អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ីស្រាអែល​ប្រកាសព្យួរ​កិច្ចសហប្រតិបត្តិការ​​ជាមួយ​អង្គការ​យូណេស្កូ

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​ការ​ប្រកាស​របស់​ជប៉ុនផ្អាក​ការ​បង់​ប្រាក់​វិភាគទាន​ឱ្យ​អង្គការ​យូណេស្កូ អ៊ីស្រាអែល​បាន​សម្រេច​ព្យួរ​កិច្ចសហប្រតិបត្តិការ​ តែ​ម្តង​ជា​មួយ​ស្ថាប័ន​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុកផ្នែក​វប្បធម៌និង​អប់រំ យូណេស្កូ។ សេចក្តី​សម្រេច​ចិត្ត​របស់​អ៊ីស្រាអែល គឺ​ជា​ផលវិបាក​នៃ​ការ​បោះឆ្នោត​អនុម័ត​ លើ​គម្រោង​សេចក្តី​សម្រេចពីរ ទាក់ទង​នឹង​ក្រុង​ហ្សេរ៉ុយសាឡិម ​កាលពី​ថ្ងៃព្រហស្បតិ៍។ គម្រោង​អត្ថបទ​ដែល​បដិសេធ​ចំណង​ជា​ប្រវត្តិសាស្ត្រ​ពាន់​ឆ្នាំ​របស់​អ៊ីស្រាអែល​និង​ហ្សេរ៉ុយសាឡិម។ នេះ​បើ​តាម​ការ​បរិហារ​របស់​អ៊ីស្រាអែល។

នៅ​Jérusalem អ៊ីស្រាអែល​គោរព​នៅ​ជញ្ជាំង Lamentations ឯអ្នក​កាន់​សាសនា​អ៊ីស្លាមគោរព​នៅ​ទីលាន​វិហារ
នៅ​Jérusalem អ៊ីស្រាអែល​គោរព​នៅ​ជញ្ជាំង Lamentations ឯអ្នក​កាន់​សាសនា​អ៊ីស្លាមគោរព​នៅ​ទីលាន​វិហារ REUTERS/Ammar Awad
ផ្សាយពាណិជ្ជកម្ម

ដោយ​ជាក់ស្តែង គ្មាន​តំណាង​អ៊ីស្រាអែល​ណា​ម្នាក់ នឹង​ត្រូវ​ចូលជួប​ចរចា​ និយាយ​ស្តីជាមួយ​តំណាង​របស់​អង្គការ- អ៊ីស្រាអែល​នឹង​គ្មាន​វត្តមាន​នៅ​ក្នុង​ជំនួប​ប្រជុំ ឬ​សន្និសីទ​របស់​រៀប​ចំ​ដោយ​យូណេស្កូ​ទេ បើ​គ្មាន​បញ្ជា​​ថ្មី។

នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក​ នេតាន់យ៉ាហ៊ូ បាន​រិះគន់​សេចក្តី​សម្រេច​របស់​យូណេស្កូ​ថា អង្គការ​កំពុង​បាត់​បង់​ភាព​ស្រប​ច្បាប់​ដ៏​តិច​ខ្លួន​ស្រាប់​របស់​ខ្លួន​ហើយ​។ សម្រាប់​លោកនាយក​រដ្ឋមន្ត្រី គម្រោង​សេចក្តី​សម្រេចចិត្ត​​ដែល​យូណេស្កូ​ទើប​អនុម័ត​នេះ មាន​ន័យ​ស្មើ​នឹង​ការ​មិន​ទទួល​ស្គាល់​ថា ​​អ៊ីស្រាអែលមាន​ប្រវត្តិ​សាស្ត្រ​ចង​នឹង​ទឹក​ដី​សក្តិសិទ្ធ​ហ្សេរ៉ុយសាឡិម (ជញ្ជាំង Lamentations)។ មិន​ទទួល​ស្គាល់​ចំណង​នេះ​ ប្រៀប​ដូចគេ​មិន​ទទួល​ចំណង​រវាង​ប្រទេស​ចិន​និង​​កំផែង​យ៉ាង​ដូច្នោះ។ បើ​តាម​ប្រធាន​សភា​អ៊ីស្រាអែល ប្រសិន​បើ​ជនជាតិ​អ៊ីស្រាអែល​គ្មាន​ចំណង​នឹង​ទឹកដីសក្តិសិទ្ធ​ហ្សេរ៉ុយសាឡិម​ទេ នោះ​មាន​ន័យ​ថា​យូណេស្កូ​និង​អង្គការ​សហប្រជាជាតិក៏​​គ្មាន​ចំណង​នឹង​ប្រវត្តិសាស្ត្រ​និង​ការពិត។​

គម្រោង​សេចក្តី​សម្រេចចិត្ត​ស្តី​ពី​ប៉ាឡេស្ទីន

គម្រោងសេចក្តី​សម្រេចចិត្តពីរ​​ត្រូវ​បាន​អនុម័ត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​សំឡេង ២៤​គាំទ្រ ២៨​អនុប្បវាទ (មួយ​សំឡេង​ជា​របស់​បារាំង) និង​៦​ប្រឆាំង (មួយ​សំឡេង​ជា​របស់​សហរដ្ឋ​អាមេរិក)។ គម្រោង​អត្ថបទ​នេះ​ នឹង​ត្រូវ​បញ្ចូន​ទៅ​ឱ្យ​ក្រុមប្រឹក្សា​ប្រតិបត្តិ​ឬ ក្រុមប្រឹក្សា​រដ្ឋបាល​របស់​យូណេស្កូទាំង​៥៨​ប្រទេស​ អនុម័ត​សម្រេច​ នា​ឱកាស​សម័យ​ប្រជុំ​ពេញ​អង្គ​  នៅ​ថ្ងៃ​អង្គារ​ទី ១៨​តុលា។ ប៉ុន្តែ​ដោយ​ហេតុ​តែ​មាន​ការ​ប្រឆាំង​ពី​អ៊ីស្រាអែល ការ​បោះឆ្នោត​សម្រេច​ចុងក្រោយ​ ទំនង​ជា​នឹង​ត្រូវ​លើក​ពេល​ទៅ​ថ្ងៃ​ក្រោយ​វិញ ដើម្បី​ផ្តល់​សំណាង​ដល់​ការ​ចរចា។
គម្រោង​សេចក្តី​សម្រេច​ទាំង​ពីរ ស្តីពី​ប៉ាឡេស្ទីន​ក្រោម​ការ​កាន់កាប់​របស់​អ៊ីស្រាអែល ស្នើ​ឡើង​ដោយ​ក្រុម​ប្រទេស​អារ៉ាប​៧​ប្រទេស​ (អាល់ហ្សេរី អេហ្ស៊ីប លីបង់ ម៉ារ៉ុក អូម៉ង់ ការតា និង​ស៊ូដង់) ដើម្បី​ការ​ពារ​និង​ថែរក្សា​ បេតិកភ័ណ្ឌ​វប្បធម៌ប៉ាឡេស្ទីន និង​លក្ខណៈ​ពិសេស​របស់​ហ្សេរ៉ុយសាឡិម​ខាង​កើត។ បែក​ ដែល​​ប៉ាឡេស្ទីន​ចង់​យក​មក​ធ្វើ​ជា​រដ្ឋធានី នៅ​ពេល​បានក្លាយ​ជា​រដ្ឋ​ឯករាជ្យ​ពេញ​លេញ និង​ដែល​ក្លាយ​ជា​ចំណុច​ខ្ចាស់​ការ​ចរចា​សន្តិភាព​អ៊ីស្រាអែលប៉ាឡេស្ទីន​រហូតមក។

​គម្រោង​សេចក្តី​សម្រេច​បាន​ថ្កោល​ទោស​សកម្មភាព​ឈ្លានពាន​របស់អ៊ីស្រាអែល ឬ​ការ​ដាក់​កំហិត​ពី​សំណាក់​អាជ្ញាធរ​អ៊ីស្រាអែល​មិន​ឱ្យ​អ្នកកាន់​សាសនា​អ៊ីស្លាម​អាច​ចេញ​ចូល​ដោយ​សេរី ​​​ទៅកាន់​ទីលាន​និង​វិហារ​ដ៏​​សក្តិសិទ្ធិ ទីបី​នៃ​សាសនាអ៊ីស្លាម នៅ​ហ្សេរ៉ុយសាឡិម​ខាង​កើត​នេះ។ ហ្សេរ៉ុយសាឡិម​ខាង​កើត ដែល​ក៏​មាន​តាំង​នៅ​​វិហារ​​ភ្នំដ៏សក្តិសិទ្ធិ​ Mont du Temps របស់​សាសនា​យូដា ប្រកាន់​ភ្ជាប់​និង​គោរព​ដោយ​​អ៊ីស្រាអែល ដែល​ត្រូវ​បាន​ពួក​រ៉ូម៉ាំង​កម្ទេច​នៅ​គ្រិស្តសករាជ ទី ៧០។ ប៉ុន្តែ​នៅ​ក្នុងគម្រោង​សេចក្តី​សម្រេច​នោះ គ្មាន​ឃ្លា​ប្រយោគ​ណា មាន​​ន័យ​ មាន​​ខ្លឹមសារ បញ្ជាក់​ពី​ចំណង​ជា​ប្រវត្តិសាស្ត្រ​រវាង​ជនជាតិ​ជ្វីហ្វ និង​ទឹកដី​សក្តិសិទ្ធិ​ក្នុង​សាសនាយូដា​សោះ ​គេ​ឃើញ​មាន​ប្រើ​ពាក្យ​តែ​មួយ គឺ​វិហារ​អ៊ីស្លាម​ជា​ភាសា​អារ៉ាប អាល់ប៊ូរាក។ ​

ហ្សេរ៉ុយសាឡិម​ខាង​កើត ទឹក​ដី​សក្តិសិទ្ធិ​ ​នៃ​បី​សាសនា

នៅ​លើ​ទឹកដី​សក្តិសិទ្ធិ​នេះ ​ហ្សេរ៉ុយសាឡិម​ខាងកើត​នេះ ជា​ប្រជុំ​នេះ​សាសនា​បី។ មួយ​ចំណែក​​មាន​វិហារ​អ៊ីស្លាម អាល់ប៊ូរ៉ាក់ ជា​ទី​សក្ការៈ​របស់​អ្នក​កាន់​សាសនា​អ៊ីស្លាម- របស់​ពលរដ្ឋ​ប៉ាឡេស្ទីន មួយ​ចំណែក​ទៀត មាន​​​ទី​សក្ការៈ​របស់អ្នកកាន់​សាសនាយូដា តាម​រយៈ​ជញ្ជាំង​ដ៏​សក្តិសិទ្ធិ Lamentations។ ហើយ​ទឹកដី​មួយ​ដុំ​នេះ ក៏​ជា​កន្លែង​កំណើត​នៃ​​សាសនា​គ្រិស្ត​ដែរ។

លោកស្រី​អគ្គនាយក​អង្គការ​យូណេស្កូ ដែល​មិន​បង្ហាញ​ជំហរ​ចំពោះ​​គម្រោង​សេចក្តី​សម្រេច​នេះ​ បាន​ធានា​អះអាង​​តាម​រយៈ​សេចក្តីថ្លែងការណ៍​ថា បេតិកភណ្ឌ​ហ្សេរ៉ុយសាឡិម មិន​អាច​បែងចែង​បាន​ឡើយ សហគមន៍​នីមួយៗ​​ត្រូវ​តែមាន​សិទ្ធិ​ទទួល​បាន​នូវ​ការ​ទទួលស្គាល់​ប្រវត្តិសាស្ត្រ​និង​ចំណង​របស់​សហគមន៍​ខ្លួន​ទៅនឹង​ក្រុង​នេះ ដោយ​ច្បាស់​លាស់។ ការ​ខ្ទាស់ ឬ​ការចង់​លុប​បំបាត់​ប្រពៃណី​ណាមួយ មិន​ថា​យូដា គ្រិស្ត ឬ​អ៊ីស្លាម​ទេ គឺ​ជា​ការ​បំផ្លាញ​បេតិកភណ្ឌ។

តាម​ការ​ពិត​នៅ​ក្នុង​គម្រោង​សេចក្តី​សម្រេច​របស់​យូណេស្កូ​ អនុម័ត​កាលពី​ថ្ងៃព្រហស្បតិ៍​កន្លង​ទៅនេះ​ក៏​មាន​បញ្ជាក់​អំពី​លក្ខណៈ​សំខាន់​នៃ​ក្រុង​ហ្សេរ៉ុយសាឡិមថា​ជា​ទឹកដី​សក្តិសិទ្ធិ​នៃ​សាសនា​បី​ដែរ ប៉ុន្តែ​មិន​គ្រប់​គ្រាន់​ឡើយ​សម្រាប់​ក្រសែ​ភ្នែក​អ៊ីស្រាអែល ដែល​​តាំង​ពី​ឆ្នាំ​១៩៦៧​មក ​ បាន​កាន់កាប់​ក្រុង​ហ្សេរ៉ុយសាឡិម​ខាង​កើត​ និង​ដាក់​ឱ្យ​ស្ថិត​ក្រោម​អាណានិគមន៍​កិច្ច​អ៊ីស្រាអែល​រហូត​មក បើ​ទោះ​បី​​អង្គការ​សហប្រជាជាតិ​ចាត់​ទុក​ជា​ទង្វើ​ខុស​ច្បាប់ ក៏​ដោយ។ ហើយ​​បច្ចុប្បន្ននេះ មរតកប្រវត្តិសាស្ត្រ​មួយ​នេះ​ស្ថិត​ក្រោម​ការ​​គ្រប់គ្រងរដ្ឋបាល​ដោយ​ហ្ស័កដានី​ ឯអ៊ីស្រាអែល​ជា​ត្រួតត្រាច្រក​ចេញ​ចូល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ