អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លីបង់៖​តើ​វិបត្តិ​ប្រធានាធិបតី​តាំង​ពី​ឆ្នាំ ២០១៤ បាន​ឈាន​ដល់​ទីបញ្ចប់​ហើយ​ឬ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​លីបង់ វិបត្តិ​គ្មាន​ប្រធានាធិបតី​បាន​កើត​មាន​តាំង​ពី​ឆ្នាំ ២០១៤ មក​ម្ល៉េះ ពោល​តាំង​ពី​ក្រោយ​ការ​បញ្ចប់​អាណត្តិ​របស់​លោក​មីស្ហែល ស្លម៉ាន​ក្នុង​ខែ​ឧសភា ឆ្នាំ ២០១៤។ មូលហេតុ មក​ពី​គណបក្ស​នយោបាយ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​និយាយ​មិន​ចុះ​សម្រុង​គ្នា​នៅ​ក្នុង​ជម្រើស​បេក្ខជន។ បេក្ខជន​ដែល​មាន​មហិច្ឆតា​ខ្លាំង​ជាង​គេ គឺ​លោក​មីស្ហែល អាអ៊ូន អតីត​មេបញ្ជាការ​កងទ័ព។ នា​ការ​បោះឆ្នោត​នៅ​ផ្ទៃក្នុង​សភា​កន្លង​មក លោក​អាអ៊ូន​ត្រូវ​បាន​គណបក្ស​ផ្សេង​ជំទាស់ ពិសេស​គណបក្ស​របស់​លោក​សាដ ហារីរី អតីត​នាយករដ្ឋមន្រ្តី។ គឺ​ទើប​តែ​នៅ​ថ្ងៃទី២០ តុលា​កន្លង​ទៅ​ថ្មីៗ​នេះ​ទេ​ដែល​លោក​សាដ ហារីរី​បាន​ប្តូរ​ជំហរ​ទៅ​គាំទ្រ​បេក្ខភាព​លោក​អាអ៊ូន​វិញ។ តើ​វិបត្តិ​ប្រធានាធិបតី​នៅ​លីបង់​រយៈពេល ២ឆ្នាំ​កន្លង​ទៅ​នេះ​បាន​ឈាន​ដល់​ទីបញ្ចប់​ហើយ​ឬ?។

លោក​មីស្ហែល អាអ៊ូន (រូបឆ្វេង) និង​លោក​សាដ ហារីរី
លោក​មីស្ហែល អាអ៊ូន (រូបឆ្វេង) និង​លោក​សាដ ហារីរី @Reuters
ផ្សាយពាណិជ្ជកម្ម

វិល​ទៅ វិល​មក លោក​អតីត​នាយករដ្ឋមន្រ្តី​សាដ ហារីរី​ដែល​ធ្លាប់​បោះឆ្នោត​ជំទាស់​នឹង​បេក្ខភាព​ប្រធានាធិបតី​លោក​អតីត​មេបញ្ជាការ​កងទ័ព​មីស្ហែល អាអ៊ូន ក៏​ស្រាប់​តែ​ផ្លាស់ប្តូរ​គំនិត​បែរ​ទៅ​គាំទ្រ​លោក​មីស្ហែល អាអ៊ូន​ទៅ​វិញ។ លោក​អាអ៊ូន​ដែល​គេ​ដឹង​ថា មាន​មហិច្ឆតា​ចង់​ឡើង​អង្គុយ​កៅអី​ប្រធានាធិបតី​លីបង់​តាំង​ពី​ដំបូង​មក​ម្ល៉េះ ពោល​តាំង​ពី​ការ​បញ្ចប់​អាណត្តិ​របស់​លោក​មីស្ហែល ស្លេម៉ាន​ក្នុង​ខែ​ឧសភា ឆ្នាំ ២០១៤។ ដូច្នេះ​ឃើញ​ថា​ចាប់​ពី​ពេល​នេះ​ត​ទៅ និង​ទោះ​បី​ជា​មាន​អាយុ​ច្រើន​ដល់​ទៅ ៨១ឆ្នាំ​ក៏​ដោយ ក៏​សុបិន​របស់​លោក​មីស្ហែល អាអ៊ូន​ជិត​ក្លាយ​ជា​ការ​ពិត​ហើយ។ តែ​គេ​ត្រូវ​រង់ចាំ​ការ​បោះឆ្នោត​នៅ​ផ្ទៃក្នុង​សភា​នា​ថ្ងៃទី៣១ តុលា​ខាង​មុខ​ទើប​ដឹង​ថា តើ​វិបត្តិ​ប្រធានាធិបតី​នៅ​លីបង់​រយៈពេល​ជាង ២ឆ្នាំ​កន្លង​ទៅ​នឹង​ចប់​ត្រឹម​នេះ ឬ​យ៉ាង​ណា។

សូម​ជម្រាប​ជូន​ថា​នៅ​លីបង់ រូប​ប្រធានាធិបតី​ថ្មី​មិន​មែន​ជាប់​ឆ្នោត​ដោយ​ការ​បោះឆ្នោត​របស់​ប្រជាជន​ទេ តែ​ជាប់​ឆ្នោត​តាម​រយៈ​ការ​បោះឆ្នោត​នៅ​ក្នុង​សភា មាន​ន័យ​ថា តំណាងរាស្រ្ត​ជា​អ្នក​បោះឆ្នោត​ជ្រើសតាំង ហើយ​ដែល​បេក្ខជន​រូប​នោះ​ត្រូវ​ទទួល​បាន​សម្លេង​គំាទ្រ​យ៉ាង​តិច ២ភាគ៣ នៅ​ក្នុង​សភា។ ក្នុង​រយៈពេល​ជាង ២ឆ្នាំ​កន្លង​ទៅ​នេះ សភា​លីបង់​បាន​ធ្វើ​ការ​បោះឆ្នោត​ជ្រើស​តាំង​រូប​ប្រធានាធិបតី​ថ្មី​ដល់​ទៅ​ជាង ៣០ដង តែ​បាន​ទទួល​បរាជ័យ​ជានិច្ច ព្រោះ​លើក​ណា​ក៏​ដូច​ជា​លើក​ណា​ដែរ សភា​មិន​អាច​ប្រមូល​បាន​សម្លេង​គំាទ្រ ២ភាគ៣ ឡើយ។ រូប​លោក​មីស្ហែល អាអ៊ូន​ដែល​ធ្លាប់​បាន​ឈរ​ឈ្មោះ​ច្រើន​ដង និង​ដែល​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​សភា​នោះ ក៏​លោក​ធ្លាប់​បាន​បោះឆ្នោត​ជំទាស់​នឹង​បេក្ខជន​ស្នើ​ឡើង​ដោយ​គណបក្ស​ផ្សេង​ដែរ។

វា​ពិត​ជា​រឿង​ល្អ​ណាស់​ដែល​នៅ​ពេល​នេះ រូប​លោក​មីស្ហែល អាអ៊ូន​ទទួល​បាន​ការ​គាំទ្រ​ពី​លោក​សាដ ហារីរី។ ជា​រឿង​ល្អ ព្រោះ​ការ​រំកិល​រក​គ្នា​រវាង​ឥស្សរជន​នយោបាយ​ទាំង​ពីរ​ដែល​ចេញ​មក​ពី​គណបក្ស​គូប្រជែង​អាច​នឹង​បិទបញ្ចប់​វិបត្តិ​ប្រធានាធិបតី​រយៈពេល​ជាង ២ឆ្នាំ​កន្លង​ទៅ។ វិបត្តិ​ប្រធានាធិបតី​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ដំណើរការ​របស់​ស្ថាប័នរដ្ឋ​ទូទៅ។ តិច ឬ​ច្រើន វិបត្តិ​ប្រធានាធិបតី​បាន​ធ្វើ​ឲ្យ​លីបង់​បន្ត​ទ្រំាទ្រ​នឹង​បញ្ហា​ផ្ទៃក្នុង​ជា​ច្រើន ពិសេស​បញ្ហា​សេដ្ឋកិច្ច សន្តិសុខ និង​សង្គម។ គួរ​រម្លឹក​ជូន​ថា នៅ​ក្រោយ​ការ​បិទបញ្ចប់​សង្រ្គាមស៊ីវិល​ចន្លោះ​ឆ្នំា ១៩៧៥ និង​ឆ្នំា ១៩៩០ លីបង់​ធ្លាប់​បាន​ធ្លាក់​ក្នុង​វិបត្តិ​ប្រធានាធិបតី​រយៈពេល ១៨៤ថ្ងៃ តែ​លើកទី២ នេះ​បាន​អូសបន្លាយ​ជាង ២ឆ្នាំ។

សំណួរ​ដែល​កំពុង​ចោទ​ឡើង​ពេល​នេះ​គឺ​ថា បើ​គង់​តែ​ផ្តល់​ការ​គាំទ្រ​ឲ្យ​លោក​មីស្ហែល អាអ៊ូន​ដដែល ចុះ​ហេតុ​អ្វី​បាន​ជា​លោក​សាដ ហារីរី​ត្រូវ​រង់ចាំ​រហូត​ដល់​ទៅ​ជាង ២ឆ្នាំ?

លោក​មីស្ហែល អាអ៊ូន និង​លោក​សាដ ហារីរី​បាន​ចេញ​មុខ​ពន្យល់​ថា ការ​រំកិល​រក​គ្នា​ដោយ​ផ្អែក​លើ​គោលការណ៍​ចំនួន​ពីរ ទី១ ដើម្បី​រក្សា​ស្ថិរភាព​នយោបាយ​លីបង់ និង​ទី២ បញ្ជៀស​លីបង់​កុំ​ឲ្យ​ធ្លាក់​ក្នុង​សង្រ្គាម​តំបន់​ដែល​កំពុង​បំផ្លិចបំផ្លាញ​ប្រទេស​ក្បែរ​ខាង។ ស្តាប់​មួយ​ភ្លែត​ទៅ​ឃើញ​ថា នេះ​ពិត​ជា​ពាក្យពេចន៍​របស់​អ្នកស្នេហាជាតិ​ប្រាកដ​មែន តែ​បើ​គេ​ពិនិត្យមើល​ឲ្យ​បាន​ស៊ីជម្រៅ​បន្តិច​ទៅ​ឃើញ​ថា ការ​វិល​មក​ចាប់ដៃ​គ្នា​រវាង​លោក​មីស្ហែល អាអ៊ូន និង​លោក​សាដ ហារីរី​ពេល​នេះ​មាន​បង្កប់​ច្រើន​ដោយ​មហិច្ឆតា​ផ្ទាល់ខ្លួន​ទៅ​វិញ​ទេ និយាយ​ឲ្យ​ស្រួល​យល់ គឺ​គម្រោង​ចែក​អំណាច​គ្នា​កាន់ មាន​ន័យ​ថា បើ​លោក​មីស្ហែល អាអ៊ូន​ឡើង​អង្គុយ​លើ​កៅអី​ប្រធានាធិបតី នោះ​លោក​សាដ ហារីរី​ត្រូវ​ត្រឡប់​ទៅ​អង្គុយ​កៅអី​នាយករដ្ឋមន្រ្តី​ជា​ថ្មី​ម្តង​ទៀត។

សូម​ជម្រាប​ជូន​ថា លីបង់​ជា​ប្រទេស​ពហុសាសនា តែ​មាន​សហគមន៍​សាសនា​តែ ៣គត់​ដែល​មាន​សម្លេង​ភាគច្រើន គឺ​សហគមន៍​សាសនា​អ៊ីស្លាម​និកាយស៊ុយនីត សហគមន៍​សាសនាអ៊ីស្លាម​និកាយ​ឈីអ៊ីត និង​សហគមន៍​គ្រិស្តសាសនា​ម៉ារ៉ូនីត។ ម្យ៉ាង​ទៀត​តំាង​ពី​ទទួល​បាន​ឯករាជ្យ​ពី​បារំាង​ក្នុង​ឆ្នំា ១៩៤៣ មក គ្រប់​ភាគី​នយោបាយ​បាន​ចុះ​ហត្ថលេខា​លើ​កតិកាសញ្ញាជាតិ​មួយ​ក្នុង​ការ​បែងចែក​អំណាច​រវាង​សហគមន៍​សាសនា​ទំាង ៣ គឺ​តំណែង​នាយករដ្ឋមន្រ្តី​ត្រូវ​ប្រគល់​ទៅ​ឲ្យ​សហគមន៍​សាសនា​អ៊ីស្លាម​និកាយស៊ុយនីត តំណែង​ប្រធាន​រដ្ឋសភា​ត្រូវ​ប្រគល់​ទៅ​ឲ្យ​សហគមន៍​សាសនា​អ៊ីស្លាម​និកាយស្ហ៊ីអ៊ីត និង​តំណែង​ប្រធានាធិបតី​ត្រូវ​ប្រគល់​ទៅ​ឲ្យ​សហគមន៍​គ្រិស្តសាសនា​ម៉ារ៉ូនីត។

មក​ដល់​ថ្ងៃ​ចំណុច​នេះ ការ​ព្រមព្រៀង​គ្នា​ជា​គោលការណ៍​រវាង​លោក​មីស្ហែល អាអ៊ូន និង​លោក​សាដ ហារីរី​ពិត​ជា​ត្រឹមត្រូវ​ដូច​មាន​ចែង​នៅ​កតិកាសញ្ញាជាតិ​ឆ្នាំ ១៩៤៣ មែន ព្រោះ​លោក​អាអ៊ូន​ជា​ឥស្សរជន​ចេញ​ពី​សហគមន៍​គ្រិស្តសាសនា​ម៉ារ៉ូនីត ហើយ​លោក​ហារីរី​ជា​ឥស្សរជន​ចេញ​ពី​សហគមន៍​សាសនា​អ៊ីស្លាម​និកាយស៊ុយនីត។ តែ​សម្រាប់​លោក​មីស្ហែល អាអ៊ូន នៅ​មាន​ឧបសគ្គ​ខ្លះ​ដែល​ត្រូវ​ឆ្លង​កាត់ មុន​នឹង​ទទួល​បាន​កូនសោ​វិមាន​ប្រធានាធិបតី​កាន់​ជា​ផ្លូវការ រួម​មាន និយាយ​បញ្ចុះបញ្ចូល​ឥស្សរជន​មួយ​ចំនួន​ឲ្យ​គាំទ្រ​លោក និង​ត្រូវ​ទទួល​បាន​សម្លេង​គាំទ្រ​យ៉ាង​តិច ២ភាគ៣ នា​ការ​បោះឆ្នោត​សភា​នៅ​ថ្ងៃទី៣១ តុលា​ខាង​មុខ។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី ការ​ឡើង​អង្គុយ​កៅអី​ប្រធានាធិបតី​ជា​យថាហេតុ​របស់​លោក​មីស្ហែល អាអ៊ូន​មិន​ធានា​ពី​ការ​បិទបញ្ចប់​វិបត្តិ​នយោបាយ​ហែកហួរ​ផ្ទៃក្នុង​នៅ​លីបង់​ជា​ស្ថាពរ​ទេ។ ក្រោម​ភ្នែក ច្រមុះ​របស់​ពលរដ្ឋ​លីបង់​ទូទៅ ពិសេស​អ្នក​ដែល​បាន​ឆ្លង​កាត់​ច្រើន​ជំនាន់​មក​ហើយ​បាន​មើល​ឃើញ​ថា ការ​ព្រមព្រៀង​រវាង​លោក​មីស្ហែល អាអ៊ូន និង​លោក​សាដ ហារីរី​មិនមែន​ជា​ដំណោះស្រាយ​ទេ តែ​ជា​ការ​ស្រុះស្រួល​ដើម្បី​បំពេញ​មហិច្ឆតា​អំណាច​ផ្ទាល់ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ