rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កាតា អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម កូវ៉ែត

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អារ៉ាប៊ីសាអូឌីត​ពន្យារ​ឱសានវាទ​ឱ្យ​កាតា​៤៨​ម៉ោង

media
កាតាជាប់ចោទ​គាំទ្រ​ភេរវនិយម​ ទើប​ត្រូវ​ក្រុមប្រទេស​អារ៉ាប​ដាក់​ឱ្យ​ឯកា REUTERS/Thomas White

កាតា​បាន​អះអាង​ថា​នឹង​ផ្តល់​ចម្លើយ​ជា​លាយ​លក្ខណ៍​អក្សរ និង​ជា​ផ្លូវការ​ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ទៅ​ឱ្យ​កូវ៉ែត ជា​អន្តរការី។ ដោយ​សារ​មូលហេតុ​នេះ ទើប​អារ៉ាប៊ីសាអូឌីត និង​សម្ព័ន្ធមិត្ត​ បាន​ព្រមព្រៀង​ពន្យារ​ពេល​៤៨​ម៉ោង​ បន្ថែមទៀត​ឱ្យ​កាតា ហើយ​​គ្រោង​នឹង​ជួប​ប្រជុំ​គ្នា នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះទៀត ដើម្បី​ពិភាក្សា​ និង​ពិនិត្យ​​ចម្លើយ។


ទាល់​​តែ​ដល់​នាទី​ចុងក្រោយ ផុត​ឱសានវាទ​នៅ​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញតែ​ម្តង ទើប​កាតា​បានប្រាប់​ថា​នឹង​​​បញ្ជូន​លិខិត​មួយ​​ទៅ​ជូន​អន្តរការី កូវ៉ែត នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។ សំណេរ​លិខិត​ដែល​ជា​ចម្លើយ​ផ្លូវការ តប​នឹង​​លក្ខខណ្ឌ​១៣​ចំណុច​ស្នើ​ឡើង​ដោយ​អារ៉ាប៊ីសាអូឌីត និង​សម្ព័ន្ធ​មិត្ត។ បើ​តាម​សារព័ត៌មាន​ផ្លូវការ កូវ៉ែត​ពិត​ជា​បាន​ទទួល​​ចម្លើយ​ពី​កាតា​មែន ហើយ​បាន​ស្នើ​សុំ​ឱ្យ​មាន​កា​រពន្យារ​ឱសានវាទ​ចំនួន​៤៨​ម៉ោង។

អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម បារ៉ែន អេហ្ស៊ីប បាន​ទទួល​យល់​ព្រមតាម​សំណើ​របស់​អន្តរការី ប៉ុន្តែ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយបញ្ជាក់​​ថា​ពួកគេ​នឹង​សិក្សា​ ព្រមទាំង​វាយ​តម្លៃ​ចម្លើយ​របស់​ដូហា​ រួច​ទើប​ផ្តល់​សេចក្តី​សម្រេច​ទៅ​ឱ្យ​កូវ៉ែត​វិញ។

ក្រុម​រដ្ឋមន្ត្រីការបរទេស​នៃប្រទេស​ជា​​ក្រុម​សម្ព័ន្ធមិត្ត​របស់​អារ៉ាប៊ីសាអូឌីតនេះ នឹង​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​គែរ​ប្រទេស​អេហ្ស៊ីប នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ​តែ​ម្តង។

គេ​មិន​ដឹង​ថា​ក្នុង​ករណី​ត្រូវ​ជាប់​គាំង តើ​ក្រុម​ប្រទេស​អារ៉ាប់​ជា​គូជែង​នឹង​កាតា ជ្រើសរើស​​ដាក់​ទណ្ឌកម្ម​ក្រុង​ដូហា​ តាម​វិធី​ណា​ទេ​។ ​ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ និង​ធនាគារ​ ហាក់​ដូច​ជា​ទំនង​ជាងគេ។ ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ដែល​ខឹង​កាតា​មុន​គេ ក៏​បាន​រំលឹក​ឡើង​វិញ នា​ឱកាស​ជួប​ពិភាក្សា​តាម​ទូរស័ព្ទ​ ដាច់​ដោយ​ឡែក​ពី​គ្នា ជាមួយ​ព្រះចៅ​អារ៉ាប៊ីសាអូឌីត និង​បុត្រ​ស្នង​រាជ​កាតា ថា​ត្រូវ​បញ្ឈប់​​ការ​ផ្តល់​ហិរញ្ញវត្ថុដល់​ពួក​ភេរវនិយម។

អេមៀរ៉ា​បាន​ព្រមាន​បន្ថែម​ទៀត​ថា ការ​ដាក់​កាតា​ឱ្យ​នៅ​ឯកា​អាច​នឹង​អូស​បន្លាយ​ដល់​រាប់​ឆ្នាំ ប្រសិន​បើ​រក​មិន​ឃើញ​ការព្រមព្រៀង​គ្នា​ណា​មួយ។ ហើយ​ប្រសិន​បើ​កាតា​ ត្រូវ​ដក​ចេញ​ពីក្រុម​ប្រឹក្សា​សហប្រតិបត្តិការ​​តំបន់​ឈូង​សមុទ្ទ​ទៀត នោះ​អារ៉ាប៊ីសាអូឌីត និង​សម្ព័ន្ធពិត​ជា​អាច​ស្នើសុំ​ឱ្យ​ដៃគូពាណិជ្ជកម្ម​ទាំង​ឡាយ​ជ្រើសរើស​រវាង​ថា​តើ​ត្រូវ​បន្តរកស៊ី​ជាមួយ​ពួកគេ ឬ​ជាមួយ​កាតាហើយ៕