អានតួអត្ថបទ
អ៊ីរ៉ង់

ប្រជាជន​អ៊ីរ៉ង់​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​វិបត្តិ​សេដ្ឋកិច្ច​ ក្រោយការ​វិល​មកវិញ នៃ​ទណ្ឌកម្ម​របស់​អាមេរិក

នៅក្នុងប្រទេសអ៊ីរ៉ង់ ប៉ុន្មានថ្ងៃចុងក្រោយនេះ បាតុកម្មរបស់ប្រជាជន បានចាប់ផ្តើមកើតមាន នៅតាមទីក្រុងនានា ទូទាំងប្រទេស ដើម្បីប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ច ដែលកាន់តែរួមរិតលំបាកទៅ ពីមួយថ្ងៃទៅមួយថ្ងៃ។ វិបត្តិសេដ្ឋកិច្ចដែលកាន់ធ្ងន់ធ្ងរ ជាមួយនឹងការវិលត្រលប់មកវិញ នៃទណ្ឌកម្មសេដ្ឋកិច្ច កំហិតដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ ចាប់ពីថ្ងៃអាទិត្យ ទី៥ សីហាម្សិលមិញនេះ គឺជាថ្ងៃដាច់ឱសានុវាទ ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក បានដាក់កំហិតឲ្យក្រុមហ៊ុនបរទេស ដែលរកស៊ីនៅអ៊ីរ៉ង់ទាំងអស់​ ត្រូវតែចាកចេញពីអ៊ីរ៉ង់។

បុរស​ជាតិអ៊ិរ៉ង់ កាន់កាសែតចុះ​ពី​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក។ ក្រុង​តេអេរ៉ង់ ថ្ងៃ​ទី​៣១ កក្កដា ​២០១៨។
បុរស​ជាតិអ៊ិរ៉ង់ កាន់កាសែតចុះ​ពី​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក។ ក្រុង​តេអេរ៉ង់ ថ្ងៃ​ទី​៣១ កក្កដា ​២០១៨។ ATTA KENARE / AFP
ផ្សាយពាណិជ្ជកម្ម

៥ថ្ងៃជាប់គ្នាមកហើយ ដែលមានមនុស្សជួបជុំគ្នា ធ្វើបាតុកម្ម​ត្រង់នេះបន្តិចត្រង់នោះបន្តិ​ច នៅតាមទីក្រុងធំៗរបស់អ៊ីរ៉ង់ ដូចជានៅតេអេរ៉ង់​ អ៊ីសប៉ាអង់ ឈីរ៉ាឆ និង ការ៉ាចជាដើម។ មូលហេតុ ដែលជំរុញ ឲ្យមានការជួបជុំធ្វើបាតុកម្មរបស់ប្រជាជនអ៊ីរ៉ង់ គឺដើម្បីតវ៉ាប្រឆាំងនឹងវិស័យសេដ្ឋកិច្ច ដែលកាន់តែដាំក្បាលចុះ បង្កការលំបាកយ៉ាប់យឺន ដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។

ជាងនេះទៅទៀត សេចក្តីសង្ឃឹមថាសេដ្ឋកិច្ចនឹងមានដង្ហើយដកវិញ ត្រូវរលាយក្លាយជាផេះ បន្ទាប់ពីរដ្ឋាភិបាលលោកដូណាល់ ត្រាំ បានសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរអ៊ីរ៉ង់។ ​ជាផលវិបាក​ ​គឺរដ្ឋាភិបាល​សហរដ្ឋអាមេរិក បានដាក់កំហិតថា ចាប់ពីថ្ងៃទី៥សីហានេះទៅ ក្រុមហ៊ុនបរទេសណាដែលចង់រកស៊ីជាមួយអាមេរិក គឺត្រូវតែដកខ្លួនចេញពីទីផ្សារអ៊ីរ៉ង់ឲ្យអស់។

សូមបញ្ជាក់ថា ដោយសារតែការសម្រេចរបស់លោកដូណាល់ ត្រាំនេះ ក្រុមហ៊ុនបរទេសមួយចំនួនធំ បានសម្រេចចិត្តដោយបង្ខំ ដកខ្លួន​ចេញ ឈប់រកស៊ីនៅអ៊ីរ៉ង។ ធនាគារ ក្រុមហ៊ុនវិនិយោគ ក៏មិនអាចបន្តបោះទុនរកស៊ីនៅអ៊ីរ៉ង់ដែរ។ អត្រាតម្លៃប្រាក់ រីយ៉ាល់ ដែលជា​រូបិយបណ្ណរបស់អ៊ីរ៉ង់ បានធ្លាក់ចុះយ៉ាងគំហុក ក្នុងរវាង៤ខែនេះ ដែលកាលពីខែមីនា ៥ម៉ឺនរីយ៉ាល់ អាចដូរបាន១ដុល្លារ អាមេរិក តែពេលនេះគេត្រូវការដល់ទៅជាង​​១០ម៉ឺន​រីយ៉ាល់ ទើបអាចដូរបានមួយដុល្លារ។

ការធ្លាក់ចុះតម្លៃរូបិយបណ្ណ បានធ្វើឲ្យទំនិញគ្រប់សព្វសារពើ កាន់តែឡើងថ្លៃ។ សូម្បីតែទំនិញ ដែលផលិត​​នៅ​អ៊ីរ៉ង់ បានឡើងថ្លៃដល់ទៅ៤០%។ រីឯទំនិញនាំចូលពីបរទេសវិញ បានឡើងថ្លៃចន្លោះ ពី១០០ ទៅ១៥០%ឯណោះ។ ដោយសារតែឱនភាពនេះ ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ កាន់តែលំបាក បូបបន្ថែម ជាមួយនឹងអត្រាអ្នកអត់ការងារធ្វើ កាន់តែឡើងខ្ពស់។ តាមការរំពឹងទុក ដោយសារតែទណ្ឌកម្មរបស់អាមេរិក ការនាំចេញរបស់អ៊ីរ៉ង់ អាចនឹងធ្លាក់ចុះចំនួន២ភាគ៣ ចន្លោះពីនេះរហូតដល់ចុងឆ្នាំ២០១៨។

ថ្វីត្បិតតែមកត្រឹមពេលនេះ បាតុកម្មរបស់ប្រជាជន ត្រូវបានធ្វើក្រោមរូបភាព សំដែងការតវ៉ា ប្រឆាំងនឹងវិបត្តិសេដ្ឋកិច្ច ទំនិញឡើងថ្លៃ ពិតមែន​ តែនៅតេអេរ៉ង់ គេសង្កេតឃើញថា បាតុកម្មនេះកំពុងប្រែរូបរាង ក្លាយជាបាតុកម្មប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់។ វីដេអូមួយ ដែលគេចែកចាយតាមបណ្តាញសង្គម បានបង្ហាញថា យុវជនបាតុករនៅតេអ៉េរ៉ង់ បានស្រែកថា មេដឹកនាំផ្តាច់ការត្រូវតែស្លាប់!។ មេដឹកនាំផ្តាច់ការនេះ គឺសំដៅទៅលើលោកមគុទេសន៍សាសនារបស់អ៊ីរ៉ង់ អាយ៉ាតូឡា អាលី ខាំមឺណី។ វីដេអូផ្សេងទៀត ថតនៅទីតាំងផ្សេងៗគ្នា ក៏បានស្តែងឲ្យឃើញពីការស្រែកតវ៉ា ប្រឆាំងរដ្ឋាភិបាលអ៊ីរ៉ង់ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ