អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សន្និសីទ​​អាកាសធាតុ COP22 ​មាន​លទ្ធផល​យ៉ាងណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុម​ប្រទេស​ចំនួន​ជិត ១៩០ ដែល​មក​ជួប​ជុំ​គ្នា​នៅ​ក្រុង​ម៉ារ៉ាកេស្ហ ប្រទេស​ម៉ារ៉ុក ត្រូវ​បូក​សរុប​ការងារ​ និង​បិទ​បញ្ចប់​​​សន្និសីទ​អន្តរជាតិ​ស្តីអំពី​អាកាស​ធាតុ រៀប​ចំ​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃទី ១៨ វិច្ឆិកា ២០១៦​។ ថ្វី​បើ​សន្និសីទ​អន្តរជាតិ​ប្រព្រឹត្ត​ទៅ​ក្នុង​បរិបទ​មិន​ប្រាកដ​ប្រជា ដោយ​មូលហេតុ​ជោគជ័យ​ដ៏​ភ្ញាក់ផ្អើល​របស់​លោក​ដូណាល់ ត្រាំ ជា​ប្រធានាធិបតី​ក៏​ដោយ ក៏​ជំនួប​ប្រជុំ​លើក​នេះ​មាន​កម្មវត្ថុ​ដដែល​ គឺ​ធ្វើ​ឱ្យ​មាន​ភាព​ជឿន​លឿន​ទៅ​មុខ កា​រអនុវត្ត​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ស្តីអំពីអាកាសធាតុ។ តើ​សន្និសីទ​​សម្រេច​បាន​ការ​អ្វី​ខ្លះ ?

វេទិកា​សន្និសីទ​អាកាសធាតុ​ COP22 នៅ​Marrakech ប្រទេស​ម៉ារ៉ុក ថ្ងៃទី ១៧ វិច្ឆិកា ២០១៦
វេទិកា​សន្និសីទ​អាកាសធាតុ​ COP22 នៅ​Marrakech ប្រទេស​ម៉ារ៉ុក ថ្ងៃទី ១៧ វិច្ឆិកា ២០១៦ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

សន្និសីទ​អន្តរជាតិ​ស្តីពី​អាកាសធាតុឆ្នាំ​២០១៥ បាន​សម្រេច​អំពី​អ្វី​ដែល​ពិភពលោក​ត្រូវ​ធ្វើ ឯ​សន្និសីទក្រុង​ម៉ារ៉ាកេស្ហ ត្រូវ​ពិភាក្សា​គ្នា​ថា គួរ​ធ្វើ​យ៉ាង​​ដូចម្តេច​ទើប​អាច​អនុវត្ត​កិច្ចព្រមព្រៀង​ប៉ារីស​បាន។

គ្រប់​គ្នាទន្ទឹង​​រង់​ចាំលទ្ធផលនៃ​សន្និសីទ​អាកាសធាតុ​លើក​ទី ២២​នេះ ​ ​ខ្លាំង​ណាស់​។ ​បើ​យោល​ទៅលើ​បរិបទ​អន្តរជាតិ គេ​អាច​ចាត់​ទុក​លទ្ធផល​នៃ​សន្និសីទ​ មាន​ការ​ជឿន​លឿន​ទៅ​មុខ​។ សូម​បញ្ជាក់​ថា សន្និសីទ​អន្តរជាតិ​ បាន​ចាប់​បើក​នៅ​ថ្ងៃ​ទី ៧ វិច្ឆិកា ថ្ងៃទី៨ គេ​បាន​ស្គាល់​មុខ​អនាគត​ប្រធានាធិបតី​អាមេរិក គឺ​​លោក​ដូណាល់ ត្រាំ ដែល​ធ្លាប់​តែ​​បរិហារ​មិន​សំចៃ​មាត់​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស​នោះ។​ ​លទ្ធផល​ឆ្នោត​អាមេរិក​បាន​ធ្វើ​អ្នក​ចរចា​អាកាសធាតុ​ធ្លាក់​ក្នុង​ស្ថានភាព​ក្រឡាប់​ចាក់​យ៉ាង​ខ្លាំង។

សេចក្តី​ថ្លែងការណ៍​ម៉ារ៉ុក​

ប៉ុន្តែ​​ពេល​គ្រប់​គ្នា​កំពុង​ស្ថិត​ក្នុង​ភាព​សង្ស័យ ​ម៉ារ៉ុកជា​ម្ចាស់​ផ្ទះបាន​​ចេញ​សេចក្តី​ប្រកាស​ដ៏​ទាក់ទាញ​មួយ​ថា “សហគមន៍​អន្តរជាតិ ជា​ប្រមុខ​រដ្ឋ ​ប្រមុខ​រដ្ឋាភិបាល និង​ប្រតិភូ​ ដែល​មក​ជួប​ជុំ​គ្នា​នៅ​ទីក្រុង​ម៉ារ៉ាកេស្ហ សូម​អំពាវនាវ​ឱ្យ​មាន​កិច្ចសន្យា​នយោបាយ​ខ្ពស់​បំផុត ដោយ​គ្រប់​គ្នា​បង្កើន​​មហិច្ឆតា​ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ »។ អត្ថបទ​ដែល​រំលឹក​អំពី​ភាព​បន្ទាន់​នៃ​ការ​ខិត​ខំប្រែង​របស់​រដ្ឋ​នីមួយៗ ក្នុង​ការ​គោរព​កិច្ចព្រមព្រៀង​​អាកាសធាតុ​ក្រុង​ប៉ារីស។ កិច្ចព្រមព្រៀង​សំដៅ​ទប់​ស្កាត់​ការ​ឡើង​កម្តៅ​នៃ​ភពផែនដី កុំ​ឱ្យ​ឡើង​លើស​ពី​ពីរ​អង្សារ។

ជាង​នេះ​ទៅ​ទៀត សេចក្តី​ថ្លែងការណ៍​ ក៏​បាន​បញ្ជាក់​ដែរ​អំពី​សាមគ្គីភាពដ៏មុតមាំ​ជាមួយ​ប្រទេស​រង​ហានិភ័យ​ខ្ពស់ និង​អះអាង​អំពី​កម្មវត្ថុត​ប្រមូល​ថវិកា​ឱ្យ​បាន​១០០​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ សម្រាប់​ជួយប្រទេស​ដែល​រង​ផលវិបាក​ខ្លាំង ពី​ការ​ប្រែប្រួល​អាកាសធាតុ។

ពន្លឿន​ពេល​អនុវត្ត​កិច្ចព្រមព្រៀង​អាកាសធាតុ​

បញ្ហា​ហិរញ្ញវត្ថុ​ នៅ​តែ​ជា​ប្រធានបទ​មួយ​ដ៏​រសើប​បំផុត។ ក្រុម​ប្រទេស​អ្នក​មាន បាន​សន្យា​ជួយ​ប្រទេស​ក្រីក្រ​ និ​ងប្រទេស​កំពុង​អភិវឌ្ឍន៍​ ក្នុង​ការ​កំរិត​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​ការពារ​ខ្លួន​អំពីគ្រោះ​​ហានិភ័យ​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ ដោយ​ផ្តល់​ជា​ជំនួយ​ហិរញ្ញវត្ថុ ការ​ផ្ទេរបច្ចេកវិទ្យា និង​ជំនាញ។ តែ​ក្រុម​ប្រទេស​អ្នក​មាន​មក​ប្រជុំ​ដៃ​ទទេ ​ភាព​ប្រេះឆា រវាង​ប្រទេស​អ្នកមាន​និង​អ្នក​ក្រ​ បាន​លេច​ឡើង​ជា​ថ្មី នៅក្នុង​សន្និសីទ​លើក​នេះ​ទៀត កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​​ពេញ​មួយ​សប្តាហ៍​នេះ​ មាន​ការ​ជឿន​លឿន​តិច​តួច​បំផុត។

ប៉ុន្តែ​ទោះបី​ជា​គ្មាន​ការ​ជឿនលឿន​អ្វី​គួរ​ឱ្យ​កត់​សម្គាល់​ខ្លាំង ដូច​លទ្ធផល​នៅ​ក្រុង​ប៉ារីស​ក៏​ក្តី ក៏​ក្រុម​និង​ស្ថាប័ន​អង្គការ​ការពារ​បរិស្ថាន​ពេញ​ចិត្ត​ដែរ ព្រោះ​យ៉ាង​ហោច​ណាស់ សន្និសីទ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ដោយ​​គ្មានការរាំង​ស្ទះ និង​ ​បាន​ធ្វើ​ឱ្យ​ពិភពលោក​ចំណេញ​ពេល​ពីរ​ឆ្នាំ។

រាល់​វិធានការ​​ដែល​ត្រូវ​អនុវត្ត​ស្រប​តាម​​កិច្ចព្រមព្រៀង​អន្តរជាតិ​ក្រុង​ប៉ារីស ត្រូវ​ផ្តើម​អនុវត្ត​ជា​ធរមាន នៅ​ឆ្នាំ​២០២០។ តែ​ដោយ​សារ​ការ​ងារ​នៅ​ក្នុង​សន្និសីទ​ក្រុង​ម៉ារ៉ាកេស្ហ និង​ដោយ​យល់​ពីភាព​ប្រឈម​បន្ទាន់​នឹង​អាកាសធាតុ ការ​អនុវត្ត​កិច្ចព្រមព្រៀង​​ក្រុង​ប៉ារីស ត្រូវ​បាន​បង្ខិត​​មក​មុខ​​ពីរ​ឆ្នាំ។ ការ​ពន្យឿន​កាលបរិច្ឆេទ វិធានទាំង​ឡាយ​នឹង​ត្រូវ​សម្រេច​ចាប់​ពី​ឆ្នាំ​២០១៨​ទៅ ដែល​នេះ​ចាត់​ទុក​ជា​លទ្ធផល​គួរ​ឱ្យ​កត់​សម្គាល់​បំផុត​ នៃ​សន្និសីទCOP22។

​មើល​រំលងវិស័យកសិកម្ម

ការ​ខក​ចិត្ត​ ផ្តោត​ខ្លាំង​ទៅ​លើ​វិស័យ​កសិកម្ម។ វិស័យនេះ រងផល​ប៉ះពាល់​ខ្លាំង​ជាង​គេ​អំពី​ការ​ប្តូរផ្លាស់​អាកាសធាតុ និង​ជា​វិស័យ​ស្លាប់​រស់​សម្រាប់​ពលរដ្ឋ​រាប់​សិប​លាន​នាក់ ជាពិសេស​នៅ​អាហ្វ្រិក​​ ...។ តែ​ប្រធានបទ​ដ៏​សំខាន់​មួយ​នេះ មិន​ត្រូវ​បាន​លើក​យក​ចរចា​ទេ ! ឆ្នាំ​ទៅ​គេ​ភ្លេច ឆ្នាំ​នេះ​គេ​ប្រាប់​ថា​ចាំ​និយាយ​គ្នា​ឆ្នាំ​ក្រោយ។ គ្មាន​ទេ​ការ​ព្រមព្រៀង​គ្នា​រវាង​ក្រុមប្រទេស​អ្នក​មាន​ និង​អ្នក​ក្រ ស្តី​អំពី​ភាព​ចាំបាច់សម្រាប់​ជួយ​ប្រទេស​រងគ្រោះ ​ឱ្យ​​ប្តូរ​ផ្លាស់​កសិកម្ម​ ប្រឈម​នឹង​ភាព​រាំងស្ងួត ឬ​ទឹក​ជំនន់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ