rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កាតា បារ៉ែន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

បារ៉ែន​បញ្ជា​ឲ្យ​កងទ័ព​កាតា​ចាកចេញ​ជាបន្ទាន់​ពី​ទឹកដី​របស់ខ្លួន

media
សេ្តច​អារ៉ាប៊ី សាអូឌីត និង​ស្តេច​បារ៉ែន​ជួប​ពិភាក្សា​គ្នា នៅថ្ងៃទី ៧​មិថុនា ពីរថ្ងៃ​ក្រោយ​ប្រទេស​ទាំងពីរ​សម្រេច​កាត់ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​កាតា ©Bandar Algaloud/Courtesy of Saudi Royal Court/Handout via REUTE

ជម្លោះ តានតឹង​ការទូត​រវាង​កាតា និង​ក្រុមប្រទេស​អារ៉ាប់ នៅ​ឈូងសមុទ្រ​ពែក្ស ដឹកនាំ​ដោយ​អារ៉ាប៊ី សាអូឌីត ទំនងជា​មិន​ថមថយ​ចុះ​នោះទេ។ នៅ​ថ្ងៃអាទិត្យ ម្សិលមិញ រដ្ឋាភិបាល​បារ៉ែន ដែល​បាន​ប្រកាស​កាត់ផ្តាច់​ការទូត ជាមួយ កាតា រួចហើយ បាន​ប្រកាស​ទុកពេល​២​ថ្ងៃ ឲ្យ​កងទ័ព​កាតា ដែល​ចូលរួម​ក្នុង​កងទ័ព​សម្ព័ន្ធមិត្ត​របស់​អាមេរិក ចាកចេញ​ពី​ទឹកដី​បារ៉ែន។


ការបណ្តេញ​ចេញ​កងទ័ព​កាតា ចេញ​ពី​ទឹកដី​បារ៉ែន គឺ​ជា​វិធានការ​បន្ថែម ថ្មីមួយ​ទៀត ដែល​រដ្ឋាភិបាល​បារ៉ែន​ប្រើ​សម្រាប់​ប្រឆាំង​ដាក់​សម្ពាធ​លើ​ប្រទេស​កាតា នៅ​បន្ទាប់​ពី​បារ៉ែន អេមីរ៉ា អារ៉ាប់រួម អារ៉ាប៊ី សាអូឌីត និង​អេហ្ស៊ីប​ជា​ដើម​បាន​កាត់ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​កាតា​ដែល​គេ​ចោទ​ថា បាន​គាំទ្រ​ក្រុមអ៊ីស្លាម​ជ្រុលនិយម ដែល​ជាប្រភព​នៃអស្ថិរភាព​ក្នុង​តំបន់ ហើយ​និង​មានទំនាក់ទំនង​ជាមួយ​ប្រទេស​អ៊ីរ៉ង់។

តាម​ប្រភព​មិន​បញ្ចេញ​ឈ្មោះ ដែល​បាន​ផ្តល់​ព័ត៌មាន​ដល់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ ទាហាន​កាតា​ដែល​រដ្ឋាភិបាល​បារ៉ែន​បណ្តេញ​ចេញ ក្នុង​រយៈពេល ៤៨​ម៉ោង​ខាងមុខ គឺ​ជា​ទាហាន​ដែល​កំពុង​ចូលរួម​នៅក្នុង​កងកម្លាំង​អន្តរជាតិ NAVCENT ដែល​ស្ថិតនៅក្រោម​បញ្ជាការ​អាមេរិក និង​មាន​ទីស្នាក់ការ​កណ្តាល​នៅ​ប្រទេស​បារ៉ែន។
 
គេ​មិនដឹងថា តើ​មាន​ទាហាន​កាតា​ប៉ុន្មាន​នាក់​ដែល​ចូលរួម​នៅក្នុង​ប្រតិបត្តិការ​ទ័ព សម្ព័ន្ធ​អន្តរជាតិ។ កងកម្លាំង​សម្ព័ន្ធ​អន្តរជាតិ NAVCENT​ដឹកនាំ​ដោយ​អាមេរិក​មានទិសដៅ ធ្វើ​ប្រតិបត្តិការ​នៅ​តំបន់​ដើមបូព៌ា និង​អាស៊ី។ ទាហាន​កាតា​បាន​ចូលរួម​នៅក្នុង​កងទ័ពសម្ព័ន្ធមិត្ត តាំង​ពី​ឆ្នាំ ២០១៤ នៅក្នុង​ក្របខ័ណ្ឌ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម។ ប៉ុន្តែ ជាញឹកញយ ដើម្បី​វាយប្រហារ​ទៅលើ​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី អ៊ីរ៉ាក់ និងនៅ​អាហ្វហ្កានីស្ថាន អាមេរិក​ឧស្សាហ៍​ប្រើ​យន្តហោះ ចម្បាំង ចេញពី​មូលដ្ឋាន​ទ័ព​ដ៏​ធំ​របស់​ខ្លួន នៅក្នុង​ទឹកដី​កាតា។
 
នៅក្នុង​បទសម្ភាសន៍​ជាមួយ​វិបសៃតិ៍​ព័ត៌មាន​រុស្ស៊ី នៅ​ក្នុង​សប្តាហ៍នេះ ឯកអគ្គរាជទូត​បារ៉ែន ប្រចាំ​ក្រុងម៉ូស្គូ​បាន​អះអាងថា បារ៉ែន​មាន​ភស្តុតាង​ដែល​បង្ហាញ​ថា កាតា​គាំទ្រ ផ្តល់​ជំនួយ​ថវិកា​ដល់​ក្រុមអ៊ីស្លាម​ជ្រុលនិយម ក្រុមភេរវនិយម។ ហេតុផល​ដែល​ធ្វើ​ឲ្យ​បារ៉ែន និង​ប្រទេស​នៅ​ឈូង​សមុទ្រ​ពែក្ស​ផ្សេងទៀត កាត់ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​កាតា។ មួយវិញទៀត ភាពតានតឹង​រវាង​កាតា និង​ប៉ារែន​រឹតតែ​កើនឡើង​ខ្លាំង បន្ទាប់​ពី​បារ៉ែន​ចោទប្រកាន់​កាតា​ថា បាន​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប៉ារ៉ែន។ ការចោទប្រកាន់​ដែល​កាតា​បាន​ប្រឆាំង បដិសេធ ដាច់​អហង្កា៕