អានតួអត្ថបទ

ស៊ីរី​វាយ​សម្រុកចូល​​យក​ក្រុង​រ៉ាកា​ពី​​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម

នៅ​ថ្ងៃ​អង្គារ​នេះ យុទ្ធជន​អារ៉ាប និង​គួដឌីស្ថាន​នៅ​ស៊ីរី ដែល​គាំទ្រ​ឧបត្ថម្ភ​ដោយ​សហរដ្ឋ​អាមេរិក បាន​បើក​យុទ្ធនាការ​វាយ​សម្រុកចូល​​យក​​ក្រុង​រ៉ាកា Raqa។ ក្រុង​ដែល​ជា​ទីតាំង​ ​ដ៏​សំខាន់​របស់ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម នៅ​ស៊ីរី។ សម្រាប់​កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី នេះ​ជា​យុទ្ធនាការ​ផ្តាច់​ព្រ័ត្រ​ ដើម្បី​រំដោះ​ក្រុង។

អ្នក​នាំពាក្យ​កងទ័ព​ស៊ីរី​ប្រជាធិបតេយ្យ​លោក Talal Silo ប្រកាស​បើក​យុទ្ធ​នា​សម្រុក​ចូល​ក្រុង​រ៉ាកា
អ្នក​នាំពាក្យ​កងទ័ព​ស៊ីរី​ប្រជាធិបតេយ្យ​លោក Talal Silo ប្រកាស​បើក​យុទ្ធ​នា​សម្រុក​ចូល​ក្រុង​រ៉ាកា © Reuters
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន ​​បើក​ប្រតិបត្តិការ​ប្រយុទ្ធ​ទ្រង់ទ្រាយ​ធំ កម្ចាត់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម រុល​បន្តិច​ម្តង ក្នុង​តំបន់​ដ៏​ល្វឹង​ល្វើយ​​​ ​ទម្រាំ​​មក​ដល់​និង​ឡោម​ព័ទ្ធ​ក្រុងរ៉ាកា​នេះបាន​​ ដោយ​បាន​​ចំណាយ​ពេល​អស់​៧​ខែ កងកម្លាំង​ទ័ព​ប្រជាធិបតេយ្យ​ស៊ីរី បានប្រកាស​ នៅ​​ព្រលឹម​ថ្ងៃអង្គារ​ វាយ​សម្រុក​ចូលរំដោះរ៉ាកា និ​ងបាន​អំពាវនាវ​ឱ្យ​ជន​ស៊ីវិល​ទាំង​អស់ ដក​ខ្លួន​ឱ្យ​ឆ្ងាយ​ពី​ទីតាំង​របស់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម។

បើ​តាម​អង្គការ​ក្រៅរដ្ឋាភិបាល កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី ដែល​រួម​មាន​យុទ្ធជន​អារ៉ាប​និង​គួដឌីស្ថាន និង​ដែល​មាន​ជំនួយ​អាវុធ​ ព្រមទាំង​ទឹប្រឹក្សា​ប្រយុទ្ធ​លើ​សមរភូមិ​ថ្មើរ​ជើង​ពី​សម្ព័ន្ធអន្តរជាតិ ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​បាន​សម្រុក​ចូល​ក្រុង​តាម​ទិស​ខាង​កើត។ ហើយ​ការ​ប្រយុទ្ធ​គ្នា​ក៏សភាព​ហិង្សា​ខ្លាំង​នៅ​ភាគ​ខាង​កើត​និង​ជើង ព្រម​ទាំង​ភាគ​ខាង​លិច។
​​សម្ព័ន្ធ​អន្តរជាតិបាន​បើក​ការ​វាយប្រហារ​ផ្លូវ​អាកាស​អស់​ពេញ​មួយ​យប់រួច​ហើយ​ ដើម្បី​ជា​លក្ខណៈ​ត្រៀម​បើក​ផ្លូវ​ឱ្យ​ទ័ព​ជើង​គោក​នៅ​ថ្ងៃនេះ។ នេះ​បើ​តាម​ការ​លម្អិត​របស់​ក្រុម​អ្នក​សង្កេតការណ៍​សិទ្ធិមនុស្ស​ស៊ីរី។ យន្តហោះ​រុស្ស៊ី ក៏​បាន​ធ្វើ​ការ​វាយប្រហារ​តាម​ផ្លូវ​អាកាស​ដែរ​លើ​រាល​ក្បួន​រថយន្តអង្គការ​រដ្ឋ​អ៊ីស្លាម​​ណា​ដែល​ចាក​ចេញ​ពី​ក្រុង​រ៉ាកា។

សូម​បញ្ជាក់​ថា​ ក្រុង​រ៉ាកា បាន​ធ្លាក់​ចូល​ក្នុង​កណ្តាប់​ដៃ ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម នៅ​ឆ្នាំ​២០១៤ ឆ្នាំ​ដែល​អង្គការ​​នេះ​បាន​ស្វ័យ​ប្រកាស​បង្កើត​រដ្ឋ​កាលីហ្វា​។ រ៉ាកា​ មាន​ប្រជាជន​រស់​នៅ​ប្រមាណ​៣០​ម៉ឺន​នាក់ ក្នុង​នោះ ៨​ម៉ឺ​ននាក់​ជា​ភៀស​ខ្លួន​ពី​សង្គ្រាម​មក​ពី​​តំបន់​ផ្សេង។

អង្គការ​សហប្រជាជាតិ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សុវត្ថិភាព​ជន​ស៊ីវិល ដោយ​រាប់​ឃើញ ក្នុង​មួយ​ថ្ងៃៗ មាន​ជនភៀស​ខ្លួន​ប្រមាណ​៨០០​នាក់​ក្នុង​កំពុង​នាំ​សម្រុក​ចាក​ចេញ​ពី​ក្រុង​រ៉ាកា​​មក​កាន់​ជំរំ​​មនុស្សធម៌​ នៅចម្ងាយ​ប្រមាណ​៣០​គីឡូម៉ែត្រ​ពី​ភាគ​ខាងជើង​ក្រុង​។

ថ្វី​បើ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ហាក់​ដូច​បរាជ័យ​លើ​សមរភូមិ​មែន ប៉ុន្តែ​ពួក​ជីហាត​ជ្រុលនិយម​នេះ​នៅ​តែ​អាច​បន្ត​ធ្វើ​ភេរវកម្ម​មរណៈ​ជាច្រើន​នៅ​ស៊ីរី និង​អ៊ីរ៉ាក់​ឬ​ដល់​ក្រៅ​តំបន់​ដូចជា​នៅ​អង់គ្លេស​កាលពី​ពេល​ថ្មីៗ។ មិន​តែ​ប៉ុណ្ណោះ​ពួក​នេះ​នៅ​បន្ត​កាន់​កាប់​តំបន់​ជា​ច្រើន​របស់​ស៊ីរី ដូច​ភាគ​ខាង​ត្បូង​​ខេត្ត​រ៉ាកា និង​ខេត្ត​Dier Ezzor  ដែល​សម្បូរ​ប្រេងកាត​ តំបន់​ភាគ​កណ្តាល​ប្រទេស និង​តិច​តួច​នៅខេត្ត​ក្រុង​ជា​ច្រើន​ផ្សេង​ទៀត​រាប់​ទាំង​ ​ក្រុង​អាឡិប​(ភាគ​ខាង​ជើង) និង​ក្រុង​ដាម៉ាស៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ