ប្រធានាធិបតីអ៊ីរ៉ង់ ព្រមានអារ៉ាប៊ីសាអូឌីត ថា “ប្រយ័ត្នស្គាល់ថ្នាំខ្លាំង”
កាលពីថ្ងៃពុធ ទី៨វិច្ឆិកា ក្នុងពេលប្រជុំគណរដ្ឋមន្ត្រីអ៊ីរ៉ង់ លោកប្រធានាធិបតី ហាសាន់ រ៉ូហានី បានមានប្រសាសន៍ធ្ងន់ៗ ទៅកាន់អារ៉ាប៊ីសាអូឌីត ថា អារ៉ាប៊ីសាអូឌីត ត្រូវតែប្រយ័ត្ន កុំក្អេងក្អាងពេក ពុំនោះទេអ៊ីរ៉ង់ នឹងប្រើកំលាំងឲ្យស្គាល់ជាតិម្តង។ សម្តីនេះ គឺជាការឆ្លើយតប ទៅនឹងការប្រកាសរបស់អារ៉ាប៊ីសាអូឌីត ដែលថា អ៊ីរ៉ង់បានប្រកាសសង្រ្គាម តាមរយៈមីស៊ីលបាលីស្ទីក ដែលបាញ់ចេញពីយេម៉ែន។ សម្តីឆ្លងឆ្លើយគំរាមគ្នានេះ សបង្ហាញឲ្យឃើញអំពីស្ថានភាព កាន់តែតឹងតែង នៅតំបន់ឈូងសមុទ្រពែក្ស ដែលមេបក្សនិកាយអ៊ីស្លាមទាំងពីរនេះ កំពុងតែប្រជែងគ្នា។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:១៨
វាជារឿងកម្រណាស់ ដែលប្រធានាធិបតីអ៊ីរ៉ង់ និយាយគំរាម ដោយចំៗ ទៅអារ៉ាប៊ីសាអូឌីត។ នៅក្នុងការប្រជុំគណរដ្ឋមន្ត្រីអ៊ីរ៉ង់ កាលពីថ្ងៃពុធទី ៨ វិច្ឆិកា ដែលមានផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិ អ៊ីរ៉ង់ផងនោះ លោកហាសាន់ រ៉ូហានី ប្រធានាធិបតីអ៊ីរ៉ង់ បាននិយាយថា៖ "អ្នកអាចដឹងថាអ៊ីរ៉ង់មានកំលាំង និងមានឥទ្ធិពលកំរិតណានៅក្នុងតំបន់។ អ៊ីរ៉ង់ខ្លាំង អាចវាយអ្នកឯងបាក់ធ្មេញ បានយ៉ាងងាយ។ អ្នកឯង គ្មានអ្វីមកចង់ប្រៀបស្មើនឹងយើងបានទេ!"
លោក ហាសាន់ រ៉ូហានី បន្តថា៖ "អាមេរិកនិងបក្សពួក បានប៉ុនប៉ង ល្បងកំលាំងជាមួយអ៊ីរ៉ង់ ជាច្រើនលើកមកហើយ តួយ៉ាង ដូចជាបានបញ្ជាឲ្យអ៊ីរ៉ាក់ មកធ្វើសង្រ្គាមនឹងយើងនៅឆ្នាំ៨០។ តែពួកនោះ នៅតែធ្វើអ្វីអ៊ីរ៉ង់ មិនបាន"។ លោកប្រធានាធិបតីអ៊ីរ៉ង់ បន្ថែមថា៖ "អ៊ីរ៉ង់ មានបំណងចង់ឃើញការរីកចំរើន របស់ប្រទេសជិតខាតជាបងប្អូនទាំងអស់ មិនថា អ៊ីរ៉ាក់ ស៊ីរី ឬអារ៉ាប៊ីសាអូឌីតទេ។ មានតែចំណងមិត្តភាព ចាប់ដៃគ្នា ជួយគ្នាទេទើបអាច ហុចផលល្អទាំងអស់គ្នាបាន។ បើសិនអ្នកឯង គិតថា ទៅឱបជើងអាមេរិក និងអ៊ីស្រាអែល ហើយបែរមកចងសត្រូវជាមួយអ៊ីរ៉ង់ ថាជាការល្អនោះ នោះគឺជាការយល់ច្រឡំធំហើយ" ។
សូមបញ្ជាក់ថា សម្តីរបស់លោកហាសាន់ រ៉ូហានី គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការចោទប្រកាន់ របស់អារ៉ាប៊ីសាអូឌីត។ កាលពីថ្ងៃអង្គារ ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed Ben Salman បានចោទអ៊ីរ៉ង់ថា បានប្រកាសសង្រ្គាមជាមួយខ្លួន តាមរយៈការបញ្ជា ឲ្យក្រុមហ៊ូទីបាញ់មីស៊ីលបាលីស្ទីកចេញពីដីយេម៉ែន។ អ៊ីរ៉ង់ បានច្រានចោលការចោទប្រកាន់នេះ ហើយថែមទាំងបានចំអកទៅអារ៉ាប៊ីសាអូឌីតវិញថា បានទំលាក់គ្រាប់បែកស្ទើរតែរាល់ថ្ងៃទៅលើប្រជាជនយេម៉ែន តែដល់ពេល គេគ្រាន់តែបាញ់មកវិញ មួយគ្រាប់សោះ បែរជាដើរចោទគេចោទឯង។
ជាការពិត មីស៊ីល ដែលអារ៉ាប៊ីសាអូឌីត បានចាប់កំទេចបានទាន់ពេលនេះ គឺជាប្រភពនៃកំដៅតានតឹង ដែលឆេះឡើងមួយរំពេច រវាងមហាអំណាចអ៊ីស្លាមទាំងពីរ។ អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត បានផ្តាច់ចំណងទូតនឹងគ្នា នៅខែមករា ឆ្នាំ២០១៦ បន្ទាប់កើតចលាចលហិង្សាកំទេចស្ថានទូតអារ៉ាប៊ីសាអូឌីត នៅក្រុងតេអេរ៉ង់។ ដើមចមនៃបញ្ហានេះ គឺបន្ទាប់ពីអារ៉ាប៊ីសាអូឌីត បានកាត់ទោសប្រហារជីវិត បុព្វជិតសាសនាអ៊ីស្លាមនិកាយឈីអ៊ីត ដ៏ល្បីឈ្មោះម្នាក់នៅអារ៉ាប៊ីសាអូឌីត។ ការប្រជែង រវាងនិកាយអ៊ីស្លាម ឈីអ៊ីត និងនិកាយស៊ូនីត គឺជាស្នូលនៃជំលោះរវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត។ សឹងគ្រប់ទីកន្លែងដែលមានជំលោះ នៅដើមបូព៌ា គឺប្រទេសទាំងពីរនេះ គាំទ្រទំនុកបំរុងក្រុមបក្សខុសៗគ្នា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ