អានតួអត្ថបទ

អ៊ីស្រាអែល​បាញ់​មីស៊ីល​ទៅដី​ស៊ីរី ជា​លើក​ទី២ក្នុង​មួយ​សប្តាហ៍​ ស្លាប់​មនុស្ស​១០​នាក់

ថ្ងៃអាទិត្យ ទី​២មិថុនានេះ កងទ័ពអ៊ីស្រាអែល បានបាញ់ផ្លោងគ្រាប់មីស៊ីល ចេញពីតំបន់ខ្ពង់រាបហ្គោឡាន​ ឆ្ពោះទៅកាន់ភាគខាងត្បូងស៊ីរី មិនឆ្ងាយប៉ុន្មានពីក្រុងដាម៉ាស។ បើតាមការអះអាង របស់កងទ័ពអ៊ីស្រាអែល ការបាញ់មីស៊ីលនេះ គឺជាឆ្លើយតប ទៅនឹងការបាញ់គ្រាប់រ៉ូកែត ចូលមកដីអ៊ីស្រាអែល ធ្វើឡើង ដោយកងទ័ពស៊ីរី និងក្រុមដែលស្និតជាមួយកងទ័ពអ៊ីរ៉ង់។

បុរសម្នាក់ ដើរ​នៅ​ទីក្រុង Quneitra ​ដែល​ជា​ទីក្រុង​​​​បោះបង់ចោល​​តាំងតែ​ពី​ឆ្នាំ​១៩៦៧ បន្ទាប់​​ពី​​អ៊ីស្រាអែល បាន​លើក​ទ័ព​​មកវាយ​ដណ្តើម​​ខ្ពង់រាប​​​Golan ​ពី​ស៊ីរី។ ថ្ងៃទី​២៦ មីនា ២០១៩
បុរសម្នាក់ ដើរ​នៅ​ទីក្រុង Quneitra ​ដែល​ជា​ទីក្រុង​​​​បោះបង់ចោល​​តាំងតែ​ពី​ឆ្នាំ​១៩៦៧ បន្ទាប់​​ពី​​អ៊ីស្រាអែល បាន​លើក​ទ័ព​​មកវាយ​ដណ្តើម​​ខ្ពង់រាប​​​Golan ​ពី​ស៊ីរី។ ថ្ងៃទី​២៦ មីនា ២០១៩ LOUAI BESHARA / AFP
ផ្សាយពាណិជ្ជកម្ម

លោកនាយករដ្ឋមន្ត្រី ប៊ីនយ៉ាមីន ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ ដោយផ្ទាល់មាត់ថា គឺលោកជាអ្នកបញ្ជារ ឲ្យកងទ័ពអ៊ីស្រាអែល ធ្វើការបាញ់គ្រាប់មីស៊ីល ទីលើដីស៊ីរី បន្ទាប់ពីគ្រាប់រ៉ូកែតជាច្រើនគ្រាប់ ត្រូវបានគេបាញ់ចេញពីស៊ីរី ចូលមកតំបន់ខ្ពង់រាបហ្គោឡាន គ្រប់គ្រងដោយអ៊ីស្រាអែល។ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល អះអាងថា អ៊ីស្រាអែល មិនអាចអត់ឱនឲ្យ ចំពោះទង្វើនេះទេ។

បណ្តាញព័ត៌មានស៊ីរី បានផ្សព្វផ្សាយថា ពិតជាមានគ្រាប់មីស៊ីល បានធ្លាក់នៅភាគខាងត្បូងក្រុងដាម៉ាស  និងនៅខេត្ត Qounetra ដែលជាផ្នែកមួយរបស់តំបន់ខ្ពង់រាបហ្គោឡាន គ្រប់គ្រងដោយស៊ីរី។ ប្រភពពីទីភ្នាក់ងារព័ត៌មានជាតិស៊ីរី Sana បានឲ្យដឹងថា កងទ័ពស៊ីរី បានប្រើប្រាស់ប្រព័ន្ធខែលមីស៊ីល ដើម្បីការពារខ្លួន។

ដោយឡែក យោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរី បានអះអាងថា មានមនុស្សស្លាប់យ៉ាងហោច១០នាក់ ដោយសារគ្រាប់មីស៊ីល។ ក្នុងនោះមាន៣នាក់ គឺជាកងទាហាន​រដ្ឋាភិបាលស៊ីរី និង៧នាក់ទៀត គឺជាកងកម្លាំងប្រយុទ្ធសញ្ជាតិបរទេស។ អង្គការនេះ បញ្ជាក់ថា គ្រាប់មីស៊ីល របស់អ៊ីស្រាអែល បានធ្លាក់ទៅចំទីតាំងស្តុកអាវុធ និងបន្ទាយ​របស់កងទ័ពរដ្ឋាភិបាលស៊ីរី កងកម្លាំងអ៊ីរ៉ង់ និងក្រុមហេសបូឡា។

គួរកត់សំគាល់ថា នេះជាលើកទី២ហើយ ក្នុងរវាងមិនដល់មួយសប្តាហ៍ផង ដែលអ៊ីស្រាអែល បានបាញ់ផ្លោងគ្រាប់មីស៊ីល ចូលទៅដីស៊ីរី។ តាំងតែពីផ្ទុះសង្រ្គាមនៅស៊ីរី ក្នុងឆ្នាំ២០១១ អ៊ីស្រាអែល បានបាញ់មីស៊ីលជារឿយៗ ដោយអះអាងថា ខ្លួនសំដៅកម្ទេចទីតាំងរបស់កងទ័ពអ៊ីរ៉ង់ និងក្រុមហេសបូឡា ដែលចូលដៃឃុបឃិតគ្នា ជាមួយកងទ័ពរបស់បាឆា អាល់អាសាដ។ រដ្ឋាភិបាលអ៊ីស្រាអែល​ តែងតែអះអាងជានិច្ច ថានឹងបន្តបាញ់មីស៊ីល ដរាបណារបបបាឆា អាល់អាសាដ នៅតែបន្តចូលដៃជាមួយអ៊ីរ៉ង់។ អ៊ីស្រាអែល នឹងមិនអនុញ្ញាត ឲ្យស៊ីរី ក្លាយជាស្ពានសម្រាប់អ៊ីរ៉ង់ ប្រើប្រាស់ដើម្បីវាយប្រហារអ៊ីស្រាអែល បានជាដាច់ខាត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ