អានតួអត្ថបទ

អ៊ីរ៉ាក់ ការប្រយុទ្ធដណ្តើម​ទីតាំង​ជីហាត​ចុងក្រោយ​កាន់តែសន្ធោសន្ធៅ និងដល់វគ្គចូលឡោមព័ទ្ធ

នៅ​ថ្ងៃអង្គារ​នេះ កង​កម្លាំ​ងអ៊ីរ៉ាក់ កំពុងសម្រុក​​ប្រយុទ្ធ​យ៉ាង​សន្ធោសន្ធៅ​ ជាមួយ​ពួកជីហាត​​អង្គការ​រដ្ឋ​អ៊ីស្លាម ​ ក្នុងសង្កាត់​​ក្រុង​ចំណាស់​​ម៉ូស៊ូល ដែល​ទំនង​ជា​មូលដ្ឋាន​ចុង​ក្រោយ​របស់​ពួក​វា។ ប៉ុន្តែ​ឧសបគ្គ​មាន​ច្រើន ហើយ​ទន្ទឹម​គ្នា​នេះ ប្រជាជន​ស៊ីវិលជា​ច្រើន​កំពុង​ជាប់​កុន​ ក្លាយ​ជា​ខែល​របស់​ពួក​ជីហាត មាន​តែ​ប្រមាណ​៤​រយ​នាក់ប៉ុណ្ណោះ​ បាន​​រត់​​ចេញរួច​​ពី​ក្រុង ពីកណ្តាប់​ដៃ​ពួក​ជីហាត គិត​ត្រឹម​ពី​​ថ្ងៃ​ចន្ទមក។

កង​ពល​ទី​៩​របស់​អ៊ីរ៉ាក់​ នៅ​សមរភូមិ​ភាគ​ខាង​លិច​ក្រុង​ម៉ូស៊ូល
កង​ពល​ទី​៩​របស់​អ៊ីរ៉ាក់​ នៅ​សមរភូមិ​ភាគ​ខាង​លិច​ក្រុង​ម៉ូស៊ូល REUTERS/Alkis Konstantinidis
ផ្សាយពាណិជ្ជកម្ម

កង​កម្លាំងទ័ព​​អ៊ីរ៉ាក់ ​អាច​រំកិល​​ទៅមុខ​បាន​យឺតៗ​ជាង​មុន នៅ​ពេល​មក​ដល់​សង្កាត់​ក្រុង​ចំណាស់ ដែល​មាន​ផ្លូវ​ក្រវេច​ក្រវៀន ​តូច​ចង្អៀត​ និង​មាន​ប្រជាជន​រស់​នៅ​កកកុញ​ខ្លាំង ប៉ុន្តែ​​ការ​ប្រយុទ្ធលើ​សមរភូមិ ​នៅ​តែ​មាន​សន្ធឹក​ខ្លាំង តាម​​ផែនការ​ដដែល។ កង​ទ័ព​អ៊ីរ៉ាក់ បាន​ចូល​កាន់​តែ​កៀក​ក្រុង​ចាស់ និង​​ផ្តើម​​​ឡោម​ព័ទ្ធខ្ទប់​​ក្រុងនេះ​គ្រប់​​ជ្រុង ដោយ​រុល​ពី​ត្បូង​ តាម​រយៈ​​ជំនួយ​ពី​កង​ប្រដាប់​អាវុធ​ធុន​ធ្ងន់ ហើ​យដេញ​​ក្រសោប​ចុះពី​​ជើងទៅ​ខ្ទប់​នៅ​ជ្រុង​ខាង​កើត ដែល​ខណ្ឌ​ដោយ​​ទន្លេ Tigre។​

បើ​តាម​សេចក្តី​ប្រកាស​របស់​មេបញ្ជាការ​កង​ពល​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​អ៊ីរ៉ាក់ លោកឧត្តមសេនីយ៍ អាប់ដែល ហ្កានី អាល់អាសាឌី ឧបសគ្គមានកាន់​តែ​​ច្រើនហើយ ពួក​​ជីហាត​រដ្ឋ​អ៊ីស្លាម ក៏​ហាក់​ដូច​ជា​ក្រាញ​ និង​ធុន​កាន់​តែ​ខ្លាំង​ឡើងៗ ព្រោះ​ថា សង្កាត់​នេះ​ជា​ជង្រុក និង​ជា​កម្លាំង​​ចុង​ក្រោយ​របស់​ពួក​គេ​ហើយ ! ដូច្នេះគ្មានអ្វី​ដែល​​ត្រូវ​​ខ្លាច​​ទៀត​ទេ។​

សូម​បញ្ជាក់​ថា រដ្ឋាភិបាល​អ៊ីរ៉ាក់ បាន​បើកប្រតិបត្តិការ​​រំដោះ​ក្រុង​ម៉ូស៊ូល ក្រុង​ទី​ពីរ​របស់ប្រទេស​ អស់​រយៈ​ពេល​៨​ខែ​មក​ហើយ​។ ប្រតិបត្តិការ​នេះ​បាន​ទទួល​ការ​គាំទ្រ​​យ៉ាង​ច្រើន​ពី​សំណាក់​សម្ព័ន្ធអន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក។​ គឺទើប​តែ​កាលពី​​​ថ្ងៃអាទិត្យ​មក ​កងទ័ព​អ៊ីរ៉ាក់ ​បាន​​​សម្រុកប្រយុទ្ធដណ្តើមយក​​​ទី​តាំង​ចុងក្រោយ​របស់​ពួក​ជីហាត​ នៃ​​សង្កាត់​ក្រុងម៉ូស៊ូល​ចាស់​។ ប៉ុន្តែ​ពួក​ជីហាត​បាន​​បាញ់​កាំភ្លើង​ត្បាល់​ស្ទើរ​ឥត​ដាច់ និង​​កម្លាំងចាប់​លប​បាញ់ ព្រម​ទាំង​ដាក់​បង្កៃ​គ្រាប់​បែក​ច្នៃ​ ជា​ច្រើន​ ស្ទើរ​គ្រប់​ទិសទី តបប្រឆាំង​​នឹង​កង​កម្លាំងទ័ព​រដ្ឋ​អ៊ីរ៉ាក់។ពុំ​ទាន់​មាន​តុល្យការ​ច្បាស់​លាស់​ ស្តី​អំពី​ចំនួន​ជន​រងគ្រោះ​ទេ តែ​មាន​​អ្នក​កាសែត​បារាំង​ម្នាក់ ដែល​រង​របួស​ខ្លាំង​ក្នុង​បំផ្ទុះគ្រាប់​មីន បាន​ស្លាប់ ​ពីរ​នាក់​ទៀត បាន​រង​របួស អ្នក​កាសែត​ជាតិ​គួដឌីស្ថាន​ម្នាក់​ទៀត​ក៏​បាន​ស្លាប់​ដែរ។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​កងទ័ព​អ៊ីរ៉ាក់ ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ស៊ីវិល​ស្ថិត​នៅ​ឱ្យ​ឆ្ងាយ​ពីជីហាត និង​ធ្វើ​រត់​គេច​ខ្លួន​មក​រក​កង​កម្លាំង​រដ្ឋាភិបាល។ កាលពី​ថ្ងៃ​ចន្ទ​មាន​ជន​ស៊ីវិល​ប្រមាណ​៤០០​រយ​នាក់ បាន​សម្រុក​ចេញ​រួច តែ​នៅ​មាន​មនុស្ស​ប្រមាណ​ មួយ​​សែន​នាក់​ទៀ​ នៅ​បន្ត​ជាប់​កុន​ក្នុង​ក្រុង​ចាស់ និង​ត្រូវ​បាន​ពួក​ជីហាត​យក​មក​ប្រើ​ជា​ខែល​​សម្រាប់ទប់​ទល់​នឹង​​កម្លាំង​កង​ទ័ព​អ៊ីរ៉ាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ