អានតួអត្ថបទ

សម្ព័ន្ធ​យោធា​អារ៉ាប​ទទួល​ស្គាល់​ថា​បាញ់​ខុស​ត្រូវ​ជនស៊ីវិលនៅយេម៉ែន

សម្ព័ន្ធ​យោធាអារ៉ាប ដែល​ចេញ​ធ្វើ​អន្តរាគមន៍​នៅ​យេម៉ែន បាន​ទទួលស្គាល់​កំហុស​ខ្លួន​នៅ​ថ្ងៃ​នេះ ថា​បានទម្លាក់​គ្រាប់​​ ដោយ​ច្រលំទិសដៅ​ កាលពី​សប្តាហ៍​មុន សម្លាប់​មនុស្សអស់​១៤០​នាក់ ដែល​កំពុង​ចូ​ល​រួម​ប្រារព្ធ​ពិធីបុណ្យសព​។ ការ​បាញ់​ខុស​ ទៅ​ផ្តាច់​ជីវិត​ជនស៊ីវិល ដែល​បាន​រង​ការ​រិះគន់​ តាម​​​ប្រព័ន្ធ​អ៊ីនធ័រនែត​ ពេញ​ពិភពលោក។

កន្លែង​ប្រារព្ធបុណ្យ​សព​នៅក្រុង​សាណា ដែល​រង​ការ​ទម្លាក់​គ្រាប់​បែក​របស់​សម្ព័ន្ធយោធាអារ៉ាប ថ្ងៃទី ៨ តុលា
កន្លែង​ប្រារព្ធបុណ្យ​សព​នៅក្រុង​សាណា ដែល​រង​ការ​ទម្លាក់​គ្រាប់​បែក​របស់​សម្ព័ន្ធយោធាអារ៉ាប ថ្ងៃទី ៨ តុលា Reuters
ផ្សាយពាណិជ្ជកម្ម

អារ៉ាប៊ីសាអ៊ូឌីត និង​សម្ព័ន្ធមិត្ត ដែល​ផ្សំគ្នា​​ជា​សម្ព័ន្ធ​យោធាអារ៉ាប ដើម្បី​គាំទ្រ​ប្រធានាធិបតី​យេម៉ែន លោក អាប់ រ៉ាប់បូ ម៉ង់សួរ ហាឌី ធ្លាប់​រងការ​ចោទ​ប្រកាន់ ​ថា​បាន​ទម្លាក់​គ្រាប់​សម្លាប់​ជនស៊ីវិល​ ពី​មុន​មក។ ​នៅ​ថ្ងៃទី ៨ តុលា​សប្តាហ៍​មុន​នេះ​ ប្រតិបត្តិការ​ផ្លូវអាកាស​បាន​ដៅ​ទិសដៅ​វាយប្រហារ​ សាលប្រជុំ​ធំ​មួយ​នៅ​ក្រុង​សាណា ត្រួតត្រា​ដោយ​ពួក​ហ៊ូទិស្ស ដែល​កំពុង​រៀប​ចំ​ពិធី​បុណ្យ​សព​មេដឹកនាំ​ជាន់​ខ្ពស់​របស់​ខ្លួន បង្ក​ឱ្យ​មាន​ស្លាប់​១៤០​នាក់ និង​របួស​៥២៥​នាក់។ នេះ​បើ​អង្គការ​សហប្រជាជាតិ។

ដំបូង​ឡើយ សម្ព័ន្ធ​យោធា​អារ៉ាប​បាន​បដិសេធ​ទំនួល​ខុស​ត្រូវ តែ​ក្រោយ​ពី​បើក​ការ​អង្កេត ទើប​ព្រមទទួល​ស្គាល់​នៅ​ថ្ងៃសៅរ៍​នេះ ថា​ពិត​ជា​បាញ់​ដោយ​ច្រលំ​ និងធ្វើ​ឱ្យ​បាត់​បង់​ជីវិត​ពលរដ្ឋ​ស៊ីវិល។ ទាំង​នេះគឺ​ដោយ​ហេតុ​តែបាន​ទទួល​ព័ត៌មាន​ខុស ​មាន​អ្នក​មិន​គោរព​វិធាន និង​ដំណើរការ​របស់​សម្ព័ន្ធ​យោធា។ បើ​តាម​ក្រុម​អ្នក​អង្កេត​ សម្ព័ន្ធ​អារ៉ាប​បាន​បើក​​ការ​ទម្លាក់​គ្រាប់​បែក​ក្រោយ​ពី​​បាន​ទទួល​​​ព័ត៌មានមិន​ត្រឹម​ត្រូវ​​ពីក្រុម​យោធា​របស់​ប្រធានាធិបតីយេម៉ែន​លោក ហាឌី ថា​មាន​អ្នក​ទទួល​ខុស​ត្រូវ​យោធា​ហ៊ូទិស្ស​ជា​ច្រើន​ចូល​រួម​​ក្នុង​ពិធី​បុណ្យ​សព។

សម្ព័ន្ធ​យោធាអារ៉ាប​សន្យា​ដាក់​ទោសអ្នក​​ទទួល​ខុស​ត្រូវលើ​ប្រតិបត្តិការ​នោះ​ និង​ផ្តល់​សំណង​ដល់​ជន​រងគ្រោះ ព្រមទាំង​សន្យា​សើរើ​មើល​កិច្ចសន្យាធ្វើ​ប្រតិបត្តិការ​យោធា​នៅ​យេម៉ែន​នេះ​ឡើង​វិញ។ ការ​បាញ់​ខុស​នេះ បាន​ជំរុញ​ឱ្យ​សហរដ្ឋ​អាមេរិក​សម្ព័ន្ធ​មិត្ត​របស់​អារ៉ាប៊ីសាអ៊ូឌីត ដក​ខ្លួន​មក​ពិចារណា​ឡើង​វិញ​ ការ​គាំទ្រ​សម្ព័ន្ធយោធា​អារ៉ាប​នៅ​យេម៉ែន ដែល​សង្គ្រាម​នេះ​បាន​សម្លាប់​មនុស្ស​អស់​៦៨៨៥​នាក់ គិតចាប់ពី​ខែ​មីនា ២០១៥​មក ក្នុង​នោះ​ជិង​ពាក់កណ្តាល​ជា​ជនស៊ីវិល។

ចំណែក​អង្គការ​ការពារ​សិទ្ធិមនុស្ស​Humain Rights Watch​ ទង្វើ​បាញ់​ខុស​​នេះ​សឹង​អាច​ចាត់​ទុក​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម ព្រោះ​សម្ព័ន្ធ​យោធាអារ៉ាប​ប្រើ​កម្លាំង​ហួស​ប្រមាណ បាញ់​លើ​ពិធីបុណ្យ​សព ដែល​នរណា​ក៏​ដឹង​ថា​មាន​ជន​ស៊ីវិល​ចូល​រួម​ច្រើន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ