អានតួអត្ថបទ
អារ៉ាប៊ី សាអូឌីត​

អារ៉ាប៊ីី សាអួឌីត​​​ផ្លាស់​ប្តូរ​​រាជបុត្រ​ស្នងរាជ្យ​​ដែល​​​មាន​​​វ័យក្មេង​​​ត្រឹម​​​៣១​​​ឆ្នាំ​​​

នៅ​​ថ្ងៃ​​ពុធ​​នេះ ​ព្រះមហាក្សត្រ​​អារ៉ាប៊ីសាអ៊ូឌីត ​ផ្លាស់​ប្តូរ​​រាជទាយាទ​​ដោយ​​ដក​​សិទ្ធ​​ស្នងរាជ​ពី​​ក្មួយ​​មក​​ដាក់​​ឲ្យ​​កូន​​ប្រុស​​វិញ​។​ ​ព្រះអង្គម្ចាស់​ Mohammed ben Salmane ​ដែល​​ជា​​រដ្ឋមន្ត្រី​ក្រសួង​​កាពារ​ជាតិ​​នឹង​​ក្លាយ​​ជា​​រាជបុត្រ​​ស្នងរាជ្យ​​ទី​​មួយ​​វិញ​ ជំនួស​​បង​ប្រុស​​ជីដូន​​មួយ​​គឺ​​ព្រះអង្គម្ចាស់ ​​Mohamed bin Nayef។​​

ព្រះអង្គម្ចាស់​​ Mohammed ben ​Salmane  នាឱកាស​ទស្សនកិច្ច​​នៅ​ប៉ារីស​​ថ្ងៃ​​ទី​​២៤​​មិថុនា​​២០១៥​​
ព្រះអង្គម្ចាស់​​ Mohammed ben ​Salmane នាឱកាស​ទស្សនកិច្ច​​នៅ​ប៉ារីស​​ថ្ងៃ​​ទី​​២៤​​មិថុនា​​២០១៥​​ REUTERS/Charles Platiau/File Photo
ផ្សាយពាណិជ្ជកម្ម

ព្រះរាជ្យក្រឹត្យ​តែង​តាំង​ព្រះអង្គម្ចាស់​​ Mohammed ben Salmane ជា​រាជបុត្រ​ស្នង​រាជ្យ​ថ្មី​ បាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ទូទាំង​អារ៉ាប៊ីសាអ៊ូឌីត​ដោយហេតុថា​ព្រះអង្គ​ម្ចាស់​នេះ មាន​វ័យ​ក្មេង​អាយុ​ត្រឹមតែ​៣១​ព្រះវស្សា​។​​

មុន​នឹង​ត្រូវ​តែង​តាំង​ជា​រាជបុត្រ​ស្នងរាជ​ថ្មី​ ព្រះអង្គម្ចាស់ នេះ​ ធ្លាប់​មាន​កេរ្តិ៍​ឈ្មោះ​ដ៏​ល្បី​ល្បាញ ថា​ជា​បុគ្គលដ៏​​ឆ្លាត​វៀងវ័យ​ដ៏​អសារ្យ​និង​​ក្តោបក្តាប់​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ សំណុំ​ឯកសារ​នានា​របស់​ខ្លួន។

រាជទាយាទ​​ថ្មី​នេះ ក៏​មាន​ឥទ្ធិពល​​ខ្លាំងក្លា​ដែរ​​ទៅ​លើ​​បិតា​របស់​ទ្រង់​​គឺ​ព្រះមហាក្សត្រ​ Salmane​ ដែលបច្ចុប្បន្ន​​មាន​ព្រះជន្ម ៨១​ព្រះវស្សា​ទៅហើយ​។​មិនតែប៉ុណ្ណោះ ព្រះអង្គ ក៏​ជា​អ្នក​ផ្តួចផ្តើម​គំនិត​មុន​គេ​នៅ​ក្នុង​ការ​តាក់​តែង​កម្មវិធី​កំណែ​ទម្រង់​សេដ្ឋកិច្ច​ដ៏​ធំធេង​មួយ​សំរាប់​ប្រទេស​ជាតិ​ផង។

ក្រៅពី​មុខ​តំណែង​ជា​ឧបនាយក​រដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី​ការពារជាតិ រាជទាយាទ​ថ្មី​អារ៉ាប៊ីសាអ៊ូឌី​ត​ ​ក៏​មាន​តួនាទី​សំខាន់​ផ្សេង​ទៀត ដូច​ជា​មុខងារ​​ទីប្រឹក្សា​ពិសេស​របស់​ព្រះមហាក្សត្រ​ ជាពិសេស​ ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​​ទទួល​បន្ទុក​កិច្ចការ​សេដ្ឋកិច្ច​និង​ការ​អភិវឌ្ឈន៍​ដែល​ជា​ស្ថាប័ន​មួយ​សម្រាប់ការ​ត្រួតពិនិត្យ​លើ​ក្រុមហ៊ុន​យក្ខ​ទី​មួយ​របស់​អារ៉ាប៊ីសាអ៊ូឌីត​​ខាង​ផលិតប្រេង​នៅ​លើ​លោក​​ឈ្មោះ Aramco។

 

ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ការពារជាតិ​​ ព្រះអង្គម្ចាស់ ben Salmane បាន​ធ្វើការ​ត្រួតពិនិត្យ​លើ​ប្រតិបត្តិការ​យោធា​នានា​ដែល​អារ៉ាប៊ីសាអ៊ូឌីត​បាន​ចាប់​ផ្តើម​ធ្វើ​ឡើង​នៅ​យេមែន​និង​ដឹក​មុខ​កង​សម្ព័ន្ធអារ៉ាប់​កាលពី​ឆ្នាំ​២០១៥ ដើម្បី​​វាយ​ប្រយុទ្ធ​ពួក​ឧទ្ទាម​Chiites ​ដែល​អារ៉ាប់ប៊ីសាអ៊ូឌីត​ចោទ​ថា​មាន​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់។

នៅ​ឆ្នាំ ២០១៥​ដែរ ព្រះអង្គម្ចាស់ Salmane បាន​រៀបចំ​សន្និសីទ​សាព័ត៌មាន​លើក​ទី​មួយ​​ដើម្បី​ជូន​ដំណឹង​ពី​ការ​បង្កើត​សម្ព័ន្ធ​អ៊ីស្លាម​មួយ​ដែល​ចូល​រួម​ដោយ​បណ្តា​ប្រទេស​ចំនួន​៣៩​ដើម្បី​ប្រយុទ្ធប្រឆាំង​ទល់​នឹង​អំពើ​ភេរវនិយម​ជីហាត​នៅ​ខណៈ​ពេល​ដែល​លោក​ខាង​លិច បាន​ចោទ​ថា​អារ៉ាប៊ីសាអ៊ូឌីត ​មាន​ភាព​ធូរ​រលុង​​នៅ​ក្នុង​បញ្ហា​ពួក​អ៊ីស្លាមជ្រុលនិយម​ជីហាត​នេះ។

 

មាន​សញ្ញាប័ត្រ​ខាង​ផ្នែក​ច្បាប់​នៅ​សាកវិទ្យាល័យ King Saud ​ក្នុង​រាជធានី​រីយ៉ាត ​រាជទាយាទ​ថ្មី​របស់​អារ៉ាប៊ីសាអ៊ូឌីត មាន​បុត្រ ចំនួន​៤​នាក់​គឺ​ស្រី​២​និង​ប្រុស​២​​ តែ​ព្រះអង្គម្ចាស់​រូប​នេះ ពុំមែន​ជា​បុគ្គល​ដែលចូលចិត្ត​មាន​​ភរិយា​ច្រើន​ទេ ទោះបីជាប្រទេស​របស់ព្រះអង្គ បើក​សិទ្ធ​ឲ្យ​បុរស​អាច​មាន​ភរិយា​ជា​ច្រើន​នាក់​ក៏​ដោយ​ក្តី​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ