អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អស់ពីអង្គការ​រដ្ឋ​អ៊ីស្លាម​ អធិបតេយ្យ​កួឌីស្ថាន​ គឺជា​ប្រភព​ថ្មី​​នៃ​​កំដៅ​វិបត្តិ​នៅ​ដើម​បូព៌ា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ខណៈដែលក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម កំពុងតែឈានទៅបាត់បង់ដែនដីកាន់កាប់ ស្ទើរតែទាំងស្រុង នៅស៊ីរី និងនៅអ៊ីរ៉ាក់ វិបត្តិថ្មីមួយទៀត បានលេចខ្លួនឡើង គឺបញ្ហាអធិបតេយ្យភាព របស់ជនជាតិគួដ។ ដែនដីកាន់កាន់ ដោយជនជាតិគួក ស្ថិតនៅរប៉ាត់រប៉ាយ ភាគខាងជើង អ៊ីរ៉ាក់ និងស៊ីរី ជាប់នឹងព្រំដែនតួកគី។ ជ័យជំនះ ទៅលើក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម គឺបានមកមួយផ្នែកធំ ដោយសារការតស៊ូ ប្រយុទ្ធរបស់កងកម្លាំងគួកនេះ។ ក្រុមកួដ សង្ឃឹមថាថ្ងៃណាមួយ សហគមអន្តរជាតិ នឹងគាំទ្រ ឲ្យខ្លួន អាចប្រកាសឯករាជ្យ មានប្រទេសដាច់ដោយឡែក។ ក៏ប៉ុន្តែសម្រាប់ ពេលនេះ អ្វីៗហាក់ស្ថិតនៅក្នុងក្តីអស់សង្ឃឹម ដោយសារតែការតស៊ូចង់បានអធិបតេយ្យ របស់ជនជាតិកួដនេះ បានក្លាយជាប្រភពថ្មីនៃជម្លោះ និងអស្ថិរភាពក្នុងតំបន់ដើមបូព៌ា។ តើការតស៊ូចង់បានអធិបតេយ្យភាព របស់ក្រុមកួដ អាចនឹងក្លាយជាភ្លើងសង្រ្គាមថ្មីមួយទៀត នៅតំបន់ដើមបូព៌ា ដែររឺទេ?

រូបសំណាកទាហានកួឌីស្ថាន នៅតំបន់កៀរគូក អ៊ីរ៉ាក់
រូបសំណាកទាហានកួឌីស្ថាន នៅតំបន់កៀរគូក អ៊ីរ៉ាក់ REUTERS/Ako Rasheed
ផ្សាយពាណិជ្ជកម្ម

បើគ្មានកងកម្លាំងកួដ ម្លេះជ័យជំនះទៅលើក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម មិនថានៅអ៊ីរ៉ាក់ ឬនៅស៊ីរី ពិតជាមិនអាចទៅមុខលឿន ដូចពេលនេះទេ។ កងទ័ពសម្ព័ន្ធមិត្ត ដែលមានអាមេរិក ជាអ្នកនាំមុខ បានទំនុកបំរុង ទាំងសម្ភារៈ ទាំងបច្ចេកទេសដល់កងកម្លាំងកួដ ព្រមទាំងបានជួយទំលាក់គ្រាប់បែក បើកផ្លូវពីលើអាកាស ដើម្បីយកឈ្នះលើក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម។

ពីមួយដំណាក់ៗទៅមួយដំណាក់ ក្រុមកួដ បានដណ្តើមយកដែនដីកាន់កាប់ ពីក្រុមជីហាត នៅចន្លោះរវាង អ៊ីរ៉ាក់ និងស៊ីរី ភាគខាងជើង។ ជោគជ័យនេះ បានជំរុញ ឲ្យក្តីសង្ឃឹមរបស់ក្រុមកួដ ថានឹងបានប្រកាសឯករាជ្យ ដោយមានការគាំទ្រពីសំណាក់សហគមអន្តរជាតិនោះ រឹតតែលេចរូបរាង្គច្បាស់។ ដែនដីក្រុមកួដ ដែល​មាននៅអ៊ីរ៉ាក់ផង និងនៅស៊ីរីផង បានរីកកាន់តែធំ។ ហើយឆ្លៀតពេល ដែលរដ្ឋាភិបាលអ៊ីរ៉ាក់ និងរដ្ឋាភិបាកស៊ីរី កំពុងអវត្តមាននៅភាគខាងជើងនោះ វាបានជំរុញឲ្យទឹកចិត្តចង់បានឯករាជ្យរបសក្រុមកួដ ពុះកញ្ជ្រោលឡើង កាន់តែខ្លាំង។

សុបិន្តឯករាជ្យ របស់ជនជាតិកួឌីស្ថាន

អ្វីៗវាមិនងាយស្រួលដូចការស្មានទេ។​ វាសនាអធិបតេយ្យភាព របស់ជនជាតិកួដ ត្រូវឆ្លងកាត់នូវឧបសគ្គជាច្រើន។ ក្រុមកួដ នៅតំបន់ស្វយ័តកួដឌីស្ថានរបស់អ៊ីរ៉ាក់ បានប្រញ៉េបប្រញ៉ាប់ បោះឆ្នោតប្រជាមតិ កាលពីថ្ងៃទី២៥ កញ្ញាមុននេះ។ ជាការពិត លទ្ធផលសម្លេងឆ្នោតគាំទ្រភ្លូកទឹកភ្លូកដីមែន តែវាគ្មានន័យទេ បើសិនជារដ្ឋាភិបាលអ៊ីរ៉ាក់មិនព្រម។ ជាងនេះទៅទៀត ក្រុមកួដអ៊ីរ៉ាក់នេះ ស្ថិតនៅឯកោ ពុំមានបរទេសណាមួយគាំទ្រឡើយ កុំថាឡើយដល់ទៅ សហរដ្ឋអាមេរិក ដែលតែងតែទំនុកបំរុងក្រុមកួដ តាំងតែពីដើមរៀងរហូតមក។ អាមេរិក ធ្លាប់បានផ្តល់ប្រាក់ ប្រគល់អាវុធ ឲ្យក្រុមកួដអ៊ីរ៉ាក់ ក្នុងការតតាំងជាមួយរដ្ឋាភិបាលសាដាម ហ៊ូសេន ហើយក្រោយមកជាមួយនឹងក្រុមជីហាត​អង្គការរដ្ឋអ៊ីស្លាមក៏មែនពិត តែកុំភ្លេចថា ក្រុមកួដ គ្រាន់តែជាកូនកាំបិត ដែលអាមេរិកខ្ចីប្រើប៉ុណ្ណោះ។ អាមេរិក មិនអាចទៅប្រថុយ គាំទ្រក្រុមកួដ ហើយបែរខ្នងដាក់រដ្ឋាភិបាលអ៊ីរ៉ាក់ឡើយ។

ថ្មីៗនេះ ជាការវាយបក រដ្ឋាភិបាលអ៊ីរ៉ាក់ បានបញ្ជូនទ័ព ទៅវាយដណ្តើម តំបន់ កៀរគូក ពីការកាន់កាប់របស់ក្រុមកួដវិញ។ ធ្លាប់សហការគ្នាក្នុងសង្រ្គាមកំទេចក្រុមជីហាត តែពេលនេះ កងទ័ពអ៊ីរ៉ាក់ និងកងកម្លាំងកួដ ត្រូវបង្ខំចិត្តច្បាំងគ្នា ដើម្បីដណ្តើមដីកាន់កាប់។ ជិតមួយសប្តាហ៍នៃការប្រយុទ្ធនៅតំបន់កៀរគូក ស្លាប់ជាង៣០នាក់ ទីបំផុត តំបន់នេះ បានធ្លាក់ទៅក្នុងដៃរបស់កងទ័ពអ៊ីរ៉ាក់វិញ។ បាត់បង់តំបន់ កៀរគូក ក្រុមកួដ គឺបាត់បង់ប្រភពចំណូលមួយចំណែក ព្រោះទីនោះគឺជាតំបន់អណ្តូងប្រេង។ នេះជាសក្ខីភាព បញ្ជាក់ថា រដ្ឋាភិបាលអ៊ីរ៉ាក់ មិនសុខចិត្តចុះចាញ់ក្រុមកួដជាដាច់ខាត។

ផ្ទៃក្នុង​មិនត្រូវគ្នា

ឧបសគ្គមួយទៀតនោះ គឺសូម្បីតែក្នុងផ្ទៃក្នុងរបស់ថ្នាក់ដឹកនាំចលនាតស៊ូកួដនៅអ៊ីរ៉ាក់ ក៏ពុំស្របគ្នាដែរ។ និយាយឲ្យចំ គឺក្រុមកួដអ៊ីរ៉ាក់ មាន២បក្ស។ បក្សទីមួយ គឺបក្សប្រជាធិបតេយ្យកួដ (PDK) ដែលបក្សនេះ មាននិន្នាការតស៊ូចង់បានឯករាជ្យខ្លាំងក្លាបំផុត។ បក្សមួយទៀត គឺបក្សសម្ព័ន្ធអ្នកជាតិនិយមកួដឌីស្ថាន (UPK) ដែលបក្សនេះ មាននិន្នាការទន់ជាង ហើយមិនចង់ប្រឈមមុខដោយផ្ទាល់ ជាមួយអ៊ីរ៉ាក់ទេ។ ជាមួយនឹងបរាជ័យនៅតំបន់កៀរគូក កាលពីសប្តាហ៍មុននេះ ថ្នាក់ដឹកនាំបក្សប្រជាធិបតេយ្យកួដខ្លះ បានចោទ ទៅក្រុមសម្ព័ន្ធអ្នកជាតិនិយមកួដឌីស្ថាន ថាបានបន្ធូរដៃ បណ្តោយឲ្យកងទ័ពអ៊ីរ៉ាក់យកឈ្នះបាន។ ការនេះរឹងរឹតតែធ្វើឲ្យសាមគ្គីភាព រវាងបក្សទាំងពីរ បែកបាក់កាន់តែខ្លាំង។

ជាងនេះទៅទៀត អ៊ីរ៉ង់ មិនអាចឱបដៃឈរមើល តំបន់កួដឌីស្ថានអ៊ីរ៉ាក់ ក្លាយជារដ្ឋឯករាជបានទេ ព្រោះថាវានឹងធ្វើរើ រាលដាល ដល់តំបន់នៅភាគពាយ័ព្យអ៊ីរ៉ង់ ដែលសំបូរជនជាតិកួដដែរ។ ដូច្នេះហើយ បានជាអ៊ីរ៉ង់ បានធ្វើគ្រប់យ៉ាង ដើម្បីយកចិត្តក្រុមបក្សសម្ព័ន្ធអ្នកជាតិនិយមកួដឌីស្ថាន ព្រោះក្រុមនេះ មិនសូវប្តេជ្ញាខ្លាំង។

ក្រុមកួដស៊ីរី និងក្រុមកូួដអ៊ីរ៉ាក់ មិនមានបំណងដូចគ្នា

បើយើងឆ្លងទៅខាងដីស៊ីរី ក្រុមកួដ នៅទៅនោះ គឺរឹតតែមាននិន្នាការខុសឆ្ងាយ ពីក្រុមកួដនៅក្នុងដែនដីអ៊ីរ៉ាក់។ ក្រុមកួដនៅស៊ីរី មួយភាគធំ គឺស្ថិតក្នុងចលនានៃបក្សពលករកួដឌីស្ថាន ឬហៅកាត់ថា PKK។ ចលនានេះ មានទំហំ នឹងកម្លាំងខ្លាំង នៅតួកគី និងភាគខាងជើងស៊ីរី។ ក៏ប៉ុន្តែ ក្រុមកួដនៅស៊ីរីនេះ មិនមានមហច្ឆិតាចង់បានឯករាជ្យ ដូចក្រុមកួដនៅអ៊ីរ៉ាក់ឡើយ។

ក្រុមកួដស៊ីរី បន្ទាប់ពីបានវាយយកឈ្នះក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម និងបានពង្រីកទឹកដីរបស់ខ្លួននោះ បានធ្វើប្រជាមតិមួយ កាលពីឆ្នាំ២០១២ ដើម្បីដឹកនាំតំបន់ខ្លួនក្នុងភាពស្វយ័ត តែមិនផ្តាច់ខ្លួន ចេញពីដីស៊ីរីទេ។ ក្នុងន័យនេះ ក្រុមកួដស៊ីរី មិនចង់ប្រឈមមុខជាមួយនឹងរដ្ឋាភិបាលរបស់បាឆា អាល់អាសាដឡើយ ហើយសុខចិត្តសហការជាមួយរដ្ឋាភិបាលនេះច្រើនជាង។ អ្នកវិភាគខ្លះ គិតថា ជំរើសរបស់ក្រុមកួដស៊ីរី គឺជាជំរើសត្រឹមត្រូវ ព្រោះថា បើប្រឈមមុខតតាំងនឹងរដ្ឋាភិបាលស៊ីរី គឺមានន័យថា ត្រូវត្រៀមខ្លួនទទួលគ្រាប់បែករបស់រុស្ស៊ី។

ក្រុមកួដស៊ីរី ដែលជាបណ្តាញរបស់ក្រុមប៉េកាកា ដែលមានមូលដ្ឋានធំនៅតួកគីនេះ ក៏មិនអាចធ្វើអ្វីដោយតក់ក្រហល់ដែរ ព្រោះថាមានតួកគី នៅចាំយាមយ៉ាងប្រុងប្រយ័ត្ន។ ការផ្តាច់ខ្លួនមានឯករាជ្យរបស់ក្រុមកួដនៅស៊ីរី គឺមានន័យថា វាជាគ្រោះថ្នាក់សម្រាប់ដែនដីភាគខាងត្បួងរបស់តួកគីដែរ ព្រោះថាទីនោះ ក៏សំបូរទៅដោយសហគមជនជាតិកួដដែរ។

អ្នកនៅជុំវិញ គ្មាននរណាចង់ឃើញកួឌីស្ថានបានឯករាជ្យ

អ៊ីរ៉ង់ អ៊ីរ៉ាក់ ស៊ីរី តួកគី សុទ្ធតែមិនចង់ឃើញប្រទេសកួដឌីស្ថានរះឡើងទេ ព្រោះវានឹងធ្វើឲ្យរង្គើរ ដល់បូរណភាពដែនដីរបស់គេរៀងៗខ្លួន។ ដូច្នេះគេនឹងធ្វើគ្រប់យ៉ាង​ ដើម្បីបង្អាក់ក្តីស្រម៉ៃរបស់កងកម្លាំងកួដ។ មានតែអ៊ីស្រាអែលមួយប៉ុណ្ណោះ ក្នុងតំបន់ ដែលបានប្រកាសគាំទ្រ ការតស៊ូចង់បានឯករាជ្យរបស់ជនជាតិកួដ។ បើសិនការគាំទ្រនេះ ប្រែក្លាយទៅជាការផ្តល់លុយកាក់ និងអាវុធ ដោយសំងាត់ ទៅឲ្យក្រុមកួដ នោះភ្លើងសង្រ្គាមប្រាកដជាឆេះគ្មានថ្ងៃរលត់ឡើយ។

អ្នកវិភាគភូមិសាស្ត្រដើមបូព៌ា សុទ្ធតែបានលើកឡើងថា ការទាមទារឯករាជ្យ របស់ជនជាតិកួដ នៅពេលនេះ គឺជារឿងតក់ក្រហល់បំផុត ហើយវានឹង ញ៉ាំងឲ្យបញ្ហានេះ ក្លាយជារងើកភ្លើងថ្មី នៃការតស៊ូដោយអាវុធ រ៉ាំរ៉ៃតទៅមុខ។ ហើយអ្នកដែលរងទុក្ខវេទនា គឺប្រជាជនកួដស្លូតត្រង់ ឯណោះទៅវិញទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ