rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

ថ្ងៃសុក្រ ជាថ្ងៃបញ្ចេញកំហឹង ប្រឆាំងរដ្ឋប្រហារ

ដោយ ឈាង បុប្ផា

នៅ​ពីរ​ថ្ងៃក្រោយ កងទ័ព​ទម្លាក់​លោក​ប្រធានាធិបតី​មហាម៉េដ ម៉រស៊ី ចេញពី​តំណែង ក្រុមភាតរ​អ៊ីស្លាម​ដែល​ជា​អ្នកគាំទ្រ​លោក​ម៉រស៊ី​បាន​អំពាវនាវ​ឲ្យ​គ្នីគ្នា​របស់ពួកគេ​ចុះថ្នល់​ធ្វើ​បាតុកម្ម នៅថ្ងៃសុក្រ ពោលគឺ​នៅក្រោយ​ចប់​ពិធី​ថ្វាយបង្គំព្រះ​ល្ងាចនេះ។ ក្រុមភាតរ​អ៊ីស្លាម ដែល​ជាក្រុម​របស់​លោកអតីតប្រធានាធិបតី​ម៉រស៊ី​បាន​បរិហារ​ពី​ការធ្វើ​រដ្ឋប្រហារ​យោធា និង​យុទ្ធនាការ​ចុះចាប់​មេដឹកនាំ​របស់​ក្រុម​ភាតរអ៊ីស្លាម។

បើទោះបី​ជា​ព្រឹត្តិការណ៍​ទម្លាក់​លោក​ប្រធានាធិបតី​ម៉រស៊ី​បាន​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​អំពើហិង្សា ឬ​ការប្រើប្រាស់​អាវុធ​ពីសំណាក់​កងទ័ព ប៉ុន្តែ យើងឃើញថា ក្រុមភាតរអ៊ីស្លាម ដែល​ជា​ក្រុម​របស់​លោក​ម៉រស៊ី កំពុង​ក្លាយ​ជា​ផ្ទាំងស៊ីប ក្នុង​ការតាម​ចាប់​ប្រមាញ់​របស់​ពួកយោធា។ មេដឹកនាំ​ជាន់ខ្ពស់​របស់​ចលនា​អ៊ីស្លាម​មួយនេះ​ត្រូវ​បាន​កងទ័ព​ចាប់ដាក់ឃុំ ដោយ​អ្នកខ្លះ​ត្រូវ​កងទ័ព​ចោទថា បាន​ញុះញង់​ឲ្យ​មាន​អំពើហិង្សា សម្លាប់​មនុស្ស ចាប់តាំងពី​មាន​បាតុកម្ម​របស់​ក្រុមប្រឆាំង​នឹង​លោក​ម៉រស៊ី។

បើទោះបី​ជា​កងទ័ព​ប្រកាស​អនុញ្ញាត​ឲ្យ​មាន​បាតុកម្ម ប៉ុន្តែ កងទ័ព​បាន​បញ្ជាក់ថា គេ​នឹង​ធ្វើ​អន្តរាគម ក្នុង​ករណី​ណាមាន​ផ្ទុះ​អំពើហិង្សា ឬ​សកម្មភាព​ណា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។

រហូតមកដល់​ថ្ងៃនេះ សារព័ត៌មាន ទូរទស្សន៍ របស់​ក្រុម​ភាតរអ៊ីស្លាម ត្រូវ​បាន​កងទ័ព​បញ្ជា​ឲ្យ​បិទ​ទ្វារ​ ក្នុង​ហេតុផល​ទប់ស្កាត់កុំ​ឲ្យ​មាន​​ការអំពាវនាវ​ឲ្យ​អ្នកគាំទ្រ​លោក​ម៉រស៊ី​ចេញ​ធ្វើ​បាតុកម្ម រហូត​បង្ក​អសន្តិសុខ និង​អសណ្តាប់ធ្នាប់ ក្នុង​ប្រទេស។

ការដែល​កងទ័ព ទម្លាក់​តំណែង​របស់​ម៉រស៊ី បាន​ធ្វើ​ក្រុមភាតរអ៊ីស្លាម​ខឹង​មួយ​កម្រិត​ហើយ ប៉ុន្តែ មិន​ទាន់​ខ្លាំង​ពេកទេ ព្រោះថា ការទម្លាក់តំណែង​ធ្វើឡើង បន្ទាប់ពី​មាន​ការមិន​សប្បាយចិត្ត និង​ការ​ទាមទារ​របស់​ប្រជាជន​អេហ្ស៊ីប​រាប់លាន​នាក់ ដែល​បាន​ចុះ​ថ្នល់​តាំងពី​ថ្ងៃ​អាទិត្យមុន។ ប៉ុន្តែ អ្វី​ដែល​ធ្វើ​ឲ្យ​ក្រុមភាតរអ៊ីស្លាម​ក្តៅក្រហាយ និង​អំពាវនាវ​ឲ្យ​មាន​បាតុកម្ម នៅថ្ងៃនេះ ក៏ព្រោះ​តែ​កងទ័ព​បាន​ចាប់ដាក់ឃុំ​មេដឹកនាំ​សាសនា​សំខាន់ៗ​របស់​ពួកគេ។ ការប្រមូលចាប់​សកម្មជន​របស់​ក្រុមភាតរអ៊ីស្លាម លើកនេះ ធ្វើ​ឲ្យ​គេ​ព្រួយ​បារម្ភ​ពី​ការបង្រ្កាប​ទៅលើ​ចលនា​ភាតរអ៊ីស្លាម ព្រោះថា វិធានការ​នេះ​ធ្លាប់​កើតមាន នៅ ក្នុង​សម័យ​លោក​ប្រធានាធិបតី​អូស្នី ម៉ូបារ៉ាក់។

បើទោះបី​ជា​ក្រុមភាតរអ៊ីស្លាម​មិន​បាន​ដើរតួនាទី​សំខាន់ ក្នុង​ការផ្តួល​អំណាច​របស់​លោក​ម៉ូបារ៉ាក់ កាលពី​ឆ្នាំ ២០១១ ប៉ុន្តែ ក្នុងពេល​បោះឆ្នោត ប្រធានាធិបតី​កាលពី​ចុងឆ្នាំ ២០១២ គឺ​បេក្ខជនមក​ពីក្រុមនេះ​ដែល​ជាអ្នកឈ្នះ​បាន​ធ្វើ​ជា​ប្រធានាធិបតី គឺ​លោក​មហាមេដ ម៉រស៊ី​នេះឯង។ នោះក៏ព្រោះថា ប្រជាជន​អេហ្ស៊ីប​លែង​ចង់​ក្រុមយោធា​មក​ធ្វើ​ជា​មេដឹកនាំ​ផ្តាច់ការ​របស់ខ្លួនតទៅទៀត។

នៅអេហ្ស៊ីប កងទ័ព​បាន​បាត់បង់​អំណាច​ជា​ផ្លូវការ​របស់ខ្លួន ចាប់តាំងពី​លោក​អូស្នី មូបារ៉ាក់​បាន​មហាបដិវត្ត​ប្រជាជន​បណ្តេញ​ចេញពី​តំណែង នៅឆ្នាំ ២០១១។ កងទ័ព អេហ្ស៊ីប​ដែល​បាន​កាន់អំណាច គ្រប់គ្រង​អេហ្ស៊ីប​តាំងពី​ទសវត្សរ៍ ឆ្នាំ ៥០ មិន​ចង់​បាត់អំណាច​របស់ខ្លួន ដោយ​ស្រួល អ៊ីចឹង​ពេកទេ។ បើទោះបី​ជា​កងទ័ព​បាន​ប្រកាស​តាំងពី​ដំបូងទី ថា ខ្លួន​មិន​លូកដៃ​ក្នុង​នយោបាយ ឬ​កាន់ជើង​គណបក្ស​ណាមួយទេ ប៉ុន្តែ កងទ័ព​អេហ្ស៊ីប​បាន​ប្រើប្រាស់​មហាបាតុកម្ម​របស់​ប្រជាជន​រាប់លាន​នាក់ កាលពី​ថ្ងៃ​អាទិត្យ ដើម្បី​ត្រលប់មក​ឆាកនយោបាយ បង្ហាញ​ឥទ្ធិពល​របស់ខ្លួន​ឡើងវិញ។ កងទ័ព​បាន​ឆ្លៀត​ឱកាស​នេះ​ទម្លាក់​លោក​ម៉រស៊ី ព្រោះថា តាំងពី​ដើមមក លោក​ម៉រស៊ី ដែល​ជា​មេដឹកនាំ​ស៊ីវិល​ទីមួយ​នៅអេហ្ស៊ីប មិន​ចុះសម្រុង​ជាមួយ​កងទ័ព និង​ព្យាយាម​ប្រមូល​អំណាច​ចេញ ពី​ដៃ​កងទ័ព​មក​វិញ។

យ៉ាងណាក៏ដោយ រហូតមក បើទោះជា​កងទ័ព​មិន​បាន​ចេញ​មុខ ចេញមាត់ គ្មាន​អំណាច​ផ្តាច់មុខ នៅក្នុង​រដ្ឋធម្មនុញ្ញ ប៉ុន្តែ នៅពីក្រោយ​ការដឹកនាំ​របស់​រដ្ឋាភិបាល កងទ័ព​នៅតែ​ដើរតួនាទី​សំខាន់ ទាំងក្នុង​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ។ ឧទាហរណ៍​ជាក់ស្តែង នៅក្រោយ​កងទ័ព​ទម្លាក់​លោក​ម៉រស៊ី ប្រជាជន​អាច​ចាប់ប្រើ​ភ្លើងអគ្គិសនី និង​ប្រេង ដែល​ក្នុង​អាណត្តិ​គ្រប់គ្រង​របស់​លោកម៉រស៊ី ត្រូវ​គេ​បិទ ឬ​ដំឡើងថ្លៃ។

ប្រជាជន​អេហ្ស៊ីប​​ជា​ត្រូវការ​អន្តរាគមន៍​របស់​កងទ័ព ដើម្បី​បណ្តេញ​លោកប្រធានាធិបតី​ម៉រស៊ី​ចេញពី​តំណែង។ ប្រជាជន​អេហ្ស៊ីប​ដែល​ស្គាល់​របប​ផ្តាច់ការ​របស់​យោធា មិនចង់​ឃើញ​កងទ័ព​ដើរតួ​នាទី​សំខាន់ ដឹកនាំ​ប្រទេស​ដូចមុនទេ។ ជាក់ស្តែង ការគ្រប់គ្រង​បណ្តោះ​អាសន្ន​របស់​កងទ័ព នៅ​ក្រោយ​ការដួលរំលំ​ភ្លាម​នៃ​របប​លោក​មូបារ៉ាក់ បាន​បង្ក​ឲ្យ​មាន​ការរិះគន់​យ៉ាងខ្លាំងពី​ប្រជាជន។ ប្រជាជន​ដែល​បាន​សម្រេច​ចិត្ត​បោះឆ្នោត ឲ្យ​លោក​ម៉រស៊ី ជាជន​ស៊ីវិល ព្រោះតែ​គេ​មិន​ចង់​ឲ្យ​របប​យោធា​ត្រលប់មក​កាន់អំណាច​ឡើងវិញ នៅ​អេហ្ស៊ីប។

ក្រុមយោធា​អេហ្ស៊ីប​លើកនេះ មាន​ការប្រុងប្រយ័ត្ន​ជាងមុន។ កងទ័ព​បាន​ជ្រើសរើស​ប្រធាន​តុលាការ​ធម្មនុញ្ញ មក​ធ្វើ​ជា​ប្រធានាធិបតី​ស្តីទី ក្នុង​សម័យ​អន្តរកាល​រង់ចាំ​ការបោះឆ្នោត​ប្រធានាធិបតី​ជា​ថ្មី។

៤ លោក​Adly Mansour ជា​នរណា?
 
ពីមុន មក ប្រជាជន​អេហ្ស៊ីប​ក្នុងស្រុក ​មិន​ដែល​ស្គាល់ ឬ​លឺ​ឈ្មោះ​ប្រធានាធិបតី​ស្តី នេះ ទេ។ គេ​ស្គាល់មុខ​ប្រធានាធិបតី​ថ្មី នៅពេល​គាត់​ស្បថ​ចូលកាន់តំណែង កាល ពី​ថ្ងៃ​ព្រហស្បតិ៍​ទី ៤ ខែ​កក្កដា ឆ្នាំ ២០១៣។ លោក​Adly Mansour អាយុ ៦៤ឆ្នាំ ដែល​ធ្លាប់​រៀន​នៅ​សាលា​រដ្ឋបាល​ជាតិ​បារាំង ជា​ចៅក្រម​អេហ្ស៊ីប ដែល​ទើប​ចូល​កាន់តំណែង ​ជា​ប្រធាន​តុលាការ​ធម្មនុញ្ញ បាន​បីថ្ងៃ មុន​នឹង​ក្លាយ​ជា​ប្រធានាធិបតី​ស្តីទី។ កងទ័ព​ជ្រើសរើស​លោក​ Mansour ដោយសារ​តែ​លោក​ Mansour ប្រឆាំង​លោក​ប្រធានាធិបតី​ម៉រស៊ី ហើយ​ដោយសារ​តែ​លោក​ Mansour គ្មាន​ជាប់ពាក់ព័ន្ធ​នឹង​នយោបាយ​ណាទេ។ មួយ​វិញទៀត កងទ័ព​តែងតាំង​លោក​ Mansour ក៏ព្រោះតែ ប្រធានាធិបតី​ស្តីទី​បច្ចុប្បន្ន ធ្លាប់​ធ្វើ​ជា​រដ្ឋមន្រ្តី​យុត្តិធម៌ក្នុង​សម័យ​គ្រប់គ្រង​របស់​លោក​មូបារ៉ាក់ គឺ​ធ្លាប់​មានទំនាក់ទំនង​ជាមួយ​កងទ័ព​អេហ្ស៊ីប៕។

លើកនេះ ប្រជាជន​រាប់លាន​នាក់ មិន​មែន​ទាមទារ​ត្រឹមតែ​ឲ្យ​លោក​ប្រធានាធិបតី បច្ចុប្បន្ន​ចុះចេញ​ពី​តំណែង​តែប៉ុណ្ណោះទេ ប៉ុន្តែ គេ​ទាមទារ​ផងដែរ​ឲ្យ​រដ្ឋាភិបាល​គិតគូរ​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ ឡើងវិញ ដោយ​រាប់តាំងពី​ភាពក្រីក្រ ទំនិញ​ឡើងថ្លៃ ជាដើម។

ជាមួយ​គ្នានេះ​ផងដែរ បាតុកម្ម​លើកនេះ​កំពុង​ធ្វើ​ឲ្យ​គេ​បារម្ភ​ពី​លទ្ធិ​ប្រជាធិបតេយ្យ​ដ៏​ផុយស្រួយ​ក្នុង​សង្គម​អេហ្ស៊ីប ព្រោះថា លើកនេះ ​កងទ័ព​បាន​ទម្លាក់​តំណែង​របស់​ប្រធានាធិបតី​ដែល​ចេញ​មកពី​ការបោះឆ្នោត​ដោយសេរី និង​យុត្តិធម៌។ លើស​ពីនោះ កងទ័ព​ការតាមចាប់​ក្រុម​ភាតរអ៊ីស្លាម ដែល​ជា​ក្រុមរបស់​លោក​ប្រធានាធិបតី​ម៉រស៊ី រឹត​តែ​បង្ក​ឲ្យ​មាន​ការក្តៅ​ក្រហាយ​របស់​អ្នកកាន់​សាសនា​អ៊ីស្លាម ដែល​តំណាង​ឲ្យ​ប្រជាជន​៨០​ភាគរយ នៅ​អេហ្ស៊ីប។ ដូច្នេះ ចង់ ឬ​មិនចង់ ចលនា​បះបោរ​ប្រឆាំង​អំណាចផ្តាច់ការ ពី​សំណាក់​ក្រុមភាតរអ៊ីស្លាមនឹង​កើតមាន​ជាថ្មី នៅអេហ្ស៊ីប៕

 

លោកដូណាល់ ត្រាំ ទទួល​ជួប​លោក អ៊ែរដូហ្កាន់ បើ​ទោះបី​មាន​ការ​រិះគន់​និង​រកាំ​រកូស​ខ្លាំង

វេទិកាសន្តិភាព លើកទីពីរ បើកធ្វើនៅប៉ារីស មានអ្នកចូលរួម៦ពាន់នាក់

ប្រធានាធិបតី បូលីវី ប្រកាស​លាលែង​ពីមុខ​តំណែង នៅក្រោយ កងទ័ព​ដោះដៃចោល

៣០ឆ្នាំក្រោយ​ការរលំជញ្ជាំងប៊ែរឡាំង អត្តសញ្ញាណអាល្លឺម៉ង់នៅ​តែ​ប្រេះស្រាំ

ប្រធានាធិបតីបារាំង​វាយតម្លៃ​ថា បក្សសម្ព័ន្ធ​អូតង់​ដូចជា​ស្លាប់

ការផ្សាយពាណិជ្ជកម្ម​​ឃោសនា​​នយោបាយ ជា​បញ្ហា​​ចម្រូង​ចម្រាស​ចំពោះ​ក្រុម​ហ៊ុន​ប្រព័ន្ធ​​ទាក់ទង​សង្គម​

អាមេរិកផ្តើម​នីតិវិធី​​ដកខ្លួនជាផ្លូវការពី ​កិច្ចព្រមព្រៀងស្តីពីអាកាសធាតុ

ថៃ៖អាមេរិកប្រើវេទិកាអាស៊ានវាយប្រហារចិន និងថា អាមេរិកមិនបោះបង់អាស៊ានទេ

ថៃ៖ចិនប្តេជ្ញាបន្តការងារជាមួយអាស៊ានដើម្បីឈានទៅសម្រេចក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង

សភាអាមេរិក​​បោះឆ្នោត​លើ​សេចក្តីសម្រេច​បើក​នីតិវិធី​ទម្លាក់​ដូណាល់ ត្រាំ ជាផ្លូវការ

គ.ជ.ប.ហុងកុង​​ច្រាន​ចោល​បេក្ខភាព​ឈរឈ្មោះ​​របស់​សកម្មជន​ប្រជាធិបតេយ្យ Joshua Wong

តើប្រមុខអង្គការរដ្ឋអ៊ីស្លាមឈ្មោះ អាប៊ូ បា អាល់ បាដាឌីពិតជាបានស្លាប់មែន ឬ?

អាមេរិកមានឱនភាពថវិកាធ្ងន់ធ្ងរខ្លាំង​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម ?

បូលីវី៖ ប្រធានាធិបតី​ម៉ូរ៉ាល់​ ហៅការ​ប្រឆាំងតវ៉ា​លើលទ្ធផលបោះឆ្នោត​របស់​ក្រុម​អ្នកប្រឆាំង​ថា​ជាទង្វើ​ធ្វើរដ្ឋប្រហារ​

កាណាដា ៖ លោកទ្រុយដូ ជាប់​អាណត្តិ​ថ្មី តែ​គ្មាន​សំឡេង​ភាគច្រើន​នៅ​ក្នុង​សភា

វិបត្តិ​ស៊ីលី​៖ មនុស្ស​យ៉ាងហោច​៧ នាក់​ស្លាប់​ ទោះបី​មាន​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​

ឥណ្ឌូណេស៊ី ៖ លោក​ប្រធានាធិបតី ផ្តើម​អាណត្តិទីពីរ ក្នុង​បរិបទ​នៃ​ភាព​មិន​ទុក​ចិត្ត

សភាអង់គ្លេសបោះឆ្នោតជាប្រវត្តិសាស្ត្រ ដើម្បីសម្រេចព្រមឬមិនព្រមលើកិច្ចព្រមព្រៀង Brexit

Brexit៖សហភាពអឺរ៉ុប និងអង់គ្លេសចាត់ទុកកិច្ចព្រមព្រៀងថ្មីមានយុត្តិធម៌ និងមានតុល្យភាព

ប្រមុខ​ដឹកនាំហុងកុង ខកខាន​មិន​បាន​ថ្លែង​គោលនយោបាយ​ប្រចាំឆ្នាំ ​នៅ​ចំពោះ​មុខ​សភា​