អានតួអត្ថបទ

វិបត្តិ​អ៊ីរ៉ង់-អារ៉ាប៊ីសាអូឌីត សម្ព័ន្ធ​អារ៉ាប​កោះប្រជុំ​វិសាមញ្ញ​នៅ​ក្រុង​គែរ

នៅ​ថ្ងៃ​អាទិត្យ​ទី ១០​មករា​នេះ សម្ព័ន្ធ​អារ៉ាប​បាន​កោះ​ប្រជុំ​វិសាមញ្ញ​មួយ នៅទីក្រុង​គែរ​ប្រទេស​អេហ្ស៊ីប ដើម្បី​ពិចារណា​អំពី​វិបត្តិ​រវាង​ក្រុង​រីយ៉ាដ និង​តេហេរ៉ង់ ក្រោយ​ហេតុការណ៍​ប្រហារជីវិត​​ប្រមុខ​ចលនា​ប្រឆាំង​ឈីអ៊ីត​នៅ​អារ៉ាប៊ីសាអូឌីត តែ​គាំទ្រ​ខ្លាំង​ដោយ​អ៊ីរ៉ង់។ ក្រុង​រីយ៉ាដ​បាន​ស្នើ​រៀប​ចំ​ជំនួប​នេះ​ ក្នុង​បំណង​តែ​មួយ​គឺ​ប្រមូល​សំឡេង​គាំទ្រ និង​ដាក់​អ៊ីរ៉ង់​ឱ្យ​កាន់​តែ​ឯកា។

ទិដ្ឋភាព​ទូទៅ​នៃ​ជំនួប​វិសាមញ្ញ​របស់​សម្ព័ន្ធ​អារ៉ាប​នៅ​ទីក្រុង​គែរ ដើម្បី​ដោះស្រាយ​វិបត្តិ​អ៊ីរ៉ង់-អារ៉ាប៊ីសាអូឌីត
ទិដ្ឋភាព​ទូទៅ​នៃ​ជំនួប​វិសាមញ្ញ​របស់​សម្ព័ន្ធ​អារ៉ាប​នៅ​ទីក្រុង​គែរ ដើម្បី​ដោះស្រាយ​វិបត្តិ​អ៊ីរ៉ង់-អារ៉ាប៊ីសាអូឌីត © Reuters
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​ការ​ប្រហារ​ជីវិត​មេ​ចលនា​ឈីអ៊ីត​នៅ​អារ៉ាប៊ីសាអូឌីតមក សង្គ្រាម​ការ​ទូត​អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌី បាន​ផ្ទុះ​ឡើង​ដូច​លាជ។ រាជាណាចក្រ​អ៊ីស្លាម​កាន់​និកាយ​ស៊ុននីត បាន​ផ្តាច់​ទូត​ជាមួយ​ប្រទេស​ជិត​ខាង​​ឈីអ៊ីត​ភ្លាម ព្រម​ទាំង​អូសទាញ​ប្រទេស​កាន់​និកាយ​ស៊ុននីត​ផ្សេង​ទៀតក្នុង​តំបន់ និង​ប្រទេស​ជិត​ខាង​នៅ​អាហ្វ្រិក​មួយ​ចំនួន​ ឱ្យ​ធ្វើ​តាម កាត់ ឬ​ផ្អាកសកម្មភាព​ការទូត​ពាណិជ្ជកម្ម​ជាមួយ​របប​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​ដែរ។

 
ជា​ផ្លូវ​ការ​ ក្រុង​រីយ៉ាដ​​ខឹង​សម្បារ​នឹង​ក្រុង​តេហេរ៉ង់ ដែល​បាន​បណ្តោយ​ឱ្យ​មាន​ការ​វាយប្រហារ​ស្ថាន​ទូត​អារ៉ាប៊ីសាអូឌីត​​នៅ​អ៊ីរ៉ង់។ ក្រុង​រីយ៉ាង​បរិហារ​សេចក្តី​ថ្លែងការណ៍​ញុះញង់​របស់​ថ្នាក់​នាំ​អ៊ីរ៉ង់ ជាក់ស្តែង​ប្រសាសន៍​របស់​អាយ៉ាតូលា ខាមេនី។ ប៉ុន្តែ​ នៅ​ក្រោយ​សេចក្តី​សម្រេច​ចិត្ត​ទាំង​អស់ មាន​លាក់​ការពិត​ នូវ​កំហឹង​ដែល​ធ្លាប់​ជា​គូ​ប្រជែង​នឹង​គ្នា​ទេ។

តាំង​ពី​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់ វិល​មក​ឡើង​ឆាក​អន្តរជាតិ មាន​មុខ​មាន​មាត់​ពេញ​លេញ​លើ​ពិភពលោក ក្រោយ​ពី​បាន​ចុះ​ហត្ថលេខា​​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​សហគមន៍​អន្តរជាតិ ក្រោម​សម្រែក​អបអរជា​ទូទៅ ​ពី​គ្រប់​ជ្រុង​នៃ​ភព​ផែនដី លើក​លែង​តែ​អារ៉ាប៊ីសាអូឌីត​មួយ​ចេញ។​ រីយ៉ាដ​ពិត​ជា​មិនអាច​ទទួល​យក​បាន​ឡើយ​នៅ​ពេល​​ឃើញ​គូប្រជែង​មាន​ប្រៀប​ស្មើ​ ​ ទើប​ស្វែង​រក​គ្រប់​មធ្យោបាយ​ដាក់​ប្រទេស​ជិត​ខាង​មួយ​នេះ ឱ្យប​ន្ត​នៅ​ឯកា​ទៀត។ តាំង​ពី​ច្រើន​សប្តាហ៍​មក​ហើយ ដែល​អារ៉ាប៊ីសាអូឌីត បាន​ផ្តើម​ចង​សម្ព័ន្ធ​មេត្រីភាព បង្កើត​ជា​សម្ព័ន្ធ​ក្រុម​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​​និកាយ​ស៊ុននីត។

ម្សិលមិញ​ក្រុមប្រទេស​ជា​រាជាណាចក្រ​នៅ​តំបន់​ឈូង​សមុទ្ទ​ពែក្ស​ និង​នៅ​អាហ្វ្រិក​ខ្លះ​បាន​ងាក​មក​ការពារ​អារ៉ាប៊ីសាអូឌីត​ ថ្កោលទោស​អ៊ីរ៉ង់ ! នៅ​ថ្ងៃអាទិត្យ​​នេះ​ សម្ព័ន្ធ​អារ៉ាប​បាន​ជួប​ប្រជុំ​វិសាមញ្ញ​ នៅ​អេហ្ស៊ីប ដើម្បី​ដោះស្រាយ​វិបត្តិ​អ៊ីរ៉ង់-អារ៉ាប៊ីសាអូឌីត ដោយ​បាន​បរិហារ​ថា​អ៊ីរ៉ង់​បង្ក​រឿង​។​ តើ​នេះ​មិន​មែន​មាន​ន័យ​ថា​របប​រាជានិយម​សាអូឌីត កំពុង​ចង​សម្ព័ន្ធ​ភាព​ថ្មី​ដើម្បីប្រឆាំងនឹង​គូប្រជែង​ពី​អតីតទេឬ ?!

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ