rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ស៊ីរី ហ្សកដានី សម្ព័ន្ធអារ៉ាប់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

សម្ព័ន្ធ​អារ៉ាប​បើក​ជំនួប​កំពូល​ប្រចាំ​ឆ្នាំ​ ដោះស្រាយ​វិបត្តិស៊ីរី​និង​ភេរវនិយម​ ទាំង​គ្មាន​សុទិដ្ឋនិយម

media
ជំនួប​កំពូល​សម្ព័ន្ធ​អារ៉ាប់ ឆ្នាំ​២០១៦ STR / AFP

បណ្តា​ថ្នាក់​ដឹកនាំ​ប្រទេស​ជា​សមាជិក​សម្ព័ន្ធ​អារ៉ាប​ ត្រូវ​ជួប​ជុំ​គ្នា​ចាប់​ពី​ថ្ងៃ​ពុធ​ទី​២៩ មីនា នៅ​ប្រទេស​ហ្ស័កដានី ដើម្បី​បើក​ជំនួប​កំពូល​ប្រចាំ​ឆ្នាំ​របស់​ខ្លួន។ ​ជំនួបកំពូល ដ៏សាមញ្ញ​ តាម​​ទម្លាប់ ជា​លើកទី ២៨នេះ ​ត្រូវ​ផ្តោត​សំខាន់​ទៅ​លើ​សង្គ្រាម​ក្នុង​តំបន់ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវនិយម​ជីហាត ដែល​ហាក់​ដូច​ជា​គ្មាន​នរណា​បំបែក​បាន​សោះ។


ព្រះ​ចៅ​សាល់ម៉ាន ស្តេច​​​អារ៉ាប់៊ីសាអូឌីត ដ៏​មានឥទ្ធិពល​ ព្រមទាំង​មេ​​ដឹកនាំ​ចំនួន​១៦ប្រទេស​​ផ្សេង​ទៀត ក្នុង​ចំណោម​សមាជិក​សម្ព័ន្ធ​អារ៉ាប់ទាំង​​២២ បានបង្ហាញ​​ខ្លួន​​ ​នៅ​ក្នុង​ជំនួប​កំពូល​ប្រចាំ​ឆ្នាំ​លើ​ទី ២៨ ថ្ងៃ​នេះ នៅ​ប្រទេស​ហ្ស័កដានី អម​ដោយ​​វត្តមានតំណាងពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ដោះស្រាយ​វិបត្តិ​ស៊ីរី លោក ស្តាហ្វាន់ ដឺ ម៉ីស្តូរ៉ា Staffan de Mistura និង​អគ្គលេខា​ធិការ​អង្គការ​ប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែរក៍ Antornio Guterresផង។

របៀបវារៈ​នៃ​ជំនួប​កំពូល​ ត្រូវ​ផ្តោត​ជា​សំខាន់ ទៅ​លើ សង្គ្រាម​ ជម្លោះ​នៅ​ស៊ីរី ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​​ក្រុម​ជីហាត​អង្គការ​រដ្ឋ​អ៊ីស្លាម និង​អាល់កៃដា នៅ​ស៊ីរីនិង​អ៊ីរ៉ាក់ ប៉ុន្តែ​វិបត្តិ​នៅយេម៉ែន និង​នៅលីប៊ី ព្រមទាំង​​ជម្លោះ​រ៉ាំរ៉ៃ​គ្មាន​ច្រក​ចេញ​អ៊ីស្រាអែល-ប៉ាឡេស៊ីន ក៏​មិន​ត្រូវ​បាន​បំភ្លេច​ឡើយ។
 
កាលពី​​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍ ប្រធាន​សម្ព័ន្ធអារ៉ាប​ដែល​ជា​អ្នក​ដឹកនាំ​ជំនួប​ថ្ងៃ​នេះ បាន​អំពាវនាវ​ឱ្យ​ក្រុម​ប្រទេស​អារ៉ាប់​ទាំង​អស់ ដើរ​តួនាទី​ឱ្យ​កាន់​សកម្មខ្លាំង ដោះស្រាយ​វិបត្តិ​នៅក្នុង​តំបន់ ជាពិសេស​សង្គ្រាម​នៅ​ស៊ីរី ព្រោះ​​ជា​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មានសម្រាប់​​ប្រវត្តិសាស្ត្រ​​ថ្មី​ចុងក្រោយ​។ ស៊ីរី​ប្រទេស​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​ មិន​បាន​ចូល​រួម​ក្នុង​ជំនួប​នេះទេ ព្រោះ​​បាន​បាត់​បង់​អាសនៈ​នៅ​ក្នុង​សម្ព័ន្ធ​អារ៉ាប់ តាំង​ពី​ឆ្នាំ​២០១១​មក។
 
ប៉ុន្តែ​សម្រាប់​ក្រុម​អ្នក​វិភាគ​នយោបាយ ជំនួប​កំពូល​ឆ្នាំ​នេះ​ក៏​ដូច​ឆ្នាំ​មុន នឹង​គ្មាន​អភិនិហា​អ្វី​ទាំង​អស់ ! គ្មាន​ទេ​ការ​ភ្ញាក់ផ្អើល ! ហើយ​គេ​ក៏​មិន​រង់​ចាំ​លទ្ធផល​ដុំ​កំភួន​អ្វី​ប្រសូត​ចេញ​ពី​​ជំនួប​នេះ​ដែរ ព្រោះ​សម្ព័ន្ធ​អារ៉ាប់​មាន​ភាព​ប្រេះ​ឆា​ផ្ទៃក្នុង​យ៉ាង​ខ្លាំង បែងខ្ញែក​ជា​ក្រុមៗ​ច្រើន​ពេក។​ ដូច្នេះ​សម្ព័ន្ធ​អារ៉ាប់​ពិត​ជា​​អាច​ដោះស្រាយ​វិបត្តិ​ដែល​កំពុង​អង្រួញ​តំបន់​ដើមបូព៌ា​បាន​ឡើយ។
 
លោកអគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បាន​ព្រមាន​រួច​ហើយ ថា​កាលណា​បណ្តា​ប្រទេស​អារ៉ាប់​​​បែង​ខ្ញែក​គ្នា ប្រទេស​ផ្សេង​នឹង​ចូល​លូក​ដៃធ្វើ​​អន្តរាគមន៍ រួច​បង្ក​ឱ្យ​មាន​អស្ថិរភាព​ សម្រួល​ឱ្យ​មាន​វិបត្តិ​កាន់​តែ​ធ្ងន់ធ្ងរ ហើយពួក​ភេរវនិយម​កាន់​តែ​បាន​ដៃ។
 
សូម​បញ្ជាក់​ថា សម្ព័ន្ធអារ៉ាប់​មិន​សូវ​ស៊ី​ចង្វាក់​គ្នា​ទេ ! កាលពី​ឆ្នាំ​ទៅ ម៉ារ៉ុក​បាន​បដិសេធ​មិន​ព្រម​ទទួល​រៀប​ចំ​ជំនួប​ទេ ដោយ​សង្ស័យ​ថា​សម្ព័ន្ធ​អារ៉ាប់​មាន​សាមគ្គី​តែ​សម្បក​ក្រៅ។ ហ្ស័កដានី​សង្ឃឹម​ថា ​ ស្តេច​មូហាម៉េត​៦​របស់​ម៉ារ៉ុកនឹង​យាង​មក​ចូល​រួមប្រជុំ​ដែរ​​​ នៅ​ឆ្នាំ​នេះ៕