អានតួអត្ថបទ
អ៊ិស្រាអែល-ប៉ាឡេស្ទីន

អ៊ីស្រាអែល​ទំលាក់គ្រាប់ ឆ្លើយតប​នឹង​គ្រាប់​រ៉ូកែត បាញ់​ចេញ​ពី​តំបន់​ហ្កាហ្សា

នៅព្រឹកថ្ងៃពុធ ទី១៧តុលានេះ កងទ័ពអ៊ីស្រាអែល បានចេញប្រតិបត្តិការទំលាក់គ្រាប់ ទៅលើតំបន់ហ្កាហ្សាប៉ាឡេស្ទីន ដែលតាមការឲ្យដឹង ពីក្រសួងការពារជាតិអ៊ីស្រាអែល គឺវាជាប្រតិបត្តិការ ឆ្លើយតបទៅនឹងការបាញ់ផ្លោង គ្រាប់រ៉ូកែត ជាច្រើនគ្រាប់ កាលពីយប់ថ្ងៃអង្គារ ចេញពីតំបន់ហ្កាហ្សា មកលើដែនដីអ៊ីស្រាអែល។  បើតាមព័ត៌មានចុងក្រោយ មានជនប៉ាឡេស្ទីន ម្នាក់បានស្លាប់​ ដោយសារការវាយបក របស់កងទ័ពអ៊ីស្រាអែល។

ផ្សែងខ្មៅ ដោយការផ្ទុះបង្កឡើងដោយគ្រាប់របស់​អ៊ីស្រាអែល បាញ់​ទៅលើ​តំបន់ហ្កាហ្សា ជាការ​ឆ្លើយតប​វិញ។ ថ្ងៃទី១៧ តុលា ២០១៨
ផ្សែងខ្មៅ ដោយការផ្ទុះបង្កឡើងដោយគ្រាប់របស់​អ៊ីស្រាអែល បាញ់​ទៅលើ​តំបន់ហ្កាហ្សា ជាការ​ឆ្លើយតប​វិញ។ ថ្ងៃទី១៧ តុលា ២០១៨ REUTERS/Ibraheem Abu Mustafa
ផ្សាយពាណិជ្ជកម្ម

យ៉ាងហោចណាស់ មានទីតាំងជាង២០​ចំនុច ក្នុងតំបន់ហ្កាហ្សា ដែលត្រូវបានរងការវាយកម្ទេច ដោយការ​ ទំលាក់គ្រាប់ របស់កងទ័ពអាកាសអ៊ីស្រាអែល។ ក្រសួងការពារជាតិ អ៊ីស្រាអែល បានអះអាងថា ប្រតិបត្តិការនេះ គឺជាការឆ្លើយតប ទៅនឹងការបាញ់ផ្លោងគ្រាប់រ៉ូកែត ជាច្រើនគ្រាប់ កាលពីយប់ថ្ងៃអង្គារ រំលងចូល​ថ្ងៃពុធ ចេញពីតំបន់ហ្កាហ្សា មកក្នុងទឹកដីអ៊ីស្រាអែល។

ប្រភពពីកងទ័ពអ៊ីស្រាអែល អះអាងថា គ្រាប់រ៉ូកែត ដែលហោះចេញពីតំបន់ហ្កាហ្សា ក្នុងយប់ថ្ងៃអង្គារ​ មានមួយគ្រាប់ បានធ្លាក់លើផ្ទះប្រជាជនអ៊ីស្រាអែល នៅតំបន់ Beer-Sheva នៅភាគខាងត្បូង និងមួយគ្រាប់ទៀត ធ្លាក់ក្នុងសមុទ្រ ក្បែរទីក្រុងតែលអាវីវ របស់អ៊ីស្រាអែល។ កងទ័ពអ៊ីស្រាអែល បញ្ជាក់ថា មិនមានមនុស្សស្លាប់ទេ តែអ៊ីស្រាអែល ត្រូវតែវាយបកទៅវិញ។ គេមិនដឹងថា អ្នកណាជាអ្នកបាញ់គ្រាប់រ៉ូកែតទាំងនេះទេ តែអ៊ីស្រាអែល ចាត់ទុកថា វាគឺជាការទទួលខុសត្រូវ របស់ក្រុមហាម៉ាសប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្កាហ្សា។

ដោយឡែក បើតាមការអះអាង របស់ក្រសួងសុខាភិបាលរបស់ក្រុមហាម៉ាស នៅព្រឹកថ្ងៃពុធនេះ ការវាយបកវិញរបស់កងទ័ពអាកាសអ៊ីស្រាអែល បានបណ្តាលឲ្យស្លាប់​ជន​ប៉ាឡេស្ទីន​ម្នាក់ និង​របួស​៣នាក់។ យ៉ាងណាមិញ ក្នុងពេលជាមួយគ្នានេះ កងទ័ពអ៊ីស្រាអែល បានបង្ហោះផ្សាយរូបភាពវីដេអូមួយ ដែលក្នុងនោះ គេឃើញមនុស្ស២នាក់កំពុងតែត្រៀមរៀបចំដាក់គ្រាប់រ៉ូកែត បំរុងនឹងបាញ់ ស្រាប់តែរំពេចនោះ ទីតាំងនោះត្រូវបានកំទេច ដោយមានផ្សែងហុយទ្រលោម។ តាមការស្មាន គឺកងទ័ពអ៊ីសា្រអែល​ជាអ្នកបាញ់កំទេច។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃពុធនេះ អាជ្ញាធរអ៊ីស្រាអែល បានសម្រេចបិទច្រកចេញចូលតំបន់ហ្កាហ្សា ចំនួន២កន្លែង ដោយគ្មានកាលបរិច្ឆេទកំណត់។ មានន័យថា តំបន់ហ្កាហ្សា មានច្រកអាចចេញចូល តែមួយគត់ ដែលនៅបើក គឺច្រកជាមួយអេហ្ស៊ីប។

គួរកត់សំគាល់ថា ការបាញ់ផ្លោងគ្រាប់ដាក់គ្នាជាថ្មីនេះ គឺនៅក្នុងកំឡុងពេល នៃការប្រឹងប្រែងសម្របសម្រួល ​រកកិច្ចព្រមព្រៀងទំលាក់អាវុធជាអចិន្ត្រៃយ៍ ដោយមានអន្តរាគមន៍ពីអេហ្ស៊ីប និងអង្គការសហប្រជាជាតិ។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល​ បានលើកឡើងថា អ៊ីស្រាអែល​ អាចនឹងសម្រេចបើកយុទ្ធនាការ​វាយបក ទ្រង់ទ្រាយធំ ដើម្បីកំទេចក្រុមហាម៉ាប៉ាឡេស្ទីន។ តែយ៉ាងណាក៏ដោយ ក្រុមហាម៉ា បានចេញលិខិតប្រកាសមួយថា គេទាត់ចោលនូវរាល់ចេតនាបំផ្លាញការប្រឹងប្រែងចរចាទំលាក់អាវុធ ហើយថា​សូម្បីតែការបាញ់ផ្លោងគ្រាប់រ៉ូកែត កាលពីយប់ថ្ងៃអង្គារ ក៏ក្រុមហាម៉ាស​ បដិសេធមិនគាំទ្រដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ