អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រទេស​កាតា​បាន​ផ្តើម​គិតគូរ​ធ្វើ​កំណែទម្រង់​លើ​ច្បាប់ការងារ​សម្រាប់​ពលករ​បរទេស

ចុះផ្សាយ​នៅ​ថ្ងៃ៖

 នៅ​ក្នុង​ប្រទេស​កាតា រដ្ឋាភិបាល​បាន​ផ្តើម​គិតគូរ​ធ្វើ​កំណែទម្រង់​ច្បាប់ការងារ​ដ៏​ចម្រូងចម្រាស​សម្រាប់​ពលករ​បរទេស​ដែល​គេ​ហៅ​ថា​ច្បាប់ « កាហ្វាឡា »។ សូម​ជម្រាប​ជូន​ថា​បច្ចុប្បន្ន​នេះ មាន​ពលករ​បរទេស​ជាង ២៥ម៉ឺននាក់ ពិសេស​មក​ពី​ទ្វីប​អាស៊ី​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​កាតា។ តែ​ច្បាប់ និង​លក្ខខណ្ឌ​ការងារ​សព្វថ្ងៃ​សម្រាប់​ពលករ​បរទេស​កំពុង​បន្ត​ទទួល​រង​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ក្រុម​អង្គការ​សិទ្ធិមនុស្ស និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។ 

ពលករបរទេស​ក្នុង​ប្រទេស​កាតា​កំពុង​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ
ពលករបរទេស​ក្នុង​ប្រទេស​កាតា​កំពុង​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ Marwan NAAMANI / AFP
ផ្សាយពាណិជ្ជកម្ម

 

អ្វី​ដែល​កាតា​ចង់​បាន​នៅ​ក្នុង​គម្រោង​កំណែទម្រង់​ច្បាប់​ការងារ​សម្រាប់​ពលករ​បរទេស​ពេល​នេះ គឺ​លុបចោល​ទាំង​ស្រុង​នូវ​ច្បាប់ « កាហ្វាឡា » ដ៏​ចម្រូងចម្រាស​ដោយ​ដាក់​ច្បាប់​ថ្មី​ផ្អែក​លើ​យន្តការកិច្ចសន្យា​ជំនួស​វិញ។ នេះ​ជា​គម្រោង​កំណែទម្រង់​ច្បាប់​ការងារ​ដ៏​ធំ​សម្រាប់​ពលករ​បរទេស​ដែល​កាតា​មិន​ធ្លាប់​បាន​ធ្វើ​ទេ​នា​ពេល​កន្លង​មក។ តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ច្បាប់​ការងារ​ថ្មី​នោះ​នឹង​ចប់​សព្វ​គ្រប់​នៅ​ពេល​ណា និង​អាច​ផ្តើម​អនុវត្តន៍​ចាប់​ពី​ពេល​ណា​ទៅ​ទេ។ យ៉ាង​ណា​ក៏​ដោយ នេះ​ពិត​ជា​ដំណឹង​មួយ​ល្អ​ណាស់​សម្រាប់​ពលករ​បរទេស​ទាំង​ជាង ២៥ម៉ឺន​នាក់​ដែល​កំពុង​បំពេញ​ការងារ​នៅ​ក្នុង​ទឹកដី​អារ៉ាប់​អ្នកមាន​មួយ​នេះ។

សូម​ជម្រាប​ជូន​ថា តាំង​ពី​ប្រទេស​កាតា​ទទួល​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួតកីឡាបាល់ទាត់​ពិភពលោក​នា​ឆ្នាំ ២០២២ មក រដ្ឋាភិបាល​ទីក្រុង​ដូហា​ត្រូវ​ការ​កម្លាំង​ពលករ​បរទេស​យ៉ាង​ច្រើន​ដើម្បី​សាងសង់​ពហុកីឡាដ្ឋាន​ថ្មី និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ឡើង​វិញ។ តែ​បញ្ហា​នៅ​ត្រង់​ថា ច្បាប់​ការងារ​សព្វថ្ងៃ​សម្រាប់​ពលករ​បរទេស​ហៅ​ច្បាប់ « កាហ្វាឡា » បាន និង​កំពុង​បន្ត​ក្លាយ​ជា​ផ្ទាំងស៊ីប​នៃ​ការ​រិះគន់ និង​ការ​វាយប្រហារ​ពី​សំណាក់​ក្រុម​អង្គការ​សិទ្ធិមនុស្ស និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន។ ក្រុម​អង្គការ​សិទ្ធិមនុស្ស​បាន​ប្រដូច​ច្បាប់ « កាហ្វាឡា » ទៅ​នឹង​ទាសភាព​សម័យ​ទំនើប​ដែល​ធ្វើ​ឲ្យ​ពលករ​បរទេស​ទាំង​នោះ​ប្រឈម​នឹង​ភាព​ងាយ​រងគ្រោះ។

ច្បាប់ « កាហ្វាឡា » បាន​អនុញ្ញាត​ឲ្យ​ថៅកែ​មាន​សិទ្ធិ​ពេញទី​ក្នុង​ការ​ហាមឃាត់​ពលករ​មិន​ឲ្យ​ទៅ​បម្រើការ​នៅ​កន្លែង​ផ្សេង ឬ​ដកហូត​លិខិត​ឆ្លងដែន​របស់​ពលករ​មិន​ឲ្យ​ចាកចេញ​ពី​ប្រទេស​ជា​ដើម។ ជាមួយ​នឹង​ច្បាប់ « កាហ្វាឡា » ពលករ​បរទេស​គ្រប់រូប​ដែល​ចង់​ប្តូរ​ការងារ​ថ្មី ឬ​មួយ​ក៏​ចង់​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ចាំ​បាច់​ត្រូវ​តែ​ស្គាល់​ក្រុមហ៊ុន ឬ​ពលរដ្ឋ​កាតា​ណា​ម្នាក់​នៅ​កាតា​ចេញ​មុខ​ធានា និង​មាន​ការ​អនុញ្ញាត​ពី​ក្រុមហ៊ុន ឬ​ពលរដ្ឋ​កាតា​រូប​នោះ។ តែ​ច្បាប់​ការងារ​ថ្មី​ដែល​ផ្អែក​លើ​យន្តការកិច្ចសន្យា​នឹង​ផ្តល់​ការ​ធានា​បន្ថែម​លើ​ពលករបរទេស ពិសេស​ផ្តល់​លទ្ធភាព និង​សិទ្ធិសេរីភាព​ក្នុង​ការ​ជជែក​តវ៉ា​ផ្ទាល់​ជាមួយ​ថៅកែ។

ជា​ការ​ពិត ការ​ចង់​បាន​របស់​ពលករបរទេស​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​កាតា គឺ​ច្បាប់​ការងារ​ថ្មី​ដែល​នឹង​អនុញ្ញាត​ឲ្យ​ពួក​គេ​ទទួល​បាន​លក្ខខណ្ឌ​ការងារ​ថ្មី។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា បញ្ហា​ជា​អាទិភាព​របស់​ពួក​គេ​នៅ​តែ​ផ្តោត​សំខាន់​លើ​ប្រាក់ខែ ពោល​គឺ​គម្លាត​រវាង​ចំនួន​ប្រាក់ខែ​ដែល​បាន​សន្យា​នៅ​មុន​ពេល​ដាក់​ជើង​ជាន់​ទឹកដី​កាតា និង​ប្រាក់ខែ​ដែល​ទទួល​បាន​ជាក់ស្តែង​នៅ​ពេល​មក​ដល់​ប្រទេស​កាតា។ ពលករ​បរទេស​ដែល​ភាគច្រើន​មក​ពី​ប្រទេស​អាស៊ី​ក្រីក្រ ដូច​យ៉ាង​នេប៉ាល់ ឬ​បង់ក្លាដែស​បាន​រអ៊ូរទាំ​ថា ប្រាក់ខែ​ដែល​ពួក​គេ​ទទួល​បាន​ពិត​ប្រាកដ​មិន​សក្តិសម​នឹង​ទម្ងន់​ការងារ​ដ៏​លំបាក និង​ប្រកប​ដោយ​គ្រោះថ្នាក់​ទេ។

ជា​ទូទៅ ប្រាក់ខែ​ដែល​សន្យា​ឲ្យ​ជាង ៣០០ដុល្លារ តែ​ជាក់ស្តែង​ទទួល​បាន​តែ​ពាក់កណ្តាល​ប៉ុណ្ណោះ។ ក្រៅ​ពី​ជួប​ប្រទះ​នឹង​គម្លាត​រវាង​ប្រាក់ខែ​សន្យា និង​ប្រាក់ខែ​ទទួល​បាន​ជាក់ស្តែង ពួក​គេ​ក៏​ត្រូវ​ប្រឈម​នឹង​ការ​ដែល​ថៅកែ​បើក​ប្រាក់ខែ​ឲ្យ​មិន​ទៀងទាត់​ដែរ។ ម្យ៉ាង​ទៀត​មុន​នឹង​អាច​ទទួល​បាន​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​កាតា មាន​ពលករ​ខ្លះ​បាន​បង់ប្រាក់​ឲ្យ​ទីភ្នាក់ងារ​ក្នុង​ស្រុក​របស់​ខ្លួន​ជាង ៨ ០០០ដុល្លារ។ គឺ​ជា​ទឹកប្រាក់​ដ៏​ច្រើន​សម្បើម​ដែល​ពលករ​រូប​នោះ​ត្រូវ​ខ្ចី​លុយ​គេ និង​សន្យា​សន្សំ​លុយ​នៅ​កាតា​ដើម្បី​សង​វិញ។ បើ​រូប​ពលករ​នោះ​នៅ​លីវ​មិន​សូវ​ជា​ចំណោត​ទេ តែ​សម្រាប់​ពលករ​ជា​មេគ្រួសារ​វិញ ត្រូវ​សន្សំ​លុយ​ដើម្បី​សង​គេ​ផង និង​ចិញ្ចឹម​គ្រួសារ​នៅ​ស្រុក​កំណើត​ផង។

តាម​របាយការណ៍​មួយ​ក្រោម​ចំណងជើង​ថា « រូបភាព​នៃ​ក្រុម​ជនអន្តោប្រវេសន៍​តម្លៃ​ថោក​នៅ​កាតា​សព្វថ្ងៃ » ឲ្យ​ដឹង​ថា មាន​ពលករបរទេស​ដល់​ទៅ ២១% ត្រូវ​បាន​ថៅកែ​បើកប្រាក់ខែ​ឲ្យ​មិន​ទៀងពេល​ទេ។ ថ្មីៗ​កន្លង​ទៅ រដ្ឋាភិបាល​កាតា​ក៏​ធ្លាប់​បាន​អនុម័ត​ច្បាប់​មួយ​ផាកពិន័យ​ថៅកែ​ជា​ប្រាក់ និង​ដាក់​គុក​ពី​បទ​យឺតយ៉ាវ​ក្នុង​ការ​បើក​ប្រាក់ខែ​ឲ្យ​ពលករបរទេស​របស់​ខ្លួន។ តែ​រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​មាន​ការ​ដាក់ទោស​លើ​ថៅកែ​ណា​មួយ​ចំពោះ​បញ្ហា​នេះ​ទេ។ ជា​ថ្មី​ម្តង​ទៀត ពលករបរទេស​សង្ឃឹម​ថា គម្រោង​បង្កើត​ច្បាប់​ការងារ​ថ្មី​ដោយ​ផ្អែក​លើ​យន្តការកិច្ចសន្យា​នឹង​ជួយ​ការពារ​ពួក​គេ ពិសេស​ធានា​សន្តិសុខ​រឿង​ប្រាក់ខែ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ