អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កងទ័ព​ព្រមាន​ប្រើកម្លាំង​វាយបំបែក​ក្រុមអ្នកគាំទ្រ​លោក​ម៉រស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្ថានការណ៍​នយោបាយ​នៅអេហ្ស៊ីប​កាន់តែ​តានតឹង​ខ្លាំងឡើងៗ ដោយ​កាលពី​ថ្ងៃ​ពុធ ទី​៣១ កក្កដា រដ្ឋាភិបាល​អេហ្ស៊ីប​​បណ្តោះអាសន្ន ​ដែល​លើកបន្តុប​ដោយ​កងទ័ព បាន​បញ្ជា​ឲ្យ​ក្រសួង​មហាផ្ទៃ​ប្រើកម្លាំង​វាយបំបែក​ក្រុម អ្នក​គាំទ្រ​អតីតប្រធានាធិបតី​ម៉រស៊ី ដែល​កំពុង​តវ៉ា និង​កាន់កាប់ ទីលាន​ក្បែរ​វិហារ និងសកលវិទ្យាល័យ ក្នុង​ទីក្រុង​គែរ។ ចាប់តាំងពី​មាន​ការបះបោរ ធ្វើ​បដិវត្តន៍​របស់ប្រជាជន នេះ​ជា​លើកទីមួយ ដែល​រដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​ប្រើ​កម្លាំង​ប៉ូលិស​វាយបំបែក​ក្រុមអ្នកតវ៉ា​ប្រឆាំង។

ក្រុមអ្នកគាំទ្រ​លោក​ប្រធានាធិបតី​ម៉រស៊ី ដែល​ត្រូវ​ទាហាន​ទម្លាក់ចេញពី​តំណែង កាលពី​ចុងខែ​មិថុនា ២០១៣
ក្រុមអ្នកគាំទ្រ​លោក​ប្រធានាធិបតី​ម៉រស៊ី ដែល​ត្រូវ​ទាហាន​ទម្លាក់ចេញពី​តំណែង កាលពី​ចុងខែ​មិថុនា ២០១៣ ©REUTERS/Mohamed Abd El Ghany
ផ្សាយពាណិជ្ជកម្ម

 

កាលនៅក្នុង​ការតវ៉ា​លើកមុន អ្នកប្រឆាំង​លោក​ប្រធានាធិបតី​ម៉រស៊ី បាន​ចូល​ទៅ​កាន់កាប់​ទីលាន​​សេរីភាព តារៀ ដែល​ជា​កន្លែង​និមិត្តរូប​ធ្វើ​បដិវត្ត បណ្តេញ​ប្រធានាធិបតី​ផ្តាច់ការ លោក​មូបារ៉ាក់ ចេញពី​តំណែង។ ពួកគេ​មិន​បាន​ទទួល​ការបង្ក្រាប បំបែក​ពី​អាជ្ញាធរ​ទេ ផ្ទុយទៅវិញ ពួកគេ​បាន​ទទួល​ការការពារ​ពី​កងទ័ព ជាពិសេស នៅក្នុង​ពេល​ប្រឈមមុខ​ជាមួយ​ក្រុម​ភាតរ​អ៊ីស្លាម ដែល​ជា​អ្នកគាំទ្រ​លោក​អតីតប្រធានាធិបតី ម៉រស៊ី។ ក្រុមអ្នកតវ៉ា ដែល​ទាមទារ​ឲ្យ​លោក​​ម៉រស៊ី​ចុះចេញពី​តំណែង និង​កងទ័ព​អេហ្ស៊ីប​មាន​គោលដៅ​រួមគ្នា​មួយ ​(បើទោះ​ជា​កងទ័ព​​អេហ្ស៊ីប​មិន​បាន​បង្ហាញ​ដោយ​ចំហរ) នោះ​គឺពួកគេ​​មិនពេញចិត្ត​នឹង​ការគ្រប់គ្រង ដឹកនាំ​របស់​លោក​ប្រធានាធិបតី​ម៉រស៊ី។

ឥលូវនេះ ដល់​វេន ដែល​ក្រុមភាតរអ៊ីស្លាម​ដែល​គាំទ្រ​លោក​អតីត​ប្រធានាធិបតី ម៉រស៊ី ចេញ​ធ្វើ​បាតុកម្ម កាន់កាប់ ទីកន្លែង​សាធារណៈ​វិញម្តង។ ប៉ុន្តែ រដ្ឋាភិបាល​ដែល​លើក​បន្តុប​ដោយ​យោធា បាន​ព្រមាន និង​បញ្ជា​ឲ្យ​ប៉ូលិស​គាស់រំលើង ក្រុមអ្នកតវ៉ា។ លើកនេះ នៅក្នុង​សារ​ថ្លែង​នៅតាមទូរទស្សន៍ កាលពី​យប់ថ្ងៃពុធ​ទី ៣១​កក្កដា រដ្ឋាភិបាល​បណ្តោះអាសន្ន​អេហ្ស៊ីប​បាន​ប្រកាស​ថា គេលែង​ទទួល​យកបានទៀតហើយ នូវ​កាធ្វើ​បាតុកម្ម​តវ៉ា​របស់​ក្រុម​ភាតរ​អ៊ីស្លាម។ រដ្ឋាភិបាល​អេហ្ស៊ីប​បាន​ចាត់ទុក​ការកាន់កាប់​ទីលាន​សាធារណៈ​របស់​ក្រុមអ្នកគាំទ្រ​លោក​ម៉រស៊ី ថា ជា​ការគំរាមកំហែង​ដល់​សន្តិសុខ​ជាតិ (មានក្រុមភេរវជន និង​បង្ក​ការកកស្ទះ​ដល់​ចរាចរណ៍)។ ដូច្នេះ រដ្ឋាភិបាល ដែល​ប្តេជ្ញា​បិទបញ្ចប់​ការតវ៉ា​របស់​ក្រុមភាតរអ៊ីស្លាម​បាន​បញ្ជា​ឲ្យ​ដល់​ក្រសួងមហាផ្ទៃ ចាត់វិធានការ​បន្ទាន់ ដើម្បី​គាស់រំលើង​ក្រុមអ្នកគាំទ្រ​លោក​ម៉រស៊ី។

មេដឹកនាំ​ក្រុមភាតរអ៊ីស្លាម​នៅហ្នឹង​កន្លែង​តវ៉ា ដែល​អះអាង​ថា នឹង​មាន​អ្នកចូលរួម​តវ៉ា​ប្រមាណ​១លាន​នាក់ បាន​និយាយ​ថា ពួកគេ​មិន​ខ្លាច​នឹង​ការគំរាម​បង្រ្កាប​របស់​រដ្ឋាភិបាល​ទេ។ ពួកគេ​សុខចិត្ត​ស្លាប់ និង​តស៊ូ​ក្រាញននៀល​តវ៉ា​រហូត​ដល់​ថ្ងៃ​កងទ័ព​សុខចិត្ត​ដោះលែង និង​ធ្វើ​ឲ្យ​លោកម៉រស៊ី​ត្រលប់​មក​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​ដូចមុន​វិញ។ ក្រុមភាតរអ៊ីស្លាម​ដែល​ផ្គើន​នឹង​ការប្រកាស​បង្រ្កាប​របស់​ប៉ូលិស បាន​ប្រកូកប្រកាស​អំពាវនាវ​ដល់​អ្នកគំាទ្រ​ផ្សេងទៀត ឲ្យ​ចូលរួម​តវ៉ា​ប្រឆាំង កាន់តែខ្លាំង។

ប៉ុន្តែ នៅលើ​កន្លែង​តវ៉ា អ្នកកាសែត​បារាំង​មួយ​ចំនួន​បាន​សង្កេតឃើញ​ការដក​ថយ​របស់​ក្រុមអ្នកតវ៉ា។ អ្នកតវ៉ា​មួយ​ចំនួន​របស់​ក្រុម​ភាតរអ៊ីស្លាម បាន​ចាកចេញ ជាបណ្តើរៗ​ពី​ទីលាន​ដែល​ខ្លួនកាន់កាប់ ដោយ អ្នកខ្លះ​ព្រួយបារម្ភ​ពីការចាប់ខ្លួន ឬ​ក៏​ត្រូវ​បាត់បង់ជីវិត​ក្នុងការបង្រ្កាប​របស់​ប៉ូលិសតែម្តង។ កាលពី​ថ្ងៃ​ពុធ​ទី ៣១​កក្កដា  ឧទ្ធម្ភាគចក្រ​របស់​យោធា​បាន​បោះ​បាចខិត្តបណ្ណ​ទៅលើ​ក្រុមអ្នកតវ៉ា ដែល​សរសេរថា រដ្ឋាភិបាល​នឹង​លើកទោស​ដល់​សមាជិក​ក្រុមភាតរអ៊ីស្លាម​ដែល​ឈប់តវ៉ា និង​ត្រលប់​ទៅ​ផ្ទះសម្បែងវិញ។

ក្រុមភាតរអ៊ីស្លាម​ប្រហែល​មិន​អាច​តវ៉ា​បាន​យូរអង្វែងទេ ព្រោះថា ទីមួយ មេដឹកនាំ​សំខាន់ៗ របស់​ពួកគេ ដែល​ជាមេគំនិត កំពុង​ត្រូវ​កងទ័ព​ចាប់ខ្លួន ជាមួយ​លោក​ប្រធានាធិបតី​ម៉រស៊ី ហើយ ពួកគេ​មួយ​ចំនួន​ត្រូវ​តុលាការ​របស់​អ្នកឈ្នះ ចោទប្រកាន់​ពីបទ​ញុះញង់​ឲ្យ​មាន​ការតវ៉ា និង​អំពើ​ហិង្សា។

ម្យ៉ាងវិញទៀត ក្រុមភាតរអ៊ីស្លាម ដែល​រហូតមក មិន​ធ្វើ​នយោបាយ​ហិង្សា មាន​តែដុំថ្ម ដំបង និង​មួកការពារ​ដើម្បី​តបត​នឹង​អាជ្ញាធរ។ ពួកគេ​ដឹងថា មិន​អាច​ប្រឈមតទល់​បាន​ជាមួយ​ប៉ូលិស និង​ទាហាន​ដែល​មានសុទ្ធតែ កាំភ្លើង និង​រថក្រោះទេ។ ប៉ុន្តែ ការដែល​អ្នកគាំទ្រ​ភាតរអ៊ីស្លាម សុខចិត្ត​នៅបន្ត​តវ៉ា រហូតមកដល់​ពេលនេះ គឺ​ដោយសារ​តែ គី្នគ្នា​របស់គេ​ប្រមាណ ៨០​នាក់ ត្រូវ​បាន​សម្លាប់ នៅក្នុង​អន្តរាគមន៍​ដ៏ហិង្សា របស់​កងកម្លាំង​រក្សា​សន្តិសុខ​អេហ្ស៊ីប កាលពី​ថ្ងៃ សៅរ៍ កន្លងទៅ។ បើ​គិត​ជាសរុប មាន​មនុស្ស​៣០០​នាក់​ដែល​បាន​ស្លាប់​នៅក្នុង​អំពើហិង្សា ដែល​កើតចេញ​ពីវិបត្តិនយោបាយ ជាថ្មី​នៅអេហ្ស៊ីប៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ