rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អ៊ីរ៉ាក់ អង្គការ​រដ្ឋអ៊ីស្លាម ជីហាត ភេរវកម្ម សហរដ្ឋអាមេរិក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

កងទ័ព​អ៊ីរ៉ាក់​បើក​ការវាយប្រហារ​ដណ្តើម​យកទីតាំង​ចុងក្រោយ​របស់​ពួកជីហាត​នៅ​មូស៊ូល

media
ឧទ្ធម្ភាគចក្រ​របស់​កងទ័ព​អ៊ីរ៉ាក់​បាញ់​គ្រាប់​សំដៅ​ជំរក​របស់​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ភាគខាងលិច​ទីក្រុង​មូស៊ូល ថ្ងៃទី ១៧​មិថុនា ២០១៧ ©REUTERS/Alkis Konstantinidis

កងទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់ នៅថ្ងៃអាទិត្យ​ទី ១៨​មិថុនា ​បាន​បើក​ការប្រយុទ្ធ វាយប្រហារ​ទៅលើ​ក្រុង​បុរាណ នៅ​ទីក្រុង​មូស៊ូល ដែល​ជាទីតាំង​ចុងក្រោយ​របស់​ពួកជីហាត អង្គការ​រដ្ឋអ៊ីស្លាម នៅ​ក្នុង​ទឹកដី​អ៊ីរ៉ាក់។ មន្រ្តី​អង្គការ​សហប្រជាជាតិ​វិញ ព្រួយបារម្ភ​ពី​អាយុជីវិត​រាប់ម៉ឺន​នាក់​របស់​ប្រជាជន​ស៊ីវិល​អ៊ីរ៉ាក់ ដែល​កំពុង​នៅ​ជាប់​ក្នុង​ដៃ របស់​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ដែល​មាន​គោលដៅ​យក​ប្រជាជន​ស៊ីវិល​ជាខែល​បាំង​ការពារ ពី​ការវាយប្រហារ​របស់​កងទ័ព​អ៊ីរ៉ាក់ គាំទ្រ​ដោយ​សម្ព័ន្ធ​អន្តរជាតិ ដឹកនាំ​ដោយ​អាមេរិក។


ទីក្រុង​បុរាណ ដែល​កងទ័ព​អ៊ីរ៉ាក់​បើក​ការវាយប្រហារ នៅ​ថ្ងៃ​អាទិត្យ​នេះ គឺ​ជា​សំបុក​ទីតាំង​ចុងក្រោយ​របស់​ពួក​ជីហាត អង្គការ​រដ្ឋអ៊ីស្លាម នៅ​ទីក្រុង​មូស៊ូល។ តាំង​ពី​ខែ​តុលា​ឆ្នាំមុន ទីក្រុង​មូស៊ូល ដែល​បាន​ធ្លាក់​ទៅក្នុង​ដៃ​របស់​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ឆ្នាំ ២០១៤ ត្រូវ​បាន​កងទ័ព​រដ្ឋាភិបាល​អ៊ីរ៉ាក់ ដែល​មាន​ជំនួយ​ពី​យន្តហោះ​ចម្បាំង​របស់​សម្ព័ន្ធ​អន្តរជាតិ ដឹកនាំ​ដោយ​អាមេរិក វាយដណ្តើម​យក​បាន​មក​វិញ ប្រមាណ​៩០ភាគរយ។ ការវាយ​ដណ្តើម​យក​ក្រុង​បុរាណ នៅ​ថ្ងៃ​អាទិត្យ​នេះ គឺ​ជា​ទិសដៅ​របស់​កងទ័ព​រដ្ឋាភិបាល ដែល​ចង់​ដណ្តើម​បាន​ទាំងស្រុង​ទីក្រុង​មូស៊ូល​ពី​ដៃ​របស់​ក្រុមភេរវនិយម អង្គការ​រដ្ឋអ៊ីស្លាម។

 
បន្ទាប់​ពី​បរាជ័យ​ជា​បន្តបន្ទាប់ ក្រុមអង្គការ​រដ្ឋអ៊ីស្លាម​បាន​រួញ មក​ប្រមូលផ្តុំ​នៅក្នុង​ក្រុង​បុរាណ ដែល​កំពុង​ឡោមព័ទ្ធ​ដោយ​ទាហាន​រដ្ឋាភិបាល។ ប៉ុន្តែ ការវាយដណ្តើម​យក​ក្រុង​បុរាណ​ពី​ដៃ​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​គឺ​ជា​បេសកកម្ម​ដ៏​លំបាក និង​ស្មុគស្មាញ ព្រោះ​ថា ការវាយប្រហារ​ទ្រង់ទ្រាយធំ ដោយ​ប្រើ​រថក្រោះ និង​គ្រាប់បែក​ផ្លោង នឹង​អាច​សម្លាប់​ជីវិត​ប្រជាជន​ស៊ីវិល ដែល​ត្រូវ​បាន​ពួកជីហាត ចាប់ជំរិត យក​ធ្វើ​ជា​ខែល សម្រាប់​បាំង​ពី​ការវាយប្រហារ​របស់​កងទ័ព​អ៊ីរ៉ាក់។
 
អ្នកតំណាង​ឧត្តមស្នងការ​ទទួល​បន្ទុក​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ​វាយតម្លៃ​ថា ប្រជាជន​ស៊ីវិល​អ៊ីរ៉ាក់ ប្រមាណ ១សែន​នាក់ កំពុង​ស្ថិតនៅ​ក្នុង​ក្រុង​បុរាណ ដែល​កាន់កាប់​ដោយ​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ គេ​ដឹងទៀតថា ក្រុមនេះ​បាន​ចេញ​ទៅ​ចាប់​ប្រជាជន​ស៊ីវិល​ពីខាងក្រៅ ដើម្បី​យក​ទៅ​ធ្វើ​ជា​ខែល​មនុស្ស​នៅ​ទីក្រុង​បុរាណ។ គ្មានទឹក អាហារ និង​គ្មានភ្លើង​ប្រើប្រាស់ ប្រជាជន​ស៊ីវិល​អ៊ីរ៉ាក់ កំពុង​រស់នៅ​ក្នុង​ភាពអត់ឃ្លាន ហើយ​និង​ភ័យខ្លាច។ តាម​មន្រ្តី​អង្គការ​សហប្រជាជាតិ ខ្មាន់​កាំភ្លើង របស់​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ចាំ​បាញ់​សម្លាប់​ប្រជាជន​ដែល​ហ៊ាន​លួច​រត់គេច​ចេញ​ពីកណ្តាប់ដៃ​របស់ខ្លួន នៅ​ក្រុង​បុរាណ៕