អានតួអត្ថបទ

​មេបញ្ជាការចលនា​អេស្បូឡាលីបង់ នៅ​ស៊ីរី ស្លាប់​ដោយ​សារស្នាដៃ​ពួក​ជីហាត

ការ​ស្លាប់​របស់​មេបញ្ជាការ​ចលនា​អេស្បូឡា​លីបង់ Hezbollah ឈ្មោះ ​មូស្តាហ្វា បាដ្រឺឌីន Mostapha​ Badreddine នៅ​ក្នុង​ហេតុការណ៍​ផ្ទុះ​មួយ ក្បែរ​អាកាសយាន​ដ្ឋាន ក្រុង​ដាម៉ាស បាន​បំផុស​ឱ្យ​មាន​ការ​សង្ស័យ ចម្ងល់​ ជា​ច្រើន​ ទាក់ទង​នឹង​កាលៈទេសៈ​នៃ​ការ​ស្លាប់ និង​អំពី​អំពី​ផលវិបាក​នៃ​ការ​បាត់​បង់​មេបញ្ជាការ​​ដ៏​ខ្លាំង​ម្នាក់​នេះ។ ទាំង​នេះ​ក៏​ដោយ​សារ​តែ​ភាព​យឺតយ៉ាវ​ខុស​ទម្លាប់ របស់​ចលនា​អេស្បូឡា ក្នុង​ការ​ផ្តល់​​​ព័ត៌មាន​​ជា​​សាធារណៈ អំពី​ដំណើរ​​ដើម​ហេតុ​នៃ​ការ​ផ្ទុះ​។ ចលនាអេស្បូឡា ទើប​បានចេញ​មុខ​​ធ្វើ​ការ​​ចោទ​ប្រកាន់​ នៅ​ថ្ងៃ​សៅរ៍​នេះ ថា​ក្រុម​ជីហាតរដ្ឋ​​អ៊ីស្លាម​ជ្រុល​និយម និកាយ​ស៊ុននីត ជា​អ្នក​សម្លាប់​មេបញ្ជាការ​របស់​ខ្លួន។

ពិធី​បញ្ចុះ​សព​អគ្គមេបញ្ជាការ​ទ័ព​ Hezbollah នៅ​ទីក្រុង​បេរ៉ូត​ ថ្ងៃទី ១៣ ឧសភា ២០១៦
ពិធី​បញ្ចុះ​សព​អគ្គមេបញ្ជាការ​ទ័ព​ Hezbollah នៅ​ទីក្រុង​បេរ៉ូត​ ថ្ងៃទី ១៣ ឧសភា ២០១៦ REUTERS/Aziz Taher
ផ្សាយពាណិជ្ជកម្ម

គេ​ត្រូវរង់ចាំ​ដល់​ជិត​៣៦​ម៉ោង ទើប​​ឃើញ​ចលនាអេស្បូឡា​ បង្ហើប​អំពី​ដំណើរ​ដើម​ហេតុ​នៃ​ការ​ធ្វើ​ឃាត​ អគ្គមេបញ្ជាការ​របស់​ខ្លួន និង​ជា​លើក​ទី​មួយហើយ ដែល​ចលនា​អេស្បូឡា មិន​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ភ្លាម អ៊ីស្រាអែល។

 
នៅ​ក្នុង​សេចក្តី​ថ្លែងការ​ណ៍​ដ៏​ខ្លី​មួយ ចលនា​ឈីអ៊ីត​បាន​អះអាង​ថា​ ការ​ផ្ទុះ​ដែល​បាន​ផ្តាច់​ជីវិត​អគ្គមេបញ្ជាការ​មូស្តាហ្វា បាដដ្រឺឌីន បង្ក​ឡើង​ដោយ​ប្រតិបត្តិការ​បាញ់​កាំភ្លើង​ធំរបស់​ពួក​ជីហាត។​ អេស្បូឡា​សន្យា​នឹងយក​ឈ្នះ​ពួក​បន​ឧក្រិដ្ឋជន​នេះ​ឱ្យ​បាន។

ប៉ុន្តែ​បើ​គេ​អាន​សារព័ត៌មាន​ធំៗ​របស់​អ៊ីរ៉ង់ និង​ស៊ីរីទៅ គេឃើញ​មាន​សេចក្តី​​សន្និដ្ឋាន​ចម្រូង​ចម្រាស​គ្នា​ណាស់ និង​បង្កើន​ឱ្យ​មាន​ភាព​មិន​ច្បាស់​លាស់​ច្រើន។

​បើ​តាម​ប្រភព​​សន្តិសុខ​ស៊ីរី កាលពី​ថ្ងៃ​ម្សិលមិញ បាន​អះអាង​ថា សំឡេង​ផ្ទុះ​បាន​លាន់​ឡើង​នៅ​ក្នុងយប់​ថ្ងៃ​ព្រហស្បតិ៍​ឆ្លង​ចូល​ថ្ងៃ​សុក្រ ត្រង់​​ឃ្លាំង​មួយ​ក្បែរ​អាកាសយានដ្ឋាន​ក្រុង​ដាម៉ាស និង​ដែល​មូស្តាហ្វា បាដ្រឺឌីន​ នៅ​ខាង​ក្នុង។ មុន​ការ​ផ្ទុះ​ គេ​គ្មាន​ឃើញ​មាន​យន្តហោះ​ណា​ហោះលើ​មេឃ​ទេ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​ដឹង​ថា​អគ្គមេបញ្ជាការ​អេស្បូឡា​ មាន​វត្តមាន​នៅ​ទី​នោះ​ដែរ។

អាកាសយានដ្ឋាន និង​តំបន់ជាយ​ក្រុង ជា​សមរភូមិ​ប្រយុទ្ធ​​គ្នា​យ៉ាង​ខ្លាំង​រវាង​កម្លាំង​បក្សដិបក្ស។ ក្នុងចម្ងាយ​១០​គីឡូម៉ែត្រ​​ពី​ក្រុង​ដាម៉ាស កន្លែង​កាន់​កាប់​ដោយ​ពួក​ឈីអ៊ីត និង​ទាហាន​រដ្ឋាភិបាល​ស៊ីរី តែ​ក្រុមអ៊ីរ៉ង់ និង​អេស្បូឡា ក៏​មាន​ច្រើន​នៅ​ទីនោះ​ដែរ។ ទីតាំង​ពួក​ឧទ្ទាម​នៅ​ចម្ងាយ​៧​គីឡូម៉ែត្រពី​គ្នា។ ស្ថានភាព​បែប​នេះ តម្រូវ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ច្បាស់លាស់​សិន ដើម្បី​កុំ​ឱ្យ​មាន​ការ​សង្ស័យ​លើ​គ្នា​កើត​ឡើង​បាន។

​មូស្តាហ្វា បាដ្រឺឌីន ​ជា​នរណា​?

មាន​អាយុ​ជាង​៥០​ឆ្នាំ និង​មាន​កំណើត​កើត​ជា​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​លីបង់ មូស្តាហ្វា បាដ្រឺឌីន បាន​ចូល​បម្រើ​យោធា​ កាន់​អាវុធ​ជា​លើក​ដំបូង​នៅ​ក្នុង​រង្វង់​កងទ័ព​ហ្វាតាសប៉ាឡេស្ទីន។ ក្រោយ​ការ​ឈ្លានពាន​របស់​អ៊ីស្រាអែលលើ​លីបង់ នៅ​ឆ្នាំ​១៩៨២ មូស្តាហ្វា ក៏​ទៅ​ចូល​រួម​ក្នុង​ចលនា​អេស្បូឡា ដែល​បង្កើត​ដោយ​អ៊ីរ៉ង់។

មូស្តាហ្វា បាន​ធ្វើ​សកម្មភាព​ខុស​ច្បាប់​ជា​ច្រើន​ និង​ជា​ភេរវជន​ដៃដល់​ម្នាក់ ក្នុង​ភេរវកម្ម​ប្រឆាំង​នឹង​ស្ថានទូត​អាមេរិក និង​បារាំង នៅ​ប្រទេស​កូវ៉ែត កាលពី​ខែ​ធ្នូ​ឆ្នាំ​១៩៨៣ ហើយ​ក៏​ត្រូវ​បាន​ចាប់​ខ្លួ​ន​នៅ​ពេល​នោះ។ ចោរ​អាកាស​បាន​ចាប់​បង្វែរ​ទិស​យន្តហោះ​កូវ៉ែត​និង​ក្រុមហ៊ុន​អាមេរិក​ នៅ​ឆ្នាំ​១៩៨៥ ជា​ថ្នូរ​នឹង​ការ​ដោះលែង​មូស្តាហ្វា ដែល​បាន​រួច​ពី​គុក​ នៅ​ពេល​អ៊ីរ៉ាក់​ចូល​ឈ្លានពាន​កូវ៉ែត​នៅ​ឆ្នាំ​១៩៩០។

មូស្តាហ្វា ក៏​ត្រូវ​បាន​តុលាការ​ពិសេស​ដើម្បី​លីបង់ ចោទ​ប្រកាន់​​ និងកាត់​ទោស​ដោយ​កំបាំង​មុខ ពី​បទ​ ដឹកនាំ​ធ្វើ​ឃាតកម្ម​ប្រឆាំង​នឹងអតីត​នាយករដ្ឋមន្ត្រី​លីបង់ លោក រ៉ាហ្វិក ហារីរី នៅ​ឆ្នាំ​២០០៥។

នៅ​ពេល​ដែល​មេដឹកនាំ​សន្តិសុខ​អេស្បូឡា អ៊ីម៉ាដ ម៉ូនីយ៉េ ត្រូវ​ជា​បង​ថ្លៃ បាន​ស្លាប់​ ក្នុង​ភេរវកម្ម​នៅ​ក្រុង​ដាម៉ា ឆ្នាំ​២០០៨ ម៉ូស្តាហ្វា ក៏​បាន​ឡើង​កាន់​តំណែង​ជា​អគ្គមេបញ្ជាការ​ជំនួស ហើយ​ពេល​ចលនា​ឈីអ៊ីត​នេះ លូក​ដៃ​ចូល​ធ្វើ​សង្គ្រាម​នៅ​ស៊ីរី ម៉ូស្តាហ្វា ក៏​បាន​ធ្វើ​ជា​មេ​បញ្ជាការ​ដឹកនាំ​ប្រតិបត្តិការ។

តើ​អាច​មាន​​​ផលវិបាក​អ្វី​ខ្លះ ក្រោយ​ការស្លាប់​អគ្គមេបញ្ជាការ​អេស្បូឡា ?

​​​ចលនា​អេស្បូឡា ​ជា​សម្ព័ន្ធ​មិត្ត​អ៊ីរ៉ង់ និង​កំពុង​ដើរ​តួនាទីយ៉ាង​​សំខាន់​ជួយ​​​រដ្ឋាភិបាល​ស៊ីរី របស់​លោក បាស្ហារ អាល់​អាសាដ។ ប៉ុន្តែ​ អ្នកឯកទេស​ភាគ​ច្រើន​ យល់​ស្រប​គ្នា​ថា ការ​ស្លាប់​របស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​មូស្តាហ្វា បាដ្រឺឌីន​នេះ ទំនង​ជា​ពុំ​សូវ​មាន​ផលប៉ះពាល់​​អ្វី​ដល់​ចលនា​ឈីអ៊ីត​អេស្បូឡា​ឡើយ។ ថ្វី​ត្បិត​តែ​មូស្តាហ្វា​មាន​តួនាទី​សំខាន់ ក្នុង​ប្រតិបត្តិការ​សម្ងាត់​លើ​​សមរភូមិដោយ​ផ្ទាល់​​មែន តែអេស្បូឡា​​មាន​មេ​បញ្ជាការ​ធំ​ពី​លើ​ដ៏​រឹង​ម៉ាំ​គឺ អ៊ីរ៉ង់។

ក្នុងនាម​ជា​មនុស្ស​ខ្លាំង​ ចាស់​ទុំ ក្នុង​ក្រុម​ និមិត្ត​រូប​នៃ​ការ​ស្លាប់​របស់​មេ​អាច​ប៉ះពាល់​ដល់​អារម្មណ៍​ ដល់​ផ្លូវ​ចិត្ត​កូន​ចៅ​ខ្លះ​មែន តែ​គ្មាន​ផលវិបាក​អ្វី​ដល់​បក្ស​ ដល់​កំរិត​យោធា​ឡើយ​។ នឹង​មាន​ការ​តែង​តាំង​មេ​បញ្ជាការ​ថ្មី​​​ក្នុង​ពេល​ឆាប់ៗ។

ដូច្នេះ​ក៏​នឹងគ្មានឡើយ​ ​ការប្តូរ​ផ្លាស់​យុទ្ធសាស្ត្រ​ឬ​នយោបាយ របស់​ចលនាអេស្បូឡា នៅ​ក្នុង​ប្រទេស​ស៊ីរី។ ការ​ស្លាប់​​ជា​ហេតុផល​ពង្រឹង​បន្ថែមផ្លូវ​ដើរ​របស់​ពួកគេ ដែល​ចាក់​ស្រេះ​ក្នុង​ខួរ ពី​មេម្នាក់​ទៅ​មេ​ម្នាក់ ពី​ទុក្ករបុគ្គលមួយ​ទៅ​ទុក្ករមុគ្គល​មួយ។ ម្យ៉ាង​វិញ​ទៀត បើ​តាម​អ្នក​ឯកទេស អេស្បូឡា​នឹង​ត្រូវ​​តែ​បន្ត​លូក​ដៃ​ក្នុង​សង្គ្រាម​នៅ​ស៊ីរី​ដដែល ព្រោះមាន​មូលហេតុ​បី ៖ ទី​មួយ​ គឺ​​សាមគ្គីភាព​សហគមន៍ ​ទីពីរ​​ខ្លាច​មាន​ការ​គំរាមកំហែង​ជីហាត និង​ជា​ចុងក្រោយ មកពី​​អ៊ីស្រាអែល ជា​សត្រូវ​សួរពូជ​ ក៏​បាន​ធ្វើ​លូក​ដៃ​ធ្វើ​អន្តរាគមន៍ នៅ​ស៊ីរី ប្រឆាំង​ដោយ​ផ្ទាល់​ ​នឹង​ចលនា​អេស្បូឡា​​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ