អានតួអត្ថបទ

នាយក​រដ្ឋមន្ត្រីអ៊ីស្រាអែល​រង​សម្ពាធ​កាន់​តែ​ខ្លាំង​ក្នុង​បទ​សង្ស័យ​ពុក​រលួយ

តើ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល នេតាន់យ៉ាហ៊ូ នឹង​អាច​ខ្ទាត​ចេញ​ពី​តំណែង​ឬ នៅ​លើក​នេះ ? អតីតសហការី​ដ៏​ជំនិត​របស់​លោក​ បាន​ព្រមព្រៀង នៅ​ល្ងាច​មិញ ជាមួយ​​តុលាការ​ ធ្វើ​ជា​សាក្សី​​ ដាក់​បន្ទុក​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋមន្ត្រី ក្នុង​សំណុំ​រឿង​សង្ស័យ​ពុក​រលួយ​ពីរ។ លោក​នេតាន់យ៉ាហ៊ូ បាន​ចេញមុខ​បដិសេធ​ច្រាន​ចោល​រាល់​ពាក្យ​ចោទ​ប្រកាន់​តែ​ទាំង​នោះ ប៉ុន្តែ​ការ​បំប៉ោង​ព័ត៌មាន​ទាក់​ទង​នឹង​ជោគវាសនា​ជា​ប្រមុខ​រដ្ឋាភិបាល​មាន​គ្រប់​យ៉ាង។

លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល Benyamin Netanyahu រូបថត​ថ្ងៃទី ៣០​កក្កដា ២០១៧
លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល Benyamin Netanyahu រូបថត​ថ្ងៃទី ៣០​កក្កដា ២០១៧ REUTERS/Amir Cohen
ផ្សាយពាណិជ្ជកម្ម

ការ​​​​​សង្ស័យលើ​លោក​នាយករដ្ឋមន្ត្រី​​ដែល​មាន​​ពី​មុន ហាក់​ដូច​ជា​កំពុង​ចាប់​ផ្តើម​រំលេចរូបភាព​កាន់​តែ​ច្បាស់​ឡើងៗ។ សំណុំ​រឿងពុក​រលួយបាន​វិវឌ្ឍន៍​ចូល​ដំណាក់កាល​ថ្មី ដោយលើក​នេះ​មាន​ប្រភព​ចេញពី​​មនុស្ស​ដែល​ធ្លាប់​ជា​ជំនិត ​របស់​លោក​តែ​ម្តង។

ម្សិលមិញ អតីត​សហការី​របស់​លោក​នាយក​រដ្ឋមន្ត្រី​ដែល​ត្រូវ​តុលាការ​ចាប់​ខ្លួន​កាលពី​ឆ្នាំ​២០១៥ ពី​បទ​ពុក​រលួយដែរ និង​ដើម្បី​ទទួល​ការ​បន្ធូរបន្ថយ​ទោស​ខ្លួន​ឯង ​បាន​ចុះ​ហត្ថលេខា​ព្រមព្រៀង​ជាមួយ​តុលាការ ធ្វើ​ជា​សាក្សី​ដាក់​បន្ទុក​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋមន្ត្រី ក្នុង​សំណុំ​រឿង​អង្កេត​ពុក​រលួយ​ពីរ​ករណី។

ប៉ូលិស​អ៊ីស្រាអែល សង្ស័យ​ និង​ធ្លាប់​កោះ​ហៅ​លោក​នេតាន់យ៉ាហ៊ូ​មក​សួរ​ចម្លើយ​ម្តង​ហើយ កាលពី​ដើម​ឆ្នាំ ពី​បទ​ពុក​រលួយ​និង​កេង​បន្លំ ដោយ​បាន​ទទួល​កាដូ​​ខុស​ច្បាប់​ពី​អ្នក​ជំនួយ​ជាតិ​និង​អន្តរជាតិ ព្រម​ទាំង​បាន​លួច​ចុះ​កិច្ចព្រម​ព្រៀង​ដោយ​ស្ងាត់ៗ​ជាមួយ​ម្ចាស់​សារព័ត៌មានជាតិ​អ៊ីស្រាអែល ដើម្បី​ឱ្យ​កាសែត​នេះ​ចុះ​ផ្សាយ​​តែ​ព័ត៌មាន​ល្អៗលើក​តម្កើង​លោក​នាយក​រដ្ឋមន្ត្រី។

តុលាការ​អ៊ីស្រាអែល​ ក៏​បាន​ទទួល​ការ​ព្រមព្រៀង​ពី​សាក្សី​ម្នាក់​ទៀត មក​ដាក់​បន្ទុក​លើ​រូប​លោក​នេតាន់យ៉ាហ៊ូដែរ តែ​លើក​នេះ​គឺ​ក្នុង​សំណុំ​រឿង​ទិញ​នាវា​មុជ​ទឹក​អាល្លឺម៉ង់។ ដំណឹង​នេះ បើ​តាម​ប្រភព​សារព័ត៌មាន​​អ៊ីស្រាអែល​ដដែល ​ធ្លាក់​មក​ជួន​ចំ​ពេល​ដែល​ភរិយា​របស់​លោក​នេតាន់យ៉ាហ៊ូ​ ទើប​ត្រូវ​បានប៉ូលិស​កោះ​ហៅ​ទៅ​សួរ​ចម្លើយ​​ ពី​បទ​ជាប់​សង្ស័យ​បង្វិល​លុយ​សាធារណៈ​​ទៅ​ចំណាយ​ក្នុង​កិច្ចការ​ឯកជន។

​ឡើង​កាន់​អំណាច​តាំង​ពី​ឆ្នាំ​២០០៩​ លោក​នេតាន់យ៉ាហ៊ូ​ ដែល​គេ​មើល​ឃើញ​​ថា​នឹង​​បន្ត​អាណត្តិ​ជា​នាយក​រដ្ឋមន្ត្រី​ជា​ថ្មី​​ទៀត បាន​ចេញ​មុខ​បដិសេធ​​រាល់​ការ​ចោទ​​ប្រកាន់ និង​អះអាង​អំពី​ភាព​ស្អាត​ស្អំ​របស់​លោក។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ដូច្នេះ​ ក៏​អ្នក​ធ្វើ​អត្ថាធិប្បាយ​ជា​ច្រើន​បាន​ឱកាស​នាំ​គ្នា​ស្រែក​ថា​ដល់​វេលា​ដែល​ត្រូវ​ប្តូរ​នាយក​រដ្ឋមន្ត្រី។ ពាក្យ​ចចាម​អារាម​ស្តី​ពី ការលាលែង​ចេញ​ពី​តំណែង​និង​បោះឆ្នោត​​មុន​អាណត្តិ​បា​ននិង​កំពុង​បន្ត​ផុស​ផុល​យ៉ាង​ខ្លាំង។

សូម​បញ្ជាក់​ថា​នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ដែល​លោក​នាយក​រដ្ឋមន្ត្រី​នេតាន់យ៉ាហ៊ូ​ វ័យ​៦៧​ឆ្នាំ ជាប់​សង្ស័យ​ពុក​រលួយ​នោះ។ នៅ​លើក​នេះ​ ថ្វី​បើ​ទម្ងន់​សម្ពាធ​មាន​ខ្លាំង​មែន តែ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​បាន​ចេញ​មុខ​ការពារ​ រួច​ទៅ​ហើយ​ថា​ទោះ​បី​ជា​តុលាការ​ធ្វើ​ការ​ចោទ​ប្រកាន់​ក្តី​​ ក៏​លោកនេតាន់យ៉ាហ៊ូ​គ្មាន​កាតព្វកិច្ច​ តាម​ផ្លូវ​ច្បាប់​ត្រូវ​លា​លែង​ចេញ​ពី​តំណែង​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ