rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អ៊ីស្រាអែល អង្គការ​រដ្ឋអ៊ីស្លាម អេហ្ស៊ីប

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អ៊ីស្រាអែល​បិទ​ច្រក​ព្រំដែន​ជាមួយ​អេហ្ស៊ីប​ រុកកែត​មួយ​គ្រាប់​បាន​ធ្លាក់​នៅ​ចូល​​ក្នុង​ទឹកដី​អ៊ីស្រាអែល​

media
ទាហានអេហ្ស៊ីប​ម្នាក់​កំពុង​ឈរឈម​ល្បាត​នៅ​ច្រក​ចេញចូល​​Taba​ ដែលជាព្រំដែន​រវាង​អ៊ីស្រាអែលនិង​អេហ្ស៊ីប​e (រូបភាព​ឯកសារ​) MAHMUD KHALED / AFP

 

ក្រោយពី​​អំពើ​​ភេរវកម្ម​ផ្ទួនៗ​​បង្ក​​ដោយ​ពួក​អ៊ីស្លាម​ជីហា​ត​​ប្រឆាំង​​ទៅ​​លើ​​វិហារ​គ្រឹស្តសាសនា​នៅ​​​អេហ្ស៊ី​ប​​​ក្នុង​ក្រុង​Tanta និង ​​Alexandrie កាលពី​​ថ្ងៃ​អាទិត្យ​​​៩​មេសា​មក ​អ៊ីស្រាអែល​ កំពុង​​ស្ថិត​​ក្នុង​​ភាព​​ប្រុង​ជើង​ការណ៍​​ដ៏​​ម័តធ្យ័ត​ខ្ពស់​បំផុត។ ជាពិសេស​នៅ​ខណៈពេល​ប្រារព្ធ​បុណ្យ Pâque ​ពេញ​មួយ​សប្តាហ៍​នេះ អ៊ីស្រាអែល បាន​សម្រេចចិត្ត​​​បិទ​ច្រកTaba កាលពីម្សិលមិញ​​ ​តំបន់​ព្រំដែន​ជាមួយ​អេហ្ស៊ីប​​ ដោយ​ការ​​បារម្ភ​​ខ្លាច​មាន​ការ​វាយប្រហារ​នានា​ក្នុង​ពេល​ឆាប់ៗ​នេះ​​​​ពី​សំណាក់​​ក្រុម​ជីហាត។ តែ​​​បន្ទាប់ពី​ការ​ជូនដំណឹង​នេះ​បាន​តែ​២​ឬ​៣​នាទី​​ប៉ុណ្ណោះ ស្រាប់​តែ​​រុកកែត​មួយ​គ្រាប់​​​​ផ្លោង​ចេញ​​​ពី​​តំបន់ Sinaï បាន​ធ្លាក់​នៅ​ក្នុង​ទឹកដី​អ៊ីស្រាអែលដែរ​។​ 


 

អ៊ីស្រាអែល បាន​ប្រកាស​សញ្ញា​អាសន្ន​ដោយ​ការ​វាយប្រហារ​​មីស៊ីល ក្រោយពី​ខ្លួន​បាន​ជូន​ដំណឹង​​​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​តែ ២ឬ​៣​នាទី​ប៉ុណ្ណោះ​នៅ​ក្នុង​​ការ​បិទ​ច្រក​​ចេញចូល​នៅ​ Taba ​ជាប់​ព្រំដែន​ជាមួយ​អេហ្ស៊ីប។ ដោយ​រុកកែត​មួយ​គ្រាប់​ដែល​បាញ់​ចេញ​ពី​តំបន់ ​Sinaï អេហ្ស៊ីប បាន​ធ្លាក់ចូលទៅក្នុងដែនដីអ៊ីស្រាអែល​​​​​ក្នុង​តំបន់​ Eshkol ​ជាប់ព្រំដែន​ជាមួយ​អេហ្ស៊ីប​​​និងដែនដី​ Gaza តែ​ពុំបាន​បណ្តាល​ឲ្យ​មាន​អ្នក​រង​របួសណាម្នាក់​ទេ​​ដោយហេតុ តែ​រុកកែត​​នោះ បានធ្លាក់​ទៅ​​លើ​វាល​ចំការ។

យោងតាម​កងទ័ព​អ៊ីស្រាអែល គ្រាប់​​មីស៊ីលនោះ ប្រហែល​ជា​បាញ់​ចេញ​ពី​តំបន់​ Sinaï។ ដោយ​​​ការ​​បារម្ភ​ខ្លាច​មាន​ការ​វាយប្រហារ​ជិត​មក​ដល់​នៅ​ក្នុង​តំបន់ ​អាជ្ញាធរ​អ៊ីស្រាអែល​ បាន​សម្រេចចិត្ត​បិទ​ច្រក​នៅ​Taba ជាប់​ព្រំដែន​ជាមួយ​អេហ្ស៊ីប​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ​ចំពោះ​​ប្រជាជន​​អ៊ីស្រាអែល​ ណា​ដែល​មាន​បំណង​ចង់​ធ្វើដំណើរ​ចេញ​ទៅកាន់​​តំបន់​Sinaï ​អេហ្ស៊ីប​។មិនតែប៉ុណ្ណោះ  អាជ្ញាធរអ៊ីស្រាអែល​ថែម​ទាំងបាន​​​អំពាវនាវ​​ឲ្យ​ប្រជាជន​ខ្លួន​ដែល​កំពុង​ស្ថិត​នៅ​​តំបន់​ Sinaïនោះ វិលត្រឡប់​​​ចូល​មក​ក្នុង​ប្រទេសជាបន្ទាន់វិញ​​តាម​​ច្រក​ចូល Taba នេះ។​
 
តែ​វិធានការ​ហាម​ពលរដ្ឋ​អ៊ីស្រាអែល​មិន​អោយ​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ប្រទេស​តាម​ច្រក Taba ​នោះ នឹង​​ត្រូវ​​បន្ត​​រហូត​ដល់​ថ្ងៃ​ទី​១៨​មេសា​ខាង​មុខ។

សេចក្តី​សំរេចចិត្ត​របស់​រដ្ឋអ៊ីស្រាអែលក្នុងការ​​បិទច្រកព្រំដែន​នេះ គឺ​​ដោយសារ​​អ៊ីស្រាអែល បាន​ព័ត៌មាន​ដ៏​ជាក់លាក់​មួយ​បញ្ជាក់​ពី​ផែនការ​វាយប្រហារ​របស់​ពួក​អ៊ីស្លាម​ជីហាត​ក្នុងការ​ប្រឆាំងទល់​នឹង​ប្រជាជន​អ៊ីស្រាអែល​នៅ​ Sinaï ជាពិសេស​​ការ​វាយប្រហារ​ភេរវកម្ម​នា​ពេល​ឆាប់ៗ​ខាងមុខ​​​ប្រឆាំង​ទៅ​លើ​ពួក​អ្នក​ទេសចេរ​នៅតំបន់​​​ Sinaï ​ រួម​ទាំង​ពលរដ្ឋ​អ៊ីស្រាអែល​ផង​ដែរ៕​​