អានតួអត្ថបទ

ស៊ីរី ជាប់សង្ស័យ ជាថ្មី​ថា​​​មាន​ប្រើ​អាវុធ​គីមី​ប្រឆាំង​ជនស៊ីវិល

របប​ដឹកនាំ​ស៊ីរី​ត្រូវ​បាន​ជាប់សង្ស័យជា​ថ្មី​ម្តង​ទៀត ​​ថា​បាន​ប្រើ​អាវុធ​គីមី ប្រឆាំង​នឹង​ជន​ស៊ីវិល​ នៅ​តំបន់​អាឡិប ដែល​កំពុង​មា​នការ​ប្រយុទ្ធ​គ្នា​យ៉ាង​សន្ធោសន្ធៅ រវាង​កង​ទ័ព​រដ្ឋាភិបាល​ក្រុង​ដាម៉ាស និងកង​កម្លាំង​បះបោរ​ឧទ្ទាម​។ ដំណឹង​នេះ​បាន​បង្ក​បង្កើត​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ពី​សំណាក់​សហគមន៍​អន្តរជាតិ ដោយ​ផ្តើម​ដំបូង​គេ គឺ​អង្គការ​សហប្រជាជាតិ បារាំង និង​នៅ​ថ្ងៃ​នេះ សហរដ្ឋ​អាមេរិក។

យុវជន​ស៊ីរី​ពាក់​ម៉ាស​ដក​ខ្យល់​អុកស៊ីសែន នៅ​មន្ទីរពេទ្យ​ Al-Quds ក្រុង​អាឡិប ទំនង​រង​គ្រោះ​ដោយ​អាវុធគីមី
យុវជន​ស៊ីរី​ពាក់​ម៉ាស​ដក​ខ្យល់​អុកស៊ីសែន នៅ​មន្ទីរពេទ្យ​ Al-Quds ក្រុង​អាឡិប ទំនង​រង​គ្រោះ​ដោយ​អាវុធគីមី REUTERS/Abdalrhman Ismail
ផ្សាយពាណិជ្ជកម្ម

 

វ៉ាស៊ីនតោន បាន​ទាញ​សញ្ញា​អាសន្ន​ នៅ​ថ្ងៃ​ម្សិលមិញ អំពី​ភាព​សង្ស័យ​ឃើញ​មាន​ប្រើ​​អាវុធ​គីមី​កាន់​តែ​ច្រើនៗ នៅ​ស៊ីរី។ ប៉ុន្តែ​រដ្ឋបាល​អាមេរិក​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្លាំង មិន​ធ្វើ​សេចក្តី​ថ្លែងការណ៍​​ណា​មួយ ទាក់ទង​នឹង​ប្រធានបទ​នេះ​ទេ ហើយ​ក៏​បាន​បដិសេធ មិន​បញ្ជាក់​ជា​ផ្លូវការឡើយ ចំពោះ​ព័ត៌មានលេច​ឮ​ជា​ច្រើន​ជុំ​វិញ​ការ​ប្រើប្រាស់​អាវុធគីមី​នៅ​ក្នុង​ប្រទេសស៊ីរី​លើកនេះ។ ​

អាមេរិក កំពុង​សិក្សា​ត្រួតពិនិត្យ​ព័ត៌មាន​ខាង​លើ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស ដែល​បញ្ជាក់​អំពី​ការ​ព្រួយ​បារម្ភ​របស់​អាមេរិក​​ ​មិន​ចាញ់​ អង្គការសហប្រជាជាតិ និង​ បារាំង​ឡើយ នៅ​ពេល​ឮល្ហិចល្ហៀង​​ថា​មាន​ការ​ត្រលប់​ទៅ​ប្រើ​អាវុធ​គីមី នារយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នៅ​ស៊ីរី។

តំណា​ងពិសេស​​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​កិច្ចការ​ស៊ីរី ក៏​បាន​សម្តែង​ការ​ប្រុង​ប្រយ័ត្ន​ដែរ តែ​លោក​បាន​អះអាង​ថា​មាន​ភស្តុតាង​មួយ​ចំនួន​អាច​បញ្ជាក់បាន និង​ដែល​គ្រប់គ្នា​ត្រូវ​ចាប់​អារម្មណ៍​ភ្លាម ព្រោះ​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម។ ប្រមុខ​ការ​ទូត​បារាំង​វិញ បាន​បញ្ជូន​សេចក្តី​ថ្លែងការណ៍​ទៅ​អង្គការ​ហាមឃាត់​ការ​ប្រើ​អាវុធ​គីមី ថា មាន​តែ​របប​លោក​អាសាដ​ទេ ដែល​មាន​អាវុធ​ប្រភេទ​នេះ។

បើ​តាម​សហភាព​អង្គការ​សង្គ្រោះ​និង​ព្យាបាល​ តុល្យការ​នៃ​ជន​រងគ្រោះ​ដោយ​អាវុធ​គីមី ក្លរ គិត​ត្រឹម​ថ្ងៃព្រហស្បតិ៍​​ទី ១១​​សីហា បាន​ឡើង​ដល់​ទៅ​៧០​នាក់របួស ក្នុង៣៥​នាក់ជា​កុមារ បី​នាក់​ស្លាប់ និង​ម្នាក់​កំពុង​តាមដាន។

រដ្ឋាភិបាល​លោក​អូបាម៉ា ជាមួយ​​រុស្ស៊ី បាន​ផ្តួច​ផ្តើម​គំនិត​ចេញ​សេចក្តី​សម្រេច​ចិត្ត​មួយ​អនុម័ត​ដោយ​អង្គការ​សហប្រជាជាតិ​ នៅ​ចុង​ឆ្នាំ​២០១៣ គម្រោង​រំសាយ​អាវុធ​គីមី​របស់​ក្រុង​ដាម៉ាស។ ប្រសិន​បើការ​សង្ស័យ​ ក្លាយ​ជា​ការ​ពិត​មែន នោះ​មាន​ន័យ​ថា រដ្ឋាភិបាលរបស់​លោក បាស្ហារ អាល់អាសាដ បាន​រំលោភ​សេចក្តី​សម្រេច​ចិត្ត​របស់ក្រុមប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​ហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ