អានតួអត្ថបទ
ហ្សកដានី

ហ្សកដានី​ផ្តើម​ទម្លាក់​គ្រាប់បែក​លើ​ទីតាំង​របស់​ពួកជីហាត ដើម្បី​សងសឹក​ឲ្យ​អ្នកបើក​យន្តហោះ​របស់ខ្លួន

ពីរថ្ងៃ​ក្រោយ​ពួកជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម​បញ្ចេញ​រូបភាព​ដុតសម្លាប់​ទាំងរស់ អ្នកបើក​យន្តហោះ ហ្សកដានី កងទ័ព ហ្សកដានី​ចាប់​ផ្តើម​សងសឹក វិញ ដោយ​បាន​បើក​ការវាយប្រហារ​ជើងអាកាស កាលពីថ្ងៃ​ព្រហស្បតិ៍ ទៅ​លើ​ជំរំ​ហ្វឹកហ្វឺន និង​ឃ្លាំង​អាវុធ​របស់​ក្រុមជីហាត នៅក្នុង​ទឹកដី​ស៊ីរី។ ​ 

នៅក្រោយ​វាយប្រហារ​ទៅលើ​ទីតាំង​របស់​ក្រុមជីហាត នៅ​ក្នុង​ទឹកដី​ស៊ីរី យន្តហោះ​ចម្បាំង​របស់​ហ្សកដានី​ហោះ​ឆ្វែល​លើ​ភូមិ​របស់​pilote ដែល​ត្រូវ​ពួកជីហាត ដុតសម្លាប់
នៅក្រោយ​វាយប្រហារ​ទៅលើ​ទីតាំង​របស់​ក្រុមជីហាត នៅ​ក្នុង​ទឹកដី​ស៊ីរី យន្តហោះ​ចម្បាំង​របស់​ហ្សកដានី​ហោះ​ឆ្វែល​លើ​ភូមិ​របស់​pilote ដែល​ត្រូវ​ពួកជីហាត ដុតសម្លាប់ ©REUTERS/Muhammad Hamed
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃ​ព្រហស្បតិ៍ យន្តហោះ​ចម្បាំង​ជាង​១០​គ្រឿង​របស់​ហ្សកដានី​បាន​ចេញ​ទៅ​ទម្លាក់​គ្រាប់បែក​នៅលើ​ទីតាំង​របស់​ក្រុមជីហាត នៅក្នុង​ទឹកដី​ស៊ីរី។ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារ​ជាតិ​ហ្សកដានី ដោយ​មាន​ការចូលរួម​ផ្តល់​ព័ត៌មាន​យ៉ាងច្រើន ពី​កងទ័ព​អាមេរិកាំង យន្តហោះ​ចម្បាំង​ហ្សកដានី​បាន​សម្រេច​ទម្លាក់​គ្រាប់​បំផ្លាញ ទីតាំង​ហ្វឹកហាត់ និង​ឃ្លាំង​ស្តុក​អាវុធ​របស់​ក្រុមជីហាត។

 
ក្រសួងការពារ​ជាតិ​ស៊ីរី មិន​បាន​បញ្ជាក់​ឈ្មោះ​ទីកន្លែង ដែល​ខ្លួន​បើក​ប្រតិបត្តិការ​ប្រឆាំង​នឹង​ក្រុមជីហាត​នោះទេ។ ប៉ុន្តែ ប្រភព​របស់​ទីភ្នាក់ងារ​សុន្តិសុខ​របស់​ហ្សកដានី​បាន​បង្ហើប​ឲ្យ​ដឹងថា ប្រតិបត្តិការ​ទ័ព​អាកាស​របស់​ហ្សកដានី​ផ្តោត​លើ​ទីក្រុង​រ៉ាក់ការ ដែល​ជា​ទីស្នាក់ការ​កណ្តាល​របស់​ក្រុមជីហាត នៃ​អង្គការ​រដ្ឋអ៊ីស្លាម នៅក្នុង​ទឹកដី​ស៊ីរី។

សម្រាប់​រដ្ឋមន្រ្តី​ការបរទេស​ហ្សកដានី ដែល​បាន​ផ្តល់​បទសម្ភាសន៍​ដល់​ទូរទស្សន៍​CNN កាលពីថ្ងៃ​ព្រហស្បតិ៍ នេះ​គ្រាន់តែ​ជា​ការចាប់ផ្តើម​នៃ​ប្រតិបត្តិការ​សងសឹក​របស់​រដ្ឋាភិបាល តែ​ប៉ុណ្ណោះ ហើយ​ហ្សកដានី​នឹង​នៅ​តែ​បន្ត​ធ្វើ រហូត​ដល់​លុប​បំផ្លាញ​ក្រុមជីហាត​ចោល​ទាំងស្រុង។ កាលពី​ថ្ងៃ​ពុធ ព្រះមហាក្សត្រ​អាប់ដាឡា​ទីពីរ បាន​ថ្លែងរួចហើយ នឹង​ធ្វើ​សង្រ្គាម​មិន​បន្ថយដៃ ប្រឆាំង​នឹង​ក្រុមជីហាត ដែល​បាន​ដុត​សម្លាប់​ទាំងរស់​អ្នកបើក​យន្តហោះ ហ្សកដានី។

សូមបញ្ជាក់​ថា ហ្សកដានី និង​ប្រទេស​អារ៉ាប់​បី​ផ្សេងទៀត ទៀត ដែល​មាន​ដូចជា អេមីរ៉ា អារ៉ាប់រួម បាន​ចូលរួម​ជាមួយ​សម្ព័ន្ធ​អន្តរជាតិ ដឹកនាំ​ដោយ​អាមេរិក ដើម្បី​វាយប្រហារ​តាម​ផ្លូវ​អាកាស ​ទៅ​លើ​ក្រុមជីហាត នៅក្នុង​ទឹកដី​ស៊ីរី។ តាម​កាសែត​The New York Times ប្រទេស​អេមីរ៉ា អារ៉ាប់រួម​បាន​ផ្អាក លែង​ចូលរួម នៅក្នុង​ប្រតិបត្តិការ​ទ័ព​អាកាស​របស់​សម្ព័ន្ធ​អន្តរជាតិ នៅក្នុង​ទឹកដី​ស៊ីរី នៅក្រោយ​ពេល​ដែល​អ្នកបើក​យន្តហោះ​ចម្បាំង​ហ្សកដានី ត្រូវ​ពួក​ជីហាត ចាប់ខ្លួន បាន នា​ចុង​ខែ​ធ្នូ​កន្លងទៅ។ ក្រៅតែ​ពី​ខ្វះ​មធ្យោបាយ​សម្រាប់​ជួយ​សង្រ្គោះ​អ្នកបើកយន្តហោះ អេមីរ៉ា អារ៉ាប់​រួម នៅ​បាន​បន្ទោស​កងកម្លាំង​សម្ព័ន្ធមិត្ត ថា មិន​បាន​គោរព​ពាក្យ​សន្យា ដែល​ថា យល់ព្រម បំពាក់​អាវុធ​ឲ្យ​ក្រុម​ស៊ុននីត​ក្នុង​ទឹកដី​អ៊ីរ៉ាក់។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​ផ្លូវ​រដ្ឋ​របស់​អេមីរ៉ា អារ៉ាប់​រួម នៅថ្ងៃ​សុក្រ​នេះ។ នៅក្នុង​កិច្ចប្រជុំ​ក្នុង​ទីក្រុង​ឡុងដ៍ អេមីរ៉ា អារ៉ាប់រួម​ធ្លាប់​បាន​បញ្ជាក់​រួចហើយ​ថា គេ​មិន​អាច​យកឈ្នះ​លើ​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម ដោយប្រើ​តែ​ការវាយ​ប្រហារ​ជើងអាកាស និង​សង្រ្គាម​ឃោសនា នោះទេ។

យោងតាម​កាសែត​ខាងលើ អេមីរ៉ា អារ៉ាប់​រួម នៅ​តែ​រក្សា​ជំហរ​ដដែល​របស់​ខ្លួន គឺ​មិន​ត្រលប់​ទៅ​ចូលរួម​ក្នុង​ប្រតិបត្តិការ​ទ័ព​អាកាស ដរាបណា​សម្ព័ន្ធអន្តរជាតិ​មិន​រៀបចំ​ផែនការ​ឡើងវិញ ហើយ​និង​នៅ​តែ​គ្មាន​ដំណោះស្រាយ​សម្រាប់​ជួយសង្រ្គោះ​អ្នកបើកយន្តហោះ ដែល​អាច​ធ្លាក់​ក្នុង​ដៃ​របស់​ពួកជីហាតនោះ។ នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ អ្នកទទួល​ខុសត្រូវ​យោធា​អាមេរិក​ម្នាក់ បាន​ប្រកាសថា អាមេរិក​បាន​បញ្ជូន​ក្រុម​ទាហាន​ជួយ​សង្រ្គោះ ដែល​បច្ចុប្បន្ន ប្រចាំការ នៅក្នុង​ទឹកដី​កូវ៉ែត ឲ្យ​ទៅ​ឈរជើង នៅ​ភាគខាងជើង​អ៊ីរ៉ាក់ ប៉ុន្តែ អាមេរិក​មិន​បាន​បញ្ជូន​យន្តហោះ ចម្បាំង​កូនកាត់ Osprey ទៅតាម​ការចង់បាន​របស់​អេមីរ៉ា អារ៉ាប់​រួម​នោះទេ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ