊ីស្រាអែល​ ​​ចង់​​បិទ​​ការិយាល័យ​​​​របស់​​​បណ្តាញ​​ទូទស្សន៍​ Al-Jazeera ​​​

ប្រទេស ​អ៊ីស្រាអែល​ ទើប​បាន​ជូន​ដំណឹង​កាលពី​ថ្ងៃ​​អាទិត្យ៦សីហា​​ម្សិលមិញ​ អំពី​​ចេតនា​របស់​ខ្លួន​​​ដើម្បី​បិទ​​ការរិយាល័យ​​​របស់​​​បណ្តាញ​ទូរទស្សន៍កាតា​ឈ្មោះ ” Al-Jazeera” ។ Al-Jazeera ដែល​​ត្រូវ​​បាន​​អាជ្ញាធរអ៊ីស្រាអែល​ ចោទ​​​ថា”​ពន្យុះ​ ​ឲ្យកើត​មាន​អំពើ​ហឹង្សា​នៅ​លើ​ទឹកដី​អ៊ីស្រាអែល។​

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ Benyamin Netanyahu ​ថ្ងៃ​ទី​​៣០​កក្កដា​​នៅ​ទីក្រុង​​ Jérusalem. ​
នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ Benyamin Netanyahu ​ថ្ងៃ​ទី​​៣០​កក្កដា​​នៅ​ទីក្រុង​​ Jérusalem. ​ REUTERS/Amir Cohen
ផ្សាយពាណិជ្ជកម្ម

ជា​ថ្មី​ម្តង​ទៀត បណ្តាញ​ទូរទស្សន៍ Al-Jazeera ត្រូវ​​​ស្ថិត​នៅ​ក្នុង​ការ​ត្រួតពិនិត្យ​យ៉ាង​ល្អិត​ល្អន់​បំផុត​ពី​សំណាក់​​រដ្ឋាភិបាល​អ៊ីស្រាអែល។ លើកនេះ គឺ​​​ក្រសួង​ទំនាក់ទំនង​របស់​​អ៊ីស្រាអែល ​ដែល​នឹង​ស្នើលុប​ចោល​​ការ​ទទួល​ស្គាល់​ជា​ផ្លូវការ​នៃក្រុម​​អ្នកកាសែត​របស់ Al-Jazeera ​​​ក៏ព្រម​ទាំង​ការ​បញ្ឈប់​ការ​ត​ភ្ជាប់​ខ្សែ​កាប​និង​ផ្កាយ​រណប​របស់​ខ្លួន​ទៀត​ផង។

ទន្ទឹមនេះ ​ក្រសួង​​ទំនាក់​ទំនង​របស់​អ៊ីស្រាអែល នៅ​ក្នុង​សេចក្តី​ជូនដំណឹង​មួយរបស់ខ្លួន បានគូសបញ្ជាក់ថា “នៅ​ក្នុងអំឡុង​​ពេល​ចុង​ក្រោយ​នេះ បណ្តា​ប្រទេស​អារ៉ាប​ទាំងអស់​នៅ​ឈូង​សមុទ្រ​ពែក្ស​ ជា​អាទិ៍ អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប​​និង​ហ្ស៊កដានី បានធ្វើការ​​​សន្និដ្ឋាន​​​​រួមគ្នា​ថា​”​ Al-Jazeera “បាន​​​ញុះញង់​​ជម្រុញ​ឲ្យ​មាន​អំពើ​ភេរវនិយម​និង​​ភាព​ជ្រុល​និយម​ក្នុង​ផ្លូវ​សាសនា”។ ​​នៅ​ក្នុង​ស្ថានភាពបែប​នេះ គឺ​វា​​មិន​ទំនង​ទាល់​តែ​សោះ​ ​ដែល​យើង​ទុកឲ្យ​​​​បណ្តាញ​​ទូរទស្សន៍​នេះ​ នៅ​​បន្ត​ការ​ផ្សព្វផ្សាយព័ត៌មាន​​​នៅ​លើ​ទឹកដី​អ៊ីស្រាអែល"។

ក្រសួង​​ទំនាក់ទំនង​របស់​អ៊ីស្រាអែល ដដែល បាន​គូស​បញ្ជាក់​ទៀត​ថា “ក្រសួង​សន្តិសុខ​ជាតិ​អ៊ីស្រាអែល​នឹង​ចាប់ផ្តើម​ធ្វើ​និតិវិធី​មួយ ដើម្បី​បិទ​ការរិយាល័យ​របស់​ Al-Jazeera ​នៅ​លើទឹកដីអ៊ីស្រាអែល”។​

​កាលពី​សប្តាហ៍​មុន រដ្ឋមន្ត្រី​ក្រសួង​​ទំនាក់ទំនង​អ៊ីស្រាអែល ​លោក Ayoub Kara ​បាន​ជូនដំណឹង​ដែរ ​អំពី​ចេតនា​របស់​លោក​ដើម្បី​បិទ​ការ​រិយាល័យ​របស់​បណ្តាញ Al-Jazeera​។ គម្រោង​នេះ ត្រូវ​​បាន​លោក​ Netanyahu នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល ​អបអរសាទរ ​និង​វាយតម្លៃថា ​ជា​"វិធានការ​ជាក់​ស្តែងមួយ​​ដើម្បី​លុបបំបាត់​”ការពន្យុះ​អំពើ​ភេរវនិយម” នៅ​លើ​ទឹកដីអ៊ីស្រាអែល។

គួររំលឹកថា លោក​ Netanyahu ធ្លាប់​បាន​ដៀលត្មះ​បណ្តាញ​ទូរទស្សន៍ Al-Jazeera នេះ​រួច​មក​ហើយ នៅ​អំឡុង​​ពេល​​ផ្ទុះ​​​វិបត្តិ​​ឡើង​​នៅ​លើ​ទីលាន​​ព្រះ​វិហារ​អ៊ីស្លាម ដោយលោក​ចាត់​ទុក​ថា​” Al-Jazeera នេះ ​ធ្វើការ​​​ពន្យុះ​ផងដែរ​ ឲ្យ​មាន​ភាព​តានតឹង​​​នៅជុំវិញ​ទីកន្លែង​សក្ការៈ​បូជា​នានា​នៅក្នុង​​ទីក្រុង​ Jérusalem៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ