អានតួអត្ថបទ

អ៊ីរ៉ាក់នឹង​ប្តឹង​ទៅ​អង្គការសហ​ប្រជាជាតិ អំពី​ការ​វាយប្រហារ​ច្រើន​ដង​របស់​អ៊ីស្រាអែល

រដ្ឋាភិបាលអ៊ីរ៉ាក់បានប្រកាសឲ្យដឹង កាលពីថ្ងៃទី​៣០សីហា ថាខ្លួនកំពុងតែរៀបចំឯកសារ ប្តឹងទៅ​ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ស្តីអំពីករណីវាយប្រហារជាច្រើនដង មកលើកងទ័ពអ៊ីរ៉ាក់ ពីសំណាក់កងទ័ពអ៊ីស្រាអែល។ នេះជាលើកទីមួយហើយ ដែលរដ្ឋាភិបាលអ៊ីរ៉ាក់ ចេញមុខចោទប្រកាន់​ដោយចំៗ ទៅលើអ៊ីស្រាអែល។ ការវាយប្រហារកន្លងមក គឺធ្វើឡើងដោយការបាញ់បញ្ជារដោយឧបករណ៍ មកលើ​ទីតាំងរបស់ក្រុម​ទាហានប៉ារ៉ា នៃកងទ័ពអ៊ីរ៉ាក់មួយក្រុម ដែលគេដឹងថាជាក្រុម​ដែល​ស្និទ​នឹងកងទ័ពអ៊ីរ៉ង់។

Ahmad al-Assadi មេក្រុមនយោបាយ​សម្ព័ន្ធFatah នឹងជាអ្នកដឹកនាំក្រុមប្រដាប់អាវុធ Hashed al-Shaabi ​ក្នុងពេលផ្តល់​​បទ​សម្ភាសន៍ នៅបាកដាក ថ្ងៃទី​២៩​ សីហា ២០១៩​
Ahmad al-Assadi មេក្រុមនយោបាយ​សម្ព័ន្ធFatah នឹងជាអ្នកដឹកនាំក្រុមប្រដាប់អាវុធ Hashed al-Shaabi ​ក្នុងពេលផ្តល់​​បទ​សម្ភាសន៍ នៅបាកដាក ថ្ងៃទី​២៩​ សីហា ២០១៩​ AHMAD AL-RUBAYE / AFP
ផ្សាយពាណិជ្ជកម្ម

Ahmad al-Assadi អ្នកនាំពាក្យ​​ក្រុម​ Fatah អ៊ីរ៉ាក់ បានអះអាងប្រាប់អ្នកកាសែតថា ការស៊ើបអង្កេតរបស់រដ្ឋាភិបាល​អ៊ីរ៉ាក់ បានឈានទៅដល់ការសន្និដ្ឋានថា អ៊ីស្រាអែលគឺជាអ្នកនៅពីក្រោយការវាយប្រហារជាច្រើនលើក មកលើកងកម្លាំង Hachd al-Chaabi ដែលជាផ្នែកមួយ​នៃកងទ័ពអ៊ីរ៉ាក់។ ដោយមិនបញ្ជាក់លំអិត អំពីភស្តុតាងដែលប្រមូលបាន​ អ្នកនាំពាក្យ​ក្រុម​Fatah រូបនេះ គ្រាន់តែបាន​បន្ថែមថា រដ្ឋាភិបាលអ៊ីរ៉ាក់ កំពុងរៀបចំឯកសារទាំងអស់ ដើម្បីដាក់ពាក្យប្តឹងទៅ​អង្គការសហប្រជាជាតិ។

សូមរំលឹកថា កងកម្លាំង Hachd al-Chaabi គឺជាកងទ័ពប្រដាប់អាវុធ ស្និទជាមួយក្រុមអ្នកនយោបាយ​ Fatah ហើយដែលទាំង២ក្រុមនេះ ត្រូវគេដឹងថាមានទំនោរស្និទនឹងអ៊ីរ៉ង់។ កងកម្លាំង Hachd al-Chaabi បានកកើតឡើងនៅរវាងឆ្នាំ២០១៤ ដើម្បីប្រយុទ្ធជាមួយក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមនៅអ៊ីរ៉ាក់។ តែទន្ទឹមនឹងនេះ ក្រុមទាហានប៉ារ៉ានេះ មិនគាំទ្រ​នឹងវត្តមានរបស់កងទ័ពសម្ព័ន្ធមិត្ត ដឹកនាំដោយអាមេរិកទេ។ កន្លងមក សហរដ្ឋ​អាមេរិក និងអ៊ីស្រាអែល បានធ្លាប់បានចោទប្រកាន់កងកម្លាំង Hachd al-Chaabi ថាជាដៃជើងរបស់អ៊ីរ៉ង់ ក្នុងការធ្វើសកម្មភាព​នៅតំបន់ដើមបូព៌ា។

បើគិតពី​ពាក់កណ្តាលខែកក្កដាមក មូលដ្ឋានស្តុកអាវុធ និងបន្ទាយហ្វឹកហាត់របស់កងកម្លាំង Hachd al-Chaabi ត្រូវបាន​គេឆ្មក់វាយប្រហារចំនួន​៥លើកមកហើយ ដោយការប្រើយានដ្រូន។ ក្រុម Hachd al-Chaabi ធ្លាប់បាន​ចោទថាគឺអាមេរិកដែលជាអ្នកនៅពីក្រោយការវាយប្រហារនេះ។ ក្រោយមកក្រុមនេះ ធ្លាប់បានលើកឡើងដោយមិនច្បាស់លាស់ ថាអាចជាអ៊ីស្រាអែល ហើយបានទទួលភ្លើងខៀវពីអាមេរិក។

គួរកត់សំគាល់ថា ជាមួយនឹងការកើនឡើងនូវជម្លោះរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល ជាមួយនឹងអ៊ីរ៉ង់ នា​ពេល​បច្ចុប្បន្ននេះ អ៊ីរ៉ាក់ត្រូវស្ថិតនៅចំចំណុចកណ្តាល ដោយសារតែមួយផ្នែកនៃក្រុមនយោបាយអ៊ីរ៉ាក់ ជាក់ស្តែងគឺក្រុមFatahនេះ មានទំនាក់ទំនងយ៉ាងស្និទជាមួយនឹងអ៊ីរ៉ង់។ ការដែលរដ្ឋាភិបាល​អ៊ីរ៉ាក់ សម្រេចចោទប្រកាន់​អ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តអាមេរិកនាពេលនេះ អាចជាសញ្ញាប្រាប់ថា អ៊ីរ៉ាក់ បានជ្រើសរើសយកអ៊ីរ៉ង់រួចទៅហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ